ថៃ៖ ខៀវ កាញារីទ្ធ ថា​កម្ពុជា​ត្រូវ​ស្ងាត់ តែ​អ្នក​វិភាគ​ថា ត្រូវ​ផ្ដល់​ព័ត៌មាន​ពិត

ស្របពេលប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជា ហើយក៏ជាប្រទេសមានទំនាស់ព្រំដែនជាមួយប្រទេសកម្ពុជា កំពុងមានស្ថានការណ៍នយោបាយកាន់តែក្តៅខ្លាំងឡើងៗ បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ស្នើដល់គ្រប់មជ្ឈដ្ឋានទូទៅ នៅក្នុងប្រទេសកម្ពុជាទាំងអស់ ជាពិសេសប្រព័ន្ធសារព័ត៌មាន ត្រូវរក្សាភាពស្ងៀមស្ងាត់ និងជៀសវាងការផ្សាយដុតកំដៅទាក់ទងនឹងបញ្ហាព្រំដែន។ តែសម្រាប់អ្នកវិភាគឯករាជ្យលើកឡើងថា ការរក្សាភាពស្ងៀមស្ងាត់ វាពុំមិនមែនមានន័យថា ជាការផ្តល់សន្តិសុខដល់ជាតិនោះទេ ផ្ទុយមកវិញការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមិនលំអៀងឲ្យប្រជាពលរដ្ឋបានដឹង ទើបជាការផ្តល់លំនឹងដល់ប្រទេសជាតិ។

ស្របពេលប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជា ហើយក៏ជាប្រទេសមានទំនាស់ព្រំដែនជាមួយប្រទេសកម្ពុជា កំពុងមានស្ថានការណ៍នយោបាយកាន់តែក្តៅខ្លាំងឡើងៗ បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ស្នើដល់គ្រប់​មជ្ឈដ្ឋាន​ទូទៅ នៅក្នុងប្រទេសកម្ពុជាទាំងអស់ ជាពិសេសប្រព័ន្ធសារព័ត៌មាន ត្រូវរក្សាភាពស្ងៀមស្ងាត់ និងជៀសវាង​ការ​ផ្សាយ​ដុតកំដៅទាក់ទងនឹងបញ្ហាព្រំដែន។ តែសម្រាប់អ្នកវិភាគឯករាជ្យលើកឡើងថា ការរក្សាភាពស្ងៀមស្ងាត់ វាពុំ​មិនមែនមានន័យថា ជាការផ្តល់សន្តិសុខដល់ជាតិនោះទេ ផ្ទុយមកវិញការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមិន​លំអៀង​ឲ្យប្រជាពលរដ្ឋបានដឹង ទើបជាការផ្តល់លំនឹងដល់ប្រទេសជាតិ។


ក្រុមបាតុករដែលមានចំនួនច្រើនម៉ឺននាក់ នៅរាជធានីបាងកក។ (រូបថត lexpress.mu)

នយោបាយថៃ - រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នេះ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅសណ្ឋាគារ ឡឺរូយ៉ាល់ថា ពេលនេះ បាតុកម្មនៅប្រទេសថៃ មិន​បានលើកឡើងពីបញ្ហាព្រំដែនជាមួយកម្ពុជាទេ ដោយគេយកតែបញ្ហាច្បាប់លើកលែងទោស មកធ្វើបាតុកម្ម​ប្រឆាំង​តវ៉ាប៉ុណ្ណោះ។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា គួរនៅស្ងៀម កុំកេះដំបៅ ក្នុងរឿងព្រំដែន ដែលមានជម្លោះរ៉ាំរៃ​រវាង​កម្ពុជា និងថៃ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យដដែលនេះបានលើកឡើងថា បញ្ហាសំខាន់ដែលកើតឡើងនៅក្នុង​ប្រទេស​ថៃ និងត្រូវបានចាត់ទុកជាបញ្ហាធំនោះ គឺជាបញ្ហាផ្ទៃក្នុងរបស់គេ ប៉ុន្តែជួនកាលគេអាចយកបញ្ហារឿងជាតិនិយម ដើម្បី​បង្កជាបញ្ហា។ លោក ខៀវ កាញរីទ្ធ ដែលទំនងជាមានការព្រួយបារម្ភ ខ្លាចបញ្ហានយោបាយផ្ទៃក្នុង​របស់ប្រទេស​ថៃ រីករាលដាលដល់ទំនាស់ព្រំដែនកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំទើបតែបានជួបជាមួយតំណាង​យោធាថៃ ដែលបាននិយាយថា នឹងធ្វើយ៉ាងណាខិតខំរក្សាទំនងទាក់ទង នៃប្រទេសទាំង២ឲ្យបានល្អដដែល»។

ទាក់ទងបញ្ហានេះ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានពន្យល់ថា ការបញ្ជាឲ្យប្រព័ន្ធ​ព័ត៌មានស្ងៀមស្ងាត់ វាមិនមែនជាការផ្តល់សន្តិសុខដល់ជាតិនោះទេ ផ្ទុយមកវិញការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ប្រកបដោយវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ វានឹងនាំឲ្យប្រទេសមានលំនឹង។

ក្នុងបញ្ហាវិបត្តិនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ដែលកើតចេញពីបាតុករក្រុមអាវលឿង របស់គណបក្សជំទាស់​ថៃ​ទាមទារឲ្យលោកស្រី យីងឡាក់ ចុះចេញពីដំណែងនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា សម្តែង​ការព្រួយបារម្ភថា ទំនាក់ទំនងរវាងកម្ពុជា និងថៃអាចកាន់តែអាក្រក់ និងមានការលំបាកក្នុងការដោះស្រាយ​បញ្ហា​ព្រំដែន ប្រសិនបើលោកស្រី យីងឡាក់ ចុះចេញពីដំណែងមែននោះ។ បច្ចុប្បន្ននេះ បើទោះជារដ្ឋាភិបាលថៃ​ដឹកនាំ​ដោយ​លោក​ស្រី យីងឡាក់ ដែលមានភាពជិតស្និតជាមួយរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា នោះក៏​ដោយ ក៏គេនៅតែសង្កេតឃើញថា ថៃនិងកម្ពុជាមានការលំបាក និងស្មុគស្មាញណាស់ទៅហើយ ក្នុងការដោះស្រាយ​បញ្ហាព្រំដែន។

ជុំវិញទំនាក់ទំនងទេ្វភាគីកម្ពុជាថៃ លោកបណ្ឌិត កែម ឡី បានពន្យល់ថា ប្រទេសថៃមានវិបត្តិនយោបាយ និងធ្លាប់​ធ្វើរដ្ឋប្រហារច្រើនលើកមកហើយ តែគេនៅតែដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គេបានល្អ និងមានការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាបន្តបន្ទាប់។ ដូច្នេះរដ្ឋាភិបាលកម្ពុជា មិនត្រូវលូកលាន់កិច្ចការផ្ទៃក្នុង​ របស់ប្រទេសជិតខាងនោះទេ ហើយក៏មិនត្រូវយកមិត្តតែម្នាក់ ឬមួយក្រុម ហើយក្លាយជាសត្រូវមនុស្ស៧០លាននាក់បានទេ។ រដ្ឋាភិបាលកម្ពុជា​គួររក្សាទំនាក់ទំនងល្អ ជាមួយគ្រប់ភាគីទាំអស់របស់ប្រទេសថៃ នៅគ្រប់កាលៈទេសៈ បើទោះជាគណបក្ស​ណាគ្រប់​គ្រងប្រទេសថៃក៏ដោយ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments