ព្រៃឈើ និងដីធ្លី៖ ពលរដ្ឋពី​២៥​ខេត្ត​ក្រុង ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ

នៅថ្ងៃទី២៩ ខែឧសភានេះ សហគមន៍ដីធ្លី និងព្រៃឈើ មកពី២៥ខេត្តក្រុង ដាក់ពាក្យបណ្តឹងទៅអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ដើម្បីទាមទារឲ្យចាត់វិធានការ ចំពោះអ្នកដែលប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងបទល្មើសព្រៃឈើ និង​ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។

នៅថ្ងៃទី២៩ ខែឧសភានេះ សហគមន៍ដីធ្លី និងព្រៃឈើ មកពី២៥ខេត្តក្រុង ដាក់ពាក្យបណ្តឹងទៅអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ដើម្បីទាមទារឲ្យចាត់វិធានការ ចំពោះអ្នកដែលប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងបទល្មើសព្រៃឈើ និង​ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។


ក្រុមពលរដ្ឋ មកដាក់ពាក្យបណ្ដឹងនៅមុខ អង្គភាព​ប្រឆាំងអំពើ​ពុករលួយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

អំពើពុរលួយ - ដោយមើលឃើញថា ភាគច្រើននៃការបាត់បង់ដីធ្លី ព្រៃឈើ ការបំផ្លាញធនធានធម្មជាតិ គឺបណ្តាល​មកពីការប្រប្រព្រឹត្តអំពើពុករលួយ ហេតុដូច្នេះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋប្រមាណ ជាង​២០០នាក់ មកពី២៥ខេត្តក្រុង ដែលមានជម្លោះដីធ្លី និងការកាប់បំផ្លាញព្រៃឈើ រួមមានព្រះសង្ឃផងដែរ បានដាក់​ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារឱ្យស្ថាប័នមួយនេះ ចាត់វិធានការលុបបំបាត់​អំពើ​ពុក​រលួយនៅតាមមូលដ្ឋាន និងអន្តរាគមន៍ក្នុងការបញ្ឈប់ការបំផ្លាញធនធានធម្មជាតិ។

តំណាងប្រជាសហគមន៍មួយរូប បានឱ្យដឹងថា លោកបានរកឃើញថាបញ្ហានានា គឺបណ្តាលមកពីការពាក់ព័ន្ធ ជា​មួយនឹងអំពើពុករលួយ ដែលមានការឃុបឃិតគ្នា ជាមួយមន្រ្តីនៅតាមមូលដ្ឋាន និងមន្រ្តីថ្នាក់ជាតិមួយចំនួន បាន​ផ្តល់ឱកាសឱ្យអ្នកប្រព្រឹត្តបទល្មើស ដូចជាក្រុមហ៊ុនជាដើម ធ្វើការកាប់បំផ្លាញព្រៃឈើ បំផ្លាញធនធានជលផល និង​រឹបអូសយកដីធ្លីប្រជាពលរដ្ឋ។ លោកធ្វើដំណើរមកថ្ងៃនេះ បានពាំនាំយកភស្តុតាង ដែលរកបានពីការ​ប្រព្រឹត្ត​របស់​មន្រ្តីមួយចំនួន ដាក់បណ្តឹងទៅអង្គភាពមួយនេះ។ លោកសង្ឃឹមថា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទទួលបាន នូវឯកសារជាភស្តុតាងមួយចំនួនខាងលើ អង្គភាពនឹងចាត់វិធានការចំពោះអ្នកប្រព្រឹត្តទាំងនោះ។

ពលរដ្ឋពីការរំលោភដីធ្លីម្នាក់ ឈ្មោះ សុខ រស់ មានអាយុ៤៧ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែល​នៅក្នុង​សហគមន៍​របស់លោក មានចំនួន២៨៥គ្រួសារ កំពុងមានទំនាស់ដីធ្លីដោយសារតែ​ក្រុមហ៊ុនភ្នំពេញស៊ូហ្គើ រំលោភ​យកដីជាង​២ពាន់ហិចតា។ ពលរដ្ឋមកពីខេត្តកំពុងស្ពឺរូបនេះ បានប្រាប់ថា កន្លងមកប្រជាពលរដ្ឋ ធ្លាប់បានដាក់ញត្តិ ស្វែងរក​ដំណោះស្រាយ ពីរដ្ឋាភិបាលជាច្រើនដង តែនៅទាន់មានការអន្តរាគមន៍ពីខាងណានោះទេ។

លោក ណៃ វ៉ង់ដា មន្រ្តីសិទ្ធិមនុស្សនៃសមាគមន៍សិទ្ធមនុស្ស អាដហុក និងជាអ្នកឃ្លាំមើលស្ថានភាពនេះផ្ទាល់ បាន​លើកឡើងថា ប្រតិកម្មរបស់ប្រជាពលរដ្ឋទាំងនេះ បានបង្ហាញថា អំពើបំផ្លិចបំផ្លាញធនធានធម្មជាតិនេះ គឺមាន​លក្ខណៈមិនអាចទប់ស្កាត់បានទេ នៅត្រឹមក្របខណ្ឌសហគមន៍ ដូច្នេះទាមទារឱ្យភ្នាក់ងាររដ្ឋ ដែលប្រឆាំងអំពើ​ពុករលួយដោះស្រាយជាបន្ទាន់ និងបង្កើតប្រសិទ្ធភាព នៃការធ្វើការងាររបស់ខ្លួន។

បញ្ហាអភិបាលកិច្ច នៅតាមមូលដ្ឋាន ...

លោកបន្តថា មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋ មកពីគ្រប់ខេត្ត មកដាក់ពាក្យបណ្តឹងនៅថ្ងៃនេះ ដោយសារការកង្វះ​តម្លាភាព នូវការគ្រប់គ្រង និងកម្សោយនៃអភិបាលកិច្ចមូលដ្ឋាន។ លោកពន្យល់យ៉ាងដូច្នេះថា ដោយសារតែការកង្វះ​តម្លាភាពនូវការគ្រប់គ្រង និងកម្សោយនៃអភិបាលកិច្ចមូលដ្ឋាននេះហើយ ដែលធ្វើឱ្យ មានបញ្ហាយុត្តិធម៌​សង្គមជា​បន្តបន្ទាប់ រហូតដល់កើតមានសង្រ្គាមស៊ីវិល និងមានការបដិវត្តជាដើម។ ដូច្នេះសកម្មភាពថ្ងៃនេះ គឺជាសារមួយ​ ដែលធ្វើឱ្យរដ្ឋាភិបាលបានស្តាប់លឺ ហើយធ្វើការលើកកម្ពស់នូវអភិបាលកិច្ចល្អ នៅតាមូលដ្ឋាន​ឱ្យកាន់តែប្រសើរ​ឡើង និងលុបបំបាត់អំពើរពុករលួយដើម្បីឱ្យការដឹកនាំរបស់រដ្ឋាភិបាលកាន់តែមានតម្លាភាពថែមទៀត បើមិន​ដូច្នេះទេ នឹងអាចជួបបញ្ហាដូចរបបមុនៗដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments