ក្រសួងអប់រំ​ប្រកាស​ឲ្យ​ទៅ​ដក​«វិញ្ញាបនបត្រ​អាសន្ន» ចាប់​ពី​ថ្ងៃ​ទី២៤កញ្ញា

«វិញ្ញាបនបត្រអាសន្ន» ជាពាក្យថ្មី ដ៏ចម្លែកមួយ ដែលលិខិតជូនដំណឹង របស់ក្រសួងអប់រំ ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបង្គាប់ទៅប្រធានមន្ទីររាជធានី-ខេត្ត ឲ្យមកដកយក​ពីក្រសួង ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨តទៅ។ ជាកំហុសអក្ខរាវិរុទ្ធពិតហើយ តែជាកំហុស ដែលកើតឡើងថ្មីទៀត តែប៉ុន្មានថ្ងៃ បន្ទាប់ពីកំហុសនៃការបូកលទ្ធផល នៃការប្រឡង់បាក់ឌុប ដែលក្រសួងទម្លាក់កំហុស ទៅលើ​ប្រព័ន្ធ​«កំព្យូទ័រ»។
ក្រសួងអប់រំ​ប្រកាស​ឲ្យ​ទៅ​ដក​«វិញ្ញាបនបត្រ​អាសន្ន» ចាប់​ពី​ថ្ងៃ​ទី២៤កញ្ញា
លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 18, 2018
  • ប្រធានបទ: អក្សរសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មកដល់ពេលនេះ លិខិតជូនដំណឹង ដែលចុះហត្ថលេខាតាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នោះ ត្រូវបានដកចេញ ពីទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡារួចជាស្រេចហើយ។

ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម មិនបានទុកឲ្យលិខិតនេះ បាត់ស្លាកស្នាមទៅវិញ ដោយងាយស្រួលដូច្នេះឡើយ ដោយហេតុថា វាជាក្រដាសស្នាមផ្លូវការ ដែលចេញផ្សាយ ដោយក្រសួង«អ្នកប្រាជ្ញ» ហើយវាជាកំហុសថ្មីមួយទៀត ខណៈក្រសួង​«អ្នកប្រាជ្ញ»មួយនេះ ទើបនឹងធ្វើកំហុសដ៏ធំ ជុំវិញការបូកសរុប​លទ្ធផល នៃការប្រឡង​យកសញ្ញាបត្រ​ មធ្យមសិក្សា​ទុតិយភូមិ ដែលត្រូវបាន​ទម្លាក់កំហុស ទៅលើប្រព័ន្ធកំព្យូទ័រ។

លោក រ័ត្នន៍ សេនា មន្ត្រីមកពីក្រសួងការពារជាតិ បានយកលិខិតជូនដំណឹង របស់ក្រសួងអប់រំខាងលើ មកបង្ហោះ ដោយនិយាយចំអក ជាមួយកូនស្រីលោកថា «នែកូនស្រី! កូនកុំបាច់ទៅយក វិញ្ញាបនបត្រអាសន្ន អី!»។ លោក រ័ត្នន៍ សេនា ដែលមានជំនាញខាងការនិពន្ធនោះ បានបន្ទោសក្រសួងអប់រំថា៖ «នេះជាលិខិតផ្លូវការ របស់ក្រសួងអ្នកប្រាជ្ញ ដែលចុះហត្ថលេខា ដោយរដ្ឋមន្ត្រី។ អ៊ីចឹង ម៉េចនឹងអាចលំៗទៅកើត? នេះមិនមែនបញ្ហាចំណេះដឹងទេ គឺការធ្វេសប្រហែស កម្រិត ISO តែម្ដង។​»។

ការរិះគន់ របស់អ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ ទទួលបានការចែករំលែក ដល់ទៅជាង៧០០ដង ក្នុងរវាងតែមួយថ្ងៃប៉ុណ្ណោះ។ នោះ គឺដោយសារកំហុស បាត់ពាក្យ «បណ្ដោះ» មួយទាំងមូល ចេញពីលិខិតនោះ ដែលមិនមែនជាការធ្វេសប្រហែស ដោយច្រឡំដៃ ឬភ្លេចតែមួយតួអក្សរ នោះឡើយ។ លោក រ័ត្នន៍ សេនា បានបញ្ជាក់ថា៖ «មិនមែនជាការខុសអក្ខរាវិរុទ្ធ ដោយខ្វះត្រឹមតែអក្សរ "រ" មួយប៉ុណ្ណោះទេ វាបាត់ដល់អត្ថន័យ លើខ្លឹមសារទាំងស្រុង»៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...