ផៃ ស៊ីផាន៖ ការ​ព្រមាន​ពី​សុវត្ថិភាព​ពលរដ្ឋ​អាមេរិក គឺ​ជា​រឿង​សាមញ្ញ

រដ្ឋាភិបាលកម្ពុជាបានអត្ថាធិប្បាយថា វាគឺជារឿងសាមញ្ញ និងគ្មានអ្វីចម្លែកនោះទេ កាលដែលសហរដ្ឋ​អាមរិក​ប្រកាសអាសន្ន និងព្រមានពលរដ្ឋរបស់ខ្លួនឲ្យប្រុងប្រយ័ត្ន និងត្រូវជៀសឲ្យឆ្ងាយពីបាតុកម្មនៅរាជធានីភ្នំពេញ។ រឿង​សាមញ្ញ និងគ្នានអ្វីចម្លែក ត្រូវបានរដ្ឋាភិបាលអះអាងថា កម្ពុជាបច្ចុប្បន្នគ្នានវិបត្តិនយោបាយទេ ហើយ​សហរដ្ឋ​អាមេរិកជារឿយៗ តែងតែប្រកាសដល់ពលរដ្ឋរបស់គេ ឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន។

រដ្ឋាភិបាលកម្ពុជាបានអត្ថាធិប្បាយថា វាគឺជារឿងសាមញ្ញ និងគ្មានអ្វីចម្លែកនោះទេ កាលដែលសហរដ្ឋ​អាមរិក​ប្រកាសអាសន្ន និងព្រមានពលរដ្ឋរបស់ខ្លួនឲ្យប្រុងប្រយ័ត្ន និងត្រូវជៀសឲ្យឆ្ងាយពីបាតុកម្មនៅរាជធានីភ្នំពេញ។ រឿង​សាមញ្ញ និងគ្នានអ្វីចម្លែក ត្រូវបានរដ្ឋាភិបាលអះអាងថា កម្ពុជាបច្ចុប្បន្នគ្នានវិបត្តិនយោបាយទេ ហើយ​សហរដ្ឋ​អាមេរិកជារឿយៗ តែងតែប្រកាសដល់ពលរដ្ឋរបស់គេ ឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន។


លោក ផៃ ស៊ីផាន ឆ្លើយតទល់នឹងប្រជាពលរដ្ឋ កាលពីអំឡុងខែកញ្ញាឆ្នាំ២០១៣កន្លងមក។ (រូបថតចម្លងពីអេក្រង់វីដេអូ)

ការទូត - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា កម្ពុជាបច្ចុប្បន្នគ្មានការជាប់គាំងនយោបាយនោះទេ ព្រោះ​ប្រព័ន្ធ​រដ្ឋបាល សេវាសាធារណៈរបស់រដ្ឋ និងស្ថាប័ននីតិប្បញ្ញត្តិ នៅតែដំណើរការធម្មតា តែគណបក្សសង្រ្គោះជាតិ​ទេ​ដែលមិនព្រមចូលរួមជាមួយដំណើរការនេះ។

ចំពោះការព្រមានរបស់ស្ថានទូតអាមេរិក ដល់ពលរដ្ឋរបស់ខ្លួនឲ្យប្រុងប្រយ័ត្ន អំពីស្ថានការណ៍នយោបាយនៅ​ កម្ពុជា ត្រូវបានលោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «នេះគឺជាវិធានសម្រាប់ការពារ ទប់ស្កាត់ដល់ពលរដ្ឋដែល​មាន​សញ្ជាតិអាមេរិក កុំឲ្យមកច្រឡូកច្រឡំ ជាមួយបាតុកម្មដែលអាចមានមហន្តរាយណាមួយ កើតឡើងជាយថាហេតុ។ នេះជាវិធានធម្មតាដែលសហរដ្ឋអាមេរិកតែងតែធ្វើ។»

សូមរម្លឹកថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១៣ បានបង្ហោះសារព្រមានដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅ ឬមានបំណងធ្វើដំណើរមកកម្ពុជា ថាបើ​ទោះជាបាតុកម្មផ្នែកនយោបាយនៅកម្ពុជាក្នុងពេលចុងក្រោយនេះ មិនមានអំពើហិង្សាក៏ដោយ ក៏ពលរដ្ឋ​អាមេរិក​ទាំងអស់ ត្រូវជៀសវាង កុំធ្វើដំណើរទៅជិតក្បួនជួបជុំ បាតុកម្មតវ៉ាទាំងនោះ ជាដាច់ខាត។

បាតុកម្មដែលសហរដ្ឋអាមេរិកព្រមានពលរដ្ឋរបស់ខ្លួនកុំឲ្យពាក់ព័ន្ធនោះ រួមមាន៖បាតុកម្មតវ៉ាផ្នែកនយោបាយ ដែល​ជាបាតុកម្មរៀងរាល់ថ្ងៃ របស់គណបក្សប្រឆាំងលើទីលានប្រជាធិបតេយ្យនៅភ្នំពេញ រួមទាំងការដើរហែក្បួនបាតុកម្ម តាមដងផ្លូវនានានៅភ្នំពេញ។ ការតវ៉ានៅមុខសាលារាជធានីភ្នំពេញប៉ុន្មានថ្ងៃជាប់គ្នាមកនេះ របស់អ្នកភូមិបឹងកក់។ ព្រមទាំងបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរ នៅមុខព្រលានយន្តហោះ និងតាមផ្លូវនានា ចូលមកកាន់រាជធានី​ភ្នំពេញ ជាដើម។

ជុំវិញបញ្ហានេះ បើទោះជាលោក ផៃ ស៊ីផាន បានចាត់ទុក ការប្រកាសរបស់ស្ថានទូតអាមេរិកគឺជារឿងធម្មតា និង​កម្ពុជាមិនមានវិបត្តិនយោបាយក៏ដោយ ក៏អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានសម្តែងការព្រួយបារម្ភ ថាកម្ពុជាអាចនឹងមានវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ និងលទ្ធភាពកើត«កលិយុគ» ដោយជៀសមិនរួច ល្គិកណា​វិបត្តិនយោបាយក្រោយការបោះឆ្នោតដ៏ប្រទាំងប្រទើសនេះ មិនត្រូវបានបិទបញ្ចប់ដោយការស្រុះស្រួលណាមួយ​នោះ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments