ដំណើរ​ចូល​ស្រុក​វិញ​របស់​សម រង្សី៖ ក្រឡា​«អុក»​ណា​ខ្លះដែល​​ត្រូវ​​ដើរ?

ព្យុះព្យោមាបានបោកបក់បន្ថែមទៀត លើនយោបាយនៃប្រទេសកម្ពុជា បន្ទាប់ពីការប្រកាសវិលត្រឡប់ចូលស្រុកវិញ​របស់​លោក សម រង្សី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ បន្ថែមពីលើ​នោះ អាជ្ញាធរនៃប្រទេសកម្ពុជាក៏ពុំទុកឲ្យមេដឹកនាំបក្សប្រឆាំងដែលជាទណ្ឌិតរូបនេះ ត្រឡប់ចូលក្នុងប្រទេសវិញ ដោយ​សុខស្រួលនោះដែរ ដោយបានប្រកាសថា នឹងចាប់ខ្លួនលោកប្រសិនណាលោកមានវត្តមានលើទឹកដីកម្ពុជា។

ព្យុះព្យោមាបានបោកបក់បន្ថែមទៀត លើនយោបាយនៃប្រទេសកម្ពុជា បន្ទាប់ពីការប្រកាសវិលត្រឡប់ចូលស្រុកវិញ​របស់​លោក សម រង្សី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ បន្ថែមពីលើ​នោះ អាជ្ញាធរនៃប្រទេសកម្ពុជាក៏ពុំទុកឲ្យមេដឹកនាំបក្សប្រឆាំងដែលជាទណ្ឌិតរូបនេះ ត្រឡប់ចូលក្នុងប្រទេសវិញ ដោយ​សុខស្រួលនោះដែរ ដោយបានប្រកាសថា នឹងចាប់ខ្លួនលោកប្រសិនណាលោកមានវត្តមានលើទឹកដីកម្ពុជា។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

ជាការរំឮកឡើងវិញ ប្រធានគណបក្សប្រឆាំង លោក សម រង្សី បាននិរទេសខ្លួនលោកចេញពីប្រទេសកម្ពុជា ដើម្បីគេច​ពី​ការផ្ដន្ទាទោសចំនួន១២ឆ្នាំក្នុងពន្ធនាគារ របស់តុលាការកម្ពុជា ពីបទក្លែងបន្លំឯកសារសាធារណៈ និងការផ្សាយ​ព័ត៌មាន​មិនពិត រួមទាំងសកម្មភាពដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀងនោះផង។ ការប៉ុនប៉ង​ត្រឡប់​ចូលមកក្នុងប្រទេសវិញ របស់ប្រធានគណបក្សប្រឆាំងលេចធ្លោម្នាក់នេះ ត្រូវបានគេដឹងថាបានធ្វើជាច្រើនលើក​រួចមក​ហើយ តែមិនដែលបានសម្រេចម្ដងណាឡើយ នោះក៏ដោយសារតែភាពមិនចុះសម្រុងគ្នា នៃផ្លូវដែល​ត្រូវដើរ​រវាង​រូបលោក និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឬបើគេនិយាយម្យ៉ាងទៀត ភាពមិនយល់គ្នានៃ​ភាសារបស់​«ពួក​តម្លង់​ប្រាំពីរសន្ដាន» ដែលម្ខាងចោទថាជាករណីព្រហ្មទណ្ឌឬតុលាការ រីឯម្ខាងទៀតថាជាករណីនយោបាយ។

តែអ្វីដែលជា​ការ​ភ្ញាក់ផ្អើល សម្រាប់មជ្ឈដ្ឋាននយោបាយខ្មែរ នៅមុនពេលបោះឆ្នោតតែប៉ុន្មានសប្ដាហ៍នេះ គឺជាការប្រកាស​យ៉ាងម៉ឺងម៉ាត់ របស់លោក សម រង្សី នៅក្នុងវីដេអូមួយផ្សាយលើទំព័រផ្លូវការរបស់លោក ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថា​លោក«ស៊ូស្លាប់​ខ្លួន» នឹងវិលត្រឡប់ចូលមកក្នុងប្រទេសកំណើតរបស់លោកវិញ ដើម្បីសង្គ្រោះជាតិ​ដែលកំពុងជួបនូវ​«គ្រោះមហន្ដរាយ»។ នៅក្នុងសារជាភាសាអង់គ្លេសមួយបន្ទាប់មកទៀត លោក សម រង្សី បាននិយាយជាអាថ៌ថា «ខ្ញុំបាន​សម្រេចចិត្ត​ត្រឡប់​មក​វិញ ដោយសារតែវត្តមានរបស់ខ្ញុំ ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំង នឹងអនុញ្ញាត​ឲ្យពិនិត្យមើល​ពីការពិតនៃ "ការបោះ​ឆ្នោតដោយសេរីនិងយុត្តិធម៌" ដែលត្រូវបានកំណត់ធានាដោយសន្ធិសញ្ញាទីក្រុងប៉ារីស (...)។ ការវិល​ត្រឡប់របស់ខ្ញុំ នឹងជាឱកាសមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ សម្រាប់អភិវឌ្ឍនិងរំលឹកពីការតព្វកិច្ចនៃអ្នករាល់គ្នា រួមមាន​ប្រជាជនកម្ពុជា និងមិត្តភក្ដិរបស់ប្រទេសកម្ពុជានោះផង។»

តើការត្រៀមចូលមកក្នុងស្រុកនេះ លោក សម រង្សី មាន«ខែល»​ការពារខ្លួនមែនទេ បើការនិរទេសខ្លួនរបស់លោក ចាប់​តាំង​ពីឆ្នាំ២០០៩មកនោះ គឺដើម្បីតែគេចចេញ ពីការចាប់ចង់នៃរដ្ឋបាលរបស់លោកហ៊ុន សែន នោះ? ភាសារអ្នកនយោបាយ និយាយថា«ស៊ូស្លាប់» តែបើស្លាប់ទាំង«ខ្លៅ» ក៏មិនជាមានប្រយោជន៍អ្វីនោះដែរ។ ដូច្នេះលោកប្រាកដជាមាន​ក្រឡា«អុក»​ណាមួយ ច្បាស់ជាងមុន ឬចំណេញជាមុន ដើម្បីយកមកប្រើប្រាស់ ដើម្បីលេងជាមួយលោក ហ៊ុន សែន ជាក់ជាមិនខាន។ រួចចុះខាងលោក ហ៊ុន សែនវិញ?

ប្រាកដណាស់លោក សម រង្សី មានជំនឿជឿជាក់ក្នុងចិត្តយ៉ាងច្បាស់ណាស់ថា សម្លេងរបស់លោកក្នុងនាមជាមេបក្ស​ប្រឆាំង នៅតែមានសន្ទុះខ្លាំងក្លា និងអាចខ្លាំងក្លាជាងពេលមុនៗនោះផង។ បើយើងគ្រាន់តែក្រឡេកមើលទំព័រផ្លូវការ​របស់​លោក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលទើបនឹងបើកនៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៣នេះប៉ុណ្ណោះ លោកទទួល​បាន​នៅថ្ងៃនេះ អ្នកចូលទៅចុច«ស្រឡាញ់ចូលចិត្ត» បានចំនួនច្រើនជាង១១៨ពាន់នាក់ ដែលជាចំនួនមួយប្រហាក់ប្រហែល នឹងទំព័រផ្លូវការរបស់មេដឹកនាំនយោបាយធំៗមួយចំនួន នៅតាមបស្ចឹមលោកដែរ។

មួយវិញទៀត បើយើងងាកមកមើល​សភាពជាក់ស្ដែងឯណេះវិញ យុវជននិងអ្នកគាំទ្ររាប់សិបពាន់នាក់ និងកាន់តែមាន​ចំនួនច្រើនឡើងៗ បានបង្ហាញសេចក្ដីក្លាហាន នាំគ្នាចុះតាមដងផ្លូវ ដើម្បីចូលរួមដង្ហែជាមួយនឹង ការឃោសនារបស់​គណបក្សប្រឆាំង។ អ្នកគាំទ្ររាប់សិបនាក់ទាំងនោះ គ្មាននរណាម្នាក់គិតដល់ ថាតើទោសទណ្ឌរបស់លោក សម រង្សី សម​ប្រកបដោយគតិយុត្តិ កាត់ក្ដីដោយប្រព័ន្ធយុត្តិធម៌ខ្មែរនោះឡើយ។

មេដឹកនាំប្រទេសធំៗ ដូចយ៉ាងអាមេរិក និងបារាំងសុទ្ធ​តែធ្លាប់លើកករណីមេបក្សប្រឆាំង មកនិយាយជាមួយលោកហ៊ុន សែន។ មួយវិញទៀត ទន្ទឹមនឹងការសម្រេចចិត្តនេះ លោក សម រង្សី ក៏បានផ្ញើរសារទៅប្រទេស​ម្ចាស់ហត្ថលេខីនៃកិច្ច​ព្រម​ព្រៀងទីក្រុងប៉ារីសទាំងអស់ ពីដំណឹងនៃការវិលចូលស្រុករបស់លោកដែរ។ ដូច្នេះលោក សម រង្សី ដែលគេធ្លាប់តែរិះគន់ ថាលោកមានចិត្តមិន«សឿង» មិនហ៊ានប្រឈមមុខ ដូចយ៉ាងលោក ម៉ម សូណង់ដូ ទល់នឹងការផ្ដន្ទាទោសរបស់តុលាការ​ខ្មែរនោះ នៅវេលានេះ លោកប្រហែលជាចង់លប់បំបាត់ពាក្យរិះគន់ទាំងនេះចោលចេញ ហើយឈានជំហានទៅមុខ​ដើម្បី​ក្លាយជាវីរបុរសវិញម្ដង។

និយាយឲ្យខ្លី ក្រឡាអុក ដែលលោក សម រង្សី ត្រូវដើរនៅពេលនេះ មានតែ«ចំណេញ» បើទោះបី​លោកត្រូវធ្វើ​ពលិកម្ម​ខ្លះ​ក៏ដោយ។ នៅក្នុងសារមួយទៀតកាលពីថ្ងៃទី១០ខែកក្កដា លោក សម រង្សីថែមទាំងបញ្ឈឺរដ្ឋាភិបាលលោក ហ៊ុន សែន មួយ​ក្បាច់ទៀត ដោយនិយាយថា «មិនចាំបាច់ចាប់ខ្ញុំទេ ខ្ញុំសុខចិត្តដើរចូលក្នុងកន្លែងឃុំឃាំងត្រូវកំណត់ ខ្ញុំនឹង​ដើរចូលដោយ​ខ្លួនឯង» ព្រោះថាបើរដ្ឋាភិបាល ចាប់ខ្លួនលោកឃុំមែននោះ វានឹងកាន់តែធ្វើឲ្យរូបលោកមាន​ប្រជាប្រិយភាព​កាន់តែខ្ពស់​ថែមទៀត ទាំងនៅក្នុងប្រទេស និងនៅអន្តរជាតិ។ ក្នុងជំហានដើរលើកនេះ លោក សម រង្សី ទំនងជាបានរៀបក្រឡា«អុក» វាយលុក ច្រើនជាទប់ទល់ ព្រោះ​លោកដូចជាបានត្រៀមរួចអស់ហើយ នូវយុទ្ធសាស្ត្រការទូត និងយុទ្ធសាស្ត្រមហាជន។

តែផ្ទុយទៅវិញ អ្នកដែលខាតនោះ គឺរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឯណេះទៅវិញទេ។ នៅក្នុងជំហាន​ដំបូងភ្លាមៗ រដ្ឋាភិបាលមិនមានជម្រើសអ្វី ក្រៅតែពីប្រកាសអនុវត្តន៍«ច្បាប់»តាមបែប«និតិរដ្ឋ» ចាប់ខ្លួនលោក សម រង្សី តាមដីការរបស់តុលាការនោះឡើយ។ តុលាការកម្ពុជាដែលនរណាៗក៏ដឹងថា មានភាពលំអៀង និងរងឥទ្ធិពល​នយោបាយ​នោះ។ នៅក្នុងករណីនេះ រដ្ឋាភិបាលលោកហ៊ុន សែន បានទុកប្រឡោះក្រឡា«អុក»មួយយ៉ាងធំ សម្រាប់គូរប្រជែង​របស់​ខ្លួន ព្រោះមិនបានស្នើទៅនគរបាលអន្តរជាតិ (Interpol) អោយធ្វើការចាប់ឃាត់ខ្លួនលោក សម រង្សីនៅបរទេស។ ប៉ុន្តែ​មិនមែនជាការទុកប្រឡោះ ដើម្បីឲ្យគូរប្រជែងមានឱកាសវាយបកវិញនោះទេ តែរាល់ទឡ្ហីករណ៍ដែលយកមក​ដាក់​បន្ទុក​លើលោក សម រង្សី ដោយតុលាការខ្មែរ មិនអាចយកមកធ្វើជាសំអាងជាសំនុំរឿង«ព្រហ្មទណ្ឌ» នៅក្នុងប្រព័ន្ធ​ចាប់ចង​នៅ​ឯបរទេសបានឡើយ ជាពិសេសក្នុងករណីដែលភាគីម្ខាងចោទថាជាករណីនយោបាយ។

ចំពោះការឃាត់ខ្លួនលោក សម រង្សី រដ្ឋាភិបាលនឹងត្រូវប្រឈមនូវប្រតិកម្ម​ ពីគ្រប់ទិសទីក្នុងពិភពលោក និងជាពិសេស​ពី​ប្រជាពលរដ្ឋអ្នកគាំទ្រលោក សម រង្សី នោះផង។ បន្ថែមពីលើនេះ ការឃាត់ខ្លួននេះ នឹងអនុញ្ញាតគេមើលឃើញពី​ការ​បោះ​ឆ្នោតមួយ ដែលមានការរិតត្បិត មិនសេរី និងគ្មានការប្រកួតដោយស្មើភាព។ បន្ទាប់មក គណបក្សប្រឆាំង​និងអន្តរជាតិ​ដែលឈឺឆ្អាលជាមួយកម្ពុជា នឹងអាច​មានអំណះអំណាង គ្រប់គ្រាន់និងជាស្វ័យប្រវត្តិ ដើម្បីបដិសេធចោលលទ្ធផល​នៃ​ការបោះឆ្នោត ឬអាចសុំពន្យាពេល​នៃការ​បោះឆ្នោត។​​ ដូច្នេះ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលគេរំពឹងថានឹង​ឈ្នះ​ឆ្នោតនៅអាណត្តិក្រោយនេះទៀត នឹងទទួល​ទានជ័យជំនះនេះមិនឆ្ងាញ់ឡើយ ឬអាចស្លាក់បំពង់ករទៀតផងក៏ថាបាន។

តែសម្រាប់លោក ហ៊ុន សែន ដែលជាអ្នកពូកែដើរក្រឡា«អុក»មួយរូបនោះ លោកមិនងាយនឹងអស់ក្រឡាដើរនោះឡើយ។ ខាងក្រោមនេះ ជាជម្រើសពីរយ៉ាង ដែលគេរំពឹងថា ទំនងជាអាចត្រូវយកមកប្រើ ៖

