ក្រុម​យុវជន​«រាំ»​ដើម្បី​សន្តិភាព

«ហើយបើការប្រើប្រាស់អំពើហិង្សានៅតែមាន យើងនឹងប្រមូលផ្តុំយុវជន និងរៀបចំសកម្មភាពផ្សេងទៀត ដើម្បី​ឆ្លើយតបទៅនឹងការដោះស្រាយ ដោយធម៌អហិង្សា» នេះជាលើកឡើងរបស់ក្រុមយុវជន ដែលពួកគេនាំគ្នា​ធ្វើ​សកម្មភាពនានា ជាការផ្ញើសារសន្តិភាព ក្នុងទប់ស្កាត់អំពើហិង្សាដែលតែងតែកើតមានឡើង។


ក្រុមយុវជន ដែលជួយជុំគ្នាលេងល្បែងប្រជាប្រិយ។ (រូបថត MONOROOM.infO/ O. Vary)

យុវជន - «សន្តិភាពក្នុងដៃយើងទាំងអស់គ្នា» នេះជាសារដែលក្រុមយុវជន មកពីសាកលវិទ្យល័យនានា​ក្នុង​រាជធានី​ភ្នំពេញ ដែលបាននាំគ្នាធ្វើសកម្មភាពដូចជាការរាំកំសាន្ត និងលេងល្បែងប្រជាប្រិយជាជាដើម កាលពីថ្ងៃទី៦ ខែ​មេសា នៅស្ពាននាគក្បែរវត្តភ្នំ។

លោក ឈាង ឬទ្ធី សមាជិកនៃក្រុមការងារសន្តិភាព និងជាអ្នកសម្របសម្រួលគម្រោង នៃអង្គការអភិវឌ្ឍន៏​ធនធាន​យុវជន បានអោយដឹងថា លោកបានផ្តួចផ្តើមធ្វើសកម្មភាពម្តងរួចមកហើយ ដែលកាលពីលើកមុនក៏មានការ​ហាម​ឃាត់​ ពីសមត្ថកិច្ចតិចតួចដែរ។ ហើយលើកទី២នេះ ធ្វើនៅថ្ងៃកៀកចូលឆ្នាំ ដោយជ្រើសរើសសកម្មភាព​លេងល្បែង​ប្រជាប្រិយខ្មែរ និងការរាំ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរផង និងជាការផ្ញើរសារសន្តិភាពផង។ រីឯហេតុផលមួយទៀត ដោយសារឃើញអាជ្ញាធរចាប់ផ្តើមរិត្បិត រឿងទីតាំងនៅទីលានប្រជាធិបតេយ្យ មិនអោយប្រជាពលរដ្ឋចូលជួបជុំគ្នា។ ហើយការជួបជុំនៅទីសាធារណៈនេះ ចង់បញ្ជាក់ថា «យើងចង់ទាមទារនូវ​សិទ្ធិសេរីភាពរបស់​ពួកយើង​មក​វិញ និង​ចង់​បាននូវសន្តិភាព។»

លោកបន្យល់យ៉ាងដូច្នេះទៀតថា «ដោយយើងឃើញថាកាលពីខែ មករា មានការប្រើហិង្សាពីសំណាក់សមត្ថកិច្ច រហូតដល់មានស្លាប់ ៥អ្នក និងរបួសជាច្រើននាក់ អញ្ចឹងអោយគាត់ប្រកាន់អហិង្សា រាល់ដំណោះស្រាយផ្សេងៗ។ អ្វីដែលយើងធ្វើ យកលក្ខណៈជាការរាំសប្បាយ ដោយភ្ជាប់ជាមួយសារនិងសន្តិភាព ដោយសារយុវជន​គាត់​ចូល​ចិត្ត​រឿងសប្បាយច្រើន។»

យុវជន រ័ត្ន សុភា ជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យជាតិគ្រប់គ្រប់ ដែលបានចូលរួមសកម្មភាពនេះ ជាមួយក្រុម​យុវជនដទៃទៀតបានបញ្ជាក់ថា៖ «បានជាខ្ញុំមកចូលសកម្មភាពថ្ងៃនេះ ដោយសារខ្ញុំឃើញអាជ្ញាធរ​តែងតែប្រើអំពើ​ហិង្សាទៅលើបាតុករ ឬក៏ក្រុមប្រឆាំង។ ហើយខ្ញុំចង់បង្ហាញអោយគាត់ឃើញពីសន្តិភាព ដែលយុវជនគាត់ស្រលាញ់​សន្តិភាព និងចង់អោយពួកគាត់ធ្វើអ្វីមួយដោយគោរពច្បាប់ និងគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ។»

លោកបន្ថែមថា៖ «លើកទីពីនេះអាជ្ញាធរគាត់យល់ដឹងច្រើន គាត់ផ្តល់សិទ្ធិសេរីភាពអោយពួកយើង លេងកម្មវិធី​សប្បាយ មិនបំបែកពួកខ្ញុំ ដែលកាលពីលើកមុន គាត់បានព្យាយាមបំបែកដោយប្រើពាក្យសម្តីមិនសមរម្យ។»

សម្រាប់លោក ឈាង ឬទ្ធី បានបង្ហាញជំនឿចិត្តថា សកម្មភាពនេះវានឹងជាះឥទ្ធិពល ដល់អាជ្ញាធរ និងប្រជាពលរដ្ឋ​ទូទៅ​ តាមរយៈសារដែលនៅលើ អាវ មួក និងបណ្តា ឬក៏ប្រព័ន្ធផ្សព្វផ្សាយជាដើម។ «នៅពេលដែលគាត់ធ្វើដំណើរ​ឆ្លង​កាត់ ហើយបានមើលសារដែលផ្ញើរអោយនោះ ហើយវាដិតជាប់នៅក្នុងចិត្តរបស់គាត់ថា សន្តិភាពនៅ​ក្នុង​ដៃ​របស់យើង ហើយគ្រប់ៗចង់បានសន្តិភាព និងស្រលាញ់សន្តិភាព៕»

----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ០៧ មេសា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments