ហ៊ុន សែន​៖ កម្ពុជា​​មិន​ត្រូវ​ការ​បរទេស​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់ នៃ​ការ​បោះ​ឆ្នោត​ទេ

ច្បាប់​កម្ពុ​ជាមិន​តម្រូវ​ឲ្យ​មាន​ការទទួលស្គាល់ ពីភាពស្របច្បាប់ នៃការបោះឆ្នោតនៅកម្ពុជា ដោយប្រធានាធិបតីនៃប្រទេសដទៃ ឬដោយអគ្គលេខាធិការ នៃ​អង្គការសហប្រជាជាតិនោះទេ។ លោក ហ៊ុន សែន បានថ្លែងអះអាងឡើងយ៉ាងដូច្នេះ នៅថ្ងៃទី១៣ ខែធ្នូនេះ ដោយគូសបញ្ជាក់បន្ថែមថា មានការបោះឆ្នោត ដែលមានការចូលរួម ពីពលរដ្ឋកម្ពុជា នោះមានន័យថា «គ្រប់គ្រាន់ហើយ»។
ហ៊ុន សែន​៖ កម្ពុជា​​មិន​ត្រូវ​ការ​បរទេស​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់ នៃ​ការ​បោះ​ឆ្នោត​ទេ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៖ រូបថត កាលពីពេលលោកជក់បារី។ (រូបថត AFP)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 13, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជា​ថ្មី​ម្ដង​ទៀត​ លោក​ ហ៊ុន សែន​ បាន​អំ​ពាវ​នាវ​ ឲ្យ​បោះ​ឆ្នោតជូន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ជាពិសេសបោះឆ្នោតជូនរូបលោក ឲ្យនៅបន្តកាន់អំណាចយ៉ាងហោច «១០ឆ្នាំ» ទៅមុខទៀត បើទោះជាការបោះឆ្នោតនោះ មិនមានការទទួលស្គាល់ ជុំវិញភាពស្របច្បាប់របស់វា ពីសំណាក់អន្តរជាតិក៏ដោយ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣២ឆ្នាំមកនោះ បានថ្លែងថា ច្បាប់កម្ពុជា មិនតម្រូវឲ្យបរទេសទាំងនោះ ទទួលស្គាល់ឬអនុញ្ញាត ទើបមានការបោះឆ្នោតស្របច្បាប់នោះទេ។

នៅចំពោះកម្មករកម្មការិនីច្រើនរយពាន់នាក់ ក្នុងព្រឹកថ្ងៃទី១៤ ខែធ្នូនេះ ​លោក​ហ៊ុន​ សែន ​បាន​ថ្លែង​ឡើងថា​៖ «ច្បាប់រដ្ឋ​ធម្ម​នុញ្ញា នៅ​កម្ពុជា​មិន​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា ​ពី​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ឬ​ប្រធា​នា​ធិ​ប​តី​ប្រ​ទេស​ដ​ទៃ ទើ​ប​ហៅ​ការ​បោះ​ឆ្នោត​ (នោះទេ) ប្រ​ជាជន​កម្ពុជា​ចូល​រួម​ការ​បោះ​ឆ្នោត ​គឺ​គ្រប់​គ្រាន់។ ​(ហើយ​) រាជ​រដ្ឋា​ភិ​បាល​ ក៏​មាន​ទុន​គ្រប់​គ្រាន់​សម្រាប់​ការ​បោះ​ឆ្នោត(ដែរ)។»។

កាលពីម្សិលម៉ិញ សហ​ភាពអឺរ៉ុបបាន​សម្រេច​ផ្អាក​ជំ​នួយ ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​​(ហៅកាត់ថា គ.ជ.ប) ដោយលើក​យកភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ​ក្នុងឆ្នាំខាងមុខ មកធ្វើជាអំណះអំណាង បន្ទាប់​​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​រំ​លាយ​ចោល​ កាលពីពាក់កណ្ដាលខែកន្លងទៅ ដោយតុលាការកំពូល ដែលមានសមសភាព​ចៅក្រមភាគច្រើន និងអគ្គព្រះរាជអាជ្ញា សុទ្ធសឹង​ជាមន្ត្រីជំនិត របស់គណបក្សប្រជាជនកម្ពុជា។

ការប្រកាសព្យួរជំនួយ របស់សហភាពអ៊ឺរ៉ុប ដែលជាលំហរទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ជាចំណាត់ការថ្មីមួយទៀត បន្ទាប់ពីចំណាត់ការជាច្រើន ពីសំណាក់សហគមន៍អន្តរជាតិ ដែលបានដាក់ប្រឆាំងរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងព្រឹត្តិការណ៍នយោបាយចុងក្រោយ ដែលត្រូវបានមើលឃើញថា ជាយុទ្ធនាការរបស់លោក ហ៊ុន សែន ក្នុងការបំផ្លាញលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

ប៉ុន្តែចំណាត់ការទាំងនោះ ទំនងជាមិនត្រូវបានលោក ហ៊ុន​ សែន សំដែងការខ្វល់ខ្វាយនោះទេ។ នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា ​បាន​ថ្លែងបន្ត​ថា អវត្តមានរបស់គណបក្សសង្គ្រោះជាតិ និងការហាមឃាត់ថ្នាក់ដឹកនាំបក្សនេះចំនួន ១១៨រូប សម្រាប់រយៈពេល៥ឆ្នាំនោះ នឹងមិនប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនោះឡើយ។

លោក ហ៊ុន សែន ថា៖ «ការ​ធ្វើ​បច្ចុ​ប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​ ក៏​ធ្វើ​រួច​ហើយ ​ដំ​ណើរ​ការ​តាម​ការ​គ្រោង​ទុក ទោះនរណា មានបក្សប៉ុន្មានចូលរួម។ តែ​មាន​បក្ស​មិន​តិច​ទេ​។ (...) លទ្ធិ​ប្រ​ជា​ធិបតេយ្យ នឹង​មិន​ក្លាយ​ជា​ចំ​ណាប់​ខ្មាំង​អ្នក​ណា​ទេ​។​ គ្មាន​ការ​​ចូល​រួម​របស់​អ្នក ​[គណ​បក្ស​សង្គ្រោះ​ជាតិ​] ការ​បោះ​ឆ្នោត នឹង​ត្រូវ​តែ​ធ្វើ។»។​

បន្ទាប់មក លោក​នាយក​រដ្ឋ​មន្ត្រី​ បានធ្វើសេចក្ដីអំពាវនាវ ទៅកាន់បណ្ដាកម្មករកម្មការិនី ដូច្នេះថា៖ «សង្ឃឹម​ថា ក្មួយៗ​ផ្ទាល់​​បូក​ជា​មួយ​ឪពុក​ម្តាយ​ និង​ក្រុម​គ្រួសារ​បោះ​​ឆ្នោត​ឲ្យ​គណបក្ស​ប្រ​ជា​ជន​ និង​ពូ​ (លោក ហ៊ុន សែន​) ដឹក​នាំ​បន្ត​ទៀត​។ យើង​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​ តាំង​ពី​គ្រា​លំ​បាក​បំផុត​ តែ​ពេល​​នេះ​ជា​ពេល​វេលា​ យើង​ក្តាប់​ឱ​កាស​ឲ្យ​បាន ​ដើ​ម្បី​បន្ត​ជំហាន​ទៅ​មុខ​។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...