តាត ម៉ារីណា ប្រកាស​សង្គ្រាម​ប្រឆាំង​វីដេអូ ធី សុវណ្ណថា

មិនអាចទ្រាំស្ដាប់ និងទស្សនាវីដេអូណា ដែលមានសម្លេង និងរូបភាព របស់កញ្ញា ធី សុវណ្ណថា ទៀតបានទេ។ នេះ ជាការសម្រេចចិត្តថ្មី របស់អតីត​តារាសំដែងខ្មែរមួយរូប ដែលបានរងគ្រោះ ព្រោះទឹកអាស៊ីតដ៏សាហាវព្រៃផ្សៃ ពីសំណាក់ភរិយាមន្ត្រី​រដ្ឋាភិបាលម្នាក់។
តាត ម៉ារីណា ប្រកាស​សង្គ្រាម​ប្រឆាំង​វីដេអូ ធី សុវណ្ណថា
ពីឆ្វេងទៅស្ដាំ៖ កញ្ញា ធី សុវណ្ណថា និងអ្នកនាង តាត ម៉ារីណា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 03, 2017
  • ប្រធានបទ: តារា-នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនតែវីដេអូផ្ទាល់ របស់កញ្ញា ធី សុវណ្ណថា ទេ តែវីដេអូណាក៏ដោយ ដែលមានសម្លេង និងរូប របស់អតីតតារាហ្វេសប៊ុករូបនេះ នឹងត្រូវអ្នកនាង តាត ម៉ារីណា ប្លុក (Block) ចោល ឲ្យចេញឆ្ងាយ ពីគណនេយ្យហ្វេសប៊ុក ​របស់អ្នកនាង។ នេះ ជាការសម្រេចចិត្ត របស់អតីតតារាសម្ដែងខ្មែររូបនេះ ដែលបានរួចជីវិត យ៉ាងប្រផិតប្រផើយ ពីការវាយប្រហារ ដោយទឹកអាស៊ីត ដ៏សាហាវព្រៃផ្សៃ ពីសំណាក់ភរិយាមន្ត្រីរដ្ឋាភិបាលកម្ពុជាម្នាក់ កាលពីចុងទសវត្សន៍ឆ្នាំ៩០។

អ្នកនាង តាត ម៉ារីណា ដែលមិនដែលទទួលបានយុត្តិធម៌សោះ ពីរឿងឧក្រិដ្ឋខាងលើ បានសរសេរនៅលើបណ្ដាញសង្គម នៅថ្ងៃនេះថា៖ «ចាប់ពីថ្ងៃនេះតទៅ ប្លុកចោល [នូវ]វីដេអូណា [ដែល]មាននាង "Thy Sovantha" !»។ អ្នកនាង បានពន្យល់​ពីជម្រើសរបស់ខ្លួន យ៉ាងខ្លីដូច្នេះថា៖ «ស្តាប់លែងចូល ពាក្យសំដី[របស់]នាងមួយហ្នឹង»។

កញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេស្គាល់ខ្លាំង ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ឆ្នាំ២០១៣នោះ បានប្រកាសក្នុងលិខិតមួយ កាលពីថ្ងៃទី៣១ ខែឧសភា «សុំចូលរួមជីវភាពនយោបាយ» ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅកម្ពុជា តាំងពីជាង៣០ឆ្នាំមកហើយ។ លិខិតស្នើសុំនោះ ត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែមិថុនា មុនមួយថ្ងៃ នៃការចេញឃោសនាដោយផ្ទាល់ ពីសំណាក់លោក ហ៊ុន សែន ប្រធានគណបក្ស ក្នុងថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤នេះ។

» អត្ថបទបន្ថែម៖ ធី សុវណ្ណថា សុំ​​ចូល​​ធ្វើ​​នយោបាយ​​ជាមួយ CPP

សកម្មភាពរបស់អតីតអ្នកគាំទ្រគណបក្សប្រឆាំង នៅក្នុងក្បួនដង្ហែឃោសនា របស់គណបក្សកាន់អំណាច នៅថ្ងៃទី២ ខែមិថុនា ត្រូវបានថត​ផ្តិតជាវីដេអូ ហើយបង្ហោះផ្សាយ នៅតាមទូរទស្សន៍ក្នុងស្រុក និងជាពិសេស នៅតាមបណ្ដាញសង្គម យ៉ាងគគ្រឹកគគ្រេង។ ដោយសារតែហេតុនេះ ទើបអ្នកនាង តាត ម៉ារីណា ដែលរស់នៅឯក្រុង បូស្ដុន សហរដ្ឋអាមេរិក ទំនងជាបានស្ដាប់ និងទស្សនា នូវពាក្យសំដី និងរូបភាព នៃអ្នកគាំទ្រចេញមុខថ្មី របស់គណបក្សប្រជាជនកម្ពុជា ។

ការសម្រេចចិត្ត ​របស់ស្ត្រីរងគ្រោះ​​ព្រោះ​​ទឹកអាស៊ីត​រូបនេះ ត្រូវបាននាង​ខ្លួនឯង​​ពន្យល់បន្ថែម នៅក្នុងផ្នែក​ដាក់មតិ​​យោបល់​​ថា៖ «នាងមួយហ្នឹង (កញ្ញា ធី សុវណ្ណថា) បាននៅផ្ទះ ក និយាយដើមអ្នកផ្ទះ ខ មកនៅផ្ទះ ខ និយាយដើមអ្នកផ្ទះ ក។ ខ្ញុំអត់មានពេល​ស្តាប់នាងហ្នឹងទៀតទេ ព្រោះខ្ញុំមិនចូលចិត្តមនុស្សដូចនាង (...) ឆ្អិនក្បាលឆីក្បាល ឆ្អិនកន្ទុយឆីកន្ទុយ។»។

អ្នកនាង តាត ម៉ារីណា បានសង្កត់ធ្ងន់ថា៖ «ព្រោះតែមានវា (កញ្ញា ធី សុវណ្ណថា) នាំឲ្យខ្មែរ[កាន់តែ]ឈ្លោះគ្នាថែមទៀត»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...