សម រង្ស៊ី ថា​លោក​ត្រូវ ហ៊ុន សែន ជួល​ឃាតករ​បរទេស​តាម​សម្លាប់

ជាដំណឹងដែលត្រូវបានទម្លាយឲ្យដឹង ពីសំណាក់លោក សម រង្ស៊ី ផ្ទាល់ខ្លួនឯង។ មេដឹកនាំប្រឆាំង បានអះអាងថា លោក ហ៊ុន សែន កំពុងជួលឃាតករបរទេស ឲ្យប៉ុនប៉ងសម្លាប់រូបលោក នៅក្នុងប្រទេសបារាំង។
សម រង្ស៊ី ថា​លោក​ត្រូវ ហ៊ុន សែន ជួល​ឃាតករ​បរទេស​តាម​សម្លាប់
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 10, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ដោយសារតែ សម រង្ស៊ី ជាបន្លាធំជាងគេ ក្នុងភ្នែកគាត់ ហ៊ុន សែន កំពុងជួលឃាតករបរទេស ឲ្យប៉ុនប៉ងសម្លាប់ សម រង្ស៊ី នៅប្រទេសបារាំង» នេះ ជាការលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើល របស់លោក សម រង្ស៊ី នៅក្នុងអត្ថបទបង្ហោះនៅលើបណ្ដាញសង្គម ដែលមេដឹកនាំប្រឆាំងរូបនេះហៅថា ជា«ដំណឹងខ្លីៗ»។

ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេសកម្ពុជា ដើម្បីបញ្ជៀសពីការចាប់ខ្លួន ដោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន នោះ បានពន្យល់នៅក្នុងអត្ថបទបង្ហោះនោះថា៖ «កាលពី ៤-៥ ខែមុន ហ៊ុន សែន បាននិយាយជាសាធារណៈថា គាត់នឹងបញ្ជូនភ្នាក់ងារសម្ងាត់របស់គាត់ ឲ្យទៅចាប់ សម រង្ស៊ី នៅឯបរទេស ហើយបញ្ជូន សម រង្ស៊ី ទាំងបង្ខំ និងទាំងលួចលាក់ ទៅប្រទេសកម្ពុជា។ តែឥឡូវនេះ ដោយសារតែគាត់ ជួបភាពទាល់ច្រកនយោបាយ រកដំណោះស្រាយមិនចេញ ទើប ហ៊ុន សែន សម្រេចជួលឃាតករ ឲ្យសម្លាប់ សម រង្ស៊ី តែម្តង។»។

លោក សម រង្ស៊ី បានបន្តឲ្យដឹងទៀតថា៖ «អាជ្ញាធរបារាំង បានដឹងពីគម្រោងដើមរបស់ ហ៊ុន សែន ដែលចង់លួចចាប់ សម រង្ស៊ី លើទឹកដីបារាំង ហើយច្បាស់ជាបានព្រមាន ហ៊ុន សែន កុំឲ្យគាត់ប៉ុនប៉ង អនុវត្តគម្រោងបែបហ្នឹង ពីព្រោះខ្លួនគាត់ ក៏មិនរួចខ្លួនដែរ»។

រហូតមកដល់ពេលនេះ មិនមានប្រភពណាផ្សេង អះអាងដូចគ្នា ឬអះអាងពាក់ព័ន្ធ នឹងការលើកឡើងខាងលើ របស់មេដឹកនាំប្រឆាំងដ៏លេចធ្លោ របស់ប្រទេសកម្ពុជានោះទេ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងព្យាយាមស្វែងរកព័ត៌មានបន្ថែមទៀត ជាពិសេសពីសំណាក់អាជ្ញាធរបារាំង ហើយនឹងចេញផ្សាយព័ត៌មានថ្មីនោះ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។

ការព្រមានប្រើភ្នាក់ងារចារកម្ម ឬគិញសម្ងាត់ ឲ្យតាមចាប់ខ្លួនលោក សម រង្ស៊ី ពីសំណាក់លោក ហ៊ុន សែន ត្រូវបានធ្វើឡើងចំនួនពីរដង៖ ម្ដងមុន នៅក្នុង​ខែវិច្ឆិកា ឆ្នាំទៅម៉ិញ និងម្ដងទៀត នៅដើមខែកុម្ភៈ កន្លងទៅនេះ។ ប៉ុន្តែការព្រមាននោះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា អាចធ្វើទៅបាន តែក្នុងករណីលោក សម រង្ស៊ី មានវត្តមានលើទឹកដីអាស៊ីប៉ុណ្ណោះ។

ដូចក្នុងការថ្លែងរបស់លោក ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំទៅម៉ិញដូច្នេះថា៖ «​អ្នក​ឯង​មិន​រួច​ខ្លួន​ទេ។ ហើយ​សុំ​ កុំ​មក​ក្បែរ​ប្រទេស​អាស៊ី​ខ្លាំង​ពេក​ កុំ​ភ្លេច​ឲ្យ​សោះ ​ថា​អ្នក​ឯង​មក​... ធម្មតា​ការ​បញ្ជូន​ចារកម្ម​ចេញ​ ដើម្បី​ចាប់​ខ្លួន​អ្នក​ឯង​ ចាប់​បាន​តើ។ រឿង​អី​ ដែល​អ្នក​ឯង​អំពាវ​នាវ​ឲ្យ​កង​ទ័ព​ ឲ្យ​បែរ​អាវុធ​មក​ប្រឆាំង​រដ្ឋាភិបាល​?»។

នៅពេលនោះ លោក សម រង្ស៊ី បាន​ប្រតិកម្ម​តបវិញថា៖ «លោក ហ៊ុន សែន (...) កំពុងអនុវត្តន៍ តាមបែបរបប​កុម្មុយនីស្ដ​វៀតណាម ដូចក្នុងករណីអ្នកប្រឆាំង​វៀតណាមម្នាក់ ដែលត្រូវបានចាប់ពង្រត់ចេញ ពីប្រទេស​អាល្លឺម៉ង់ កាលពីខែសីហា [ឆ្នាំ២០១៧] ដោយភ្នាក់ងារសម្ងាត់វៀតណាម របស់ក្រុង ហាណូយ។»។

មេដឹកនាំប្រឆាំងដ៏លេខធ្លោ របស់កម្ពុជា នៅបានបង្ហើបទៀតថា៖ «លោក ហ៊ុន សែន នឹងត្រូវប្រឈម​នឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ [ហៅកាត់ជាភាសាអង់គ្លេស ICC និងជាភាសាបារាំង CPI] ប្រសិនជាគាត់ព្យាយាមធ្វើបែបនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...