កម្ពុជា-​កំពង់ស្ពឺ៖ កម្មករ​ជា​បាតុករ​«រាប់រយ»​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ

ក្រុមសកម្មជននៃសហជីបកម្មករ បានថ្លែងនៅដើមសប្ដាហ៍នេះ ថាកម្មករជាច្រើនរយនាក់ ត្រូវបានបណ្ដេញចេញពីរោងចក្រសាប៊្រីណា (Sabrina) ក្នុងខេត្តកំពង់ស្ពឺ ដែលជារោងចក្រផ្គត់ផ្គង់សម្លៀកបំពាក់កីឡាឲ្យយីហោដ៏ល្បី ណៃគី (Nike) បន្ទាប់ពីពួកគេបានចូលរួមធ្វើបាតុកម្ម ជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែ។

ក្រុមសកម្មជននៃសហជីបកម្មករ បានថ្លែងនៅដើមសប្ដាហ៍នេះ ថាកម្មករជាច្រើនរយនាក់ ត្រូវបានបណ្ដេញចេញពី​រោងចក្រសាប៊្រីណា (Sabrina) ក្នុងខេត្តកំពង់ស្ពឺ ដែលជារោងចក្រផ្គត់ផ្គង់សម្លៀកបំពាក់កីឡាឲ្យយីហោដ៏ល្បី ណៃគី (Nike) បន្ទាប់ពីពួកគេបានចូលរួមធ្វើបាតុកម្ម ជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែ។


កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។

សកម្មជនមួយរូប និងជាអគ្គហិរញ្ញិកនៃសហជីបសេរីកម្មករ លោក ម៉ាន់ សេងហាក់ បានថ្លែងថា «ពួកគេត្រូវបានបង្ខំឲ្យ​លា​ឈប់ ពីការងារ ទាំងគ្មានសំណងអ្វីទាំងអស់។ អំពើនេះ ខុសច្បាប់ទាំងស្រុង។» លោកបានបញ្ជាក់ថា ករណីនេះ បានប៉ះ​ពាល់ទៅដល់«កម្មករប្រមាណជា៣០០នាក់»។ លោកបានចាត់ទុកថា«ជាការគម្រាមមួយ ដើម្បីកុំឲ្យកម្មករធ្វើបាតុកម្ម និងកូដកម្មអ្វីទៀត»។

ភាគីខាងរោងចក្រ មិនបានធ្វើអត្ថាធិប្បាយ ជុំវិញបញ្ហាបញ្ឈប់នេះទេ។

ការនាំចេញក្នុងវិស័យវាយនភ័ណ្ឌនៅកម្ពុជា ដែលជាវិស័យដ៏សំខាន់មួយ បានរកចំណូលឲ្យប្រទេសនេះ ប្រមាណជា ៤,៦ពាន់លានដុល្លា ក្នុងឆ្នាំកន្លងទៅ និងបានផ្ដល់ការងារទៅឲ្យពលករកម្ពុជាប្រមាណជា ៦៥០ពាន់នាក់។

ប៉ុន្តែការក្អួតចង្អោរ និងការដួលសន្លប់ នៃកម្មករជាច្រើនរយនាក់ តាំងពីជាង២ឆ្នាំកន្លងទៅ បានធ្វើឲ្យគេចាប់អារម្មណ៍ពី ការទទួលទានអាហារមិនគ្រប់គ្រាន់ ភាពតឹងតែង និងទីកន្លែងធ្វើការមិនមានខ្យល់អាកាសល្អប្រសើរ។

ចលនាងើបឡើងតវ៉ា របស់បណ្ដាសហជីបកម្មករទាំងឡាយ បានកើតឡើងជាបន្តបន្ទាប់ ហើយជារឿយៗ ត្រូវបានបង្ក្រាប​ដោយអាជ្ញាធរ យ៉ាងហឹង្សា។ នៅក្នុងព្រឹត្តិការណ៍នៃការងើបឡើងតវ៉ារបស់កម្មករ នៅក្នុងរោងចក្រសាប្រ៊ីណានេះ តាំងពី​ចុងខែឧសភាកន្លងមក កងកម្លាំងនគរបាលបានប្រើប្រាស់កម្លាំង ដើម្បីបំបែកបាតុកម្មទាំងនោះ ហើយបានបណ្ដាល​ឲ្យ​កម្មករយ៉ាងតិច១០នាក់រងរបួស ក្នុងនោះមានម្នាក់ បានរងគ្រោះរហូតដល់រលូតកូននៅក្នុងផ្ទៃ។

សកម្មជនការពារសិទ្ធិកម្មករ ដែលតាមឃ្លាំមើលការទាមទារនោះ បានសម្ដែងការព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជា​ព្យាយាម​បំបិតមាត់ ការងើបឡើងតវ៉ាទាំងនេះ ហើយមិនចង់ឲ្យមានសភាពការណ៍តឹងតែង កើតមានឡើង នៅមុនការ​បោះឆ្នោត​សកល ថ្ងៃទី២៨ខែកក្កដាខាងមុខ ដែលគេគិតថា ជ័យជំនះនឹងប្រាកដជាធ្លាក់ទៅលោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា កាន់អំណាចតាំងពីឆ្នាំ១៩៨៥៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments