វីដេអូ​ហេតុអ្វី​ឧកញ៉ា​ទាំង​៤នាក់ ត្រូវ​បាន​ស្នើ​ដាក់​ចូល​បញ្ជី​ខ្មៅ?

ឧកញ៉ាមហាសេដ្ឋី​ខ្មែរបួន​នាក់ ដែលក្នុងនោះ មាន​បីនាក់ ​ជា​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបានអង្គការឃ្លាំមើលពិភពលោក «Global Witness» ស្នើសុំទៅសហរដ្ឋអាមេរិក ដើម្បីដាក់បញ្ចូលពួកគេ ទៅក្នុងបញ្ជីខ្មៅ នៃបញ្ជីជនដែលត្រូវរងទណ្ឌកម្ម។ ខាងក្រោមនេះ ជាការពន្យល់ជាវីដេអូ បង្ហាញពីមូលហេតុនៃយុទ្ធនាការនេះ របស់អង្គការអន្តរជាតិ។
វីដេអូ​ហេតុអ្វី​ឧកញ៉ា​ទាំង​៤នាក់ ត្រូវ​បាន​ស្នើ​ដាក់​ចូល​បញ្ជី​ខ្មៅ?
ខាងលើ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ ខាងក្រោម ពីឆ្វេងទៅស្ដាំ៖ លោក ម៉ុង ឫទ្ធី - លោក លី យ៉ុងផាត់​ - លោក​ ទ្រី ភាព និង​លោក ​ឡៅ ម៉េងឃីន ដែលសុទ្ធសឹងជាមហាសេដ្ឋីខ្មែរ ដែលរកស៊ីមានបាន ជាមួយរបបលោក ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក និងរូបថតសហការី)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 23, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឧកញ៉ាខ្មែរទាំងបួនរូប មានលោក​ ម៉ុង ឫទ្ធី - លោក លី យ៉ុងផាត់​ - លោក​ ទ្រី ភាព និង​លោក ​ឡៅ ម៉េងឃីន​ ត្រូវបានអង្គការឃ្លាំមើលពិភពលោក «Global Witness» អង្កេត និងលើកជារបាយការណ៍មួយឡើង ដើម្បីអំពាវនាវទៅសហរដ្ឋអាមេរិក ឲ្យដាក់ពួកគេ ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវរងទណ្ឌកម្ម។

ក្នុងយុទ្ធនាការ ដែលចាប់ផ្ដើមធ្វើ តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមកនោះ អង្គការអន្តរជាតិ ដែលមានទីតាំងធំ ក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានចាត់ទុកមហាសេដ្ឋីទាំងបួនរូប ថាបាន​ដើរ​តួនាទី​យ៉ាងសំខាន់ ​ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់អង្គការ «​Global Witness» ដែលសរសេរជា​ខេមរភាសា បានឲ្យដឹងថា៖ «ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ អង្គការ​ "Global Witness" ​សូមអំពាវនាវ​ឱ្យ​បញ្ចូល​បុគ្គល​ទាំងនេះ​ ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ផង ​ដោយសារ​តែ​ពួកគេ​​មាន​តួនាទី ​ក្នុង​ការធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ​និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ ​ប្រព្រឹត្តឡើង​ក្រោម​ស្លាក​ក្រុមហ៊ុន ​របស់​ពួកគេ‍»។​

តើឧកញ៉ាទាំងបួនរូប បានធ្វើអ្វីខ្លះ នៅកម្ពុជា? ខាងក្រោមនេះ ជាវីដេអូពន្យល់ របស់អង្គការ «Global Witness» អមដោយ​ការអះអាង ពីទង្វើ​ខុសឆ្គង ​របស់​សេដ្ឋី​ទាំង​បួន រួម​មាន​ការរឹបអូស​ដីធ្លី​ពលរដ្ឋ ​រាប់ពាន់​គ្រួសារ ​កាប់បំផ្លាញ​ព្រៃឈើ រត់ពន្ធ​ឈើខុសច្បាប់​ បូមខ្សាច់ ​និង​អាជីវកម្ម​កាស៊ីណូ​ជាដើម​។

» លោកព្រឹទ្ធសមាជិក ម៉ុង ឫទ្ធី ជាអ្នកជំនួញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលបានគាំទ្រ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ ការផ្តល់អំណោយ​ផ្នែកនយោបាយ និងការផ្តល់មូលនីធិ ដល់ផ្នែកយោធា៖

 

» លោកព្រឹទ្ធសមាជិក លី យ៉ុងផាត់ អ្នកជំនួញគ្រាក់របស់កម្ពុជា និងជាមហាឈ្មួញ លំដាប់ទី១ ដែលបានជ្រោមជ្រែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាច ជាង ៣០ ឆ្នាំ៖

 

» លោក ទ្រី ភាព ជាអ្នកជំនួញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលប្រមូលទ្រព្យសម្បតិ្ត ធ្វើមានបានយ៉ាងសន្ធឹកសន្ធាប់ ក្នុងអំណាចគ្រប់គ្រងប្រទេស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលណាពួកមហាសេដ្ឋីទាំងនេះ កាន់តែមានបាន និងកាន់តែមានអំណាចច្រើនប៉ុណ្ណា ពួកគេកាន់តែមានតម្រូវការ ក្នុងការទ្រទ្រង់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្ថិតក្នុងអំណាចកាន់តែយូរ។

 

» លោកព្រឹទ្ធសមាជិក ឡៅ ម៉េងឃិន ជាមនុស្សម្នាក់ ក្នុងចំណោមអ្នកជំនួញគ្រាក់ៗ ដែលបានជ្រោមជ្រែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាចជាង ៣០ ឆ្នាំ ដែលបង្កផលវិបាកដ៏ហិនហោច៖

 

» វីដេអូបន្ថែម - លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា ជានាយករដ្ឋមន្ត្រី កាន់កាប់អំណាចយូរជាងគេបំផុត ក្នុងលោក។ ក្នុងរយៈពេលជាង ៣៣ ឆ្នាំ ក្នុងអំណាចគ្រប់គ្រងប្រទេស សមាជិកគ្រួសាររបស់គាត់ ទទួលបាននូវលាភសក្ការៈផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះបង្កើតឱ្យមានផលវិបាក​យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋស្លូតត្រង់។ សមាជិកត្រកូលហ៊ុនទាំងនេះ នឹងបាត់បង់អ្វីៗជាច្រើន បើមានការផ្លាស់ប្តូររដ្ឋាភិបាល៖

 

សូមបញ្ជាក់ដែរថា វីដេអូ និងការពន្យល់រៀបរាប់ អមនឹងវីដេអូ ទាំងអស់ខាងលើ ក៏ត្រូវបានអង្គការ «Global Witness» ធ្វើឡើងជាភាសាអង់គ្លេសដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...