ជាម យៀប៖ អាជ្ញា​កណ្តាល​ដោយ​ព្រះ​មហាក្សត្រ​ ជា​​ជម្រើស​ចុង​ក្រោយ

«ខ្មែរដូចគ្នាអាចនិយាយស្តាប់គ្នាបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ តែត្រូវឈរលើច្បាប់ជាមូលដ្ឋាន។ ក្នុងការ និយាយ (ត្រូវយក)ច្បាប់ភាគច្រើន ឯមនោសញ្ចេតនា ជាការរួមចំណែកមួយចំនួនបានហើយ។ (...) នេះជារូបមន្ត អន្តរជាតិ ដែលគេអ្វើចឹង!។» នេះជាការឆ្លើយតបរបស់លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ទៅនឹងការលើកឡើងលោក កឹម សុខា។

«ខ្មែរដូចគ្នាអាចនិយាយស្តាប់គ្នាបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ តែត្រូវឈរលើច្បាប់ជាមូលដ្ឋាន។ ក្នុងការ និយាយ (ត្រូវយក)ច្បាប់ភាគច្រើន ឯមនោសញ្ចេតនា ជាការរួមចំណែកមួយចំនួនបានហើយ។ (...) នេះជារូបមន្ត អន្តរជាតិ ដែលគេអ្វើចឹង!។» នេះជាការឆ្លើយតបរបស់លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ទៅនឹងការលើកឡើងលោក កឹម សុខា។


ព្រះមហាក្សត្រ (កណ្ដាល) និងព្រះមហាក្សត្រីយ៉ានី (ស្ដាំ) នៅក្នុងពិធីដង្ហែព្រះបរមសព កាលពីខែមករាឆ្នាំ២០១៣។

នយោបាយកម្ពុជា - ស្ថានភាពនយោបាយ កំពុងតែមានសភាពតានតឹងទៅៗ ស្របពេលដែលបញ្ហានៃ​ប្រជា​ពលរដ្ឋ​មិនត្រូវបានដោះស្រាយ ឯបញ្ហានៃការចាប់ចង វាយតប់ និងហិង្សាលើពលរដ្ឋស្លូតត្រង់ក៏ កំពុងតែកើតមាន ដែល​បានប្រព្រឹត្តិដោយអាជ្ញាធរសាធារណៈនោះ។ ចំណែកមេគណបក្សប្រឆាំងវិញ ក៏កំពុងតែស្វែងរកជំនួយក្រៅប្រទេស ក្នុងការដាក់បន្ទុក (សម្ពាធ) មកលើរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ព្រោះតែមិនសុខចិត្តនឹងលទ្ធផល​នៃការបោះឆ្នោតនាពេលកន្លងមក។

ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលទទួលសម្លេងគាំទ្រ៦៨កៅអី និងគណបក្សសង្គ្រោះជាតិ​ទទួល​សម្លេងគាំទ្រ៥៣កៅអីនោះ គួរតែស្វែងរកការដោះស្រាយមួយ ឲ្យកាន់តែកៀកគ្នាសិន មុននឹងស្វែងរកជំនួយ​ ពី​ព្រះ​មហាក្សត្រជាអាជ្ញាកណ្តាល។ លោកបានថ្លែងបន្តរដោយសង្កត់ធ្ងន់ថា «កុំឲ្យលោក (ព្រះមហាក្សត្រ) មានការខ្វល់​ខ្វាយច្រើនពេក។ ព្រះមហាក្សត្រ “គ្រាន់” តែជាព្រះប្រមុខរដ្ឋ។»

ប្រតិកម្មរបស់លោក ជាម យៀប នេះ ជាឆ្លើយតបទៅនឹងការលើកឡើង របស់លោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ ទាក់ទងនឹងសម្ដីរបស់របស់លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាខុទ្ទកាល័យសម្តេចម៉ែ ថា ព្រះមហាក្សត្រ ព្រះបាទ​នរោត្តមសី ហមុន្នី ព្រះអង្គយល់ព្រមទ្រង់ធ្វើជាព្រះរាជធាធិបតេយ្យ ក្នុងកិច្ចចរចារគ្នានៃគណបក្សធំៗទាំងពីរ។ ថ្លែង​នៅក្នុងកម្មវិធីមួយរបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ លោកកឹម សុខា បានបញ្ជាក់ថា ត្រូវ​ការអាជ្ញាកណ្តាលដែលឯករាជ្យ អព្យាក្រិត្យ ដើម្បីមានដំណោះស្រាយ​ ដោយយុត្តិធម៌​រវាង​គណបក្សទាំងពីរ ក្នុង​ការ​ចរចារ។ ជាមួយគ្នានេះ លោកបានឯកភាព និងស្វាគមន៍ចំពោះវត្តមាន​នៃអង្គ​ព្រះ​មហាក្សត្រ​ ជាអាជ្ញាកណ្តាល ក្នុង​ជំនួបនៃគណបក្សធំៗទាំងពីរនេះ។

អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងដូច្នេះថា «តួនាទី​ព្រះមហាក្សត្រ​មាន​ចែង​ក្នុងរដ្ឋធម្មនុញ្ញហើយ យើងមិនអាចប្រកែកបាន យើងទទួល យើងស្វាគម។ ប៉ុន្តែក្រៅពីនោះ បើមាន​សហគមន៍​អន្តរជាតិ អង្គការ​សហ​ប្រជាជាតិគេមកសង្កេរការណ៍ ឬប្រទេសណាផ្សេងទៀតមក នេះជាសាក្សីកាន់តែល្អ និងការ​ជឿ​ទុកចិត្តគ្នា កាន់តែ​រឹងមាំឡើង។»

ប៉ុន្តែបើតាម លោក ជាម យៀប វិញ មន្រ្តីជាន់ខ្ពស់របស់គណបក្រប្រជាជនកម្ពុជារូបនេះ ហាក់ដូចជាមិនចង់​ឲ្យ​មាន​វត្តមាន​ នៃបុគ្គលណាមួយជាអាជ្ញា​កណ្តាល​ ក្រៅពីអង្គព្រះមហាក្សត្រនោះឡើយ។ លោកបានពន្យល់បែបនេះ​ថា «គណបក្សទាំងពីរ​ គួនិយាយ​គ្នា ​ឲ្យ​អស់អាចន៍អស់នោមសិនទៅ។ (...) បើគម្លាតនៅឆ្ងាយ អាចនិយាយគ្នា​បាន​ទៀត។ បើការនិយាយនោះ មិនអាច​សម្រេចបានលទ្ធផល មួយរយភាគរយទេនោះ ជាជំរើសចុងក្រោយ​មានតែ​ព្រះករុណា ធ្វើជាអាជ្ញាកណ្តាល​ជាអ្នក​សម្រុះសម្រួល។ (...) ចាំដល់យើងជជែកគ្នា មិនរួចត្រង់ចំណុចណា សឹម​ស្វែងរកព្រះមហាក្សត្រ​ មកធ្វើជាអាជ្ញា​កណ្តាល។»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments