សាវនាការក្ដីរវាងអ័បផល និងស៊ាមស៊ុង៖ អាថ៌កំបាំងទាំង១០

មហាក្រុមហ៊ុនយក្សទាំងពី អ័បផល និង ស៊ាមស៊ុង គួរតែមានការសោកស្តាយជាខ្លាំង ដែលបានរុញច្រានសង្គ្រាមយុត្តិធម៌ នៃសលាកប័ត្របច្ចេកវិទ្យារបស់ពួកគេ មកដល់តុលាការក្រុង សាន ចូហ្សេ (រដ្ឋកាលីហ្វញ៉ា)នេះ។ សាក្សីខុសៗគ្នាជាច្រើន ដែលបានបញ្ចូលខ្លួនជាបន្តបន្ទាប់ មកក្នុងសាវនាការ ដែលមានរយៈពេលជាង៣សប្តាហ៍នេះ ហើយបានបើកជីកកកាយ នូវរឿងសំខាន់ៗជាច្រើន បង្ហាញដល់តុលាការ។

នៅចំពោះមុខ តុលាការរសហព័ន្ធនៃទីក្រុង សាន ជូហ្សេ (San José) រដ្ឋកាលីហ្វញ៉ា ដែលបានប្រើរយះពេល ដល់ទៅបី សប្ដាហ៍ កាលពីខែសីហាកន្លងមកនេះ ក្រុមហ៊ុនអ័បផល និងក្រុមហ៊ុនស៊ាមស៊ុង ត្រូវបង្ខំចិត្តបង្ហាញអំពីតួរលេខ រឺ ក៏យុទ្ធសាស្ត្រនានា ដែលរឿងអស់ទាំងនេះ ស្ថិតនៅជាអាថកំបាំងបិតជិត រហូតមកទល់នឹងថ្ងៃមុនបើកសាវនាការ។ ជាអាថ៌កំបាំង ដែលក្រុមអ្នកយកពត៌មាន ទទួលបាន ពីក្នុងពេលតតាំងក្តីនោះ តែបើគេពិនិត្យមើលទៅ វាមានសភាព ស្រួចស្រាល់ខ្លាំងហួសពីការស្មាន។


ជំលោះហែកហួរគ្នា តាមប្រព័ន្ធយុត្តិធម៌ រវាងអ័បផល និងស៊ាមស៊ុង។

មហាក្រុមហ៊ុនយក្សទាំងពី អ័បផល និង ស៊ាមស៊ុង គួរតែមានការសោកស្តាយជាខ្លាំង ដែលបានរុញច្រានសង្គ្រាមយុត្តិធម៌ នៃសលាកប័ត្របច្ចេកវិទ្យារបស់ពួកគេ មកដល់តុលាការក្រុង សាន ចូហ្សេ (រដ្ឋកាលីហ្វញ៉ា)នេះ។ សាក្សីខុសៗគ្នាជាច្រើន ដែលបានបញ្ចូលខ្លួនជាបន្តបន្ទាប់ មកក្នុងសាវនាការ ដែលមានរយៈពេលជាង៣សប្តាហ៍នេះ ហើយបានបើកជីកកកាយ នូវរឿងសំខាន់ៗជាច្រើន បង្ហាញដល់តុលាការ។ អ័បផល ដែលជាសហគ្រាស មានអាថ៌កំបាំងច្រើនជាងគេ ​នៅលើលោក នេះ មិនត្រូវបានគេ ទុកអោយរួចខ្លួនឡើយ។ ការផ្លាស់ប្តូរជាច្រើន ទៅលើតួរលេខ យុទ្ធសាស្រ្ត និងសូម្បីតែអត្ថបទរឿងរ៉ាវ កំប៉ិចកំប៉ុក រ៉ាយរ៉ាប់អំពីរឿងសំងាត់របស់សហគ្រាសទាំងពីរនេះ ក៏ត្រូវបានគេគាស់បញ្ចេញមកទាំងអស់។ អាថ៌កំបាំងខ្លះ បានបំបាក់មុខក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាដ៏ធំជាងគេទាំងពីរនេះ តែវាក៏ជាភស្ដុតាងដ៏ច្បាស់ ដែលជំរុញអោយចៅក្រម កាត់សេចក្ដីអោយជ័យជំនះ ទៅអោយក្រុមហ៊ុន អ័បផលរបស់អាមេរិក ដោយបង្ខំអោយស៊ាមស៊ុង បង់ជំងឺចិត្តប្រមាណ ជា១កោដដុល្លាអាមេរិក ទៅអោយអ័បផល។

ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយកអាថ៌កំបាំងទាំង១០ ដែលបានបង្ហាញជាពិសេស នៅក្នុងសាវនាការជា ប្រវត្តិសាស្រ្តនេះ មកជំរាបជូនលោកអ្នកដូចតទៅ៖

១- អ័បផល ជាក្លើម្រាក់របស់មីក្រូសូហ្វ (Microsoft)

មីក្រូសូហ្វ មិនភ័យនឹង អ័បផល ដូចភ័យនឹង ស៊ាមស៊ុងទេ។ លោក បូរី តែកស្ល៊ើ (Boris Teksler) នាយកផ្នែកសលាកប័ត្រ បច្ចេកវិទ្យារបស់អ័បផល បានប្រាប់នូវអាថ៌កំបាំងថា សហគ្រាសរបស់លោក បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន មីក្រូសូហ្វ តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ(ហើយក៏បានធ្វើជាថ្មីឡើងវិញ ជាច្រើនដងទៀត បន្ទាប់ក្រោយមកទៀត)។ អ័បផល បានលក់ទៅ អោយ មីក្រូសូហ្វ នូវសិទ្ធិប្រើប្រាស់ សលាកប័ត្របច្ចេកវិទ្យាជាច្រើនរបស់ខ្លួន រួមទាំងការរចនារូបរាងផងដែរ ដើម្បីជាការ ផ្តោះប្តូរជាមួយនឹង «កិច្ចសន្យាគ្មានការចម្លងដូច» ដែលជាការធានាមួយសំរាប់ក្រុមហ៊ុនអ័បផល ថាប្រព័ន្ធទូរស័ព្ទដៃ (Windows Phone) និងអនាគតក្តារបញ្ជា នៅក្រោមវីនដូវ ៨ (Windows8 ) របស់មីក្រូសូហ្វ នឹងមិនមានរូបរាងដូច ទៅនឹង ទូរស័ព្ទអាយហ្វូន និងអាយផេដរបស់អ័បផលទេ។ លោក បូរី តែកស្ល៊ើ បានបញ្ជាក់ដែរថា អ័បផល បានស្នើរអោយធ្វើកិច្ច ព្រមព្រៀងស្រដៀងគ្នានេះ ជាមួយនឹង ស៊ាមស៊ុង កាលពីឆ្នាំ ២០១០ ប៉ុន្តែត្រូវក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះបដិសេដ។

២- លោក ស្ទាវ ចប មិនបានប្រឆាំងចំពោះការផលិត អាយផេដមីនី (iPad Mini)

ម្ចាស់សហគ្រាសចាស់របស់អ័បផល ដែលបានទទួលមរណៈភាពកាលពីឆ្នាំមុន បានបង្ហាញជាសាធារណៈ នូវភាពគ្មាន ទំនុកចិត្តមួយ ចំពោះក្តារបញ្ជាណាដែលមានទំហំតូចជាងអាយផេដ ដោយអះអាងថាក្តារបញ្ជាទាំងនោះ មិនអាចយកមក ប្រើប្រាស់បានទេ។ ប៉ុន្តែ លោក អែតឌី ឃ្យូ (Eddy Cue) ​​​នាយករងរបស់អ័បផល បានបញ្ញាក់ថា លោក ស្ទាវ ចប បាន ទទួលយល់ព្រមនូវគំនិតដែលថា នឹងបង្កើត អាយផេដទំហំ ៧អ៊ីង។ លោក អែតឌី បានប្រាប់រឿងនេះដល់ បណ្ដាមិត្តរួម ការងាររបស់លោក តាមរយៈទូរសាអេឡិចត្រូនិកមួយ កាលពីដើមឆ្នាំ២០១១។

៣- គំរូ អាយហ្វូន និង អាយផែតមីនី ចំនួន៤០គ្រឿងត្រូវបានបង្ហាញ

លោក គ្រីស្តូហ្វើរ ស្ទ្រីងហ្គើរ (Christopher Stringer) ដែលជាអ្នករចនារូបរាងនៅក្រុមហ៊ុនអ័បផល បានផ្តល់ចម្លើយកាល ពីពេលបើកសាវនាការដំបូង ដោយបានអះអាងថា អ័បផល មិនបានលួចចម្លងពីអ្នកណាទាំងអស់។ លោកបានបង្ហាញការ រចនារូបរាង ដែលបានគ្រោងទុកទាំង១២រូបរាង របស់អាយហ្វូន និងអាយផេដ អោយដល់ចៅក្រមទាំងអស់។ គេហទំព័រ ដឹ វើជ (The Verge) បានចុះផ្សាយនូវរូបភាពជាច្រើន នៃគំរូរបស់អាយហ្វូន និងអាយផេដមីនី បង្ហាញដល់សាធារណៈជន អោយបានឃើញជាលើកទីមួយ។ បើទោះបីជាមាន ឧបសគ្គបណ្ដាលមកពីភាពលំអិតខ្លះៗក៏ដោយ ក៏ក្រុមការងារដែល ធ្វើការនៅលើឧបករណ៍ទាំងនេះ មិនរារែកក្នុងការសាកល្បងដល់ទៅ៥០ដងខុសគ្នា នៅលើប្រដាប់តែមួយ។ ទូរស័ព្ទដៃ អាយហ្វូន ដែលមានរាង៨ជ្រុង ក៏ត្រូវបានគេធ្លាប់គ្រោងទុកផងដែរ។

៤- ផលិតឡានម៉ាក អ័បផល?

ចំលើយក្នុងសាវនាការរបស់លោក ស្កូត ហ្វ័រស្តល (Scott Forstall) ដែលជានាយកផ្នែករចនារូបរាង អោយ អាយ អូ អែស (iOS) និង ចំលើយរបស់លោក ហ៊្វីល ស៊ីល៊ើ (Phil Schiller)  ប្រធានផ្នែកទីផ្សាររបស់ អ័បផល បានអោយដឹងបន្ថែម អំពីគំរោងទៅថ្ងៃមុខ របស់អ័បផល។ លោក ហ៊្វីល ស៊ីល៊ើ ក៏បានបញ្ជាក់បន្ថែមផងដែរថា ភាពជោគជ័យរបស់ អាយផត (iPod) បានធ្វើអោយក្រុមហ៊ុនអ័បផល អាចក្លាយខ្លួនជាសហគ្រាសមួយ ដែលនឹងអាចផលិតឧបករណ៍ផ្សេងទៀត ក្រៅពីម៉ាស៊ីនកុំព្យូទ័រ។ នៅក្នុងពេលជាបន្តបន្ទាប់ មានផលិតផលជាច្រើនត្រូវបានដាក់សំណើរមក ហើយក្នុងចំនោម សំណើរដែលអាចទទួលយកបានទាំងនោះ មានដូចជា រថយន្តម៉ាកអ័បផល រឺ ម៉ាស៊ីនថតរូបម៉ាកអ័បផល ដែលក្រុមហ៊ុន មានចំណាប់អារម្មណ៍ចង់ផលិត។

៥- អ័បផលនិយាយពីអាថ៌កំបាំងនៃ «គំរោងពណ៌ក្រហមជាំ»

ខណៈលោក ស្ទាវ ចប បានប្រគល់ទៅអោយលោក ស្កូត ហ្វ័រស្តល (Scott Forstall) ជាអ្នកទទួលបន្ទុក ក្នុងការងារផលិត ទូរស័ព្ទដៃអាយហ្វូនជាលើកដំបូង កាលពីឆ្នាំ២០០៤ វាបានក្លាយ ជាការងារមួយដែលមានលក្ខណៈធំសម្បើម ហើយការ រក្សាអាថ៌កំបាំងអោយក្រុមហ៊ុនអ័បផលគឺជាកតព្វកិច្ចចំបង។ លោក ស្ទាវ ចប បានប្រគល់កាតសអោយទៅលោក ស្កូត ហ្វ័រស្តល ដើម្បីធ្វើការជ្រើសរើសវិស្វកររូបណាក៏បាន (ប៉ុន្តែមិនមែនជាអ្នកក្រៅ) ដើមី្បធ្វើការលើគម្រោងមួយ ដែលលោក ហៅថា «គំរោងពណ៌ស្វាយ»។ ប៉ុន្តែលោក ហ្វ័រស្តល មិនអាចនិយាយអ្វីលំអិត ពីគម្រោងដ៏ធំនេះ ទៅកាន់បុគ្គលិកទាំងនេះ ក្រៅតែពី៖ «សូមអ្នករៀបចំខ្លួនអ្នក ដើម្បីធ្វើការទំាងថ្ងៃទាំងយប់ ទាំងថ្ងៃចុងសប្តាហ៏ សំរាប់រយៈពេលដ៏ច្រើនឆ្នាំទៅមុខ» ជាមួយនឹងការសន្យាថា នឹងផ្តល់អនាគតដ៏ល្អប្រពៃ ដល់ពួកគេ។ បុគ្គលិករបស់ អ័បផល នៅពេលនោះ មិនបានដឹងថា តើពួកគេត្រូវធ្វើការងារលើអ្វីនោះទេ។ ក្រុមការងារទាំងនេះ ត្រូវទទួលអោយស្នាក់នៅក្នុងជាន់រួមគ្នា នៃអាគារមួយរបស់ សហគ្រាស ហើយម្នាក់ៗ ត្រូវមានកាតអេឡិចត្រូនិកសំគាល់ខ្លួនរៀងៗខ្លួន ដើម្បីចូលទៅកាន់ទីនោះ។ ដើម្បីអាចធ្វើការ លើ«គំរោងពណ៌ស្វាយ (Purple project)»នេះបាន ពួកគេត្រូវឆ្លងកាត់ពេលខ្លះ ទ្វារដល់ទៅ៥ រឺ ៦ជាន់ ដែលចាក់សោរ ជាប់ជានិច្ច។ ជាការពិតមួយ នៃការងារដ៏អស្ចារ្យនៅទីនោះ!

៦- អ័បផលដាក់ទុនយ៉ាងច្រើន លើទីផ្សារផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនដែលមានផ្លាកសញ្ញារាងជាផ្លែប៉ោមនេះ ជាកំពូលអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។ ឯកសារមួយ ដែលបង្ហាញទៅ តុលាការ នៅក្នុងសាវនាការក្តីជាមួយនឹងស៊ាមស៊ុង បានបញ្ជាក់ថា អ័បផលបានចំណាយទឹកប្រាក់ ៦៤៧លានដុល្លា ដើម្បីផ្សព្វផ្សាយទូរស័ព្ទដៃអាយហ្វូន កាលពីឆ្នាំ ២០០៧ដល់ឆ្នាំ២០១១ និង ទឹកប្រាក់ ៤៥៧,២លានដុល្លាទៀត ដើម្បីធ្វើ ពាណិជ្ជកម្មផ្សព្វផ្សាយ អាយផេដ ចាប់តាំងពីបញ្ចេញលក់ដំបូង នៅឆ្នាំ២០១០។

៧- អ័បផល មិនខ្វល់ពីយោបល់របស់អ្នកទេ! សូមទោស ...

សហគ្រាសជាច្រើន រង់ចំាយោបល់របស់អ្នកប្រើប្រាស់ ដើម្បីអោយផលិតផលលើកក្រោយ រឺ ដើម្បីអភិវឌ្ឍន៍ផលិតផល ថ្មីៗរបស់ពួកគេផ្សេងទៀត អោយមានការរីកចំរើន។ តែ អ័បផល មិនខ្ចីរវីរវល់ នឹងយោបល់របស់អ្នកប្រើប្រាស់ ទៅលើ ផលិតផលរបស់ខ្លួនទេ។ លោក ហ្វ៊ីល ស៊ីលល៊ើរ (Phil Schiller) បានបញ្ជាក់ប្រាប់ថា «ពួកយើងមិនដែលសួរ ទៅកាន់ អ្នកប្រើប្រាស់ថា តើអ្នកចង់បានអ្វី សំរាប់ផលិតផលក្រោយៗទៀតនោះទេ។ វាមិនមែនជាមុខងាររបស់អ្នកប្រើប្រាស់ទេ ដែលមកដឹងលឺ រឿងនេះ។»


ទូរស័ព្ទអាយហ្វូន របស់អ័បផល និងហ្គាឡាស៊ី របស់ស៊ាមស៊ុង។

៨- ឯកសារផ្ទៃក្នុងមួយ បានបម្បាក់ក្រុមហ៊ុនស៊ាមស៊ុងខ្លួនឯង

របាយការណ៍មួយដែលមានកម្រាស់ ១៣២ទំព័រ ធ្វើឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូង ត្រូវបានយកមកវិនិច្ឆ័យ នៅក្នុង សាវនាការប្រចាំសតវត្សមួយនេះ។ នៅក្នុងឯកសារផ្ទៃក្នុងនោះ ស៊ាមស៊ុង បានប្រៀបធៀបភាពលំអិតនីមួយៗ នៃទូរស័ព្ទ ដៃប្រភេទ ហ្កាឡាក់ស៊ី អេស របស់ខ្លួន ទៅនឹងអាយហ្វូន។ មានការស្នើសុំ អោយចំនុចពិសេសនីមួយៗ របស់ទូរស័ព្ទដៃ ទំនើបរបស់ ស៊ាមស៊ុង មានការរីកចំរើនជាងមុន ដើម្បីទទួលបានការពេញចិត្តកាន់តែច្រើន ជាពិសេសនៅពេលគេ ប្រៀបធៀបទៅនឹងអាយហ្វូន ឬបើទូរស័ព្ទនេះ មានរូបរាងស្រដៀងនឹងអាយហ្វូនជាដើមនោះ។ នៅក្នុងកំណត់ហេតុមួយ របស់ស៊ាមស៊ុង បានបង្ហាញថា ស៊ាមស៊ុងខ្លួនឯង បានប្រៀបធៀបអាយហ្វូន ទៅទៅនឹងថានសួគ៌។

៩- ហ្គូហ្កើល ធ្លាប់ដាស់តឿន ស៊ាមស៊ុង

កាលពីឆ្នាំ២០១០ ក្រុមហ៊ុនយក្សរបស់អាមេរិកផ្នែកបច្ចេកវិទ្យាវេប ឈ្មោះថា ហ្គូហ្គើល (Mountain View) បានប្រាប់ ស៊ាមស៊ុង ជាមុនថា កុំអោយចម្លងរាងរៅពី អ័បផល ដែលជាគូរប្រជែងរបស់ខ្លួន។ ហ្គូហ្គើល ដែលជាអ្នកបង្កើតប្រព័ន្ធមេ អែនឌ្រួច (Android) អោយស៊ាមស៊ុង ធ្លាប់យល់ឃើញថា ផលិតផល ហ្កាឡាស៊ី ថែប (Galaxy Tab) របស់ស៊ាមស៊ុង មានសណ្ឋានដូចទៅនឹងអាយផេដខ្លាំងណាស់។ ហើយមិនត្រឹមតែហ្គូហ្កើលប៉ុណ្ណោះទេ ដែលធ្លាប់ដាស់តឿនក្រុមហ៊ុន របស់កូរ៉េខាងត្បួង សូម្បីតែអ្នករចនារូបរាងល្បីៗ ក៏ធ្លាប់បាននិយាយដូចគ្នានេះដែរ។

១០- ស៊ាមស៊ុងធ្វើការផលិតក្តារបញ្ជាដែលមានកំរាស់១១.៨អ៊ីង

ក្រុមហ៊ុនកូរ៉េខាងត្បូង ស៊ាមស៊ុង មិនបានរុញរា ក្នុងការផលិតនូវក្តារបញ្ជាថ្មីមួយ ដើម្បីប្រជែងនឹង អាយផេដ ដែលមាន អេក្រង់ប្រភេទ រើធីណា (Retina - អេក្រង់ដែលមានគុណភាពរូបភាពខ្ពស់) នោះទេ។ ក្តារបញ្ជាថ្មីនេះ មានអេក្រង់ទំហំ ១១.៨អ៊ីង និង ទំហំគុណភាពរូបភាព ២៥៦០x១៦០០ ផិចសែល នឹងអាចចេញមកលក់ នៅចុងឆ្នាំ២០១២នេះ។ នេះ បើតាមឯកសារដដែលនោះ៕

-------------------------------------------
រៀបរៀង និងបកប្រែសំរួលដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments