បើក​រថយន្ដ​បុក​មនុស្ស ព្រឹក​នេះ​នៅ​មុខ​អាគារ​រដ្ឋសភា​អង់គ្លេស

រថយន្ដមួយគ្រឿង ត្រូវបានបើកបំបុក ទៅលើរនាំងសុវត្ថិភាព នៃអាគាររដ្ឋសភា របស់ចក្រភពអង់គ្លេស កណ្ដាលរាជធានីឡុងដ៍។ នគរបាលបានចល័តកម្លាំងយ៉ាងសន្ធឹកសន្ធាប់ ចូលទៅកាន់តំបន់ជុំវិញ ខណៈរដ្ឋសភាត្រូវបានការពារជុំជិត។ ដំណឹងភ្លាមៗ បានអះអាងថា មនុស្សច្រើនាក់ បានរងរបួស និងជនម្នាក់ ត្រូវបានចាប់ខ្លួន។ 
បើក​រថយន្ដ​បុក​មនុស្ស ព្រឹក​នេះ​នៅ​មុខ​អាគារ​រដ្ឋសភា​អង់គ្លេស
សកម្មភាពកងកម្លាំងអាជ្ញាធរ ប្រដាប់ដោយអាវុធធុនធ្ងន់ កំពុងឡោមព័ទ្ធរថយន្ដបង្ក នៅខាងមុខអាគាររដ្ឋសភា នៃចក្រភពអង់គ្លេស។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 14, 2018
  • ប្រធានបទ: បើកបុក​មនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដំណើរថ្មើរជើង ជាច្រើននាក់ បានរងរបួស ក្នុងព្រឹកថ្ងៃអង្គារនេះ នៅក្នុងព្រឹត្តិការណ៍បើករថយន្ដបុករនាំងសុវត្ថិភាព ដែលស្ថិតនៅខាងមុខអាគាររដ្ឋសភា នៃចក្រភព​អង់គ្លេស កណ្ដាលរាជធានីឡុងដ៍។ នេះ បើតាមការបញ្ជាក់ របស់នគរបាលអង់គ្លេស ដោយបានឲ្យដឹង​បន្ថែមថា ជនអ្នកបើកបររថយន្ដ ត្រូវបានចាប់ខ្លួន។

នៅលើទំព័រទ្វីសធើររបស់ខ្លួន នគរបាលអង់គ្លេស បានសរសេរឲ្យដឹងថា៖ «នៅព្រឹក វេលាម៉ោង ៧ និង៣៧នាទី រថយន្ដមួយគ្រឿង បានបើកបុក ជាមួយនឹងរនាំងសុវត្ថិភាព នៅខាងមុខអាគាររដ្ឋសភា។ អ្នកបើកបរត្រូវបានចាប់ខ្លួនភ្លាមៗ ដោយភ្នាក់ងារនគរបាល ដែលមានវត្តមាន នៅនឹងកន្លែង។ អ្នកដំណើរថ្មើរជើងជាច្រើន បានរងរបួស។»។

នគរបាលធ្វើកោសល្យវិច័យ និងក្រុមអ្នកស៊ើបអង្កេតផ្សេងទៀត កំពុងមានវត្តមាន នៅនឹងកន្លែងកើតហេតុ ដើម្បីស្រង់យកទិន្ន័យសំខាន់ៗ ពីក្នុងហេតុការណ៍។

បើតាមសារព័ត៌មានក្នុងស្រុក «Daily Mail» បានឲ្យដឹងថា រថយន្ដខាងលើ បានបើកក្នុងល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងមានចេតនា បើកបុកទៅលើអ្នកដំណើរទាំងឡាយ ក្នុងនោះមានអ្នកថ្មើរជើង អ្នកជិះកង់ មុននឹងទៅបុករនាំង នៅខាងមុខអាគាររដ្ឋសភា។ រថយន្ដបង្ក ដែលជាប់គាំងនៅនឹងកន្លែង ត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងអាជ្ញាធរ ហើយអ្នកបើកបររថយន្ដនោះ ត្រូវបាននាំខ្លួនចេញទៅ។

បើតាមរូបភាពជាច្រើន ដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ កងកម្លាំងនគរបាល កំពុងឃាត់ខ្លួន បុរសស្បែកខ្មៅមួយរូប ដែលពាក់ខោខូប៊យ និងអាវធំពណ៌ខ្មៅ។ 

ចក្រភពអង់គ្លេស បានរងការវាយប្រហារជាច្រើន និងបន្តបន្ទាប់គ្នា នៅក្នុងឆ្នាំ២០១៧កន្លងមក ក្នុងនោះការវាយប្រហារចំនួន៤លើក ដែលធ្វើឲ្យមនុស្សស្លាប់ ៣៦នាក់ និងរបួស ២០០នាក់ ត្រូវបានក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ប្រកាសទទួលស្គាល់ ថាជាស្នាដៃរបស់ក្រុមខ្លួន។ ការវាយប្រហារមួយ កាលពីខែមីនា ឆ្នាំទៅម៉ិញ បាន​កើតឡើង​នៅលើស្ពាន «Westminster» និងខាងមុខអាគាររដ្ឋសភាអង់គ្លេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...