សកម្មជនហ្វើមែន នៅអ៊ុយក្រែន៖ គេយករបស់របរខ្ញុំ ហើយចាប់ខ្ញុំបោះចូលឡាន

នៅប្រទេសលោកខាងលិច ពួកស្រ្តីទាំងនេះត្រូវបានស្គាល់ថា ជាបាតុករដែលចូលចិត្តលែងដងខ្លួនទទេ ខាងផ្នែកខាងលើ។ តែនៅប្រទេសអ៊ុយក្រែន សកម្មជនរបស់ក្រុមហ្វើមែន (Femen) ទាំងនេះ ត្រូវបានគេចាត់ទុកដូចក្រុមប្រឆាំងនយោបាយ មួយ ដែលតែងតែជំទាស់នឹងទេសចរណ៍ផ្លូវភេទ ការរកស៊ីតាមផ្លូវភេទ និងការនិយមផ្នែកភេទ នៅក្នុងបណ្ដាប្រទេសអ៊ឺរ៉ុប ខាងកើត។

នៅមុនការប្រកួតបាលទាត់រវាង ក្រុមបាល់ទាត់ជំរើសជាតិ បារាំងនិងអ៊ុយក្រែន កាលពីថ្ងៃសុក្រទី១៥មិថុនាកន្លងទៅ ស្រ្តីបីនាក់ដែលសុទ្ធសឹងជា សកម្មជនរបស់ ក្រុមហ្វើមែន (Femen) ត្រូវបានគេចាប់ពង្រត់ខ្លួន។


សកម្មជនម្នាក់របស់ ហ្វើមែន បានដោះអាវ នៅនឹងមុខហ្វូងមនុស្សប្រុស ដើម្បីជាសញ្ញាប្រឆាំងនឹងអាជីវកម្មផ្លូវភេទ

នៅប្រទេសលោកខាងលិច ពួកស្រ្តីទាំងនេះត្រូវបានស្គាល់ថា ជាបាតុករដែលចូលចិត្តលែងដងខ្លួនទទេ ផ្នែកខាងលើ។ តែនៅប្រទេសអ៊ុយក្រែន សកម្មជនរបស់ក្រុមហ្វើមែន (Femen) ទាំងនេះ ត្រូវបានគេចាត់ទុកដូចក្រុមប្រឆាំងនយោបាយ មួយ ដែលតែងតែជំទាស់នឹងទេសចរណ៍ផ្លូវភេទ ការរកស៊ីតាមផ្លូវភេទ និងការនិយមផ្នែកភេទ នៅក្នុងបណ្ដាប្រទេសអ៊ឺរ៉ុប ខាងកើត។ ជាពិសេស នៅពេលជួបប្រកួតបាល់ទាត់អ៊ឺរ៉ូ ២០១២នេះ ក្រុមហ្វើមែន បានលើកឡើងថា មានការធ្វើអោយ ដុះដាលយ៉ាងច្រើន ក្នុងការពេស្យាកម្ម និងបណ្ដាញឧក្រិដ្ឋកម្ម ខាងអជីវកម្មផ្លូវភេទ។ គេបានសង្ស័យថា សកម្មជន នាង អាឡិចសង់ដ្រា សេវឆិនកូ (Alexandra Shevchenko) ជាអ្នកទទួលខុសត្រូវម្នាក់ របស់សមាគមនេះ ត្រូវបានក្រុមភ្នាក់ងារ សម្ងាត់របស់ ប្រទេសអ៊ុយក្រែន ចាប់ឃាត់ខ្លួន ក្នុងខណៈដែល នាងបានប្រុងដោះអាវរបស់ខ្លួន ធ្វើសកម្មភាព នៅមុនការ ជួបប្រកួតរវាង  បារាំង និងអ៊ុយក្រែន កាលពីថ្ងៃសុក្រមុន។


នាង អាឡិចសង់ដ្រា សេវឆិនកូ សកម្មជន និងជាអ្នកទទួលខុសត្រូវម្នាក់ របស់ ហ្វើមែន

នាងបាននិយាយប្រាប់ កាសែតមួយរបស់បារាំង ថា «នៅថ្ងៃនោះ យើងមានគ្នា៣នាក់ ពីសមាគមហ្វើមែន នៅទីក្រុង ដូណេតស្ក៍  (Donetsk)។  ពេលយើងបានទៅដល់ មានក្រុមមនុស្សប្រុស ប្រមាណជាជាង១៥នាក់ បានដើរតាមក្រោយ យើង តាមផ្លូវ និងនៅលើ រថយន្ដក្រុង។ ក្រុមមនុស្សប្រុសហ្នឹង មិនមានសំលៀកបំពាក់ធម្មតានោះទេ ហើយពួកវាមាន មាឌធំៗ និងដូចជាខ្លាំងៗណាស់។ ពួកប្រុសៗទាំងនេះ ដូចគ្នាទៅនឹងពួកក្រុមភ្នាក់ងារសម្ងាត់ អញ្ចឹង។ ដោយឃើញ ស្ថានភាពបែបនឹង យើងបានបំបែកគ្នា ដោយសង្ឃឹមថា នឹងអាចបំបែកកំលាំងរបស់ពួកវាបាន ហើយនឹងអាចគេចចេញ ពីពួកវាផង។ តែដឹងអី នៅប្រហែលម៉ោង ៤រសៀល រូបខ្ញុំផ្ទាល់ត្រូវបានពួកវាចាប់បាន។ ទូរស័ព្ទដៃ និងរបស់របរ ខ្ញុំត្រូវ ពួកវាយកអស់រលីង។ បន្ទាបមកពួកវាបានបោះខ្ញុំ ចូលទៅក្នុងឡានមួយ។ ខ្ញុំបានរើបំរាស់យ៉ាងខ្លាំងនៅពេលហ្នឹង ហើយ បានស្រែកខ្លាំងៗ ដើម្បីអោយពួកវានេះបង្ហាញពីអត្តសញ្ញាណ។ តែគ្មានចំឡើយមកវិញទេ។ ក្រោយមកខ្ញុំបានដឹងថា មិត្តរបស់ខ្ញុំ អាណា  (Anna) ត្រូវបានគេវាយចំកណ្ដាលមុខយ៉ាងដំណំ នៅពេលប្រទូសរ៉ាយ គ្នានោះ។»


នាង អាឡិចសង់ដ្រា សេវឆិនកូ ត្រូវបានចាប់ឃាត់ខ្លួន នៅពេលនាងធ្វើសកម្មភាព

នាង អាឡិចសង់ដ្រាបានបន្តថា «បន្ទាប់ពីបានមកដល់ ស្នងការនគរបាល យើងត្រូវរងចាំប្រហែលជា មួយម៉ោងក្រោយមក ទើបមានការសំរេចមួយ បានធ្លាក់មកដល់។ គឺពេលនោះហើយ ដែលយើងបានដឹងថា គឺមិនមែនជាកងកំលាំងនគរបាល ធម្មតានោះទេ តែសុទ្ធសឹងជាមនុស្សមកពី ភ្នាក់ងារសម្ងាត់របស់ ប្រទេសអ៊ុយក្រែន (SBU)។ ពួកវាបានសួរចម្លើយ នឹងបាន ទុក យើងនៅទីនោះ ចំនួន ៨ទៅ៩ម៉ោង ទើបបាននិយាយប្រាប់ពួកយើងថា ពួកវាធ្វើការសម្រាប់ លោក រីណា អាកមែទូវ (Rinat Akhmetov ជានាយកក្រុមបាល់ទាត់ Shakthar Donetsk ជាអ្នកមានទី ៣៩ក្នុងពិភពលោក និងជាអ្នកគាំទ្រ ប្រធានាធិបតីសព្វថ្ងៃរបស់ប្រទេសអ៊ុយក្រែន)។ ប្រហែលជាម៉ោងមួយព្រឹកស្អែកឡើង ពួកវាបាន យកយើងមកដោះលែង នៅជិតចំណត ឡានក្រុងវិញ ហើយបាននិយាយគំរាមថា ៖ "កុំត្រឡប់មកវិញអោយសោះ។ បើអ្នកឯងត្រឡប់មកវិញ ហើយប្រុងធ្វើអ្វីមួយនោះ យើងនឹងអន្តរាគមន៍មិនអោយធ្វើបាននោះទេ។" ...»

ទោះជាមានការគំរាមបែបនេះក៏ដោយ ក៏នាង អាឡិចសង់ដ្រា ធ្វើការប្ដជ្ញាចិត្តថា «យើងនៅតែមានគំរោង នឹងធ្វើបាតុកម្ម ទាមទារបន្តទៅទៀត បើទោះជាបច្ចុប្បន្ន មានយុទ្ធនាការនយោបាយ ប្រឆាំងនឹង សមាគមហ្វើមែន ក៏ដោយ។ យើងនៅតែ មានគំរោងនឹងធ្វើ សកម្មភាពនេះជាបន្ត គ្រាន់តែយើងត្រូវយល់ ហើយត្រូវរៀបចំផែនការអោយបានល្អ និងលាក់ការណ៍ អោយបានសម្ងាត់ជាងនេះ៕»

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments