ហ៊ុន សែន - សម រង្ស៊ី ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ថា​ជា​មេ​ភេវរករ

គូបដិបក្ខនយោបាយធំៗទាំងពីរ នៅកម្ពុជា បានចោទគ្នាទៅវិញទៅមក ថាជាមេភេរវជន ហើយម្នាក់ៗ សុទ្ធតែមានអំណះអំណាងរៀងៗខ្លួន។
ហ៊ុន សែន - សម រង្ស៊ី ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ថា​ជា​មេ​ភេវរករ
ខាងមុខ ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត MONOROOM.info)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 02, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានថ្លែងចោទលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំង ថាជាមេភេវរករ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ ប្រកាសបង្កើតជាផ្លូវការ​ នូវ«ចលនាសង្គ្រោះជាតិ» កាលពីចុងខែកន្លងទៅ។ លោក សម រង្ស៊ី បានប្រតិកម្មតបវិញ ដោយចោទលោកនាយករដ្ឋមន្ត្រីថា ថាគឺលោក ហ៊ុន សែន នេះហើយ ដែលជាភេវរករ ដោយសារតែលោក ហ៊ុន សែន ធ្លាប់មានអតីតភាព ជាកម្មាភិបាលខ្មែរក្រហម។

ការថ្លែងចោទប្រកាន់គ្នា ទៅវិញទៅមករវាងមេដឹកនាំនយោបាយទាំងពីរ បានធ្វើឡើង កាលពីម្សិលម៉ិញ រហូតមកដល់ថ្ងៃនេះ នៅចំពោះព្រឹត្តិការណ៍ក្ដៅៗចុងក្រោយ នៃការបង្កើតចលនាសង្គ្រោះជាតិ ដោយលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស។ ពិធីប្រកាសបង្កើតចលនានេះ ជាផ្លូវការ កាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០១៨ ក្នុងក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានចលនា អមដោយសមាសភាពថ្នាក់ដឹកនាំចលនា មួយចំនួនទៀត។

 

ការប្រកាសបង្កើតចលនាខាងលើ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជាការ«ស្រែកឡូឡា» ដែលអាចនឹងត្រូវលោកបញ្ជា ឲ្យបាញ់កាំជ្រួចហ្វូង «BM - 21» កំទេច ប្រសិនជាចលនាខាងលើ មានវត្តមាននៅកម្ពុជា។ លោកបានហៅលោក សម រង្ស៊ី ដែលជាប្រធានចលនា ថាជាមេភេវវករ ដែលលោកត្រូវតាមចាប់ខ្លួន ឲ្យខាងតែបាន ប្រសិនជាមេដឹកនាំប្រឆាំងរូបនេះ បង្ហាញខ្លួននៅទ្វីបអាស៊ី។

ក្នុងពិធីចែក​សញ្ញាបត្រ ​ដល់​និស្សិត​ជាង​ ២ ​ពាន់​នាក់ និង​សម្ពោធ​អគារ​ទេពកោសល្យ​វិស្វកម្ម​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ កាលពីព្រឹកម្សិលម៉ិញ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «កុំមក[ទ្វីប]អាស៊ីឲ្យសោះ បើអ្នកឯងតាំងខ្លួន ធ្វើជាមេភេវរករហើយ ខ្ញុំនឹងតាមយកអ្នកឯង ឲ្យទាល់តែបាន។ ឥឡូវនេះ គេកំពុងប្រកាសខ្លួនគេ ថាជាមេភេវរករហើយ មិនមែនគ្រាន់តែជាអង្គការក្រៅច្បាប់ [តែ]ជាមេភេវរករតែម្ដង។ សុំអញ្ជើញធ្វើទៅ! ជន​ភេរវករ​ យើង​អាច​សហប្រតិបត្តិការ​ ទៅ​តាម​ចាប់​ខ្លួន ​នៅ​ទីកន្លែង​នេះ​ ឬ​ទីកន្លែង​នោះ​ (...) ខ្ញុំថា មិនចង់បញ្ជូនសារនេះចេញទេ ព្រោះខ្ញុំចង់ឲ្យវាស្ងប់ ឲ្យវាមក តែបើជ្រុលមាត់ហើយ ថាឲ្យវាបណ្ដោយទៅ។»។

តបនឹងការប្រកាសខ្លាំងៗ របស់បុរសខ្លាំងកម្ពុជា លោក សម រង្ស៊ី បានសរសេរប្រតិកម្មវិញ នៅលើបណ្ដាញសង្គមទ្វីសធើរ ក្នុងថ្ងៃដដែល (ម្សិលម៉ិញ) ដោយហៅលោក ហ៊ុន សែន ថាមានផ្នត់គំនិត ជាភេវរករ និងឃាតករ។ លោកបានលើកឡើងថា៖ «លោក ហ៊ុន សែន ធ្លាប់ជាមេទ័ពខ្មែរក្រហម ដូច្នេះគាត់ពិតជាមានផ្នត់គំនិត ជាភេវរករ និងជាឃាតករ ដ៏ជំនាញម្នាក់»។

នៅព្រឹកថ្ងៃនេះ (ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨) លោក សម រង្ស៊ី បានធ្វើអត្ថាធិប្បាយ ដោយផ្ទាល់ម្ដងទៀត ដោយហៅការថ្លែង​របស់លោក ហ៊ុន សែន ថាជា៖ «ការគម្រាមដ៏ព្រៃផ្សៃ និងយង់ឃ្នង របស់មនុស្ស​ដែលអស់សង្ឃឹមម្នាក់»។ 

ការគម្រាម តាម​ចាប់ខ្លួនលោក សម រង្ស៊ី ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា មិនមែនទើបតែធ្វើឡើង ជាលើកទីមួយនោះទេ។ កាលពីចុងខែវិច្ឆិកាកន្លងទៅ លោក ហ៊ុន សែន បានគ​ម្រាមបញ្ចេញក្រុមចារកម្ម ឲ្យទៅតាមចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនជាមេដឹកនាំប្រឆាំង ដ៏សំខាន់រូបនេះ បង្ហាញវត្តមាន នៅក្នុងទ្វីបអាស៊ី។ នៅពេលនោះ លោក សម រង្ស៊ី បានប្រតិកម្មតបវិញថា លោក ហ៊ុន សែន ចង់អនុវត្តតាមរបៀបវៀតណាម ដូចដែលប្រទេស​កុម្មុយនីស្ដ៍មួយនេះ បានចូលមកចាប់ពង្រត់​អ្នកប្រឆាំងម្នាក់ កាលពីអំឡុងខែសីហាកន្លងទៅ នៅក្នុងប្រទេសអាល្លឺម៉ង់។ មេដឹកនាំប្រឆាំង បានព្រមានបន្តថា នឹងយកករណីនេះ ឡើងទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ «ICC»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់