យុវជន​ថ្លែង​សារ​ទៅ​អ្នក​ដឹក​នាំ​និង​អ្នក​នយោបាយ ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់

បើទោះជាព្រឹត្តិការណ៍វាយបង្ក្រាប ចេះតែកើតមានជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់ឱកាសទិវានៃសេចក្ដីស្រឡាញ់ ថ្ងៃទី​១៤ ខែកុម្ភះ ដែលជាទីពេញនិយមរបស់ពួកគេនោះ យុវជនយុវនារីមួយចំនួន ជាពិសេសអ្នកដែល​ធ្លាប់បាន​ចូលរួម​នៅក្នុងកិច្ចការសង្គម បានបង្ហាញពីទស្សនៈរបស់ពួកគេ ទៅកាន់មេដឹកនាំ ថាគួរតែមានសេចក្តីស្រលាញ់ មេត្តា ករុណា ឲ្យបានច្រើននៅក្នុងខ្លួន ដើម្បីជាភាពសុខសាន្ដរបស់ប្រទេសផង និងជាគំរូដ៏ល្អសំរាប់យុវជនជំនាន់ក្រោយ​នោះផង។

បើទោះជាព្រឹត្តិការណ៍វាយបង្ក្រាប ចេះតែកើតមានជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់ឱកាសទិវានៃសេចក្ដីស្រឡាញ់ ថ្ងៃទី​១៤ ខែកុម្ភះ ដែលជាទីពេញនិយមរបស់ពួកគេនោះ យុវជនយុវនារីមួយចំនួន ជាពិសេសអ្នកដែល​ធ្លាប់បាន​ចូលរួម​នៅក្នុងកិច្ចការសង្គម បានបង្ហាញពីទស្សនៈរបស់ពួកគេ ទៅកាន់មេដឹកនាំ ថាគួរតែមានសេចក្តីស្រលាញ់ មេត្តា ករុណា ឲ្យបានច្រើននៅក្នុងខ្លួន ដើម្បីជាភាពសុខសាន្ដរបស់ប្រទេសផង និងជាគំរូដ៏ល្អសំរាប់យុវជនជំនាន់ក្រោយ​នោះផង។


ក្រុមកម្មករអ្នកធ្វើបាតុកម្ម បានលើកបង្ហាញ«រូបសម្ដេចៗ» នៅមុខផ្ទះ«សម្ដេច»នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សេចក្តីស្រលាញ់ - តាមរយៈនៃការបកស្រាយអត្ថន័យ និងប្រវត្តិបុណ្យនៃសេចក្តីស្រលាញ់ មានអត្ថន័យជ្រាល​ជ្រៅ ហួសពីអ្វីដែលដែលយើងបានគិតនៅត្រឹម តែជាការស្រឡាញ់ រវាងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តែវាជា​«សេចក្ដី​មេត្តាសណ្ដោស» ដែលមនុស្សត្រូវមានរវាងគ្នានិងគ្នា ហើយនៅក្នុងនោះ«សេចក្ដីស្នេហា» ឬ«សេចក្ដី​ស្រឡាញ់» ជាផ្នែកមួយ។

យុវជននៅកម្ពុជាមួយចំនួន ដែលខ្វល់ខ្វាយនឹងបញ្ហាសង្គម បានប្រើប្រាស់ថ្ងៃ១៤ ខែកម្ភៈ នេះធ្វើសកម្មភាពនានា ដើម្បីបញ្ជាក់ពីទឹកស្រលាញ់សង្គម ដែលពួកគេកំពុងរស់នៅ។ កញ្ញា ធី សុវណ្ណថា ជាម្ចាស់ទំព័រហ្វេសប៊ុក​ផ្តល់​ព័ត៌មាន​ដ៏ល្បីមួយរូប និងជាអ្នកឈឺឆ្អាលបញ្ហាសង្គមផងនោះ កញ្ញាបានធ្វើដំណើរទៅជួបជាមួយកុមារកំព្រា នៅ​ក្នុង​មជ្ឈមណ្ឌលមួយ។ កញ្ញាបានបញ្ជាក់ថា កញ្ញាមានបំណង «ក្នុងការលើកទឹកចិត្តដល់ក្មេងៗកំព្រា​ទាំងនោះអោយ​ខិតខំសិក្សា និងចូលរួមសកម្មភាពជួយសង្គម»។

កញ្ញា ពុំ ថារី ដែលជាគ្រិស្ត៍បរិស័ទម្នាក់ផងនោះ ក៏បានបញ្ជាក់ក្តីឈឺឆ្អាលរបស់កញ្ញាចំពោះសង្គម ជុំវិញកង្វះខាតនៃ​ការអប់រំនៅតំបន់មួយចំនូនដែរ។ កញ្ញាបាននិយាយថា កញ្ញាកំពុងធ្វើវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សនៅតាម​សហគមន៍នៅខេត្តកំពង់ចាម។ គ្រិស្ត៍បរិស័ទរូបនេះបានបញ្ជាក់ថា «ខ្ញុំគិតថាធ្វើសកម្មភាពហ្នឹង ខ្ញុំអាចផ្តល់សេចក្តី​ស្រលាញ់មួយផ្នែកដល់សិស្សនៅកន្លែងនោះ ដែលថ្ងៃក្រោយទៅសិស្សនៅទីនោះមានចំនេះ ដែលវាមាន​ប្រយោជន៍​ច្រើនដល់សង្គម»។

ពាក្យ«សេចក្តីស្រលាញ់» ជាពាក្យដែលប្រជាពលរដ្ឋជាទូទៅចង់បានជាងគេ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ សេចក្ដី​ស្រលាញ់ អាណិតមេត្តា និងសណ្ដោសប្រណី ដែលត្រូវផ្ដើមចេញពីមេដឹកនាំធំៗជាមុនសិន ដើម្បីធ្វើជាជាគំរូ​ដល់​​អ្នកដទៃ ជាពិសេសមន្ត្រីក្រោមបង្គាប់ និងយុវជនជំនាន់ក្រោយ។ តែផ្ទុយទៅវិញ​តាំងពីក្រោយការបោះឆ្នោត​នោះមក ស្ថានភាពនយោបាយនៅកម្ពុជាបានធ្លាក់ចុះតានតឹង រហូតដល់មានការ​ប្រើ​អំពើហិង្សា និងការបង្ក្រាប​យ៉ាង​រង្គាល​ពីសំណាក់កងកម្លាំងអាជ្ញាធរ ទៅលើបាតុករអ្នកតវ៉ា និងពលរដ្ឋស្លូត​ត្រង់​មួយ​ចំនួន។ អំពើហិង្សា ដែលបានធ្វើ​ឲ្យ​មាន​មន្ទិលពី«សេចក្ដីស្រឡាញ់»ពលរដ្ឋ និងប្រទេសជាតិ ពីសំណាក់មេដឹកនាំទាំងនោះ។

«តើអ្នកដឹកនាំសព្វថ្ងៃនេះ មានសេចក្ដីមេត្តាសណ្ដោស ក្នុងខ្លួនឬ​នៅ?»

យុវជន ចេង ធៀងហាវ និស្សិត​ជំនាញ​គ្រប់​គ្រងនៃសាកលវិទ្យាល័យន័រតុន បានពន្យល់ថា «សេចក្តី​ស្រលាញ់​ហ្នឹង​សំខាន់បំផុត គឺកើត​ចេញ​ពីគំរូភាព​នៃអ្នកដឹកនាំ នៅពេលដែលអ្នកដឹកនាំផ្តល់គំរូភាព​នៃការ​គោរព​ស្រលាញ់ទៅដល់​អង្គភាព​នីមួយៗ ពីថ្នាក់លើរបស់​ដល់ថ្នាក់ក្រោម និងបុគ្គលនីមួយៗ។ »

សំរាប់ កញ្ញា ពុំ ថារី ដដែល កញ្ញាបញ្ជាក់ថា «ថ្នាក់ដឹកនាំប្រទេស គួរតែយកថ្ងៃ​នៃ​សេចក្តីស្រលាញ់ បង្ហាញពី​ក្តី​ស្រលាញ់ទៅដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រទេសដែល​កាន់លិទ្ធិ​ប្រជាធិបតេយ្យ​ដូចកម្ពុជា។» កញ្ញាបានស្នើ​ទៅរដ្ឋាភិបាល ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា គោរពសិទ្ធិមនុស្ស ដើម្បីជាការបង្ហាញក្តី​ស្រលាញ់​ដល់ប្រជារាស្រ្តខ្មែរ។

ចំណែកកញ្ញា ធី សុវណ្ណថា អ្នករិះគន់រដ្ឋាភិបាលមិនប្រណីមាត់ បានធ្វើការអំពាវនាវថា រដ្ឋាភិបាល«គួរ​តែ​បង្ហាញ​ពីក្តីស្រលាញ់របស់គាត់ ចំពោះប្រជារាស្រ្តតាមរយៈការឈប់ប្រើអំពើហិង្សា និងធ្វើបាបរាស្រ្តខ្មែរ។ ហើយ​កាដូ​សំខាន់សំរាប់ប្រជាពលរដ្ឋខ្មែរថែមទៀតនោះ គាត់គួរតែអោយមាន​ការបោះឆ្នោត​សារឡើងវិញ។»

ការផ្ញើរសាររបស់យុវជន មិនមែនធ្វើត្រឹមតែទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលកំពុងគ្រប់គ្រងដោយ​គណបក្ស​​ប្រជាជន​កម្ពុជានោះទេ។ ប៉ុន្តែក្រុមយុវជនទាំងនេះ ក៏បានផ្ដាំផ្ញើរពាក្យពេជ្រជាច្រើន ទៅកាន់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង​ក្នុងប្រទេសកម្ពុជាដូចគ្នាដែរ។

តារាហ្វេសប៊ុក វ័យ១៨ឆ្នាំ កញ្ញា ធី សុវណ្ណថា ដដែល សុំអោយគណបក្សសង្រ្គោះជាតិ ប្រើថ្ងៃ១៤ កុម្ភៈនេះ នៅ​តែ​បន្ត​ស្រលាញ់ប្រជាពលរដ្ឋខ្មែរ និងបន្តទាមទាររកយុត្តិធម៌ជូនរាស្រ្តខ្មែរដដែល។ ដោយឡែក យុវជន ចេង ធៀងហាវ បានស្នើទៅកាន់គណបក្សជំទាស់ដែរថា សូមឲ្យគណបក្សនេះចូលរួម «ក្នុងការថែរក្សានូវសេចក្តីសុខសន្តិភាព​នៅ​ក្នុងសង្គម» ដោយសារតែយុវនិស្សិតរូបនេះ យល់ថា កន្លងមក គណបក្សប្រឆាំងបានធ្វើឲ្យប៉ះពាល់​ដល់​«សន្តិសុខ​សង្គមមួយផ្នែក»ដែរ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments