សហភាព​អឺរ៉ុប​ព្រួយ​បារម្ភ​ចំពោះ​ច្បាប់​ថ្មី ស្ដី​ពី​គណបក្ស​នយោបាយ

ការកែច្បាប់ជាថ្មី និងជាលើកទីពីរ តាមបញ្ជារបស់លោក ហ៊ុន សែន បានរងប្រតិកម្មជាបន្តបន្ទាប់។ បន្ទាប់ពីក្រុមសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលមិនមានអសនៈ នៅក្នុងរដ្ឋសភា សហភាពអ៊ឺរ៉ុបក៏បានសំដែង ការ«ព្រួយបារម្ភ» របស់ផងខ្លួន នៅចំពោះការធ្វើវិសោធនកម្មច្បាប់នេះដែរ។
សហភាព​អឺរ៉ុប​ព្រួយ​បារម្ភ​ចំពោះ​ច្បាប់​ថ្មី ស្ដី​ពី​គណបក្ស​នយោបាយ
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន អោនខ្សឹបខ្សៀវគ្នា នៅក្នុងរដ្ឋសភាជាតិ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៤។ (រូបថត MONOROOM.info)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 20, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការធ្វើវិសោធនកម្មជាថ្មី ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានសហភាពអ៊ឺរ៉ុបសំដែងក្ដីព្រួយបារម្ភ របស់ផងខ្លួន និងហៅការបន្ថែមពាក្យពេជន៍ថ្មីៗ នៅក្នុងការធ្វើវិសោធនកម្មនោះ ថាបាន«បើកចំហ ឲ្យមានការបកស្រាយទូលំទូលាយ និងតាមតែអំពើចិត្ត»។ នេះ បើតាមការលើកឡើង របស់អ្នកស្រី «Genoveva Hernandez Uriz» ភារធារីទទួលបន្ទុកខាងនយោបាយ និងជាតំណាងគណៈប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំប្រទេសកម្ពុជា។

ការលើកឡើង របស់អ្នកស្រី តំណាងគណៈប្រតិភូសហភាពអ៊ឺរ៉ុបខាងលើ ត្រូវបានស្រង់សំដីដោយសារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃ «The Cambodia Daily» ស្របពេលនឹងការរិះគន់ របស់គណបក្សនយោបាយ ដែលគ្មានអសនៈនៅក្នុងរដ្ឋសភា និងអង្គការសង្គមស៊ីវិលមួយចំនួន នៅចំពោះការកែច្បាប់ថ្មី ដែលជាបទបញ្ជារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីចុងខែកន្លងមក។

បញ្ជានោះ ត្រូវបានលោក ហ៊ុន សែន ធ្វើឡើងនៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនានេះ នៅលើមជ្ឈមណ្ឌលកោះពេជ្រ បន្ទាប់ពីលោក ហ៊ុន សែន បានលើកឡើង ដោយមិនចេញឈ្មោះ សំដៅទៅលោក សម រង្ស៊ី ថាមេដឹកនាំ​ប្រឆាំង ដ៏មានសក្ដានុពល​រូបនេះ នៅតែមានសកម្មភាព«ផ្សារភ្ជាប់»ជាមួយ ជាមួយគណបក្សសង្គ្រោះជាតិដដែល។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសប្រាប់សារព័ត៌មាន «The Cambodia Daily» កាលពីដើមខែកក្កដាដែរថា ការធ្វើវិសោធនកម្មជាលើកទី២ ទៅលើច្បាប់ដ៏ចម្រូងចម្រាស់ ជាការប៉ុនប៉ង«សម្លាប់ជីវិតនយោបាយ សម រង្ស៊ី»។

នៅក្នុងវេទិកា​តុ​មូល ​ស្ដីពី​វិសោធនកម្ម​ច្បាប់​ ស្ដីពី​គណបក្ស​នយោបាយ ​ដែល​រៀបចំ​ឡើង​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដាម្សិលម៉ិញ អ្នក​នយោបាយ​មក​ពី​គណបក្ស ​ដែល​ពុំ​មាន​សំឡេង​ក្នុង​រដ្ឋសភា បានយល់​ឃើញប្រហាក់ប្រហែលគ្នា​ថា ច្បាប់ថ្មី​នេះ​ ហាក់​ធ្វើ​ទៅ​តាម​ការ​ចង់​បាន ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធសាធ និងមានបំណងដាក់កំហិត ទៅលើតែ«បុគ្គល សម រង្ស៊ី»ម្នាក់។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ចាត់​ទុក​ច្បាប់​នេះ​ ថាត្រូវបានតាក់តែង​ឡើង​ មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ ជា​ម្ចាស់​ឆ្នោត​នោះ​ទេ តែហាក់ដូចជាច្បាប់ ​ដើម្បីការ​ឈ្នះ​ចាញ់ ​រៀងៗ​ខ្លួន របស់អ្នកនយោបាយ។ ចំពោះតំណាង​ ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន បានបង្ហាញ​ការ​សោកស្ដាយ​ ចំពោះអ្នក​នយោបាយ ដែលមិនធ្វើកិច្ចការ​ដែល​ត្រូវ​ធ្វើ ដូចជា​ជួយ​រក​ទីផ្សារ​កសិផល​ឲ្យ​កសិករ​ បែរ​ជា​មក​ប្រកួត​ប្រជែង ​តាមរយៈការកែច្បាប់នេះ​ទៅ​វិញ។

ការធ្វើវិសោធនច្បាប់ថ្មី ត្រូវបានអនុម័តជាឯកច្ឆន្ទ កាលពីថ្ងៃទី១០ ខែកក្កដា ដោយរដ្ឋសភាជាតិ និងបន្ទាប់មក ត្រូវបានបន្តអនុម័តជាឯកច្ឆន្ទ​ កាលពីថ្ងៃទី១៨ ខែកក្កដានេះ ដោយព្រឹទ្ធសភា ដែលមានការចូលរួមប្រជុំ តែពីសមាជិកសភា និងសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ សមាជិកសភាព មកពីគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី បានប្រកាសធ្វើពហិការ មិនចូលរួមប្រជុំ ដើម្បីអនុម័តច្បាប់ថ្មីនេះទេ ទាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។

លោក ឌុច ពិសិដ្ឋ នាយក​ផ្នែក​តស៊ូ​មតិ​ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCRH) បានថ្លែងនៅក្នុងវេទិកា​តុ​មូល រៀបចំ​ឡើង​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា ​ថាការកែច្បាប់​ថ្មីនេះ អាចជាបំណង ចង់ឲ្យ​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ​ មាន​ភាព​ស្អាតស្អំ ក៏ប៉ុន្តែ​មាត្រា​ថ្មី​ៗនៃ​ច្បាប់នេះ នៅ​តែ​ជា​ការ​បារម្ភ​នៅ​ឡើយ ​ចំពោះ​សង្គម​ស៊ីវិល។ លោក​បានចោទសួរថា ការ​កែប្រែច្បាប់​​ញឹកញាប់​ពេក និង​ម្យ៉ាង​ទៀត ស្របពេលនឹងពេលវេលា ដែលកៀក​នឹង​ការ​បោះឆ្នោត​ផង តើ​វាជា​ភាព​ចាំបាច់ឬ​ទេ ដែល​ត្រូវ​ធ្វើ​វិសោធនកម្មច្បាប់បែបនេះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...