យន្ដហោះ​ដឹក​ទំនិញ​ទំហំ​យក្ស​របស់​«Airbus» រាង​ដូច​ត្រី​បាឡែន

យន្ដហោះដឹកទំនិញធំជាងគេ និងដែលទើបដាក់បង្ហាញឲ្យឃើញ កាលពីពេលថ្មីនេះ មានឈ្មោះ «Beluga XL»។ វាជាផលិតផលថ្មី របស់ក្រុមហ៊ុនផលិតយន្ដហោះអ៊ឺរ៉ុប «Airbus» ដែលមានសមត្ថភាពផ្ទុកបាន នូវទំនិញ ឬសម្ភារៈបរិក្ខាជាច្រើន ដូចយ៉ាង បំណែកទាំងឡាយនៃយន្ដហោះ «Airbus A 350» ជាដើម។
យន្ដហោះ​ដឹក​ទំនិញ​ទំហំ​យក្ស​របស់​«Airbus» រាង​ដូច​ត្រី​បាឡែន
យន្ដហោះដឹកទំនិញ ទំហំយក្ស ឈ្មោះ «Beluga XL» របស់សហគ្រាសផលិតយន្ដហោះ អ៊ែរប៊ូស «Airbus» របស់អ៊ឺរ៉ុប។ (រូបថតក្រុមហ៊ុន)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ មករា ២០១៨
  • កែប្រែចុងក្រោយ: January 09, 2018
  • ប្រធានបទ: ផ្លូវអាកាស
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

មិនមែនជាការស្រមើស្រមៃឡើយ។ នេះ ជាយន្ដហោះដឹកយន្ដហោះ! របស់សហគ្រាសផលិតយន្ដហោះ «Airbus» របស់អ៊ឺរ៉ុប ដែលមានឈ្មោះពេញ «Airbus Beluga XL» និងមានរូបរាង ដូចជាត្រីបាឡែន ដែលហោះហើរនៅក្នុងវេហា។ យន្ដហោះនេះ ត្រូវបានបង្កើតឡើង ដើម្បីដឹកជញ្ជូនសម្ភារៈ ដែលមានទំហំធំៗ ដូចយ៉ាងតួយន្ដហោះ ដែលត្រូវបានតម្លើងរួច ហើយត្រូវបញ្ជូនទៅឲ្យអ្នកបញ្ជាទិញ។

ទំហំខ្លួនរបស់យន្ដហោះ «Beluga XL» មានទទឹងខ្លួន (ពីចុងស្លាបម្ខាង ទៅចុងស្លាបម្ខាងទៀត) ប្រវែង៦០,៣ម៉ែត្រ - បណ្ដោយ ប្រវែង៦៣,១ម៉ែត្រ និងកំពស់ ប្រវែង១៨,៩ម៉ែត្រ (ប្រហែលនឹងផ្ទះល្វែងនៅកម្ពុជា ពី៥ទៅ៦ជាន់)។

ជាមួយនឹងទម្ងន់ខ្លួន ដែលធ្ងន់រួចស្រេចដល់ទៅ ២២៧តោន (២២៧ ០០០ គីឡូក្រាម) នោះ យន្ដហោះដ៏ធំខាងលើ អាចទទួលផ្ទុកបានទំនិញ ឬផលិតផលផ្សេង ដែលមានទម្ងន់ ៥៣តោន (៥៣ ០០០គីឡូក្រាម) បន្ថែមទៀត។ យន្ដហោះនេះ មានសមត្ថភាពហោះហើរ បានចំងាយហួស ពី៤០០០គីឡូម៉ែត្រ ដោយមិនចាំបាច់ឈប់សម្រាក នៅពាក់កណ្ដាលផ្លូវ។

យន្ដហោះនេះ ផលិតនៅក្នុងរោងចក្រផលិតយន្ដហោះ របស់សហគ្រាសអ៊ែរប៊ូស ដែលស្ថិតក្នុងខេត្តទូលូស្ស៍ ភាគខាងត្បូងប្រទេសបារាំង។ វានឹងត្រូវដាក់ឲ្យហោះសាកល្បង នៅក្នុងពាក់កណ្ដាល ឆ្នាំ២០១៨នេះ ដើម្បីដាក់ឲ្យប្រើប្រាស់ ចាប់ពីឆ្នាំ២០១៩ខាងមុខ តទៅ។

សម្រាប់ក្រុមហ៊ុន អ៊ែរប៊ូស យន្ដហោះដឹកទំនិញប្រភេទថ្មីមួយនេះ ជាគន្លឹះនៃភាពជោគជ័យរបស់ខ្លួន ក្នុងការឆ្លើយតប ទៅនឹងការបញ្ជាទិញយន្ដហោះជាច្រើន ដូចជា «Airbus A350» និង «Airbus A320 NEO» ជាដើម ដែលសហគ្រាសអ៊ែរប៊ូស ត្រូវដឹកបញ្ជូនទៅឲ្យម្ចាស់បញ្ជាទិញ នៅក្នុងឆ្នាំខាងមុខៗ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់