គ្រូបង្វឹក​កូរ៉េខាងត្បូង​លា​លែង​ពី​ដំណែង បន្ទាប់​ពី​ជួយ​ក្រុម​ឲ្យ​ជាប់​ទៅ​ប្រេស៊ីល

សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង បានយល់ព្រមឲ្យលោកឆយ កាំងហ៊ី (Choi Kang-hee) ចាកចេញពីដំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិហើយ ហើយក៏កំពុងតែស្វែងរកបេក្ខភាពរូបណាមួយ ដើម្បីមកដឹកនាំក្រុមជំនួសឆ្ពោះទៅប្រកួត បាល់ទាត់​ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលនាឆ្នាំក្រោយដែរ។

សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង បានយល់ព្រមឲ្យលោកឆយ កាំងហ៊ី (Choi Kang-hee) ចាកចេញពីដំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិហើយ ហើយក៏កំពុងតែស្វែងរកបេក្ខភាពរូបណាមួយ ដើម្បីមកដឹកនាំក្រុមជំនួសឆ្ពោះទៅប្រកួត បាល់ទាត់​ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលនាឆ្នាំក្រោយដែរ។


លោកឆយ កាំងហ៊ី ធ្វើសន្និសិតកាសែត ប្រកាសចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានឡើងទៅលេងបាល់ទាត់ពិភពលោកវគ្គ៣២ក្រុមផ្តាច់ព្រ័ត្រ ជាលើកទី៨ហើយ បន្ទាប់ពី​ទទួលបានចំណាត់លេខ២ ក្នុងពូលអេ (A) ក្នុងការប្រកួតជម្រុះបាល់ទាត់តំបន់អាស៊ី។ ប៉ុន្តែបានត្រឹមតែឈ្នះគ្រាប់​ទាត់​បញ្ចូលទីចំនួន១គ្រាប់តែប៉ុណ្ណោះ បន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ៏។

លោកកាំងហ៊ី បានចូលដឹកនាំក្រុមកូរ៉េខាងត្បូង កាលពីខែធ្នូរ ឆ្នាំ២០១១ ហើយគាត់និយាយថាគោលបំណងរបស់គាត់ គ្រាន់តែចង់ជួយឲ្យក្រុមបានឡើង ទៅលេងនៅប្រេស៊ីលតែប៉ុណ្ណោះ ហើយបន្ទាប់មកគាត់នឹងចាកចេញ។

សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង ក៏បានសួរនាំគាត់ ឲ្យធ្វើការពិចារណាម្តងទៀតជាថ្មីដែរ ប៉ុន្តែគាត់នៅតែចង់ចេកចេញ។ ក្រោមការដឹកនាំរបស់គាត់ ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៤នេះ កូរ៉េខាងត្បូងចាញ់ក្រុមអ៊ីរ៉ង់​ទាំង២​លើក, ស្មើជាមួយក្រុមលីបាណន់ និងឈ្នះលើក្រុមកាតា និងក្រុមអ៊ុយបេហ្គីស្ថាន។

សេចក្តីថ្លែងការណ៏របស់សហព័ន្ធបាល់ទាត់ កូរ៉េខាងត្បូង បានថ្លែងថា «សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង បានសម្រេច​យល់ព្រម ឲ្យលោកកាំងហ៊ី ចាកចេញពីដំណែង ជាគ្រូបង្វឹកក្រុមជម្រើសជាតិ នៅពេលដែលកិច្ចសន្យារបស់គាត់បញ្ចប់ បន្ទាប់ពីគាត់បានជួយក្រុមឲ្យទទួលបានកៅអី ទៅកាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៤ ចប់សព្វគ្រប់។ យើងសូមអរគុណ​ដល់រូបគាត់ និងសូមជូនពរឲ្យគាត់ទទួលបាន ភាពជោគជ័យគ្រប់បែបយ៉ាង។»

កាសែតក្នុងស្រុកប្រទេសកូរ៉េជាច្រើន បានបង្ហាញថា លោកហុង មីយ៉ុងបូ (Hong Myong-bo) ដែលជាវីរបុរសរបស់កូរ៉េ នឹងអាចជាបេក្ខភាពដ៏សាកសមបំផុត ដែលត្រូវមកជំនួសដំណែងគ្រូបង្វឹកនេះ។

លោកមីយ៉ុងបូ ធ្លាប់ដឹកនាំក្រុមអូឡាំពិក ទទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួតនៅទីក្រុងឡុងដ៏ កាលពីឆ្នាំមុន ហើយគាត់​ក៏ធ្លាប់ជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងបានជួយឲ្យកូរ៉េទទួលបានចំណាត់ថ្នាក់លេខ៤ កាលពីការប្រកួត​បាល់​ទាត់ពិភពលោកឆ្នាំ២០០២ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក ហ្គឺស ហីឌឌីង (Guus Hiddink)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments