បឹងកេត និងស្វាយរៀង ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

ក្រុមម្ចាស់ជើងឯកចំការកៅស៊ូបឹងកេត បានយកឈ្នះក្រុមបៀលប្រាយទាំងត្រដាប់ត្រដួស ដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីក បន្ទាប់ពីការប្រកួតត្រូវអូសបន្លាយដល់ម៉ោងបន្ថែម២ដង ខណៈដែលក្រុមស្វាយរៀង បានទម្លា ក់ម្ចាស់ជើងឯក៤សម័យកាល ភ្នំពេញក្រោន ដោយលទ្ធផល ៤-៣ ត្រឹមការប្រកួតចប់៩០នាទី ។

ក្រុមម្ចាស់ជើងឯកចំការកៅស៊ូបឹងកេត បានយកឈ្នះក្រុមបៀលប្រាយទាំងត្រដាប់ត្រដួស ដោយលទ្ធផល ១-០ ក្នុងការ​ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីក បន្ទាប់ពីការប្រកួតត្រូវអូសបន្លាយ​ដល់ម៉ោងបន្ថែម​២ដង ខណៈដែលក្រុមស្វាយរៀង បានទម្លា ក់ម្ចាស់ជើងឯក៤សម័យកាល ភ្នំពេញក្រោន ដោយលទ្ធផល ៤-៣ ត្រឹមការ​ប្រកួតចប់៩០នាទី ។


ជំនួបនៃការប្រកួតរវាងស្វាយរៀង (អាវក្រហម) និងភ្នំពេញក្រោន (អាវខៀវ)។ (រូបថត កឹម សូវណ្ណា)

បៀលប្រាយ បានគ្រប់គ្រងបាល់យ៉ាងច្រើននៅក្នុងវគ្គទី១ និងមានឱកាសរកគ្រាប់បាល់បញ្ចូលទីជាច្រើនលើកផងដែរ ប៉ុន្តែ​ធ្វើមិនបានសម្រេច។ នៅវគ្គទី២ បឹងកេតបានដូរទម្រង់លេងថ្មី ធ្វើឲ្យក្រុមទាំង២ មានឱកាសស្មើគ្នា ដោយធ្វើការវាយលុកគ្នា​ទៅវិញទៅមក។ ប៉ុន្តែទោះជាយ៉ាងណា ពេញ៩០នាទី គ្មានក្រុមណាមួយ អាចរកគ្រាប់បាល់បញ្ចូលទីបានទេ ធ្វើឲ្យការ​ប្រកួតនោះ ត្រូវបន្ថែមម៉ោង១៥នាទី ២ដង។

នៅនាទីទី១០២ ខ្សែប្រយុទ្ធដែលពាក់អាវលេខ១០ និងជាប្រធានក្រុម កែវ សុខង៉ន បានរកគ្រាប់បាល់បញ្ចូលទីបានសម្រេច ជួយឲ្យបឹងកេតយកឈ្នះ ១-០ លើក្រុមបៀលប្រាយបណ្តោះអាសន្ន។ ប៉ុន្តែបន្តមកទៀត គ្មានក្រុមណា អាចរកគ្រាប់​បាន​ទៀតទេ ដូច្នេះគ្រាប់បាល់១គ្រាប់របស់សុខង៉ន ក៏គ្រប់គ្រាន់ល្មម ជួយឲ្យបឹងកេតឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែរ។

ចំណែកឯការប្រកួត១គូទៀត ក្រុមស្វាយរៀង បានយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៤-៣។

ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ទុំ សារ៉ាយ ពាក់អាវលេខ១៧ បានរកគ្រាប់បាល់បាន ៣គ្រាប់តែម្នាក់ឯងឲ្យក្រុមស្វាយរៀង ពោលគឺនៅនាទីទី ២៤, ៣៦ និងនាទីទី៥៥។ ខ្សែបម្រើឃួន ឡាបូរ៉ាវី ពាក់អាវលេខ១១ បានថែម១គ្រាប់ទៀតនៅម៉ោង​បន្ថែម​មានរបួស ហើយក៏ជាគ្រាប់បាល់ទី៤ របស់ស្វាយរៀងដែរ។

រីឯ៣គ្រាប់របស់ភ្នំពេញក្រោនវិញ រកបានដោយកីឡាករពាក់អាវលេខ១០ គួច សុកុម្ភៈ នៅនាទីទី៣៧។ ប្រធានក្រុម ពាក់​អាវលេខ៧ ឃឹម បូរី បានរកគ្រាប់បាល់ទី២បានសម្រេចនៅនាទីទី៤១ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិហូឡង់ អេលរ៉យ វ៉ាន់ដឺហូហ្វ (El Roy Van Der Hooft) រកបាន១ដែរនៅម៉ោងបន្ថែម ប៉ុន្តែទោះជាយ៉ាងណា មិនអាចមានឱកាសរក​គ្រាប់បាល់​បានស្មើបានទេ បានត្រឹមតែលុតជង្គង់នៅលើទីលានប្រកួតតែប៉ុណ្ណោះ ស្របពេលដែលលោកអាជ្ញាកណ្តាល​ផ្លុំកញ្ចែរ​បញ្ចប់​ការប្រកួត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments