គណបក្ស​សង្រ្គោះ​ជាតិ សម្រេច​ធ្វើ​«មហា»​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា

បន្ទាប់ពីការបរាជ័យ ក្នុងការចរចាបង្កើតគណៈកម្មការចម្រុះ ជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៣ដងមកហើយនោះ គណបក្សសង្រ្គោះជាតិបានប្រកាសនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ ថាខ្លួននឹងរៀបចំធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត។

បន្ទាប់ពីការបរាជ័យ ក្នុងការចរចាបង្កើតគណៈកម្មការចម្រុះ ជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៣ដងមកហើយនោះ គណបក្សសង្រ្គោះជាតិបានប្រកាសនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ ថាខ្លួននឹងរៀបចំធ្វើមហាបាតុកម្មអហិង្សា​នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត។


ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង លើកដៃនឹងធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)

សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះបានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ​បានសម្រេចថានឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣នេះពោល គឺមុនការប្រកាសលទ្ធផលបោះឆ្នោត​ផ្លូវការ១ថ្ងៃ ដែលគេរំពឹងថានឹងប្រកាសនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះដដែល គណបក្សសង្រ្គោះជាតិក៏បានធ្វើការអំពាវនាវ កុំឲ្យសហគមន៍អន្តរជាតិ​ទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលគណបក្សនេះចាត់ថា ជាលទ្ធផលមិនបានឆ្លុះបញ្ចាំង ពីឆន្ទះពិតប្រាកដរបស់​ប្រជា​ពលរដ្ឋខ្មែរម្ចាស់ឆ្នោត។

ការសម្រេចធ្វើមហាបាតុកម្មអហិង្សា ដោយគណបក្សសង្រ្គោះជាតិពេលនេះ បានកើតឡើងស្របពេលដែល​ក្រុម​ប្រឹក្សា​ធម្មនុញ កំពុងតែដោះស្រាយពាក្យបណ្ដឹង ស្ដីពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត ដែលប្តឹងជាបន្តបន្ទាប់​ដោយ​គណបក្សប្រឆាំងមួយនេះ នៅឡើយ។ ការប្រកាសធ្វើបាតុកម្មនេះ ត្រូវបានគេដឹងថា នឹងធ្វើដើម្បីឲ្យគណៈកម្មការ​ចម្រុះ​ឯករាជ្យមួយ អាចមានរូបរាងកើតឡើង ដើម្បីដោះស្រាយស្ថានភាពមិនប្រក្រតី ដែលគណបក្សប្រឆាំងបាននិយាយថា បានកើតឡើងសឹងនៅទូទាំងប្រទេស។

«ការបង្កើតគណៈកម្មការចម្រុះ គឺហួសពេលហើយ»

គួររម្លឹកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ធ្លាប់បាន​ថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ ថា៖ «ការបង្កើតគណៈកម្មការចម្រុះ គឺហួសពេលហើយដោយសារតែ គ.ជ.ប បានប្រកាសថាខ្លួនបានដោះស្រាយបណ្តឹងរួចរាល់ហើយ»។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បន្ថែមថា ចំពោះបណ្តឹងដែលប្តឹងដោយគណបក្សសង្រ្គោះជាតិ ហើយនៅសេសសល់ ដោយសារតែមិនអាចដោះស្រាយរួចត្រឹម គ.ជ.ប បានបន្តទៅដល់ដៃក្រុមប្រឹក្សាធម្មនុញដោះស្រាយជាបន្ត។

តែកន្លងមក មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខ ខា បានប្រកាសមិនទុកចិត្ត​អំពី​ឯករាជ្យ​ភាពរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញនោះទេ។ ផ្ទុយមកវិញមេដឹកនាំគណបក្សប្រឆាំងទាំងពីរ ថែមទាំងបានចោទ​ប្រកាន់ថា គ.ជ.ប និង គណបក្សប្រជាជនកម្ពុជា បានឃុបឃិតគ្នាលួចបន្លំសន្លឹកឆ្នោតជាប្រព័ន្ធនោះផង។ គណបក្សប្រឆាំង បានចោទស្ថាប័នគ.ជ.ប និងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ថាបានលំអៀងទៅគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​បានកាន់តំណែងនេះជិត៣០ឆ្នាំមកហើយ។

ចំពោះការប្រកាសធ្វើមហាបាតុកម្មអហិង្សា ដោយគណបក្សសង្រ្គោះជាតិនៅពេលនេះ លោក ទិត សុធា មន្ត្រីអ្នកនាំពាក្យ​នៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីទេ តែលោកគ្រាន់បាន​អះអាងថា លោកកំពុងជាប់រវល់ក្នុងកិច្ចប្រជុំ«ពិសេស»មួយ។

«បាតុកម្ម ជាសិទ្ធិពលរដ្ឋមានចែង និងការពារដោយរដ្ឋធម្មនុញ្ញ»

ដោយឡែកលោក ជាង សុខា ប្រធានកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានបញ្ជាក់មកទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​នៅ ​ថ្ងៃ ​ទី២៨ ខែសីហា ឆ្នាំ២០១៣នេះ នោះជាសិទ្ធិបាតុកម្ម ដោយស្របច្បាប់។ លោកបានចាត់ទុកការធ្វើមហាបាតុកម្ម​ដោយ​អហិង្សា វាគ្នានអ្វីចំឡែកទេ សម្រាប់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ព្រោះថាបើសូម្បីតែប្រទេសដែលកាន់លិទ្ធិ​កុំម្មុយនីស ក៏មានការធ្វើបាតុកម្មទាមទារនូវអ្វីដែលគេបានបាត់បង់ និងស្វែងរកយុត្តិធម៌ដែរ។

ប៉ុន្តែប្រធានកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនរូបនេះ បានសម្តែងការព្រួយបារម្ភថា ប្រសិនបើដំណើរការនៃការធ្វើបាតុកម្ម មិនអាចគ្រប់គ្រងបានល្អនោះ វាអាចនឹងឈានទៅដល់ការប្រើអំពើហិង្សា និងការបែកបាក់សាមគ្គីជាតិ។

ព័ត៌មានចុងក្រោយ ដែលទស្សនាវដ្តីមនោរម្យព័ងអាងហ្វូទទួលបាន នៅល្ងាចថ្ងៃទី២៨ខែសីហានេះ ឲ្យដឹងថា លោក សម រង្ស៊ី បានផ្ញើរលិខិតមួយច្បាប់ជូនដល់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីទទូចឲ្យមានកិច្ចប្រជុំបន្ត រវាង​មន្រ្តីជាន់ខ្ពស់របស់គណបក្សទាំងពីរ ដើម្បីដោះស្រាយបញ្ហាក្រោយការបោះឆ្នោតដោយសន្តិវិធី។ លិខិតនេះ ទំនងជា​ការ​ខិតខំចុងក្រោយមួយបន្ថែមទៀត ដើម្បីទម្លាយភាពទាល់ច្រក មុននឹងទៅដល់ដំណាក់កាល«មហាបាតុកម្ម»។

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments