សម្ភាសហួន រាជចំរើន៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នឹង​ដោះ​បំណុល​បរទេស​ត្រឹម​បី​ឆ្នាំ

ដើម្បីជាទស្សនៈទានដល់ម្ចាស់ឆ្នោត និងជាការគោរពទៅដល់គោលការណ៍ស្មើរភាពគ្នា នៃការឃោសនាបោះឆ្នោត ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នូវគោលនយោបាយសំខាន់ៗនៃគណបក្សនេះ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ។

ភ្នំពេញ៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សដែលបានចូលរួម តែងតែធ្វើការសន្យាជាមួយពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះដែរពលរដ្ឋជាម្ចាស់ឆ្នោតក៏ចាំមើលការអនុវត្ត នូវការសន្យារបស់គណបក្សទាំងនោះ នាពេលជាប់ឆ្នោត​ផង​ដែរ។ «ប្រាំឆ្នាំម្ដង» ជារយៈពេលមួយ ដែលពលរដ្ឋត្រូវធ្វើការសម្រេចចិត្តជា«ថ្មី» ចំពោះគណបក្សនយោបាយណាមួយ ជា​ពិសេសសម្រេចចិត្ត ក្នុងការបន្តរគាំទ្រ ឬត្រូវធ្វើការផ្លាស់ប្តូរ។


លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ (រូបថត គណបក្ស)

ដូច្នេះ ដើម្បីជាទស្សនៈទានដល់ម្ចាស់ឆ្នោត និងជាការគោរពទៅដល់គោលការណ៍ស្មើរភាពគ្នា នៃការឃោសនាបោះឆ្នោត ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នូវ​គោលនយោបាយសំខាន់ៗនៃគណបក្សនេះ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតសកលនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខដែលមានន័យដូចខាងក្រោម៖

មនោរម្យព័ងអាំងហ្វូ៖ ការសម្រេចចិត្តចូលរួមក្នុងឆាកនយោបាយនេះ តើមានយន្តការអ្វីខ្លះ ដែលជម្រុញឲ្យលោក​មានគំនិតផ្តួចផ្តើមបង្កើតនូវគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នេះឡើង ក្នុងឆ្នាំណា?

ហួន រាជចំរើន ៖ បាទ! គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១២។ មូលហេតុដែលជម្រុញ​ឲ្យមាន​ការបង្កើតគណបក្សនេះឡើង ព្រោះតែពិនិត្យឃើញ នូវសម្ពាធនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលកំពុងតែ​ដើរផ្ទុយ​ពី​លិទ្ធិ​ប្រជាធិបតេយ្យ ហើយរាមច្បងនៃគណបក្សនីមួយៗ តែងតែដាក់ចេញនូវគោលនយោបាយរៀងៗខ្លួន ហើយមិនបាន​អនុវត្តន៍ទៅតាមអ្វីដែលខ្លួនបានសន្យា ជាពិសេសមិនមានការបង្រួមបង្រួមគ្នា នៃគណបក្សទាំងនោះក្រោយ​ពេលរាជ​រដ្ឋភិបាលថ្មីមួយ ត្រូវបានបង្កើតឲ្យមានជារួមរាងឡើង ដើម្បីជាផលប្រយោជន៍ជាតិ និងប្រជារាស្រ្ត ជាជាងការគិត​ពី​ប្រយោជន៍បក្ស និងការឈ្នានីសគ្នានោះ។

មនោរម្យព័ងអាំងហ្វូ៖ ក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតក្នុងអាណត្តិទីប្រាំ និងក៏ជាឆ្នាំទីមួយដែលគណបក្ស​របស់លោកបានចូលរួមនេះ តើមានគោលនយោបាយសំខាន់អ្វីខ្លះ ដើម្បីជូនជាព័ត៌មានដល់ម្ចាស់ឆ្នោត?

ហួន រាជចំរើន ៖ សម្រាប់គោលនយោបាយសំខាន់ របស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានបួនចំណុចសំខាន់ៗដូចជា អភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍កសិឧស្សាហកម្ម អភិវឌ្ឍន៍ទេសចរណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ច។

មនោរម្យព័ងអាំងហ្វូ៖ គោលនយោបាយធំៗទាំងបួនចំណុច នៃគណបក្សលោកផ្តោតសំខាន់ទៅលើ កិច្ចអភិវឌ្ឍន៍ តើលោកអាចជម្រាបជូននូវចំណុចសំខាន់ៗថា តើកិច្ចអភិវឌ្ឍន៍ទាំងនោះ លើចំណុចណាខ្លះ?

ហួន រាជចំរើន ៖ បាទ! ការអភិវឌ្ឍន៍ទីមួយផ្តោតលើធនធានមនុស្ស មានន័យថាផ្តល់ការរៀនសូត្រ នូវអក្សរសាស្រ្ត​ខ្មែរឲ្យ​បានគ្រប់គ្នា ឲ្យសិស្សរៀនពេញម៉ោង(ព្រឹក ល្ងាច) ផ្តល់អាហាថ្ងៃត្រង់សម្រាប់សិស្ស ផ្តល់ប្រាក់បៀវត្យសមរម្យ​ជូនគ្រូ​បង្រៀនយ៉ាងតិច ១៨០ដុល្លាក្នុងមួយខែ។ ការអភិវឌ្ឍន៍ទីពីផ្តោតលើកសិឧស្សាហកម្ម គឺរៀបចំប្រព័ន្ធធារាសាស្ត្រ ទីផ្សារ ផ្តល់ជូនជំនាញកសិកម្មជូនពលរដ្ឋ ផ្តល់ឱកាសសម្រាប់នាំកសិផលទៅក្រៅប្រទេស និងរដ្ឋជាអ្នកធានាតម្លៃ និងផ្តល់​សមាមាត្រនៃតម្លៃនោះជូនពលរដ្ឋ ។ ការអភិវឌ្ឍន៍ទីបីផ្តោតលើទេសចរណ៍ និងធ្វើការរុករក និងពង្រីកតំបន់ទេសចរណ៍ កំណត់ការគ្រប់គ្រងដោយរដ្ឋ និងដើម្បីបានផ្តល់ការងារជូនពលរដ្ឋ ក្នុងការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើ​ចំណាកស្រុករបស់ពលរដ្ឋ។ ឯការអភិវឌ្ឍន៍ចងក្រោយផ្តោតលើសេដ្ឋកិច្ច សំខាន់ផ្តល់តម្លៃលើរូបបិយប័ណ្ណរបស់កម្ពុជា រាល់ការចាត់ចែង និងផ្លាស់ប្តូរការទិញលក់ត្រូវគិតជា«ប្រាក់ររៀល»។ តម្លើងប្រាក់ខែជូនមន្ត្រីរាជការ យុទ្ធជន បុគ្គលិក ចាប់ពីមួយលានរៀលឡើងទៅ កម្មករយ៉ាងតិចពីប្រាំបីសែនរៀលក្នុងមួយខែ។ កំណត់ និងបញ្ចុះតម្លែប្រេងសាំង បំបាត់​អំពើ​ពុករលួយ ការប្រមូលពន្ធទាំងឡាយត្រូវចូលក្នុងថវិការជាតិ។

មនោរម្យព័ងអាំងហ្វូ៖ ទាក់ទងនិងការផ្តល់សម្បទានដីសេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ដែល​ភាគច្រើនសង្កេតឃើញថាមានការប៉ះពាល់ដល់សិទ្ធិរស់នៅ និងគ្រប់គ្រងដីធ្លីរបស់ប្រជាពលរដ្ឋក្រីក្រ តើលោក​មានដំណោះស្រាយយ៉ាងណាចំពោះករណីនេះ នៅពេលគណបក្សលោកឈ្នះឆ្នោត?

ហួន រាជចំរើន ៖ ដោះស្រាយជូនពលរដ្ឋក្រោមមាគ៌ានៃនីតិរដ្ឋ ផ្តល់យុត្តិធម៌ជូនរាស្រ្តពិតប្រាកដ តាមរយៈបាវចនា​គណបក្ស សង្គ្រោះ បំរើ ការពារ ដោយផ្តោតសំខាន់លើការដោះស្រាយជាកញ្ចប់ទៅលើវិវាទដីធ្លី។

មនោរម្យព័ងអាំងហ្វូ៖ បើមានជនអន្តោប្រវេសខុសច្បាប់ច្រើននៅកម្ពុជា មិនថាជាតិសាសន៍ណាមួយនោះទេ តើ​លោកនឹងដោះស្រាយយ៉ាងណានៅពេលលោកឈ្នះឆ្នោត?

ហួន រាជចំរើន ៖ នោះអាចបណ្តាលមកពីការគ្រប់គ្រង់មិនច្បាស់លាស់របស់រដ្ឋអំណាចមូលដ្ឋាន ឬថ្នាក់ដឹកនាំជាតិ ក្នុង​ការ​ផ្តល់សិទ្ធិរស់នៅដល់ជនបរទេសទាំងនោះឲ្យស្នាក់ និងមានកម្មសិទ្ធិលើទឹកដីកម្ពុជា តាមរយៈការផ្តល់អត្តសញ្ញាណ​ដោយ​ខុសច្បាប់ ដូចជាការលក់ដូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម។ ក្រោយពេលជាប់ឆ្នោតគណបក្សខ្មែរ​អភិវឌ្ឍន៍និងធ្វើ​ការសើររើឡើងវិញ នូវការប្រើប្រាស់អត្តសញ្ញាណប័ណ្ណទាំងនោះ នឹងផ្តល់ជូនអ្នកណាដែលបានទទួលសញ្ជាតិជាខ្មែរ នឹង​ចេះនិយាយភាសាខ្មែរច្បាស់ ទោះបីជាជនបរទេសក៏ដោយ ទើបអាចកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន។ ហើយធ្វើ​ការដកហូតបើសិនរកឃើញថា ការកាន់អត្តសញ្ញាណប័ណ្ណនោះដោយខុសច្បាប់ និងបញ្ជូនគាត់ទៅប្រទេស​សាមីវិញតាម​នីតិរដ្ឋ។

មនោរម្យព័ងអាំងហ្វូ៖ ចំពោះបញ្ហាបំណុលដែលកម្ពុជាខ្ចីពីបរទេស តើគណបក្សលោកនឹងធ្វើការដោះស្រាយ​យ៉ាងណា? ហើយគណបក្សលោកនឹងនៅបន្តរ ខ្ចីបំណុលពីបរទេសទៀតដែរឬទេ?

ហួន រាជចំរើន ៖ ប្រសិនបើខ្មែរអភិវឌ្ឍន៍សេដ្ខកិច្ចបានដឹកនាំរាជរដ្ឋាភិបាល នឹងធ្វើការដោះស្រាយនូវបញ្ហាបំណុល ដែល​រដ្ឋាភិបាលបច្ចុប្បន្នបានជំពាក់បរទេសទាំងអស់ ក្នុងរយៈពេលត្រឹមតែបីឆ្នាំគត់ឲ្យរួចអស់ និងមានប្រាក់នៅក្នុងធនាគារជាតិ​ស្មើនឹងបំណុល។ សម្រាប់គោលជំហររបស់ខ្មែរអភិវឌ្ឍន៍សេដ្ខកិច្ច បើជំពាក់ជាប្រាក់សងជាប្រាក់ មិនអាចកាត់​ទូទាត់តាម​រយៈសម្បត្តិធនធានធម្មជាតិនោះទេ។

មនោរម្យព័ងអាំងហ្វូ៖ តើបេក្ខភាពតំណាងរាស្រ្តនៃគណបក្សលោក មានចំនួនប៉ុន្មាននាក់? ក្នុងនោះបេក្ខភាពជា ស្រ្តីប៉ុន្មាន និងឈរជាតំណាងរាស្រ្តបប៉ុន្មានខេត្ត-ក្រុង?

ហួន រាជចំរើន ៖ ដោយរយៈពេលនៃការរៀបចំខ្លី ព្រោះតែគណបក្សទើបតែបង្កើតឡើងបានចំនួនជាងប្រាំពីរខែនោះ ចំនួនបេក្ខភាពជាតំណាងរាស្រ្តសរុបចំនួន៩០នាក់ ពេញសិទ្ធិមាន៤៥នាក់ និងបំរុង៤៥នាក់ ក្នុងនោះមានស្រ្តីចំនូន​ពេញ​សិទ្ធិចំនួន២០នាក់ និងឈរជាបេក្ខភាពតំណាងរាស្រ្តក្នុងខេត្តចំនួនប្រាំពីរដូចជា ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងខេត្តតាកែវ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments