ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ជាប់​លេខ​១៧៤​ ជិត​ចុងបញ្ជី WHO

ពីក្នុងចំណោមប្រទេស១៩១ នៅលើពិភពលោក ប្រព័ន្ធសុខាភិបាលកម្ពុជា ត្រូវបានអង្គការសុខភាពពិភពលោក (ហៅកាត់ តាមភាសាអង់គ្លេស «WHO» និងភាសាបារាំង «OMS») ដាក់ពិន្ទុឲ្យដ៏អន់ ដែលត្រូវនឹងចំណាត់ថ្នាក់ លេខ១៧៤។ យ៉ាងណា ក្នុងចំណោម​ប្រទេស​ទាំង៩ នៅក្នុងតំបន់ កម្ពុជាជាប់ចំណាត់ថ្នាក់​លេខ ៨ គ្រាន់បើជាង​​ប្រទេស​ភូមា​មួយ​ដែរ។
ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ជាប់​លេខ​១៧៤​ ជិត​ចុងបញ្ជី WHO
លោក ហ៊ុន សែន កំពុងព្យាបាលជំងឺជាបន្ទាន់ នៅឯមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបូរី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 31, 2018
  • ប្រធានបទ: សុខាភិបាល​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីក្នុងចំណោមប្រទេស ទាំង១៩១ ដែលជាសមាជិក របស់អង្គការសុខភាពពិភពលោក (ហៅកាត់ តាមភាសា​អង់គ្លេស «WHO» និងភាសា​បារាំង «OMS») ប្រទេស​កម្ពុជា ជាប់លេខ១៧៤។ ចំណាត់ថ្នាក់នេះ គ្រាន់បើជាង​​តែប្រទេសភូមា​មួយ​ប៉ុណ្ណោះ ខណៈគ្មានប្រទេសអាស៊ីខាងកើត ណាមួយផ្សេងទៀត ទទួលបានចំណាត់ថ្នាក់ ដ៏អាក្រក់ ជាង(ឬដូច)​​កម្ពុជា​នោះទេ។ នេះ បើតាមបញ្ជីចំណាត់ថ្នាក់ របស់អង្គការសុខភាពពិភពលោក ដែលទើបធ្លាក់ មកដល់​ដៃ​អ្នកសារព័ត៌មាន ក្នុងថ្ងៃនេះ។

បញ្ជីចំណាត់ថ្នាក់ របស់អង្គការអន្តរជាតិ ដែលអមមកជាមួយ នឹង​របាយការណ៍មួយ​ផងនោះ បាន​ឲ្យ​ដឹង​ថា ការ​កំណត់​រចនាសម្ព័ន្ធ​ពិតប្រាកដ ​នៃ​សេវាកម្មថែរក្សាសុខភាព ក៏​ដូច​ជា​ប្រព័ន្ធ​សុខាភិបាល ត្រូវ​អាស្រ័យ​លើ​បរិបទ​ប្រទេស ប៉ុន្តែ​ក្នុង​ករណី​ទាំង​អស់ តម្រូវ​ឲ្យ​មាន ​នយោបាយដឹកនាំច្បាស់លាស់ - ការ​ផ្ដល់​​ហិរញ្ញប្បទានគ្រប់គ្រាន់ ជាមួយ​​​នឹង​​មន្ត្រីសុខាភិបាល ដែល​ទទួល​បាន​ ការ​បណ្ដុះបណ្ដាល និង​មាន​ប្រាក់​បៀវត្សរ៍ត្រឹមត្រូវ។

បញ្ជីចំណាត់ថ្នាក់ បានផ្ដល់ពិន្ទុ​ទៅប្រទេសបារាំង ថាមានប្រព័ន្ធសុខភាពខ្ពស់ជាងគេ នៅលើពិភពលោក ដោយឲ្យប្រទេសនេះ ឈរនៅចំណាត់ថ្នាក់​លេខ១។ ប្រទេសសិង្ហបូរី ជាប្រទេសតែមួយគត់ នៅក្នុងទ្វីបអាស៊ី ដែលទទួលបានចំណាត់ថ្នាក់ដ៏ខ្ពស់ ជាប់លេខ៦ ខណៈប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់ លេខ១០ ពីក្នុងបញ្ជីតែមួយ នៃបណ្ដាប្រទេស ទាំង១៩១នោះ។

សម្រាប់ប្រទេសកម្ពុជា​វិញ បានឈរនៅលេខរៀង លេខ១៧៤ ខណៈប្រទេស ដែលជាប់លេខ នៅក្រោយកម្ពុជា មាន​សុទ្ធសឹង​​ជាបណ្ដាប្រទេស នៅក្នុងទ្វីបអាហ្វ្រិក និងមានប្រទេសមួយ ក្នុងទ្វីបអាស៊ី គឺប្រទេសភូមា ដែលមានចំណាត់ថ្នាក់លេខ ១៩០ មុនប្រទេសសេរ៉ាឡេអូន ដែលជាប់លេខ ចុងក្រោយគេបង្អស់ (លេខ១៩១)។ ខាងក្រោមនេះ ជាបញ្ជីចំណាត់ថ្នាក់ នៃប្រទេសទាំង៩ នៅក្នុងសមាគម​អាស៊ាន (៩ប្រទេស ដោយហេតុថា ប្រទេសឡាវ មិនឃើញមាន នៅក្នុងបញ្ជីទេ)៖

១) សិង្ហបុរី លេខ៦
២) ប្រ៊ុយណេ លេខ៤០
៣) ថៃ លេខ៤៧
៤) ម៉ាឡេស៊ី លេខ៤៩
៥) ហ្វីលីពីន លេខ៦០
៦) ឥណ្ឌូនេស៊ី លេខ៩២
៧) វៀតណាម លេខ១៦០
៨) កម្ពុជា លេខ១៧៤
៩) និងភូមា លេខ១៩០៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...