បក្ស​សង្រ្គោះ​ជាតិ​​ប្រតិកម្ម​ប្រឆាំង​​រដ្ឋាភិបាល ជុំ​វិញ​ការ​បង្កើត​ក្រុម​​ស្រាវ​ជ្រាវ​​កែ​​ទម្រង់​​ការ​បោះឆ្នោត

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានសម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់​រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតគណកម្មការ​ស្រាវជ្រាវ​ស្តីពី​ការកែ​ទម្រង់​ការបោះឆ្នោត ជាឯកតោភាភី ដោយមិនមានសមាសភាពគណៈកម្មការ មកពីគណបក្សសង្រ្គោះជាតិ។

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានសម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់​រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតគណកម្មការ​ស្រាវជ្រាវ​ស្តីពី​ការកែ​ទម្រង់​ការបោះឆ្នោត ជាឯកតោភាភី ដោយមិនមានសមាសភាពគណៈកម្មការ មកពីគណបក្សសង្រ្គោះជាតិ។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

នយោបាយកម្ពុជា - ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១២ ខែកុម្ភៈ គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា៖ «សេចក្តីសម្រេចដោយរាជរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបង្កើតគណៈកម្មការ ឬការ​បង្កើតយន្តការណាមួយ ពាក់ព័ន្ធការកែទម្រង់បោះឆ្នោត ដោយមិនមានការប្រឹក្សាយោបល់ ឬការព្រមព្រៀង​ជា​មុន​ពីគណបក្សសង្រ្គោះជាតិ គឺផ្ទុយទាំងស្រុងទៅនឹងស្មារតីនៃសេចក្តីប្រកាសរួម របស់គណបក្សទាំងពីរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣»។

គណបក្សនយោបាយធំទាំងពីរ គឺគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចចរចានយោបាយ​ទ្វេភាគី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ បានឯកភាពគ្នា ក្នុងសេចក្តីប្រកាសរួម ត្រង់ចំណុងទី២ ថា គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នឹងព្រមព្រៀង និងធ្វើការជាមួយគ្នា ដើម្បីបង្កើតយន្តការណាមួយ ក្នុង​បំណងកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។

ដកស្រង់សម្ដីដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្តី​បន្ទោស​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​គ្មាន​ឆន្ទៈ​ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ទេ។​ អ្នកនាំពាក្យរូបនេះ ​បានបញ្ជាក់ថា៖​ «អញ្ចឹង​ឃើញ​ថា​ការ​កែ​ទម្រង់​នេះ​ទៅ​មិន​រួច​ទេ​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​សង្គមកម្ពុជា​ ក៏​យើង​មិន​អាច​ទទួល​យក​បាន​ទេ»។​

សេចក្តីថ្លែងការណ៍របស់គណបក្សជំទាស់ដដែលនេះ ក៏បានទទូចឲ្យបង្កើគណៈកម្មការរួមមួយដែលមានសមាសភាព ស្មើគ្នាមកពីគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅធានាឲ្យ ការរៀបចំបោះឆ្នោតលើក​ក្រោយទៀត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមបទដ្ឋានអន្តរជាតិ និងជៀសវាង ភាពជាប់គាំង​ផ្នែកនយោបាយ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទង ដើម្បីស្វែងរកការស្រាយបំភ្លឺពីមន្ត្រីរដ្ឋាភិបាល ជុំវិញការចោទ​ប្រកាន់នេះ តែមិនមានការឆ្លើយតប​ទេ។

គួរកត់សម្គាល់ថា ការធ្វើប្រតិកម្មរបស់គណបក្សសង្រ្គោះជាតិ នៅពេលនេះ គឺកើតឡើងក្រោយពេលដែលរដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចមួយ កាលពីពេលថ្មីៗនេះ តែត្រូវបានចុះហត្ថលេខា តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០១៣ ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ សេចក្តីសម្រេចនោះ បានសម្រេចឲ្យបង្កើត គណកម្មការ​ស្រាវជ្រាវ​ស្តីពី​ការកែ​ទម្រង់​ការបោះឆ្នោត ដែលមានសមាសភាព១០ រូប មានតំណែងចាប់ពីប្រធាននាយកដ្ឋាន ដល់​ឧបនាយក​រដ្ឋមន្រ្តី តែមិនមានសមាសភាពមកពីគណបក្សសង្រ្គោះជាតិ សូម្បីតែម្នាក់នោះទេ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments