កម្ពុជា​មាន​ពិន្ទុ​ល្អ ខាង​សេរីភាព​ជំនឿ​សាសនា ក្នុង​របាយការណ៍​អាមេរិក

«គ្មាន​ការ​រាយការណ៍​ ស្តីពី​ការ​បំពាន​លើ​ សេរីភាព​សាសនា​ទេ​» នេះជាសេចក្ដីអត្ថាធិប្បាយមួយឃ្លា នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ២០១២ របស់ក្រសួងការបរទេសអាមរិក ស្ដីពីសេរីភាពជំនឿសាសនានៅកម្ពុជា ដែលទំនងជាបានបង្ហាញ​ពីពិន្ទុ​ដ៏ល្អមួយ ទៅឲ្យប្រទេសនេះ។

«គ្មាន​ការ​រាយការណ៍​ ស្តីពី​ការ​បំពាន​លើ​ សេរីភាព​សាសនា​ទេ​» នេះជាសេចក្ដីអត្ថាធិប្បាយមួយឃ្លា នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ២០១២ របស់ក្រសួងការបរទេសអាមរិក ស្ដីពីសេរីភាពជំនឿសាសនានៅកម្ពុជា ដែលទំនងជាបានបង្ហាញ​ពីពិន្ទុ​ដ៏ល្អមួយ ទៅឲ្យប្រទេសនេះ។


វត្តវិហារសួគ៌ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

របាយការណ៍ខ្លីមួយ ដែលនិយាយសង្ខេបពីសិទ្ធិសេរីភាពខាងជំនឿសាសនា​ខាងសាសនា ត្រូវបានក្រសួងការបរទេស​អាមេរិក ចេញផ្សាយនៅថ្ងៃច័ន្ទទី២០ខែឧសភាកន្លងទៅ និងត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បកប្រែជា​ខេមរភាសា ដាក់នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃសៅរ៍នេះ។ របាយការណ៍បានបង្ហាញតួលេខថា អ្នក​កាន់​សាសនា​ឥស្លាមមាន​ប្រមាណ ២,៤​% នៃ​ប្រជាជន​ទាំងអស់ ដែល​ភាគ​ច្រើន​លើស​លុប​គឺ​ជាជនជាតិ​ចាម។ ប្រជាជន​​ចំនួន ១,៦% ទៀត​គឺ​ជា​ក្រុម Baha'i Faith ជ្វីហ្វ និង​វៀតណាម​អ្នក​កាន់​សាសនា Cao Dai ឬ​ក្រុម​អ្នក​កាន់​សាសនា​គ្រឹះ​និកាយ​ផ្សេង​ៗ​។

របាយការណ៍មានសរសេរជាអាថ៌ថា «រដ្ឋធម្មនុញ្ញ ច្បាប់​ដទៃ​ទៀត និង​គោលនយោបាយ​នានា​ការពារ​សេរីភាព​សាសនា​» និងបានបញ្ជាក់ថា «រដ្ឋាភិបាល​លើក​កំពស់​ថ្ងៃ​បុណ្យ​តាម​ព្រះពុទ្ធ​សាសនា ផ្តល់​ការ​បណ្តុះបណ្តាល និង​ការ​អប់រំ​តាម​ព្រះពុទ្ធសាសនា​ដល់​ព្រះសង្ឃ និង​អ្នក​ដទៃ​ទៀត»។

បើតាមរបាយការណ៍នេះ ប្រទេសកម្ពុជាមិនមានបញ្ហាសេរីភាព ខាងជំនឿសាសនាទេ ហើយថាប្រជាពលរដ្ឋគ្រប់រូប​មានសិទ្ធិ នឹងជ្រើសរើសសាសនាដែលខ្លួនចង់ប្រតិបត្តិ បើទោះជាពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ តែមួយគត់ក៏ដោយ។ រាល់បំណងចង់សាងសង់កន្លែងគោរពបូជា ឬធ្វើសកម្មភាព​ផ្សេង​ៗ​ផ្នែក​សាសនា គេគ្រាន់តែដាក់​ពាក្យ​សុំ​ ទៅ​ក្រសួង​ធម្មការនិង​សាសនា ទៅតាមច្បាប់កំណត់ប៉ុណ្ណោះ។

ចំពោះសាសនាដទៃ រដ្ឋាភិបាលបានកំណត់បទបញ្ជា​ ​អោយ​ក្រុម​សាសនា​នានា​កុំ​ធ្វើការរិះគន់​គ្នា​ដោយ​បើកចំហ ហើយ​បទបញ្ញាតិ​នេះ​ កំរ​ត្រូវ​បាន​គេ​​បំពាន​ណាស់​។ របាយការណ៍បានអះអាងថា អ្នក​កាន់​សាសនា​ឥស្លាមខ្លះ​​ (ចាម) មាន​សមាហរណកម្ម​ល្អ​ក្នុង​សង្គម ដោយ​មាន​មុខ​តំណែង​ធំ​ៗ​ក្នុង​មុខ​ជំនួញ និង​រដ្ឋាភិបាល​ បើទោះជាការ​សិក្សា​អង្កេតមួយបាន​បង្ហាញ​អោយ​ឃើញ​ថា ពួកគេ​នៅ​តែ​យល់​ថា​មាន​ឧបសគ្គ​ផ្នែក​ស្ថាប័ន និង​វប្បធម៌​ដល់​សមាហរណកម្ម​ពេញលេញ​ ក្នុង​សង្គមនោះក៏ដោយ​។

អ្នកវិភាគតាមដានស្ថានការណ៍ក្នុងប្រទេសកម្ពុជា បានធ្វើការវាយតម្លៃថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិក មិនបានស៊ីជម្រៅ ទៅលើទិដ្ឋភាពសង្គមនិងនយោបាយ នៅកម្ពុជានោះឡើយ។ ក្នុងបទសម្ភាសខ្លីមួយ ជាមួយ​មនោរម្យព័ងអាំងហ្វូ  មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត បានយល់ស្រប​តាម​របាយការណ៍នេះ ទាក់ទងនឹងជំនឿ ដោយយោងទៅតាមគោលការណ៍ច្បាប់។ ប៉ុន្តែការអនុវត្តន៍ពិតប្រាកដ មិនដូច​ទៅ​នឹងរបាយការណ៍នោះទាំងស្រុងទេ ដោយសារមានការរិតត្បិត ខាងសិទ្ធិសេរីភាពទៅលើព្រះសង្ឃកម្ពុជា ដែលបាន​និមន្តទៅចូលរួមក្នុងសកម្មភាពសង្គម គាំទ្រសហគមន៍ ឬចូលរួមជាមួយគណបក្សនយោបាយនោះជាដើម។

ព្រះភិក្ខុ លួន សាវ៉ាត ដែលល្បីថាជាសង្ឃនាំមុខគេ ក្នុងការចូលរួមធ្វើកិច្ចការសង្គមនោះ បានមានសង្ឃដីការថា  គេត្រូវ​បែងចែកដោយឡែកពីគ្នា រវាងសេរីភាព​នៃ​ជំនឿ និងសេរីភាពនៃកិច្ចការសាសនា។ ព្រះតេជគុណយល់ស្របថា សេរីភាព​នៃជំនឿ មិនត្រូវបានគេរឹតត្បិត ឬរងការ​គម្រាមកំហែងអ្វីទេ និងថែមទាំងមានយ៉ាងទូលំទូលាយនោះទៀតផង បើទោះជា​មានមន្ត្រីមួយចំនួន បានឆ្លៀតឱកាសប្រព្រឹត្តិអំពើពុករលួយ តាមរយៈ​ការដាក់ពាក្សស្នើសុំ ដើម្បីរត់ការអ្វីមួយ ពីក្រុមអ្នក​មានជំនឿសាសនានោះក៏ដោយ។ តែផ្ទុយ​ទៅវិញ សេរីភាពនៃកិច្ចការសាសនា ដែល​ព្រះសង្ឃត្រូវមានតួនាទីយ៉ាងសកម្ម​នៅក្នុងសង្គម បែជាត្រូវរងនូវការរឹតត្បិត និងមានការលូកដៃកកូកកាយ ពីសំណាក់​សម្ដេចសង្ឃ ក្រសួងធម្មការ ជាពិសេស​ពីសំណាក់រដ្ឋាភិបាលនេះតែម្ដង៕

----------------------------------------------------
ដោយ៖ ដ. កែវ - ប៉ារីស ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments