ធី សុវណ្ណថា សុំ​​ចូល​​ធ្វើ​​នយោបាយ​​ជាមួយ CPP

អតីតតារាហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បានប្រកាសនៅថ្ងៃនេះ «សុំចូលរួមជីវភាពនយោបាយ» ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅកម្ពុជា តាំងពីជាង៣០ឆ្នាំមកហើយ។ ជាការប្រកាស ដែលធ្វើឡើង នៅតែ៣ថ្ងៃ មុនការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និងតែ១ថ្ងៃ មុនការចេញឃោសនាបោះឆ្នោត ពីសំណាក់លោក ហ៊ុន សែន ប្រធានគណបក្ស។
ធី សុវណ្ណថា សុំ​​ចូល​​ធ្វើ​​នយោបាយ​​ជាមួយ CPP
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សប្រឆាំង។ (រូបថតលើហ្វេសប៊ុក)

លិខិតស្នើសុំ«ចូលរួមជីវភាពនយោបាយ» ជាមួយគណបក្សកាន់អំណាច បានធ្លាក់មកដល់​ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ តែត្រូវបានម្ចាស់លិខិត ផ្តិតមេដៃកាលពីម្សិលម៉ិញ។ តែបើមើលតាមពេលវេលា វាមិនមែនជារឿងចៃដន្យទេ ដែលលិខិតនេះបានធ្វើឡើង តែប៉ុន្មានថ្ងៃ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃអាទិត្យខាងមុខ ជាពិសេស តែមួយថ្ងៃមុន ការចេញឃោសនាបោះឆ្នោត ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្រៅពីពាក្យពេជន៍ សរសើរពី«ស្ថានភាពពិត នៃប្រទេសកម្ពុជា មានសុខសន្ដិភាព កំណែទម្រង់ល្អ និងមានភាពរីកចម្រើន កាន់តែប្រសើរ ពិសេសគឺគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ» របស់លោក ហ៊ុន សែន នោះ អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ កញ្ញា ធី សុវណ្ណថា នៅឆ្លៀតសរសេរ​លើកឡើង ថាខ្លួនធ្លាប់ទទួលបាន ការបណ្ដុះ​បណ្ដាល​មនោគមវិជ្ជា ចងគំនុំហិង្សា ពីថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​នោះ​ថែម​ទៀត។

អតីតតារាហ្វេសប៊ុក ដែលបន្ទាប់មក​ក្លាយជាប្រធានអង្គការមួយ ឧស្សាហ៍ធ្វើវេទិកា ដើម្បីវាយប្រហារគណបក្សប្រឆាំងនោះ បានសរសេរ​ក្នុងទម្រង់ ជាភាសា​«សោក​ស្ដាយ»​ដូច្នេះថា៖ «នាងខ្ញុំពិតជាមានការសោកស្ដាយណាស់ ចំពោះពាក្យសម្ដីខុសឆ្គងកន្លងមក ដោយនាងខ្ញុំនៅក្មេងគំនិតរាក់ និងមានទទួលការញុះញ៉ង់ បណ្ដុះបណ្ដាលមនោគមវិជ្ជា ចងគំនុំហិង្សា (លាបពណ៌ជនជាតិខ្មែរ ថាជាយួន) ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ នាងខ្ញុំសូមទទួលកំហុស និងសូមអភ័យទោស​ពីសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំ និងសមាជិកអ្នកគាំទ្រទាំងអស់ នៃគណបក្សប្រជាជនកម្ពុជា។»។

«អតីត​ជនបង្កប់ ឬជនលក់ក្បាល»

ជាអតីតសកម្មជនគណបក្សប្រឆាំង បើតាមរូបនាងផ្ទាល់ និងសម្រាប់គណបក្សប្រជាជនកម្ពុជា តែអតីតតារាហ្វេសប៊ុក ត្រូវបានក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចាត់ទុកជា«អតីត​ជនបង្កប់» និងរហូតដល់កម្រិត ជា«ជនលក់ក្បាល» ដើម្បីលាភសង្ការៈនោះផងទៀត។

បើគេរំលឹកមកវិញត្រួសៗ ពីរឿងរ៉ាវកន្លងមក គេត្រូវត្រឡប់ ទៅដើមឆ្នាំ២០១៦ វិញ គឺនៅបន្ទាប់ពីតារា​ហ្វេសប៊ុក​រូប​នេះ បានយកទំព័រហ្វេសប៊ុករបស់នាង មក​បង្ហោះផ្សាយសារប្រតិកម្ម តបទៅនឹងការបញ្ចេញឈ្មោះនាង នៅ​ក្នុង​កិច្ច​សន្ទនា​បែក​ធ្លាយ​មួយ ដែលត្រូវគេចាត់ទុក ថាជាជជែកតាមទូរស័ព្ទ រវាងលោក កឹម សុខា (អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនោះ) និងស្ត្រីជាងធ្វើសក់ម្នាក់។ បើទោះជា រូបនាងមានសិទ្ធិតវ៉ា នៅក្នុងរង្វង់គណបក្ស តាមយន្ដការ​គណបក្ស ដោយ​សារ​នាង​ជា​សកម្មជនចេញមុខ របស់គណបក្សនោះក៏ដោយ តែកញ្ញា ធី សុវណ្ណថា មិន​បាន​​ជ្រើស​រើស​​ផ្លូវ​តវ៉ា ​របៀប​នេះ​ទេ។

ផ្ទុយទៅវិញ នាងបានជ្រើសរើសការតវ៉ា តាមផ្លូវតុលាការ ដែលធ្វើឲ្យរឿងរ៉ាវ នៃការបែកធ្លាយ​កិច្ច​សន្ទនា ជា​លក្ខណៈ​ឯកជននោះ រីករាលដាល​កាន់តែធំ​ឡើង។ មនុស្ស​ជាច្រើននាក់ ដែលមាននិន្នាការ មិន​ស្រប​នឹង​រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ត្រូវ​បានចាប់ខ្លួន យកទៅដាក់​ឃុំ ហើយ​លោក កឹម សុខា ខ្លួនលោក បានបង្ខាំងខ្លួនឯង នៅក្នុង​ទីស្នាក់ការ​​គណបក្ស អស់រយៈពេលជាច្រើនខែ ដោយរងឥទ្ធិពល ពីពាក្យបណ្ដឹងទាំងនោះ។ ប៉ុណ្ណឹង​ហើយ តារា​​ហ្វេសប៊ុក​រូបនេះ នៅបានទាមទារបន្តទៀត ធ្វើយ៉ាងណាឲ្យ​មាន​ការ​ប្ដូរ​​លោក កឹម សុខា ចេញពីការ​ដឹកនាំ​​របស់​គណបក្ស ខណៈលោក សម រង្ស៊ី (ពេលនោះ ជាប្រធាន​គណបក្សសង្គ្រោះជាតិ) កំពុង​និរទេស​ខ្លួន​​នៅ​​ឯ​​ក្រៅ​​ប្រទេស។

ការដាក់ពាក្យបណ្ដឹង ឬការទាមទារទាំងអស់ខាងលើនេះ មិនមែនត្រូវបាន តារាហ្វេសប៊ុកវ័យ​ជាង​២០ឆ្នាំ​រូប​នេះ ធ្វើឡើងក្នុងនាមជាអ្នកប្រឆាំង នឹងគណបក្សប្រឆាំងនោះទេ។ តែនាង នៅតែបានអះអាង តាម​រយៈ​សន្និសីទ​​កាសែត ប្រាប់​ទៅ​ក្រុម​អ្នកយកព័ត៌មានថា នាងនៅតែជាសកម្មជន គាំទ្រគណបក្សសង្គ្រោះ​ជាតិ​ដដែល ជាមួយ​​នឹង​​ឃ្លា​​មួយ ដែលនាងប្រកាសថា នាងនៅតែ«រិះគន់»លោក ហ៊ុន សែន និងរដ្ឋាភិបាល។ នៅ​ពេល​​នោះ នាង​​បាន​​ប្រើ​​ពាក្យ​ថា «រិះគន់» និងមិនមែនជាពាក្យ «ប្រឆាំង» ដែលនាងធ្លាប់ថ្លែង សឹង​ជា​រៀង​រាល់​ដង ក្នុង​​វីដេអូ​​មុនៗ​​ទៀត​​ឡើយ។

ប៉ុន្តែគេចាប់ផ្ដើមមើលឃើញបាតពាង ដោយគ្រាន់តែរង់ចាំ ឲ្យទឹកនឹង និងរងថ្លាជាងមុន។ នៅក្នុងទិវា​មច្ឆា​ជាតិ ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បានចេញមុខ មកប្រកាសលើកសរសើរ ពីតារា​ហ្វេសប៊ុក​រូប​នេះ ទាក់​ទង​នឹង​សកម្មភាព​ការពារ​ព្រៃឈើ នៅក្នុងតំបន់អារ៉ែង ខណៈសកម្មជន និងអង្គការសមាគម​ការពារ​បរិស្ថាន និងព្រៃឈើ​ជាច្រើន​ផ្សេង​ទៀត មិនដែល ឬកម្រត្រូវបានលោកនាយករដ្ឋមន្ត្រី លើកយក​មក​និយាយ​ដូច្នេះ​ណាស់។ ហើយដើម្បីឆ្លើយតប ទៅ​នឹង​ការ​សរសើរនោះ កញ្ញា ធី សុវណ្ណថា បានសរសេរ នៅលើទំព័រ​ហ្វេសប៊ុក របស់​នាង​ថា៖ «សូម​ថ្លែង​អំណរគុណ គោរព​ជូន​ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​​ណាចក្រ​កម្ពុជា (ដែល) បាន​ថ្លែង​សរសើរ​នាងខ្ញុំ ក្នុងការពារព្រៃឈើ តំបន់អារ៉ែង»។

ក្នុងការឆ្លើយតបនោះ មានការផ្លាស់ប្ដូរមួយចំនួន ដែលគួរឲ្យចាប់អារម្មណ៍៖ ធី សុវណ្ណថា ឈប់ហៅត្រឹមតែ «លោក ហ៊ុន សែន» ទៀតហើយ តែបានសរសេរយ៉ាងច្បាស់ថា ជា«សម្ដេចតេជោ ហ៊ុន សែន»។ បន្ថែម​ពី​លើ​ការ​ឆ្លើយ​តបនេះ សុវណ្ណថា នៅបាន«ជូន»របាយការណ៍​មួយចំនួន ទាក់ទងនឹងលទ្ធផល​ដែល​នាង​ខ្លួន​ឯ«ង អះអាង​ថា​បាន​ធ្វើ ក្នុងពេលកន្លងមកនោះផង។

បន្តមកទៀត ធី សុវណ្ណថា ប្រធានថ្មីថ្មោង​នៃអង្គការ​​​«យុវជនកិច្ចការសង្គម» ត្រូវបានក្រសួងបរិស្ថាន អញ្ជើញ​ឲ្យចូលរួមនៅក្នុងវេទិកាមួយ ស្ដីពី«ការការពារ និង​ការ​អភិវឌ្ឍន៍​ធនធានធម្មជាតិ» ដែលជាជំនួបមួយ រវាង​លោក ហ៊ុន សែន និងបណ្ដាអង្គការសមាគម សកម្មជនការពារបរិស្ថាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្នុង​វិមាន​សន្តិភាព។ ការអញ្ជើញនោះ ត្រូវបានធ្វើឡើង ក្រោមចំណារ«ដ៏ខ្ពង់ខ្ពស់» របស់លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី១ ខែ​សីហា ហើយ​ក្រសួង​បរិស្ថាន គឺជាអ្នកអនុវត្តន៍ចំណារនេះ។

«តា និងចៅ»

នៅក្នុងវេទិការនោះ ការជជែកឆ្លើយឆ្លង រវាងលោក ហ៊ុន សែន និងកញ្ញាប្រធានអង្គការវ័យក្មេង បាន​ពន្លេច​នូវ​ពាក្យ​ថ្មីៗ​ជាច្រើន ដែលបង្ហាញថា លោក ហ៊ុន សែន និង សុវណ្ណថា មានភាពជិតស្និត«ផ្អែមល្ហែម» ខុស​ប្លែក​ ពី​ទំនាក់​ទំនង​ធម្មតា ដែលនាយករដ្ឋមន្ត្រីតែងមាន ជាមួយប្រធានអង្គការផ្សេងៗ ឬជាមួយនរណាក៏ដោយ ដោយ​​គ្រាន់​តែ​ជួប​ជជែកគ្នា ទល់មុខម្ដងដូច្នេះ។ ពាក្យថ្មីៗទាំងនោះ មានជាអាថ៌គឺ «តា និងចៅ»។ ហើយនេះ គេ​មិន​បាន​និយាយ​ដល់​ទេថា សុវណ្ណថា គឺជាអតីតសកម្មជនប្រឆាំង ដែលតែង​ប្រើពាក្យធ្ងន់ៗ មិនប្រណីមាត់ រិះគន់លោក ហ៊ុន សែន ឬក៏បណ្ដេញលោក ឲ្យចុះចេញពីតំណែង។

បន្ទាប់ពីអាចារ្យ ស្រែកហៅ «អ្នក​ភ្លេង សូម​លេង​បទបើកវាំងនន» តើនឹងមានអ្វី ចេញពីខាងក្រោយ​វាំងនន​មក? នោះ គឺ​ការ​បែក​ធ្លាយដ៏ធំ (នៅចុងខែវិច្ឆិកា និងដើមខែធ្នូ) តាមបណ្ដាញសង្គម មិន​ដែល​ធ្លាប់​មាន នូវ​កិច្ច​សន្ទនា​ឯកជន មាន​លក្ខណៈ​ជា​វីដេអូ និងជារូបភាព ថតផ្តិតពីអេក្រក់ (PrintScreen or Screen Shots) រាប់​រយ​សន្លឹក ដែល​​គេ​​ជឿ​ថា ជា​ការ​ជជែក​គ្នា តាមប្រព័ន្ធសន្ទនាមួយ រវាងកញ្ញា ធី សុវណ្ណថា ជាមួយ​​​លោក ហ៊ុន សែន និង​រវាង​កញ្ញា ធី សុវណ្ណថា ជា​មួយ​លោក ហ៊ុន ម៉ានិត កូនប្រុស​លោក ហ៊ុន សែន។

«បូសធ្លាយមុខ»

ឯកសារ​សន្ទនាបែកធ្លាយ ដែលបង្ហាញ ពីការ​ប្រើប្រាស់​ល្បិចកលដ៏​ស្មោកគ្រោក តាំងពីច្រើនខែមកហើយ ​ក្នុង​ការ​បំបាក់​​គណបក្ស​ប្រឆាំងនោះ មិនដែលត្រូវបានកញ្ញា ធី សុវណ្ណថា លោក ហ៊ុន ម៉ានិត ឬលោក ហ៊ុន សែន ចេញមុខមកបកស្រាយ ឬបដិសេធទេ​ ដោយគ្រាន់តែនិយាយថា ទំព័រហ្វេសប៊ុករបស់ខ្លួន ត្រូវបានជនអនាមិកប្លន់យកទៅគ្រប់គ្រង។ បន្ទាប់មក កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យបណ្ដឹងមួយ ពីបទបរិហារកេរ្តិ៍ ប្រឆាំងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានយកផ្នែកមួយ នៃការបែកធ្លាយនោះ មកបង្ហោះជាសាធារណៈ។

ដូច្នេះនៅថ្ងៃនេះ សម្រាប់ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅកម្ពុជា មិនបានចាត់ទុកការ«សុំចូលរួមនយោបាយ» ជាមួយគណបក្សកាន់អំណាចនេះ ជារឿងភ្ញាក់ផ្អើលអ្វីឡើយ តែផ្ទុយទៅវិញ វាជាផ្នែកមួយ នៃ«បូសធ្លាយមុខ» ដែល​មានអាការៈធូរស្រាល ច្រើនជាងឆ្ងាយ ពី«បូសដែលមិនទាន់ធ្លាយ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់