អ៊ីតាលី៖ ប្រធានាធិបតី​បង្ខំ​ ក្រុម​នយោបាយ​ធំ​ទាំង​ពីរ​ អោយ​រក​ដំណោះ​ស្រាយ

ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានប្រកាសនៅថ្ងៃសៅរ៍ ពីការសម្រេចចិត្តរបស់លោក ក្នុងការបង្ខំឲ្យ ក្រុមនយោបាយសំខាន់ទាំងពីរ រកដំណោះស្រាយ និងផ្ដល់អោយប្រទេសអ៊ីតាលី នូវរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតសកល កាលពីមួយខែមុន។ លោកប្រមុខរដ្ឋ បានច្រានចោល នូវគ្រប់លទ្ធភាពនៃការលាលែងចេញពីដំណែង នៅមុនការបញ្ចប់អាណត្តិរបស់គាត់ នៅថ្ងៃទី១៥ខែឧសភាខាងមុខ ដោយបានគិតរួចជាស្រេច ថានឹងរិះរកគ្រប់មធ្យោបាយ ដើម្បីទម្លាយភាពទាល់ច្រក ដែលបានធ្វើអោយប្រទេស មានការរាំងស្ទះរហូតមក។
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលី បានច្រានចោលនូវគ្រប់ការលាលែងចេញពីដំណែង នៅមុនអាណត្តិរបស់គាត់ ដែលនឹង​បញ្ចប់ នៅថ្ងៃទី១៥ឧសភាក្រោយនេះ។


ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ។

ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានប្រកាសនៅថ្ងៃសៅរ៍ទី៣០ខែមិនា ពី​ការសម្រេចចិត្តរបស់លោក ក្នុងការបង្ខំឲ្យ ក្រុមនយោបាយសំខាន់ទាំងពីរ រកដំណោះស្រាយ និងផ្ដល់អោយ​ប្រទេស​អ៊ីតាលី នូវរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតសកល កាលពីមួយខែមុន។ លោកប្រមុខរដ្ឋ បានច្រានចោល នូវ​គ្រប់​លទ្ធភាពនៃការលាលែងចេញពីដំណែង នៅមុនការបញ្ចប់អាណត្តិរបស់គាត់ នៅថ្ងៃទី១៥ខែឧសភាខាងមុខ ដោយបាន​គិតរួចជាស្រេច ថានឹងរិះរកគ្រប់មធ្យោបាយ ដើម្បីទម្លាយភាពទាល់ច្រក ដែលបានធ្វើអោយប្រទេស មានការជាប់គាំង​ខាងនយោបាយរហូតមក។

សេចក្ដីប្រកាសនេះ បានដាក់បញ្ចប់នូវបេសកកម្ម តាំងពីមួយសប្ដាហ៍មុន របស់ប្រធានគណបក្ស​កណ្ដាលនិយម​ឆ្វេង​ឈ្នះ​ឆ្នោត លោក ពីយ៉េ ល្វីជី ប៊េសានី ដែលបានខិតខំស្វែងរក ដំណោះស្រាយ ជាមួយកម្លាំងនយោបាយផ្សេងទៀត ដើម្បី​បង្កើតរដ្ឋាភិបាលមួយឡើងនោះ។

ក្នុងការជួបនិយាយជាមួយ នឹងដៃគូរអន្តរជាតិ លោកប្រធានាធិបតី ណាប៉ូលីតាណូ បានគូសបញ្ជាក់ថា ប្រទេសលោក មិន​មែនគ្មានរដ្ឋាភិបាល ហើយក៏មិនមានទិសដៅច្បាស់លាស់នោះដែរ។ «រដ្ឋាភិបាលមុន បើទោះជាបានលាលែង​ពី​ដំណែង​ក៏ដោយ នៅតែកាន់ការរបស់ខ្លួន ហើយរដ្ឋាភិបាលនេះ មិនត្រូវបានទទួលសម្លេងភាគតិច នៅក្នុងសភាឡើយ» លោក​ណាប៉ូលីតាណូ ដែលមានអាយុ៨៦ឆ្នាំរូបនេះ មានគេគោរពយ៉ាងខ្លាំង នៅប្រទេសអ៊ីតាលី។ លោកបានអះអាងថា អំណាច​និតិប្រតិបត្តិ របស់អតីតស្នងការអ៊ឺរ៉ុប ម៉ារីយ៉ូ ម៉ុងទី (Mario Monti) កំពុងស្ថិតនៅចំណុចនៃការរៀបរៀង នូវវិធានការ​បន្ទាន់​មួយ សម្រាប់សេដ្ឋកិច្ច ដោយមានការយល់ព្រមពីសហគមន៍អ៊ឺរ៉ុប និងមានជ្រោមជ្រែងយ៉ាងសំខាន់ពីសភាថ្មី។

ប្រភពស្និតនឹងប្រធានាធិបតីបាននិយាយថា សមាជិកក្រុមប្រឹក្សាព្រឹទ្ធបុរសជាតិ នឹងត្រូវជ្រើសតាំងដោយប្រធានាធិបតី ហើយនឹងធ្វើការងាររបស់ខ្លួន ក្នុងរយះពេលមិនកំណត់មួយ ដើម្បីស្នើសុំគម្រោងមួយ ឈានទៅរកការបង្កើតរដ្ឋាភិបាលថ្មី ដែលចេញពីលទ្ធផលបោះឆ្នោតផង ការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតផង និងដោះស្រាយលើបញ្ហា​សង្គម​សេដ្ឋកិច្ច​ផង។ គេនៅមិនទាន់ដឹងថា សមាជិកព្រឹទ្ធបុរសទាំងនោះ នឹងចេញពីស្ថាប័នជាន់ខ្ពស់របស់ប្រទេស ឬជាថ្នាក់ដឹកនាំ​គណបក្សនយោបាយសព្វថ្ងៃ ឬយ៉ាងណានោះនៅឡើយ។

សូមបញ្ជាក់ថា អ៊ីតាលីបានស្ថិតក្នុងភាពជាប់គាំងនយោបាយមួយ តាំងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ថ្ងៃទី២៤-២៥ខែកុម្ភះនោះមក។ លទ្ធផលនៃការបោះឆ្នោត បានអនុញ្ញាតអោយគណបក្សកណ្ដាលនិយមឆ្វេង ឈ្នះយ៉ាង​លើល-​លប់នៅសភាជាន់ទាប តែបានឈ្នះយ៉ាងប្រផិតប្រផើយ នៅឯព្រឹទ្ធសភា ដែលជាហេតុធ្វើអោយការបង្កើតរដ្ឋាភិបាល ស្ថិតនៅជាការប្រទាញប្រទង់គ្នា រហូតមកដល់សប្ដាហ៍មុននេះ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...