ព្រមាន​ហៅ​កសិករ​ឲ្យ«​បិទ​ផ្លូវ​ជាតិ»​ចូល​មក​រាជធានី បើ​ស្រូវ​មិន​បាន​ថ្លៃ

«ខ្ញុំនឹងប្រាប់កសិករអោយបិទផ្លូវជាតិទាំងអស់ ចូលមករាជធានីភ្នំពេញ ដោយជិះគោយន្ត» នេះជាការគម្រាមរបស់​មន្ត្រីសង្គមស៊ីវិលមួយរូប មកពីសហព័ន្ធសហគមកសិកម្ម ដើម្បីកំហិតឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ចាត់វិធានការ​តម្លើងតម្លៃស្រូវ និងបញ្ចុះតម្លៃប្រេងសាំង មកត្រឹម៤ពាន់រៀល នៅក្នុងព្យុះបាតុកម្មកាលពីថ្ងៃទី២៩ខែធ្នូ នៅកណ្ដាល​រាជធានីភ្នំពេញ។
  • ដោយ: ប្រាថ្នា ដោយ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: December 30, 2013
  • ប្រធានបទ: សិទ្ធិ
  • អាន និងបញ្ចេញយោបល់

បាតុកម្ម - ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូធ្លាប់បានធ្វើរបាយការណ៍រួចហើយ កាលពីពេលថ្មីៗនេះ ថាប្រជា​កសិករអ្នកបង្កបង្កើនផល មិនបានទទួលលទ្ធផលគួរជាទីគាប់ចិត្តនោះឡើយ ពីកសិផលដែលពួកគាត់ធ្វើបាន។ ពួកគាត់ដែលច្រួតកាត់រួច បានរំពឹង​ថាតម្លៃស្រូវនឹងឡើងថ្លៃ ដោយសារតែទឹកជំនន់បានបំផ្លាញផលស្រូវ អស់ជា​ច្រើនហិចតានោះ តែ​ផ្ទុយទៅវិញ មិន​ត្រឹមតែមិនកើនឡើងនោះទេ តែតម្លៃស្រូវបែរចុះថោកជាងឆ្នាំមុនទៅទៀត។

នៅក្នុងបាតុកម្មសុំបញ្ចុះតម្លៃសាំង ដែលដឹកនាំដោយសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កាល​ពី​ថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០១៣ លោក ផេង សាវឿន មន្ត្រីមួយរូបមកពីសហព័ន្ធសហគមកសិកម្ម បានទាមទារ​ឲ្យ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អួន ព័ន្ធមុន្នីរ័ត្ន ធ្វើយ៉ាងណា​តម្លើងតម្លៃកសិផលដែលច្រូតកាត់​ហើយ​អោយបានថ្លៃមួយគីឡូក្រាម មួយពាន់ប្រាំរយរៀល។ មន្ត្រីសហព័ន្ធរូបនេះ បានថ្លែងទៀតថា «ច្រកមួយចំនួនដែល​នាំស្រូវទៅវៀតណាម ឈ្មួញអោយតែមួយគីឡូតែប្រាំរយរៀលនោះទេ ហើយកសិករនៅពាក់បំណុលធនាគរ ម្នាក់​ពីររយ ទៅបីរយដុល្លា។ ដូច្នេះយើងសូមអំពាវនាវអោយក្រសួងសេដ្ឋកិច្ច និងក្រសួងកសិកម្ម ជួយរកទីផ្សារជូន​កសិករ។»

នៅក្នុងចំណោមបាតុករ ដែលរួមមានព្រះសង្ឃ អ្នករត់ម៉ូតូឌុបកង់បីផងនោះ លោក ផេង សាវឿន បានព្រមានទុក​ជាមុន ក្នុងករណីមិនមានការដោះស្រាយ តាមការទាមទារបស់បាតុករថ្ងៃនេះ ដោយបានប្រកាសថា «ខ្ញុំនឹង​ប្រាប់​កសិករអោយបិទផ្លូវជាតិទាំងអស់ ចូលមករាជធានីភ្នំពេញ ដោយជិះគោយន្ត។ បើទោះជាថ្ងៃមុននាយក​រដ្ឋមន្រ្តី​គម្រាមថា បើបិទផ្លូវដូចបិទឈាមខ្លូនឯងក៏ដោយ ខ្ញុំសួមប្រាប់ទៅវិញថា កសិករទាំងអស់ដល់កហើយ គាត់មិនខ្វល់​ទៀតទេ ដាក់អង្ករតែកន្លះតៅ និងចានឆ្នាំងមក អាចធ្វើបាតុកម្មបានពីរខែ។»

ការទាមទាររបស់មន្ត្រីសង្គមស៊ីវិល ឯកទេសខាងកសិកម្មរូបនេះ បានធ្វើឡើងចំពេលដែលរលកបាតុកម្ម បានផ្ទុះ​ឡើងព្រោងព្រាតទាមទារឲ្យដោះស្រាយ និងប្រឆាំងទៅនឹងអ្វីដែលក្រុមបាតុករមិនសុខចិត្ត ព្រមទាំងមាននិន្នាការ​ស្និតនៅគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។ ដោយឡែកបាតុករ​មួយក្រុម ប្រមាណជា៥០០នាក់ (តាមតួលេខផ្ដល់ដោយអ្នករៀបចំបាតុកម្ម៖ ២ពាន់នាក់) នេះ បានដង្ហែក្បួនរបស់ខ្លួនចេញពីទីស្នាក់ការ របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តាំងពីព្រឹកព្រលឹម ហើយបានធ្វើការទាមទាររបស់ពួកគេ នៅពីមុខទីតាំងច្រើនកន្លែង ក្នុងនោះមានទីស្ដីការ​គណ​រដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងត្រូវ​បាន​បំបែកជួរ នៅវេលាម៉ោង២កន្លះរសៀល។

គោលបំណងសំខាន់ៗ របស់បាតុករមួយក្រុមនេះ គឺទាមទារឲ្យរដ្ឋាភិបាល ចាត់​វិធានការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ឲ្យ​​មកនៅ​ត្រឹម ៤​ពាន់​រៀល​ក្នុង​មួយ​លីត្រ និង​បញ្ចុះ​តម្លៃ​ទំនិញ​ដទៃ​ទៀត​នៅ​លើ​ទីផ្សារ ហើយ​ដំឡើង​ប្រាក់​ខែគោល សំរាប់កម្មករគ្រប់វិស័យយ៉ាងហោចណាស់ ១៦០ដុល្លាក្នុងមួយខែ និង​បង្កើន​តម្លៃ​កសិផល​របស់​កសិករ ដូចជាស្រូវ​​ឲ្យ​មាន​តម្លៃ​ជា​មធ្យម​ចាប់​ពី ១.៥០០​រៀល​ឡើង​ទៅ​ក្នុង​មួយ​គីឡូក្រាម ព្រម​ទាំង​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។

យ៉ាងណាក៏ដោយ ទាក់ទងនឹងតម្លៃស្រូវដែលធ្លាក់ចុះនេះ លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ធ្លាប់​បាន​ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ថា «មូលហេតុនៃការធ្លាក់ (តម្លៃស្រូវ) បណ្តាលមកពី ដោយសាររដូវនេះ​ជារដូវប្រមូលផល ហើយកសិករនាំគ្នាសម្រុកលក់ ម្យ៉ាងតម្លៃអង្ករនៅ​ទីផ្សារ​អន្តរជាតិមានការធ្លាក់ចុះ និងមួយវិញ​ទៀត ដោយកម្ពុជាមិនមានទុនគ្រប់គ្រាន់ ក្នុងការទិញស្រូវស្តុកទុក។»

រហូតមកដល់ពេលនេះ ទស្សនាវដ្ដីនៅមិនទាន់ទទួលបានប្រតិកម្ម ពីសំណាក់រដ្ឋាភិបាល ឬពីក្រសួងពាក់ព័ន្ធនោះ​នៅឡើយ ទាក់ទងនឹងការទាមទាររបស់ក្រុមបាតុករខាងលើ ដោយទំនងជាមកពីថ្ងៃធ្វើបាតុកម្មនេះ ជាថ្ងៃអាទិត្យ​ឈប់​សម្រាក​ចុងសប្ដាហ៍៕

-----------------------------------------------
ដោយ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments