វិភាគ៖ ការ​តម្លើង​ប្រាក់​បៀរវត្សរ៍​ដោយ​ ហ៊ុន សែន ​ជាការ​ដឹង​ពី​សុខ​ទុក្ខ​មន្រ្តី​រាជការ​ឬ?

ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានធ្លាក់មកដល់ ខណៈការជាប់គាំងខាងនយោបាយ កំពុងកើតមាន និងការ​គម្រាម​ធ្វើមហាបាតុកម្ម ពីសំណាក់បក្សប្រឆាំង។ នោះគឺការតម្លើងប្រាក់បៀវត្សរ៍ជាមូលដ្ឋាន​ សម្រាប់គ្រូបង្រៀននៅ​ទូទាំង​ប្រទេស ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន។ តើក្នុងនាមរដ្ឋាភិបាលចាំផ្ទះ លោកហ៊ុន សែន មាន​ច្បាប់នឹងចេញអនុក្រិត្យបែបនេះ?

ភ្នំពេញ៖ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានធ្លាក់មកដល់ ខណៈការជាប់គាំងខាងនយោបាយ កំពុងកើតមាន និងការ​គម្រាម​ធ្វើមហាបាតុកម្ម ពីសំណាក់បក្សប្រឆាំង។ នោះគឺការតម្លើងប្រាក់បៀវត្សរ៍ជាមូលដ្ឋាន​ សម្រាប់គ្រូបង្រៀននៅ​ទូទាំង​ប្រទេស ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន។ តើក្នុងនាមរដ្ឋាភិបាលចាំផ្ទះ លោកហ៊ុន សែន មាន​ច្បាប់នឹងចេញអនុក្រិត្យបែបនេះ?


លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)

អនុក្រិត្យលេខ៤៦៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន បានប្រកាសតម្លើងប្រាក់បៀវត្សរ៍មូលដ្ឋាន សម្រាប់គ្រូបង្រៀនទាំងអស់ នៅទូទាំងប្រទេសក្នុងក្របខ័ណ្ឌ«ឃ» និងក្នុង​ក្របខ័ណ្ឌ«គ»ឋានន្តរសក្តិទី៣, ក្របខ័ណ្ឌ«គ» ឋានន្តរសក្តិទី២ ឲ្យបានឡើងដល់ ៣២០,០០០រៀល ចាប់គិតចាប់ពីថ្ងៃទី១ ខែកញ្ញានេះតទៅ។

ចំពោះការតម្លើងនូវប្រាក់បៀរវត្សរ៍ជូនមន្រ្តីរាជការក្នុងកាលៈទេសៈនេះ ត្រូវបានទទួលអបអរ និងគាំទ្រដោយអង្គការ​សង្គមស៊ីវិលមួយចំនួន។ តែផ្ទុយទៅវិញ អង្គការសមាគមមួយចំនួនទៀត យល់ថានេះជានយោបាយ«ប្រជាភិថុត» របស់​នាយករដ្ឋមន្ត្រីចាំផ្ទះ ដោយពួកគេបានលើកឡើងថា វាមានមូលហេតុនយោបាយ ច្រើនជាងការយកចិត្តទុកដាក់​ចំពោះ​ប្រាក់ខែគ្រូបង្រៀននោះ។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និងជាប្រធានសហភាពសហជីពកម្ពុជា បានបង្ហាញថា រដ្ឋាភិបាលមិនមែនត្រូវយកចិត្តទុកដាក់ក្នុងពេលនេះទេ តែត្រូវដោះស្រាយតាំងពីម្ភៃឆ្នាំមុនទើបប្រសើរ។ លោកបន្តថា លោកគ្រួ អ្នកគ្រូមួយចំនួនធំឈប់គាំទ្រការដឹកនាំរបស់លោក ហ៊ុន សែន ហើយ ហើយការចេញអនុក្រិត្យនេះ គ្រាន់តែ​ជាការ​យកចិត្ត លួងចិត្ត ដើម្បីស្វែងរកការគាំទ្រក្នុងសម័យកាលអន្តរកាលប៉ុណ្ណោះ ព្រោះកន្លងមកធ្លាប់ទាមទារ​ឲ្យមាន​ការតម្លើងនេះដែរ តែត្រូវបានបដិសេធដោយរាជរដ្ឋាភិបាល ក្រោមលេសថា «គ្មានលុយ ឬការតម្លើងប្រាក់បៀវត្សរ៍​ធ្វើឲ្យ​មាន​ចលាចលទីផ្សារ»។

ប្រធានសមាគមគ្រូបង្រៀនរូបនេះ បន្តការរិះគន់មិនសំចៃមាត់ថា «ចរិតអ្នកដឹកនាំនេះ មិនបានយកចិត្តទុកដាក់ នូវសុខ​ទុក្ខមន្រ្តីរាជការក្រោមឱវាទនោះទេ។ (…) ជាការតម្លើងប្រាក់បៀវត្សរ៍ដ៏ចម្លែក។ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ក្នុង​អន្តរកាល រដ្ឋាភិបាលចាំផ្ទះ មិនទាន់មានការៀបចំ និងប្រកាសលទ្ធផលជាផ្លូវការ។ (…) រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែស្លន់ស្លោរ។ តាមផ្លូវច្បាប់ ក្នុងនាមរដ្ឋាភិបាលចាំផ្ទះ មិនអាចចេញអនុក្រិត្យជាដុំកំភួនបាននោះទេ។»

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបញ្ជាក់ពីមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទេក្នុងថ្ងៃនេះ ព្រោះ​មិន​មានអ្នកទទួលទូរស័ព្ទ។ តែលោក ថៃ នរសត្យា រដ្ឋលេខាធិការប្រសួងវប្បធម៌ និងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន បានបញ្ជាក់ដោយខ្លីថា លោកមិនធ្វើការបកស្រាយលើបញ្ហានេះទេ ដោយខុសសមត្ថកិច្ច ព្រោះករណីនេះដំបូងបំផុត ជា​ការជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបានបញ្ជាក់នូវឃ្លាចុងក្រោយថា «នេះជាការអនុវត្ត (ភារកិច្ច) របស់រាជរដ្ឋាភិបាល ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកំពុងស្ថិតនៅជាធរមាន។»

មន្ត្រីរាជការ ជាឧបករណ៍នយោបាយ?

សម្រាប់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការឆ្លើយតប តាមគោល​នយោបាយជាក់លាក់នេះ នូវការតម្លើងប្រាក់បៀរវត្សរ៍ដល់មន្រ្តីរាជការ។ តែលោកក៏បានបដិសេធផងដែរថា មិនទាន់​ដល់​ពេលវេលានោះទេ គួរតែរង់ចាំដល់រដ្ឋាភិបាលថ្មីបង្កើតសិន។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាម​នាយក​រដ្ឋមន្រ្តី​ចាំផ្ទះនេះ គ្រាន់តែថែររក្សាអ្វីដែលមានកន្លងមក និងការពារនូវសណ្តាប់ធ្នាប់សង្គមទេ»។ លោកប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្សរូបនេះ បាននិយាយថា ការចេញអនុក្រិត្យ (វា)ជាបញ្ហា«នយោបាយ» ព្រោះតែលទ្ធផលនៃការបោះឆ្នោត​បានបង្ហាញថា មានប្រជាពលរដ្ឋជាច្រើន មិនសប្បាយចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលនេះ ដូច្នេះហើយទើបបាន​ចេញ​អនុក្រិត្យនេះ ដើម្បីបញ្ជៀសបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលចាស់ និងក៏ដើម្បីឲ្យរដ្ឋាភិបាលនេះ អាចបន្តរការគ្រប់គ្រង​ទៅ​មុខទៀតដែរ។ «ជាការយកមន្ត្រីរាជការ ធ្វើជាឧបករណ៍នយោបាយ»។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះបន្តរថា មិនមានអ្វីជាបញ្ហានោះទេ ក្នុងការតម្លើងប្រាក់បៀរវត្សរ៍​សម្រាប់មន្ត្រី​រាជការនោះ ព្រោះបើពិនិត្យតាមថវិកាជាតិ អាចធ្វើទៅបាន តែអ្វីដែលសំខាន់នោះ ប្រសិនបើរដ្ឋាភិបាលនេះ​បន្តរការ​គ្រប់គ្រង​ទៀត ត្រូវប្រឹងប្រែងធ្វើយ៉ាងណាកាត់បន្ថយនូវអំពើពុករលួយ និងធ្វើការកំណែរទម្រង់រដ្ឋបាល​មួយដែល​មិន​មាន​ប្រសិទ្ធិភាព តាំងពីថ្នាក់ភូមិ រហូតដល់នាយករដ្ឋមន្រ្តី។ លោកថាសម្រាប់កម្ពុជាការគ្រប់គ្រង ឃើញថាមានការបំផ្លាញ​ជាតិ​សឹងតែគ្រប់កន្លែងទាំងអស់ ដូច្នេះ ការគ្រប់គ្រងគួតែយកគំរួតាមប្រទេសសឹង្ហបូរី ដែលគ្រប់គ្រងតាមបែបអភិបាលកិច្ចល្អ។

មិនត្រូវការតែលុយកាក់ទេ តែសិទ្ធិសេរីភាព ...

រីឯ អ្នកវិភាគឯករាជ្យលើបញ្ហាសង្គម លោក កែម ឡី បានពន្យល់ថា បើរដ្ឋាភិបាលអាចធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ឲ្យបានស៊ីជម្រៅជាក់ស្តែង ក្នុងដំណើរការរដ្ឋបាលនោះ មិនមានអ្វីជាឧបសគ្គក្នុងការតម្លើងប្រាក់បៀរវត្សរ៍​ជូនមន្ត្រីរាជការ​នោះទេ ហើយការតម្លើងនេះអាចធ្វើទៅបានរហូតដល់ ៥០០ដុល្លាអាមេរិក ក្នុងមួយខែឯណោះ។ លោកបានបន្ថែមថា «ចរន្តសង្គម មិនត្រឹមតែត្រូវការនូវលុយកាក់នោះទេ គេត្រូវការនូវសេរីភាព សិទ្ធិទទួលបានព័ត៌មាន សិទ្ធិបញ្ចេញមតិ ត្រូវការនូវកំណែទម្រង់តាមបែបនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ដែលស្ថិតក្នុងបរិយាកាសសង្គមទាំងមូលតែម្តង មិនមែន​មួយផ្នែកនោះទេ»។

ការតម្លើងនេះ សមាមាត្រនឹងទំនិញលើទីផ្សារ?

អ្នកគ្រូម្នាក់ ឈ្មោះស្រីស្រស់ មកពីសាលាបឋមសិក្សាមួយក្នុងរាជធានីភ្នំពេញ បានសម្តែងនូវការពេញចិត្តចំពោះ ការ​តម្លើងនូវប្រាក់បៀវត្សរ៍នេះ តែអ្នកគ្រូរូបនេះបានបញ្ជាក់ថា សព្វថ្ងៃបើពឹងផ្អែកតែលើប្រាក់ខែគ្រូបង្រៀន តែមួយមុខនោះ​មិនអាចដោះស្រាយជីវភាពប្រចាំថ្ងៃបានទេ!។ អ្នកគ្រូក៏បានចោទជាសំនួរថា តើការតម្លើងនេះបានសមាមាត្រ នឹងទំនិញ​លើទីផ្សារដែរឬទេ? ក្រោយការតម្លើងនេះទៀតសោត តើទំនិញលើទីផ្សារឡើងថ្លៃតាមដែរឬទេ?។ អ្នកគ្រូបន្តរថា «ប្រសិន​ បើទំនិញឡើងតាមដែរមែននោះ ដូច្នេះអនុក្រិត្យនេះនឹងមិនមានតម្លៃ ហើយក៏គ្មានន័យអ្វីសម្រាប់សម្រួល ដល់ជីវភាព​គ្រូបង្រៀនឲ្យបានប្រសើរនោះដែរ។ (…) ហើយការចេញនូវអនុក្រិត្យនេះ (វា)ជាការបោកបញ្ឆោត និងជាការធ្វើឲ្យតែល្អ​មើលប៉ុណ្ណោះ ក្នុងតំណាក់ការដែលលទ្ធផល នៃការបោះឆ្នោតមិនទាន់ដឹងចាញ់ ឬឈ្នះជាផ្លូវការនោះ៕»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments