ល្វីស៍ អង់រីក ក្លាយ​ជា​គ្រូ​ដឹកនាំ​ថ្មី របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

អតីតគ្រូបង្វឹក របស់ក្រុម បាសឺឡូន (Barcelone FC) លោក ល្វីស៍ អង់រីក (Luis Enrique) បានក្លាយជាគ្រូដឹកនាំ ក្រុមជម្រើសជាតិអេស្ប៉ាញ។ លោក អង់រីក នឹងឡើង​មក​ស្នង​តំណែង ពីលោក «Fernando Hierro» ដែលបានដឹកនាំក្រុម អេស្ប៉ាញ មិនទាំងបាន១ខែផង នៅក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។
ល្វីស៍ អង់រីក ក្លាយ​ជា​គ្រូ​ដឹកនាំ​ថ្មី របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ
លោក ល្វីស៍ អង់រីក កាលពីពេលលោក នៅជាគ្រូបង្វឹករបស់ក្រុម បាសឺឡូន។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 09, 2018
  • ប្រធានបទ: បាល់ទាត់​អេស្ប៉ាញ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈពេលមិនដល់មួយខែផង ក្រុមបាល់ទាត់​ជម្រើសជាតិ អេស្ប៉ាញ បានផ្លាស់ប្ដូរគ្រូដឹកនាំ ដល់ទៅ២ដង។ ការចាកចេញពីតំណែង របស់លោក «Fernando Hierro» គ្រូដឹកនាំក្នុង​ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក កាលពីប៉ុន្មានថ្ងៃមុន បានតម្រូវឲ្យសហព័ន្ធភូមិន្ទបាល់ទាត់អេស្ប៉ាញ ហៅកាត់ថា «RFEF» ត្រូវស្វែងរកគ្រូដឹកនាំថ្មីទៀត សម្រាប់ក្រុមជម្រើសជាតិ។

ហើយនេះ ជាព័ត៌មានផ្លូវការ ដែលប្រកាសចេញ កាលពីប៉ុន្មាននាទីមុន ពីសហព័ន្ធខ្លួនឯងផ្ទាល់៖ លោក ល្វីស៍ អង់រីក (Luis Enrique) អតីតកីឡាករ និងអតីតគ្រូបង្វឹក របស់ក្រុម បាសឺឡូន (Barcelone FC) ត្រូវបានជ្រើសតាំង ឲ្យឡើងមកដឹកនាំក្រុមជម្រើសជាតិ «La Roja» របស់រាជាណាចក្រ។

លោក ល្វីស៍ អាយុ៤៨ឆ្នាំ នឹងឡើងមកដឹកនាំក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលកំពុងរងការរង្គោះរង្គើ បណ្ដាលមកពី សំនុំរឿង​លួចចុះហត្ថលេខាស្ងាត់ៗ រវាងលោក «Julen Lopetegui» (អតីតគ្រូដឹកនាំក្រុមជម្រើសជាតិ មុនលោក «Fernando Hierro») ជាមួយនឹងក្រុម រៀលម៉ាឌ្រីត និងការជម្រុះចេញ ដ៏ឆាប់រហ័ស របស់ក្រុម អេស្ប៉ាញ ពីព្រឹត្តិការណ៍ពិភពលោក ក្នុងប្រទេសរ៉ូស្ស៊ី។

អតីតកីឡាករ​ខ្សែបម្រើរូបនេះ ធ្លាប់បានបង្វឹកក្រុម បាសឺឡូន ឲ្យឈ្នះជាជើងឯកអ៊ឺរ៉ុប ជើងឯកអេស្ប៉ាញ និងពានរង្វាន់ផ្សេងទៀត សរុបចំនួន​៩ពាន​រង្វាន់ តែក្នុងរយៈពេល៣ឆ្នាំ (រវាងពីឆ្នាំ ២០១៤ មកទល់នឹងឆ្នាំ ២០១៧)។ តាំងពីលោកបានចាកចេញ ពីក្រុម បាសឺឡូន នោះមក លោកនៅទំនេររហូត ដោយមិនបានទៅបង្ហាត់ ឬចុះហត្ថលេខាបង្វឹក ឲ្យក្រុមបាល់ទាត់ណាផ្សេងឡើយ។

លោក អង់រីក នឹងត្រូវបង្ហាញពីសមាសភាព នៃក្រុមការងាររបស់លោក សម្រាប់ដឹកនាំក្រុមជម្រើសជាតិ នៅសប្ដាហ៍ខាងមុខ។

លោក «Luis Rubiales» នាយកសហព័ន្ធភូមិន្ទបាល់ទាត់ អេស្ប៉ាញ បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីមុននេះថា៖ «ការសម្រេចជ្រើសរើសនេះ ធ្វើឡើង​ជាឯកច្ឆ័ន្ទ។ លោក អង់រីក បានបដិសេធរាល់ការអញ្ជើញ (របស់ក្រុមបាល់ទាត់ផ្សេងៗ ឲ្យលោកក្លាយជាគ្រូបង្វឹក) ដែលមានទំហំទឹកប្រាក់ ដ៏មហាសាលទាំងឡាយ ដើម្បីមកដឹកនាំ ក្រុមជម្រើសជាតិអេស្ប៉ាញ។ គាត់ពិតជាបានបំពេញ នូវរាល់លក្ខខណ្ឌទាំងអស់ នៅក្នុងគោលការណ៍​កីឡារបស់យើង។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...