១- ដកថយកូនអុកតូចមួយ ដើម្បីអុកវាយយកស្ដេច

ក្នុងសេចក្ដីនេះ មានន័យថា ការសម្របសម្រួលណាមួយ នឹងប្រាកដជានឹងត្រូវធ្វើក្នុងពេលដ៏ខ្លីខាងមុខ។ ធ្វើបែបនេះ លោក​ហ៊ុន សែន បានដកមួយជំហានមកក្រោយវិញក៏ពិតមែន តែគណបក្សរបស់លោក នឹងមានការរីកមុខ ហើយការឈ្នះ​ឆ្នោត​ខាងមុខក៏នឹងត្រូវធ្វើដោយសមប្រកបដែរ។ គួបញ្ជាក់ដែរថា កាលពីថ្ងៃទី១០ខែកក្កដានេះ មានមន្ត្រីជាន់​ខ្ពស់​ពីខាង​រដ្ឋាភិបាលមួយរូប បាននិយាយរួចស្រេចហើយ ថាសុំឲ្យលោក សម រង្សី ធ្វើលិខិតសម្របសម្រួលមករដ្ឋាភិបាល។ តែ​យើងនៅមិនទាន់យល់ន័យ ពីលិខិតសម្របសម្រួលនេះ ថាតើជាលិខិតសុំទោសឬយ៉ាងណាទេ។ តែទោះតាមវិធី​ណា​ក៏ដោយ ក៏របៀបនៃការថយកូន«អុក»នោះ សុទ្ធសឹងជាការសម្លឺងទៅមុខយ៉ាងវែងឆ្ងាយ ដើម្បីអុកយកស្ដេច។

២- វាយលុក ក្រឡាថ្មី ឲ្យបានមួយក្រឡាមុន

វិធីសាស្ត្រ «ដើរមួយក្រឡាមុន ឈ្នះ»នេះ ត្រូវបានប្រើជាច្រើនដងរួចមកហើយ ហើយថែមទាំង«រាប់ភ្លេច»ទៀតផង ដើម្បី​ឲ្យលោក ហ៊ុន សែន និងគណបក្សរបស់លោក បានកាន់អំណាចប្រមាណជា ៣០ឆ្នាំមកនេះ។ ក្រឡាថ្មីនោះ អាចជា​ព្រឹត្តិការណ៍មួយថ្មី ផ្ទុយស្រឡះពីករណីវិលចូលស្រុករបស់លោក សម រង្សី ក្នុងគោលបំណង​បង្វែការចាប់អារម្មណ៍​របស់​សាធារណជន តែនឹងដាក់បន្ទុកទៅលើក្រុមប្រឆាំង ឬមេដឹកនាំក្រុមប្រឆាំងនោះតែម្ដង។ គ្រាន់តែព្រឹត្តិការណ៍នោះ គេនៅ​មិនទាន់ដឹងថាជាព្រឹត្តិការណ៍អ្វី ក្រោមរូបភាពបែបណា ឬយ៉ាងដូចម្ដេចនោះប៉ុណ្ណោះ។

ជាបន្តទៅទៀតនេះ យើងនឹងចាំមើល ថាតើរវាងក្រុមទាំងពីរ តើក្រុមណានឹងដើរក្រឡាអុកនេះទៅណា របៀបម៉េច? ប៉ុន្តែ​ទោះ​ជាតាមក្រឡា​ណា​ក៏ដោយចុះ វាសុទ្ធតែជាការប្រមើលមើល ដែលចេញពីបទពិសោធន៍រាប់សិបឆ្នាំ របស់អ្នក​នយោបាយ​ទាំងនេះ ដែលគួរ​តែ​ចាស់ចិត្តចាស់គំនិត ក្នុងការគិតពីប្រយោជន៍ជាតិ និងប្រជាជនខ្លួនជាធំ។ ក្រឡាអុកមួយ​ដែលល្អ គឺជា​ការប្រជែងគ្នា​ដោយ​ស្មើភាព និងត្រូវចេះគិតពីផលវិបាកដែលនឹងអាចកើតមាន នៅក្រោយពេលលើកកូន​អុកដើរម្ដងៗ។ គេគួរចាំដែរថា ការ​លេង«អុក» មិនប្រាកដថានឹងត្រូវតែមានអ្នកឈ្នះ ឬអ្នកចាញ់រាល់លើកនោះទេ តែដំណាក់​កាលស្មើ ហើយសប្បាយ​ចិត្ត​ទាំងអស់គ្នា ក៏ជាដំណោះស្រាយល្អមួយដែរ នៅក្នុងកិច្ចការនយោបាយជាតិ៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments