តើ​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​«ចំណត​សម្រាក» តាម​ផ្លូវ​ជាតិ​ឬ​ទេ?

ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះ លោក ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានសសេរទទួលស្គាល់ថា៖ «ប្រទេសយើង ពុំមានចំណតសម្រាប់អ្នកធ្វើដំណើរ និងរថយន្តអោយ បានត្រឹមត្រូវតាម Standard (ក្បួនខ្នាត) អាស៊ាននៅឡើយ។ ភាគច្រើនអ្នកធ្វើដំណើរ តែងតែឈប់នៅ តាមវាលស្រែ គុម្ពោតព្រៃល្បោះ ឬទីដាច់ស្រយាល ប្រសិនបើ​ត្រូវការបន្ទប់​ទឹក។» ទំព័រដដែលបានសួរថា តើកម្ពុជាចាំបាច់ត្រូវមាន ចំណតសម្រាកបែបនេះឬទេ?
តើ​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​«ចំណត​សម្រាក» តាម​ផ្លូវ​ជាតិ​ឬ​ទេ?
ផ្លូវជាតិនៅរតនគីរី។ (រូបថត ឯកសារ)
  • ដោយ: ក. សេងហុង និង សោមកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 05, 2014
  • ប្រធានបទ: គមនាគមន៍
  • អាន និងបញ្ចេញយោបល់

ម្ចាស់ទំព័រ Samdech Hun Sen, Cambodian Prime Minister ដែលតែង​តែសរសេរ សរសើរមិន​ដែល​ដាច់ ពីការដឹកនាំដ៏ភ្លឺស្វាងរបស់លោក ហ៊ុន សែន  បានដាក់ជាសំនួរមួយចំនួន ដែលហាក់ដូចជាមិនដឹងសោះ ពី​អត្ថប្រយោជន៏នៃការមានចំណតឈប់សម្រាក នៅតាមដងផ្លូវ។ សំនួរទាំងនោះ​សរសេរថា៖ «តើកម្ពុជា ត្រូវការ​ចាំ​បាច់អោយមានចំណតឈប់សម្រាក រួមទាំងបង្គន់អនាម័យ បន្ទប់ទឹក សម្រាប់​អ្នកដំណើរ (Highway rest stop) នៅ​តាមបណ្តោយផ្លូវជាតិទូទាំងប្រទេស ជាពិសេសផ្លូវជាតិតភ្ជាប់អាស៊ាន និងផ្លូវ​ជាតិយុទ្ធសាស្រ្តទេសចរណ៏ឬទេ?» និងឃ្លាសំនួរដទៃទៀតថា៖ «តើចំណតឈប់សម្រាក កម្រិតជាតិ (National and ASEAN Standard) ត្រូវមាន​លក្ខណៈយ៉ាងណា? មានសេវាកម្មអ្វីខ្លះ? ប៉ុន្មានគីឡូម៉ែត្រគួរមានមួយ? តើគួរបង្កើត​មុខ​របរភ្ជាប់ អោយពលរដ្ឋ និង​សហគមនៅទីនោះ អោយឯកជនគ្រប់គ្រង១០០%?»

បើគេនិយាយអំពីចំណតឈប់សម្រាក គេត្រូវនិយាយពីមូលហេតុ អត្ថប្រយោជន៍ និងតម្រូវការរបស់វា តែមិនមែន​សម្រាប់បង្អួត ឬទៅប្រកួតប្រជែងជាមួយប្រទេសណា​នោះឡើយ។ នៅក្នុងប្រទេស ដែលមានប្រព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ជាប្រចាំ ហៅថា «ហៃវេយ៍ (Highway) ហៅតាមអង់គ្លេស ឬអូតូរូត៍ (Autoroute) ហៅតាមបារាំង»នោះ អ្នកបើកបរ​តម្រូវ​ឲ្យមានការផ្ចង់អារម្មណ៍កម្រិតខ្ពស់ ហើយច្បាប់ចរាចរណ៍នៅក្នុងប្រទេសទាំងនោះ តម្រូវឲ្យឈប់សម្រាក​ទៅ​តាមទំហំរថយន្ដ ដូចជារថយន្ដដឹកទំនិញ តម្រូវឲ្យសម្រាករាល់៥០គីឡូម៉ែត្រម្ដង រីឯរថយន្ដតូចត្រូវ​ឈប់រវាង ១០០គីឡូម៉ែត្រ ម្ដងជាដើម។ ដូច្នេះ ការឈប់សម្រាកនៅតាមផ្លូវនៅក្នុងប្រទេសទាំងនោះ ត្រូវបានគេតម្រូវឲ្យធ្វើ (ជាច្បាប់) ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ នៅពេលបើកបរ។

នៅក្នុងប្រទេសកម្ពុជា ផ្លូវតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តឆ្ងាយៗជាច្រើន មិនមានសភាពជា «ហៃវេយ៍ (Highway) ហៅតាមអង់គ្លេស ឬអូតូរូត៍ (Autoroute) ហៅតាមបារាំង» នោះនៅឡើយ។ ផ្លូវជាតិរបស់ប្រទេសកម្ពុជា នៅជាផ្លូវសម្រាប់ល្បឿនយឺត ហើយតែងកាត់តាមទីប្រជុំជន និងមានប្រជាជនអាចរស់នៅជាប់ក្បែរបាន ដែល​អាច​បង្កលក្ខណៈ ឲ្យការលក់ដូរជាឯកជន ត្រូវបានធ្វើឡើងយ៉ាងងាយ ប្រសិនជាពាណិជ្ជករណាម្នាក់ មានដីនៅ​ជាប់​នោះ។ ក្នុងករណីនេះ និងដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន ពាណិជ្ជករទាំងនោះ អាចបង្កើតឲ្យមាននូវ​សេរវាកម្ម​ផ្សេងៗ សម្រាប់ទទួលអតិថិជន ចូលទៅប្រើប្រាស់និងចំណាយប្រាក់ ក្នុងនោះមានអាហារដ្ឋាន ការដោះទុក្ខសត្វ និងការ​សម្រាក​យកកម្លាំងជាដើម។

ដូច្នេះ បើនិយាយជាតម្រូវការរបស់ប្រជាជនកម្ពុជា ទីចំណតតាមដងផ្លូវនោះ មិនជាចាំបាច់ប៉ុន្មានឡើយ ដរាប​ណា​ប្រជាជននៅមិនទាន់យល់ ពីអត្ថប្រយោជន៍នៃការឈប់សម្រាកនេះ។ ផ្ទុយទៅវិញ សេវាកម្មជួយសង្គ្រោះ និងជំនួយ​ការ ឬការជួសជុល គប្បីត្រូវតែមាន និងធានាដោយរដ្ឋ។ រដ្ឋាភិបាលអាចធ្វើឲ្យការឈប់សម្រាកនេះ ក្លាយជាច្បាប់​សម្រាប់អ្នកបើកបរទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីការអស់កម្លាំង ឬងោកងុយ។ រីឯនៅ​ក្នុងបរិបទអាស៊ាន ប្រទេសកម្ពុជាចាំបាច់ ត្រូវសម្របខ្លួនទៅតាមកម្រិតក្បួនខ្នាត (Standard) ដែលអាស៊ានកំណត់ ហើយមានសម្រាប់តែផ្លូវជាយុទ្ធសាស្ត្រ មួយចំនួនប៉ុណ្ណោះ។

សូមរំលឹកដែរថា  ទីកន្លែងឈប់សម្រាកតាមផ្លូវ ក៏មាននៅក្នុងប្រព័ន្ធផ្លូវថ្នល់ នៃសម័យកាលអង្គរដ៏រុងរឿងដែរ។ នៅ​ក្នុងប្រវត្តិសាស្ត្រ​នៃប្រទេសកម្ពុជា បានសរសេរទុកថា ព្រះរាជាខ្មែរដ៏ល្បី ព្រះបាទជ័យវរ្ម័នទី៧ ទន្ទឺមនឹងបានថែរក្សា​ជួសជុល ប្រព័ន្ធ​ផ្លូវរវាងរាជធានី និងទីប្រជុំជនខេត្តនៅពេញផ្ទៃអាណាចក្រ ទ្រង់បានកសាង​សាលាឆទានចំនួន ២០០ សម្រាប់ជាទីស្នាក់អាស្រ័យ របស់បណ្ដាជនទាំងឡាយ។ សាលាឆទាន ឬឆទាន​សាលា​នេះ មានអត្ថន័យ​ស្មើរ​នឹង​កន្លែងសម្រាប់ឈប់សម្រាក សម្រាប់អ្នកធ្វើដំណើរឆ្ងាយ និងជាកន្លែងស្នាក់អាស្រ័យ​សម្រាប់​ជនត្រាច់ចរ ក្នុង​រយៈពេល​ខ្លីមួយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់