សម្ភាសន៍ អំ សំអាត៖ ហាម​​សួរ​​សុខ​ទុក្ខ​ជន​ទាំង​២៣​ ជា​រឿង​នយោបាយ

តើមូលហេតុចំបងអ្វីខ្លះ ដែលធ្វើអោយមន្រ្តីពន្ធនាគារមិនអនុញ្ញាតិអោយ តំណាងសហជីពកម្មករ អង្គការសង្គម ស៊ីវិល និងតំណាងរាស្រ្ត ចូលសួរសុខទុក្ខជនជាប់ចោទទាំង២៣នាក់នៅពន្ធនាគារ ម៣ត្រពាំងផ្លុង? ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ។

តើមូលហេតុចំបងអ្វីខ្លះ ដែលធ្វើអោយមន្រ្តីពន្ធនាគារមិនអនុញ្ញាតិអោយ តំណាងសហជីពកម្មករ អង្គការសង្គម ស៊ីវិល និងតំណាងរាស្រ្ត ចូលសួរសុខទុក្ខជនជាប់ចោទទាំង២៣នាក់នៅពន្ធនាគារ ម៣ត្រពាំងផ្លុង? ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ។


ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ត្រូវបានហាមឃាត់មិនឲ្យចូលជួបជនសង្ស័យទាំង២៣រូប ក្នុង​ពន្ធនាគារត្រពាំងថ្លុង នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

សម្ភាស - «ច្បាប់មិនបានហាមឃាត់ទេ នរណាក៏ដោយដូចជាក្រុមគ្រួសារញាតិមិត្ត ជាពិសេសដូចជាតំណាងរាស្រ្ត អី គឺមិនត្រូវបានហាមឃាត់ទេចំពោះការទៅជួបពិរុទ្ធជន ក៏ដូចជាទណ្ឌិត»។ នេះជាការលើកឡើងរបស់លោក អំ សំអាត ដែលលោកបកស្រាយតាមផ្លូវច្បាប់ថា ក្នុងច្បាប់មិនមានមាត្រាណាមួយ ដែលហាមឃាត់មិនសាច់ញាតិ របស់ទណ្ឌិតចូលសួរសុខទុក្ខនោះទេ ហើយមួយវិញទៀតមិនថាតែតំណាងរាស្រ្តពីគណបក្សប្រឆាំង ឬតំណាង​រាស្រ្តពីគណបក្សណានោះទេ ក៏មានសិទ្ធិចូលសួសុខទុក្ខដែរ។

បន្ទាប់ពីមានការមិនអនុញ្ញាតិអោយ អង្គការសង្គមស៊ីវិល តំណាងសហជីព និងតំណាងរាស្រ្តរបស់​គណបក្ស​សង្រ្គោះជាតិ ចូលសួរសុខទុក្ខ ជនជាប់ចោទទាំ២៣នាក់ជាច្រើនលើកមក លោក អំ សំអាត យល់ថាបញ្ហានេះ​ជារឿងលាបពណ៌ដែលជាប់ទាក់ទិននិងនយោបាយ។ ហើយគណបក្សនយោបាយទាំងអស់​មិនគួរ​យកជន​ទាំង​២៣នាក់នោះ ជាឧបករណ៍នយោបាយនោះទេ ព្រោះពួកគាត់ក៏ជាជនរងគ្រោះដែរ។ បើអ្នកនយោបាយនៅតែ​បន្ត​ធ្វើបែបនេះ រឿងនេះនឹងកាន់តែធ្ងន់ធ្ងទៅ ហើយអ្នកទាំង២៣នាក់ហ្នឹងនឹងកាន់តែរងគ្រោះបន្តទៀត។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរូបនេះបន្តថា «គេមិនអនុញ្ញាតិ ដោយសារគេយល់ថាជារឿងនយោបាយ ទើប​ការណ៍នេះកាន់តែតានតឹងបែបនេះ ចុះអ្នកទោសរាប់ពាន់ឯទៀតនោះហេតុអីក៏មិនមានការហាមឃាត់។ ម្យ៉ាង​ទៀត​រឿងនេះបើយើងកុំគិតថាវាការប្រកួតប្រជែងខាងនយោបាយ នោះដំណើរការនៃការសួរសុខទុក្ខ​នឹងមិន​ពិបាក​ទេ។»

លោកបានបញ្ជាក់ទៀតថា វាជារឿងល្អដែលមានតំណាងរាស្រ្តទៅសួរសុខទុក្ខដល់ជនជាប់ចោទ ឬក៏ពិរុទ្ធជន ព្រោះពួកគាត់ក៏ជាប្រជាពលរដ្ឋដែរ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានពន្យល់ថា «ខ្ញុំលើកទឹកចិត្តទៅវិញទេ នៅពេល​មាន​តំណាងរាស្រ្តចូល​សួរសុខទុក្ខជនជាប់ចោទ ព្រោះគាត់ក៏ជាពលរដ្ឋដែរ ហើយក៏សូមសំណូមអោយ​តំណាង​រាស្រ្ត គ្រប់គណបក្សទាំងអស់ គួរតែចូលសួរសុខទុក្ខគ្រប់ជនជាប់ចោត និងគ្រប់ពិរុទ្ធជនទាំងអស់។»

តើការហាមឃាត់មិនអោយចូលសួរសុខទុក្ខនេះ វាធ្វើអោយប៉ះពាល់សិទ្ធិជនជាប់ចោទដែរឬទេ? ឆ្លើយតបនឹង​សំណួរនេះ លោក អំ សំអាត បានអោយដឹងថា «ការហាមឃាត់នេះ វាប៉ះពាល់មួយផ្នែកនៃសិទ្ធិរបស់ជនជាប់ចោទ ក្នុងការប្រស្រ័យទាក់ទងជាមួយក្រុមគ្រួសារ។ នៅតាមផ្លូវច្បាប់ជនជាប់ចោទ​អស់សិទ្ធិមួយគឺសិទ្ធិដើរហើរដោយ​សារតែ គេឃុំគាត់ជាបណ្តោះអសន្ននៅក្នុងពន្ធនាគារ ប៉ុន្តែសិទ្ធិដទៃទៀតមានដូចគ្នា និងប្រជាពលរដ្ឋផ្សេងទៀត​ដែរដូចជា មានសិទ្ធិប្រាស្រ័យទាក់ទងជាមួយមេធាវី ជាមួយក្រុមគ្រួសារ បងប្អូន តំណាងរាស្រ្តជាដើម។»

លោកអះអាងទៀតថា «ខ្ញុំគិតបញ្ហាហ្នឹង វាគ្មានរឿងអីទៅរារាំង ឬមិនអនុញ្ញាតិអោយចូលសួរសុខទុក្ខទេ ព្រោះ​នៅ​ក្នុងនិតិវិធីការស៊ើបអង្កេតវាក៏មិនមានអីប៉ះពាល់ដែរ លើកលែងតែការចូលសួរសុខទុក្ខណា ដែលធ្វើអោយប៉ះពាល់​ដល់ការស៊ើបអង្កេត»។

ក្នុងនាមលោកជាមន្រ្តីសង្គមស៊ីវិល និងជាអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយរូប លោកសំណូមអោយគណបក្ស​ជាប់​ឆ្នោតទាំងពីរងាកមកចរចាគ្នាឡើងវិញ ជាជាងយកប្រជាពលរដ្ឋជាឧបករណ៍នយោបាយ «សូមអោយ​រដ្ឋាភិបាល ក៏ដូចជាគ្រប់គណបក្សនយោបាយត្រូវតែគិតគូគ្នាឡើងវិញ អំពីសិទ្ធិសេរីភាពរបស់បុគ្គលជាធំ កុំយករឿង​នយោបាយជាធំ។ រឿងនយោបាយ សូមអោយចរចាគ្នាតាមបែបនយោបាយ។ វាគ្មានអ្វីដែលត្រូវឃាឃាំង​មិន​អាចមិនអាចនិយាយគ្នាបានទេ ហើយក៏វាគ្មានអ្វីដែលត្រូវហាមឃាត់នោះទេ បើគ្រាន់តែជាសិទ្ធិក្នុងការប្រាស្រ័យ​ទាក់ទងគ្នានោះ។

សូមបញ្ជាក់ផងដែរថា អ្នកទាំង២៣នាក់ដែលកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងនោះមាន លោកវន់ ពៅ ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ឋ (IDEA) លោក ចាន់ ពុទ្ធិស័ក្ត ជាតំណាងសហគមន៍បឹងកក់ លោកថេង សាវឿន ប្រធានបណ្តាញកសិករ និងកម្មករចំនួន២០នាក់ទៀតដែលបានចូលរួមធ្វើបាតុកម្ម ទាមទារ​ប្រាក់ឈ្នួលគោល១៦០ដុល្លាក្នុងមួយខែ។ ពួកគាត់ទាំងនោះត្រូវបាន ចាប់ខ្លួន កាលពីថ្ងៃទី២ និងទី៣ ខែមករា នៅ​តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវ៉េងស្រេង៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments