សម រង្ស៊ី ថា​ព្រះមហាក្សត្រ​មិន​យាង​ទៅ​បើក​រដ្ឋសភា​នីតិកាល​ថ្មី នៅ​ដើម​ខែ​កញ្ញាខាង​មុខ​ទេ

ការទម្លាយឲ្យដឹង របស់លោក សម រង្ស៊ី ដូច្នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានចូលគាល់ព្រះមហាក្សត្រ កាលពីរសៀលថ្ងៃទី៧ ខែសីហាកន្លងមកនេះ ដើម្បីអ្វីមួយ ដែលនាយករដ្ឋមន្ត្រីផុតអាណត្តិ អះអាងថា ជាការទូលថ្វាយ ពីអំពីស្ថានភាពនយោបាយ និងដើម្បី​សុំព្រះរាជទាន ​ពី​ព្រះអង្គ​ទៅលើ​ការកែប្រែ​លក្ខខណ្ឌ នូវ​កាលបរិច្ឆេទ ​ស្ដីពី​ការកោះប្រជុំ​សភា និងការបង្កើតរដ្ឋាភិបាលថ្មី។
សម រង្ស៊ី ថា​ព្រះមហាក្សត្រ​មិន​យាង​ទៅ​បើក​រដ្ឋសភា​នីតិកាល​ថ្មី នៅ​ដើម​ខែ​កញ្ញាខាង​មុខ​ទេ
ព្រះមហាក្សត្រ (រូបកណ្ដាល នៅលើកម្រាលព្រំ) យាងបើកសម័យប្រជុំពេញអង្គដំបូង នៃរដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ដោយគ្មាន​ក្រុម​តំណាងរាស្ត្រ​ជាប់ឆ្នោត​ចូលរួម។ (រូបថត MONOROOM.info)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 10, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានទម្លាយ​នៅក្នុងអត្ថបទ «ដំណឹងខ្លីៗ» ដែលត្រូវបានលោកបង្ហោះ នៅលើបណ្ដាញសង្គម កាលពីមុននេះ ឲ្យដឹងថា «ព្រះមហាក្សត្រ មិនយាងទៅបើកសម័យប្រជុំរដ្ឋសភាពេញអង្គ នៅដើមខែកញ្ញា នេះទេ»។ មេដឹកនាំប្រឆាំង ដ៏លេចធ្លោរបស់កម្ពុជា មិនបានបញ្ជាក់​ពីអំណះអំណាងយ៉ាងណាទេ តែគ្រាន់តែពន្យល់ថា នោះគឺដោយសារតែ «ព្រះរាជបញ្ញា​ឈ្វេងយល់» របស់ព្រះមហាក្សត្រ។

លោក សម រង្ស៊ី បានសរសេរថា៖ «ព្រះអង្គ ប្រហែលជាយល់ឃើញថា ប្រជារាស្ត្រខ្មែរ និងសាធារណមតិ ស្ទើរទូទាំងពិភពលោក ច្បាស់ជាថ្កោលទោសព្រះអង្គយ៉ាងធ្ងន់ធ្ងរ បើព្រះអង្គយល់ព្រមយាង ទៅបើកសម័យប្រជុំរដ្ឋសភាពេញអង្គ ជាត្លុកកំប្លែង នៅដើមខែកញ្ញាខាងមុខនេះ ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ហាក់ដូចជាព្រះអង្គប្រញ៉ាប់ប្រញ៉ាល់ យាងចេញពីប្រទេសកម្ពុជា ឲ្យបានមុនចុងខែសីហានេះ ដើម្បីទៅពិនិត្យសុខភាព នៅប្រទេសចិន»។

កាលពីរសៀលថ្ងៃអង្គារ ទី៧ ខែកក្កដា កន្លងមកនេះ លោក ហ៊ុន សែន បានចូលក្រាបថ្វាយបង្គំ គាល់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាវេលារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ដើម្បីអ្វីមួយ ដែលលោកនាយករដ្ឋមន្ត្រីផុតអាណត្តិ អះអាងថា ជាការទូលថ្វាយ ពីអំពីស្ថានភាពនយោបាយ និងដើម្បី​សុំព្រះរាជទាន ​ពី​ព្រះអង្គ​ទៅលើ​ការកែប្រែ​លក្ខខណ្ឌ នូវ​កាលបរិច្ឆេទ ​ស្ដីពី​ការកោះប្រជុំ​សភា និងការបង្កើតរដ្ឋាភិបាលថ្មី។

 

ខុសពីការប្រកាសលើកមុន ដែលថារដ្ឋាភិបាលអាណត្តិទី៦ នឹងត្រូវបង្កើតឡើង នៅចុងខែកញ្ញានោះ លោក ហ៊ុន សែន បានប្រកាសពីបំណងរបស់លោក ដើម្បីប្ដូរកាលបរិច្ឆេត នៃបង្កើតរដ្ឋាភិបាលរបស់លោកនេះ មកនៅដើមខែកញ្ញាវិញ។ នេះ បើតាមការប្រកាសរបស់បុរសខ្លាំងកម្ពុជា កាលពីព្រឹកថ្ងៃពុធ នៅចំពោះកម្មករ​ប្រមាណ​ជា​ជិត ២ម៉ឺន​នាក់ ក្នុង​ខេត្ត​កំពង់ស្ពឺ។

យ៉ាងណា ការបើកសម័យប្រជុំពេញអង្គ នៃរដ្ឋសភានីតិកាលថ្មី នឹងត្រូវធ្វើឡើង ក្រោមព្រះរាជវត្តមាន របស់ព្រះមហាក្សត្រ ឬយ៉ាងណានោះ យើងនឹងដឹងក្នុងពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...