ធ្លាក់​បោក​ខ្លួន បន្ទាប់​ពី​ហោះ​ឡើង​បាន​បន្តិច - គ្មាន​អ្នក​នៅ​រស់​ទេ

អ្នកដំណើរ និងបុគ្គលិកបម្រើការ ទាំង៧១នាក់ បានបាត់បង់ជីវិតទាំងអស់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះប្រភេទ «Antonov An-128» មួយគ្រឿង កាលពីរសៀលថ្ងៃអាទិត្យម្សិលម៉ិញ ក្បែររដ្ឋធានីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធររ៉ូស្ស៊ី ទទួលបន្ទុកផ្នែកដឹកជញ្ជូន។
ធ្លាក់​បោក​ខ្លួន បន្ទាប់​ពី​ហោះ​ឡើង​បាន​បន្តិច - គ្មាន​អ្នក​នៅ​រស់​ទេ
យន្ដហោះប្រភេទ «Antonov An-128» មួយគ្រឿង របស់ក្រុមហ៊ុន «Saratov Airlines» ដែលកំពុងចុះចត នៅព្រលានយន្ដហោះ «Domodedovo»។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 12, 2018
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

យន្ដហោះប្រភេទ «Antonov An-128» បានបាត់ពីប្រព័ន្ធត្រួតពិនិត្យការហោះហើរ នៅរយៈពេល៤នាទី បន្ទាប់ពីយន្ដហោះបានងើបខ្លួន ហោះចេញពីព្រលានយន្ដហោះ «Domodedovo» ដែលស្ថិតនៅក្បែររដ្ឋធានី ម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។ នៅប៉ុន្មានម៉ោងក្រោយមក សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធររ៉ូស្ស៊ី ទទួលបន្ទុកផ្នែកដឹកជញ្ជូន បានអះអាងពីដំណឹងដ៏អកុសល ដូច្នេះថា៖ «អ្នកដំណើរ ៦៥នាក់ និងបុគ្គលិកបម្រើ ៦នាក់ ដែលស្ថិតនៅក្នុងយន្ដហោះ បានស្លាប់ទាំងអស់»។

យន្ដហោះខាងលើ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ «Saratov Airlines» ត្រូវភ្ជាប់ជើងហោះហើរ របស់ខ្លួន ពីរដ្ឋធានីម៉ូស្គូ ទៅកាន់ទីក្រុង «Orsk» ស្ថិតនៅជិតព្រំដែន ភាគខាងត្បូង។ គេបានរកឃើញតួយន្ដហោះ ថាបានធ្លាក់ នៅក្នុងសង្កាត់ «Ramenski» ដែលមានចំងាយប្រមាណជា ៧០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ូស្គូ។

សារព័ត៌មានក្នុងស្រុក បានលើកយកការអះអាង របស់សាក្សីជាច្រើននាក់ មកបញ្ជាក់ថា ពួកគេបានមើលឃើញ អណ្ដាតភ្លើងឆេះចេញពីយន្ដហោះ មុននឹងយន្ដហោះ បានធ្លាក់មកដល់ដី។ អ្នកទទួលខុសត្រូវមួយរូប នៃក្រសួងស្ថានការណ៍បន្ទាន់រ៉ូស្ស៊ី ត្រូវបានទីភ្នាក់ងារព័ត៌មាន «Interfax» ស្រង់សំដីមកបញ្ជាក់ថា តួយន្ដហោះ បានបែកបាក់រប៉ាត់រប៉ាយ នៅក្នុងបរិវេណដី ១គីឡូម៉ែត្រ។

ក្រសួងស្ថានការណ៍បន្ទាន់ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ អះអាងឲ្យដឹងបន្ថែមថា៖ «ក្រុមអ្នកជួយសង្គ្រោះច្រើនជាង ១៥០នាក់ និងរថយន្ដសង្គ្រោះ ប្រមាណជា២០គ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែង ដែលយន្ដហោះធ្លាក់»។ រូបភាពនៅតាមកញ្ចក់ទូរទស្សន៍ និងនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីបំណែកយន្ដហោះ ទាំងតូចទាំងធំ ស្ថិតនៅរាយប៉ាយលើវាលដ៏ធំ គ្របដណ្ដប់ដោយព្រិលទឹកកក។

មណ្ឌលដោះស្រាយវិបត្តិមួយ ត្រូវបានបង្កើតឡើងភ្លាមៗ នៅអាកាសយានដ្ឋាន «Domodedovo» ដែលជាព្រលានយន្ដហោះទីពីរ នៃរដ្ឋធានីម៉ូស្គូ ដែលមានអ្នកដំណើរឆ្លងកាត់ច្រើនបំផុត។

ក្រុមហ៊ុនអាកាសចរណ៍ «Saratov Airlines» មានស្នាក់ការកណ្ដាល នៅក្រុង «Saratov (នៃខេត្ត វ៉ុលហ្គា ស្ថិតនៅភាគខាងត្បូង)» និងធ្វើអាជីវកម្ម ជាមួយនឹងយន្ដហោះប្រភេទ «Antonov» ឬប្រភេទ «Yakovlev» ដោយភ្ជាប់ជើងហោះហើរជាច្រើន រវាងពីរដ្ឋធានីម៉ូស្គូ ទៅកាន់បណ្ដាខេត្តនានា នៃប្រទេសរ៉ូស្ស៊ី។ បើរាប់ចាប់តាំងពីការបិទបញ្ចប់ នៃសម័យកាលសហភាពសូវៀតនោះមក ក្រុមហ៊ុនអាកាសចរណ៍មួយនេះ មិនដែលជួបបញ្ហា នឹងការធ្លាក់យន្ដហោះ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ដូច្នេះទេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់