នាង សុឃុន៖ ហ៊ុន សែន​«ក្បត់​ជាតិ» រឿង​កោះ​ត្រល់ (vdo)

បើតុលាការឈរលើអំណាច«ឆន្ទានុសិទ្ធិ» ដើម្បីប្រយោជន៍សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ជាតិជាធំ តាមឯកសារដែលបានដាក់ទៅនេះ«ធួន»ល្មម នឹងអាចឲ្យតុលាការលើករឿងនេះមកជជែកដេញដោល និងធ្វើការ​អង្កេតបានហើយ។ នេះជាការលើកឡើងរបស់លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ជាមួយនឹងជំនឿថា លោក ហ៊ុន សែន នឹងត្រូវរងនូវការចោទប្រកាន់មួយយ៉ាងធ្ងន់ធ្ងរ ពី«ទោសក្បត់ជាតិ ជាប់ទោសមួយជីវិត»។

បើតុលាការឈរលើអំណាច«ឆន្ទានុសិទ្ធិ» ដើម្បីប្រយោជន៍សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ជាតិជាធំ តាមឯកសារដែលបានដាក់ទៅនេះ«ធួន»ល្មម នឹងអាចឲ្យតុលាការលើករឿងនេះមកជជែកដេញដោល និងធ្វើការ​អង្កេតបានហើយ។ នេះជាការលើកឡើងរបស់លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ជាមួយនឹងជំនឿថា លោក ហ៊ុន សែន នឹងត្រូវរងនូវការចោទប្រកាន់មួយយ៉ាងធ្ងន់ធ្ងរ ពី«ទោសក្បត់ជាតិ ជាប់ទោសមួយជីវិត»។


លោក នាង សូឃុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទិ៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ក្រោយពីបានដាក់ឯកសារបន្ថែមទៅតុលាការ រឿង​ប្តឹង​លោកបាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៧ ខែមីនានេះ លោកបានបង្ហាញនូវជំនឿចិត្តថា ល្គិកណាតុលាការ​ឈរលើសុភវិនិឆ័យត្រឹមត្រូវ ដោយមិនរណប ឬបង្គាប់បញ្ជាររបស់បុគ្គលណាម្នាក់ តុលាការនឹងចាត់​វិធានការក្នុង​រឿងនេះ។ លោកអះអាងដូច្នេះ ដោយលោកគិតថា នេះជារឿងរបស់ជាតិ របស់ប្រទេសជាតិ មិនមែនជា​ប្រយោជន៍​បុគ្គលទេ។

ជាមួយនឹងការបញ្ជូលនូវឯកសារថ្មី សម្រាប់ជាទឡ្ហីកណ៍សម្រាប់ការចោទប្រកាន់ យុវជនខាងលើ ក៏បង្ហាញនូវ​ចំណុចពិសេសមួយ ដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែន «គេច» មិនបានលើកយកមកបញ្ជាក់។ ចំណុចនោះ​បាន​សរសេរក្នុងលិខិតរបស់ អគ្គទេសាភិបាលឥណ្ឌូចិន លោកព្រេវីយេ (Brevier LATTER) ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ​១៩៣៩ ដាក់ទៅទេសាភិបាលកូសាំងស៊ីននៅព្រៃនគរ ។

លោកបានបន្តរថា ក្នុងលិខិតរបស់លោក ព្រេវីយេ បានបញ្ជាក់ថា ក្រោមការគ្រប់គ្រង់របស់បារាំងជំនាន់នោះ គ្រាន់​តែដាក់«កោះត្រល់»ឲ្យស្ថិតក្រោមការងារយកពន្ធតែប៉ុណ្ណោះ តែមិនមែនកាត់ដែនដីកោះ ឲ្យស្ថិត​ក្នុងដី​របស់ប្រទេស​វៀតណាម​ទាំងស្រុងនោះទេ។ យុវជនរូបនេះបញ្ជាក់ចំណុចមួយ ក្នុងលិខិតរបស់លោក ព្រេវីយេ ដែលលោក​នាយករដ្ឋមន្រ្តីមិនបានអាន (វា) មានន័យយ៉ាងដូច្នេះថា «ជាការប្រាកដ នេះគ្រាន់តែជាការបែងចែក ក្នុងការគ្រប់​គ្រងរដ្ឋបាលនិងប៉ូលីស តែប៉ុណ្ណោះ ឯចំណែកបញ្ហាបូរណៈភាព ដែនដីនៃកោះទាំងនោះវិញ ត្រូវរក្សាទុក​នៅ​ដដែល។»

មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្នុងជួររដ្ឋាភិបាល ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ មិនអាចសុំការ​បញ្ជាក់បាននៅឡើយទេ ចំពោះការប្តឹងរបស់យុវជននេះ។ តែបើតាមការចេញផ្សាយរបស់អង្គភាព ប្រតិកម្មរហ័សចុះ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ក្នុងបទអន្ដរាគមន៍របស់លោក សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពីបញ្ហាសន្ធិសញ្ញាបំពេញបន្ថែម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាង​កម្ពុជា-វៀតណាមបានសរសេរយ៉ាងដូចនេះថា «ដូច្នេះផែនទីឆ្នាំ១៩៣៩ នោះគ្រាន់តែគូសបញ្ជាក់ពីការគ្រប់​គ្រង​ផ្នែក​រដ្ឋបាល និងផ្នែកប៉ូលីសលើកោះក្នុងឈូងសមុទ្រសៀម ប្រគល់ទៅឱ្យ ហាទៀង គឺប្រគល់ទៅឱ្យកូសាំងស៊ីន។ ឆ្នាំ ១៩៤៩ សភាសហព័ន្ធរបស់បារាំងដែលគ្រប់គ្រងដែនដីឯនាយសមុទ្រនោះ គឺគេប្រជុំសម្រេចថា តើប្រគល់​កូសាំងស៊ីន ឱ្យវៀតណាម ឬត្រូវឱ្យកម្ពុជា ។ នៅពេលនោះតំណាងកម្ពុជា គឺព្រះអង្គម្ចាស់ យុគន្ធរ ពីងពាង ជាអ្នក​ដែលធ្លាប់​មានការតស៊ូប្រឆាំងបារាំងដែរ គាត់មិនហ៊ានបោះឆ្នោត ថាកូសាំងស៊ីនជាដីរបស់ខ្មែរទេ គាត់បែរជាបោះ​ឆ្នោតអនុប្បវាទដូច្នោះហើយ ធ្វើឱ្យសភាសហព័ន្ធគេអនុម័តច្បាប់នោះបាន ហើយបន្ទាប់មក រដ្ឋសភាបារាំង បាន​អនុម័តច្បាប់បញ្ចូលកូសាំងស៊ីនទៅ ឱ្យវៀតណាមពីព្រោះ ពេលនោះគេចង់ជួយព្រះចៅ បៅដាយ ឱ្យឈ្នះលោក ហូ ជីមិញ។ នេះជាចំណុចសំខាន់ណាស់ ដែលទាក់ទងនឹងកោះត្រល់។»

ទោះយ៉ាងណាក៏ដោយ ក៏យុវជនរូបនេះនៅតែសង្ឃឹមថា តុលាការនឹងហៅទាំងដើមចោទ និងចុងចោទ មក តទល់​គ្នាមុខតុលាការ មិនមែនដើម្បីភាព«ឈ្នះនិងចាញ់»នោះទេ គឺដើម្បីតែវែកញែកនូវអ្វីដែលជាភាពត្រឹមត្រូវប៉ុណ្ណោះ។ តែបើតុលាការមិនចាត់ការលើពាក្យបណ្តឹង ដោយហៅភាគីពាក់ព័ន្ធមកធ្វើការសាកសូរនោះទេ មានន័យថា តុលាការ​មិនឯករាជ្យ ជាតុលាការដែល«រណប»ឲ្យបុគ្គលណាម្នាក់ ដែលមានអំណាច។ យុវជននេះលើកឡើងថា រឿងក្តីនេះ លោកក៏បានត្រៀមជាស្រេចនូវមេធាវីពីររូប មួយរូបជាជនជាតិខ្មែរ និងមួយរូបទៀតជនជាតិបារាំង ដើម្បីជជែក​ដេញ​ដោលជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតុលាការ។

ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ មិនអាចទាក់ទងសុំការបកស្រាយ ពីលោកព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ បានទេនៅ​ថ្ងៃទីនេះ។

ប្រធានក្រុមយុវជនខ្មែរបានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាកំហុសឆ្គងរបស់គាត់ (លោក ហ៊ុន សែន)។ មិនមែនដើម្បី​ឈ្នះចាញ់ទេ។ ជាការទទួលខុសត្រូវ លើកំហុសឆ្គងរបស់ខ្លួន ដែលខ្លួនបានប្រព្រឹត្ត។ ខ្ញុំសង្ឃឹមថាលោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដឹងខ្លួនគាត់ថា ខុសអីនោះហើយ។ (...) លោកធ្វើខ្លួនឯង លោកដឹងទង្វើខ្លួនឯងដែលបាន​ធ្វើ​ហើយ។»

សូមរម្លឹកថាពាក្យបណ្តឹងចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ ជាពាក្យបណ្តឹងលើកទីពីរ ដែលយុវជនរូបនេះបាន ប្តឹងលោក​នាយករដ្ឋមន្រ្តីហ៊ុន សែន បន្ទាប់ពីពាក្យបណ្តឹងលើកទីមួយថ្ងៃទី០៦ ខែមករាឆ្នាំ២០១៤ ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធដោយអះអាងថា«ខុស»បច្ចេកទេស។ ហើយនេះក៏ជាលើកទីពីរដែរ ដែលលោកបានបន្ថែមឯកសារ​ដាក់បន្ទុកក្នុងរឿងនេះ។ ពាក្យបណ្តឹងទាំងពីរកន្លងទៅយុវជននេះបានប្តឹងលោក នាយករដ្ឋមន្រ្តីហ៊ុន ដោយចោទ​បានកាត់កោះត្រល់ និងកោះក្រចកសេះ ទៅវៀតណាម ទាំងស្រុងដោយខុសច្បាប់ ក្រោមសន្ធិសញ្ញាបំពេញបន្ថែម ប្រគល់អោយយួនផ្តាច់មុខកាលពីឆ្នាំ២០០៥។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣កន្លងមកដូចគ្នា ទៅនឹងករណីខាងលើនេះ លោក សួង សុភ័ណ្ឌ មន្រ្តីម្នាក់ក្នុង​ជួរគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីលំហូរចូលជនអន្តោប្រវេសន៍វៀតណាម មករស់នៅប្រទេសកម្ពុជា ដោយខុសច្បាប់ និងព្រមទាំងមានសិទ្ធិកាន់​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ«ខ្មែរ»នោះផង។ យុវជននោះបានចោទប្រកាន់ទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាបានក្លែងឯកសារសាធារណៈ ក្នុងឋានៈជាអ្នកផ្ដើមគំនិតជាមួយនឹងបក្ខពួករបស់ខ្លួន។ តែត្រូវបានតុលាការភ្នំពេញ បដិសេធមិនពិចារណា៕

ទស្សនាកិច្ចសម្ភាសរបស់យុវជន នាង សុឃុន ទាំងស្រុងដូចតទៅ៖

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៧ មីនា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments