គ្រោះថ្នាក់​រថភ្លើង​ងាក​ចេញ​ពី​ផ្លូវ ក្បែរ​ប៉ារីស យ៉ាង​ហោច​៧​នាក់​ស្លាប់ (PIC&VDO)

រថភ្លើងដែលរត់ភ្ជាប់រវាងតំបន់ នៅជុំវិញទីក្រុងប៉ារីស បានងាកចេញពីផ្លូវរបស់ខ្លួន នៅរសៀលថ្ងៃសុក្រទី១២ខែកក្កដានេះ ហើយបានធ្វើឲ្យមានមនុស្សស្លាប់ យ៉ាងហោចណាស់៧នាក់ និងមនុស្សរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ ការប្រកាស​អាសន្ន ត្រូវបានអាជ្ញាធរប្រចាំតំបន់ តម្លើងដល់កម្រិតក្រហម នៅល្ងាចថ្ងៃដដែលនេះ ដើម្បីជួយសង្គ្រោះដល់​ជនរងគ្រោះ​ទាំងឡាយ។

រថភ្លើងដែលរត់ភ្ជាប់រវាងតំបន់ នៅជុំវិញទីក្រុងប៉ារីស បានងាកចេញពីផ្លូវរបស់ខ្លួន នៅរសៀលថ្ងៃសុក្រទី១២ខែកក្កដានេះ ហើយបានធ្វើឲ្យមានមនុស្សស្លាប់ យ៉ាងហោចណាស់៧នាក់ និងមនុស្សរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ ការប្រកាស​អាសន្ន ត្រូវបានអាជ្ញាធរប្រចាំតំបន់ តម្លើងដល់កម្រិតក្រហម នៅល្ងាចថ្ងៃដដែលនេះ ដើម្បីជួយសង្គ្រោះដល់​ជនរងគ្រោះ​ទាំងឡាយ។


ទូរថភ្លើងផ្ងារជើង បន្ទាប់ពីបានងាកចេញពីផ្លូវ។ (រូបថត KENZO TRIBOUILLARD/AFP/Getty Images)

រថភ្លើងបានចាកចេញពី ស្ថានីយមួយនៅកណ្ដាលទីក្រុងប៉ារីស ដែលមានឈ្មោះថា «ស្ថានីយ៍ប៉ារីស-អូស្ទែលីដ (Paris-Austerlitz)» ដើម្បីឆ្ពោះទៅ​ទីក្រុងលីម៉ូជ (Limoges) តំបន់ផ្នែកកណ្ដាលនៃប្រទេសបារាំង ហើយមិនត្រូវឈប់នៅនឹង​ស្ថានីយ៍ ដែលមានជួប​គ្រោះថ្នាក់​នេះទេ។ ក្នុងពេលគ្រោះថ្នាក់ រថភ្លើងនេះរត់នៅក្នុងល្បឿន ប្រមាណជា៨០​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង ដែលជាល្បឿន​លឿនត្រឹមត្រូវមួយ អនុញ្ញាតសម្រាប់រថភ្លើង​ប្រភេទនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ម៉ានុយអែល វាល (Manuel Valls) បានប្រកាសនៅល្ងាចម៉ោង ៦និង៤០នាទីថា «នៅពេលដែលខ្ញុំ​និយាយទៅអ្នកនេះ មានមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និងជាង១០នាក់របួស»។ គេបានដឹងថា មានមនុស្សជិះ​ជាច្រើន នៅលើរថភ្លើងប្រមាណជា ៤០០នាក់ ដោយហេតុមកពីថ្ងៃឈប់សម្រាកចុងសប្ដាហ៍ រួមទាំងថ្ងៃបុណ្យជាតិ​១៤​កក្កដារបស់បារាំង និងជាពេលវេលាដែលជនជាតិបារាំងចាកចេញទីវិស្សមកាលនោះផង។ មនុស្សប្រមាណជា ១៨០នាក់ ត្រូវបានទទួលការថែទាំ ពីក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដែលត្រូវបានបញ្ជូនទៅដល់ទីនោះ។

បន្ទាប់ពីគ្រោះថ្នាក់បានកើតភ្លាមៗ ក្រុមហ៊ុនជាតិផ្លូវដែករបស់បារាំង (SNCF) បានប្រកាសពីភាពរអាក់រអួល នៃបណ្ដា​រថភ្លើងដែលរត់ចេញពី និងរត់ចូលទៅកាន់ ស្ថានីយប៉ារីស-អូស្ទែលីដ ជាពិសេសរថភ្លើងល្បឿនលឿន (RER C) ដែលរត់​ព័ទ្ធពីចំហៀងម្ខាងៗ នៃទីក្រុងប៉ារីស។ ប៉ុន្តែភាពរអាក់រអួលនេះ ត្រូវបានលើកចេញវិញបន្តិចម្ដងៗ នៅរយៈពេលមួយ​ម៉ោង​ក្រោយមក តែនៅមានភាពយឺតខុសពីធម្មតា។

សាក្សីម្នាក់ដែលជាតំណាងរាស្ត្រមួយរូបផងនោះ លោកមីឆែល ពូស៊ូល (Michel Pouzol) បានថ្លែងថា «មានទូរថភ្លើង​ចំនួន​៤ទូ បានដេកដួលនៅនឹងស្ថានីយ៍ ហើយទូរថភ្លើងចំនួនពីរ បានរួញកំពិតចូលគ្នា»។

ជាមួយនឹងការតក់ស្លុតផងនោះ នាយកក្រុមហ៊ុនជាតិផ្លូវដែក លោក ហ្គីយោម ប៉េពី (Guillaume Pepy) ដែលនៅនឹងកន្លែង​កើតហេតុ បានថ្លែងថា «មានទូរថភ្លើងប្រមាណជា៣-៤ ត្រូវបានងាកចេញពីផ្លូវ។ យើងនៅមិនទាន់ដឹងពីមូលហេតុ នៃការ​ងាកចេញពីផ្លូវនេះនៅឡើយ។ ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើឡើង។» លោកនាយករូបនេះ បានធ្លោយមាត់ថា ជា​«គ្រោះថ្នាក់ផ្លូវដែកដ៏ធំមួយ»។ ប៉ុន្តែបើតាមការសង្ស័យជាលើកដំបូង របស់អ្នកជំនាញនៅនឹងកន្លែង គ្រោះថ្នាក់នេះ​អាច​បណ្ដាលមកពី ការបំបែកផ្លូវរបស់ផ្លូវដែកនៅទីនោះ ដែលក្រុមហ៊ុនជាតិផ្លូវដែក​ទើបនឹង​ធ្វើការជួសជុល​កាលពីពេល​ថ្មីៗ​នេះ។

ដំណឹងចុងក្រោយដែលមនោរម្យព័ងអាំងហ្វូទើបនឹងទទួលបាន ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលសភាពជនរងគ្រោះ។ លោកនឹងធ្វើសេចក្ដីថ្លែងមួយ នៅពេលបន្តិចទៀត៕

សូមទស្សនារូបភាព និងវីដេអូ ដូចខាងក្រោម៖

វីដេអូ៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments