តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!

ទ្រាំមិននិយាយ មិនបានតទៅទៀត! ព្រោះការមិនប្ដូរ រវាង«សម័យឥឡូវ» និង«សម័យមុន» បានបណ្ដាលឲ្យ​អតីតតារា​រងគ្រោះ​នឹង​ទឹកអាស៊ីត នាង តាត ម៉ារីណា ដែល«តឹងទ្រូងខ្លាំងពេក» ចាំបាច់ត្រូវទម្លាយពាក្យក្នុងចិត្ត ចេញមកនៅថ្ងៃនេះ។
តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!
នាង តាត ម៉ារីណា រូបថត (ឆ្វេង) កាលពីប្រមាណជា២០ឆ្នាំមុន និងរូបថត ក្នុងពេលបច្ចុប្បន្ន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 30, 2017
  • ប្រធានបទ: តារា-ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ពេលខ្លះ ខ្ញុំដូចជាខ្មាសពិភពលោកណាស់» នេះជាសំដីផ្ទុះចេញ ពីដួងចិត្តរបស់នាង តាត ម៉ារីណា អតីតតារាសម្ដែង ដែលបានក្លាយជាជនរងគ្រោះ ព្រោះទឹកអាស៊ីតរបស់ភរិយាមន្ត្រីរដ្ឋាភិបាលមួយរូប ដែលបានបង្ហោះ នៅលើបណ្ដាញសង្គម នៅថ្ងៃនេះ។

ពីក្រុង បូស្ដុន (Boston) រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក អតីតតារាសំដែង បានសរសេរពីមូលហេតុ ដែលធ្វើឲ្យនាងតឹងចិត្ត និងមានការខ្មាសអៀននោះថា៖ «អ្នកលេងនយោបាយក្មេងៗ ខំអួតរបស់របរមានតម្លៃ [ដែល]ថ្លៃជាងប្រាក់ខែអ្នកខ្លះ ដែលគ្នាធ្វើការល្មមៗ នោះទៅទៀត [ដោយពួកគេ]អត់គិតថា ឱ! ប្រជាពលរដ្ឋយើងភាគច្រើនក្រ ចង់អួតអ្ហេ ចាំឲ្យស្រុកយើងមានអ្នកធូធារ យ៉ាងតិចណាស់ឲ្យបាន ៨០% សិន អាហ្នឹងចាំយើងអួត។»។

គេមិនដឹងថា តើ«អ្នកលេងនយោបាយក្មេងៗ» ត្រូវបាននាង តាត ម៉ារីណា សំដៅទៅនរណា ឬក្រុមណាឡើយ។ តែបើអានបន្ត ទៅលើឃ្លាបន្តបន្ទាប់ នៃសំណេររបស់នាង ធ្វើឲ្យគេយល់ថា អតីតតារាទំនងជាចង់លើកឡើង ពីអ្នកនយោបាយ ក្នុងជួររដ្ឋាភិបាល និងចេញពីគណបក្សកាន់អំណាច ច្រើនជាងក្រុមមន្ត្រី ឬអ្នកនយោបាយវ័យក្មេង មកពីគណបក្សប្រឆាំង ដែលនៅមិនទាន់ មានការទទួលខុសត្រូវ ជុំវិញការលើកកម្រិតជីវភាព របស់ពលរដ្ឋនៅឡើយ។

ការលើកឡើងរបស់អតីតតារា ក៏មានភាពស្របគ្នា ទៅនឹងការទម្លាយ នូវរបាយការណ៍ជាច្រើន ក្នុងពេលកន្លងមក របស់អង្គការអន្តរជាតិធំៗ ដែលអះអាងពីការរកស៊ីមានបាន របស់កូនក្មួយ ញាតិសន្តានរបស់មន្ត្រីរដ្ឋាភិបាល ឬក្រុម«ឧកញ៉ា»មួយចំនួន ទៅលើវិស័យរកទទួលទានជាច្រើន ខណៈប្រទេសកម្ពុជា នៅតែត្រូវបានចាត់ទុក ជាប្រទេសក្រីក្រ និងសម្បូរ​ទៅដោយអំពើពុករលួយ យ៉ាងខ្លាំងដដែល។ នៅលើបណ្ដាញសង្គម គេក៏ឧស្សាហ៍ឃើញ កូនចៅផៅសន្ដាន របស់ក្រុមមន្ត្រីគ្រាក់ៗទាំងនោះ តែងថតរូប​បង្អួតបង្ហាញ ពីភាពហ៊ឺហា រថយន្ដទំនើប ពីសំលៀកបំពាក់ថ្លៃៗ របស់ពួកគេនោះដែរ។

នាង តាត ម៉ារីណា ដែលមានឈ្មោះល្បី ក្នុងទសវត្សន៍ឆ្នាំ៩០ បានសរសេរបន្ត ពីការរអៀសចិត្តរបស់នាងទៀតថា៖ «អ្នកមាន មានតែអ្នកនៅទីក្រុង ឯអ្នកជនបទ ពួកគាត់ភាគច្រើនក្រ រកតែអង្ករច្រកឆ្នាំងអត់មានផង។ អត់ចេះខ្មាសពិភពលោក!»។

នៅចំពោះការបញ្ចេញយោបល់ របស់ប្រិយមិត្តម្នាក់ ដែលសរសេរថា «បងស្រីគាត់បានបញ្ចេញនូវអារម្មណ៍ នៅពេលនេះ បើខ្ញុំគិតមិនខុសទេ គឺបណ្ដាលមកពីអ្វី ដែលបានកប់ ក្នុងបេះដូងរបស់គាត់ ពីអតីតកាល ជាយូរមកហើយ» នោះ អតីតតារារងគ្រោះ បានសរសេរតបមកវិញថា៖ «ខ្ញុំតឹងទ្រូងខ្លាំងពេក សម័យឥឡូវ និងសម័យមុន អត់ដូរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...