កម្ពុជា​កាន់​តែ​«មហា​ពុក​រលួយ» បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ

ចំណាត់ថ្នាក់ឆ្នាំមុន នៃ«សន្ទស្សន៍​សកលស្តីពី​អំពើ​ពុករលួយ​» បង្ហាញថា កម្ពុជាទទួលបាន​ចំណាត់ថ្នាក់ លេខ ១៥៦។ តែនៅឆ្នាំនេះ ប្រទេសកម្ពុជាបានធ្លាក់ចុះ ចំនួន៥ចំណាត់​ថ្នាក់ គឺទទួលបានលេខ ១៦១ ពីក្នុងចំណោម​១៨០​ប្រទេស នៅទូទាំងពិភពលោក។ កម្ពុជា នៅតែជាប្រទេសកំពូលពុករលួយ នៅអាស៊ីអាគ្នេយ៍ និងជាប្រទេស«មហាពុករលួយ» ដោយគ្រាន់ជាងតែមួយ​ប្រទេសប៉ុណ្ណោះ នៅអាស៊ីខាងកើត គឺប្រទេស​កូរ៉េ​ខាង​ជើង។
កម្ពុជា​កាន់​តែ​«មហា​ពុក​រលួយ» បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចែកស្រោមសំបុត្រ ដែលមានប្រាក់ដល់ក្រុមកម្មករ។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៣ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 24, 2018
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របាយការណ៍ឆ្នាំនេះ អំពី«សន្ទស្សន៍​សកលស្តីពី​អំពើ​ពុករលួយ - Corruption Perception Index» បានដាក់ប្រទេសកម្ពុជា ទៅក្នុងចំណាត់ថ្នាក់ដ៏ទាបជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងគ្រាន់ជាងតែប្រទេសកូរ៉េកុម្មុយនីស្ដ៍ប៉ុណ្ណោះ បើធៀបទៅបណ្ដាប្រទេស នៅអាស៊ីខាងកើត។ របាយការណ៍ដែលចេញផ្សាយ កាលពីថ្ងៃទី២២ ខែដោយអង្គការតម្លាភាពអន្តរជាតិ បានផ្ដល់ចំណាត់ថ្នាក់ ១៦១ សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំនេះ ដែលធ្លាក់ចុះជាងឆ្នាំកន្លងទៅ ៥ចំណាត់ថ្នាក់។

បើតាមរបាយការណ៍នោះ កម្ពុជាទទួលបានពិន្ទុ ២១ ពីក្នុងចំណោមពិន្ទុពេញ ចំនួន១០០ពិន្ទុ។ ផ្ទុយទៅវិញ បណ្ដាប្រទេស នៅជុំវិញកម្ពុជា និងជាសមាជិកសមាគមអាស៊ាន សុទ្ធតែទទួលបានពិន្ទុ គ្រាន់ជាងកម្ពុជាទាំងអស់។ នេះ បើគេមិននិយាយដល់ផងទេ ចំពោះប្រទេសសិង្ហបូរី ដែលទទួលពិន្ទុដ៏ល្អប្រសើរ ដល់ទៅ ៨៤ លើ ១០០ ជាមួយនឹងចំណាត់ថ្នាក់ លេខ ៦ នៅលើពិភពលោក។

សន្ទស្សន៍ខាងលើនេះ ធ្វើឡើងដោយ​ផ្អែក​ទៅ​លើ​កម្រៃ ​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ ខណៈអាជ្ញាធរមិនយកចិត្តទុកដាក់ ឬមិនសូវខ្វាយខ្វល់ ក្នុងការទប់ស្កាត់អំពើពុករលួយ និងបែរជាធ្វើការវាយប្រហារ ទៅលើប្រព័ន្ធឃ្លាំមើល ដូចយ៉ាងសារព័ត៌មានឯករាជ្យ ក្រុមសង្គមស៊ីវិល និងទៅលើគណបក្សប្រឆាំងទៅវិញ។

បទវិភាគប្រចាំតំបន់មួយ ដែលត្រូវបានភ្ជាប់ មកជាមួយរបាយការណ៍ផ្ដល់ចំណាត់ថ្នាក់នោះ បានពន្យល់ចំពោះករណីប្រទេសកម្ពុជាថា៖ «អង្គការសង្គមស៊ីវិល នៅក្នុងប្រទេសជាច្រើន ដូចជាប្រទេសកម្ពុជា (...) និងប្រទេសចិន ជាដើម បានរងការគម្រាមកំហែងជាប្រចាំ ពីសំណាក់អាជ្ញាធរ។ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានបង្ក្រាប ទៅលើក្រុមសង្គមស៊ីវិលយ៉ាងចាស់ដៃ ជាមួយនឹងច្បាប់ដ៏តឹងតែងមួយ ប្រឆាំងនឹងអង្គការសមាគម ក្រៅរដ្ឋាភិបាល។ បើយោងតាមសន្ទស្សន៍ខាងលើ កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលជាប់ចំណាត់ថ្នាក់អាក្រក់បំផុត នៅក្នុងតំបន់។»។

យ៉ាងណា ចំណាត់ថ្នាក់ខាងលើ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងច្រានចោល ដោយលោកថា វាជាចំណាត់ថ្នាក់ ដែលមានលក្ខណៈ«ផ្ទុយ» ទៅនឹងសង្គមកម្ពុជា ដែលកំពុងអភិវឌ្ឍន៍ ឆ្ពោះទៅរកវិបុលភាព។ លោកបានថ្លែងថា៖ «​ខ្ញុំ​មិន​ខ្វល់​ទេ ​អំពី​ចំណាត់ថ្នាក់​លេខ​ ១ លេខ​ ២ លេខ​ ៣​។ អ្វី​ដែល​សំខាន់​ គឺ​ថា​សង្គម​កម្ពុជា​កំពុង​អភិវឌ្ឍ​ ឆ្ពោះ​ទៅ​រក​វិបុលភាព ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​​ប្រសើរ​ឡើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ នេះ​ឆ្លុះ​បញ្ចាំង​ថា គ្មាន​អំពើ​ពុករលួយ មិន​ដូច​អ្វី​ដែល​ពួកគេ​និយាយ។​»។

ចំពោះលោក ព្រាប កុល នាយក​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា ហាក់បង្ហាញចំណាប់អារម្មណ៍ ក្នុងការដោះស្រាយអំពើពុករលួយ បន្ទាប់ពីលទ្ធផល នៃការបោះឆ្នោតជាតិ ឆ្នាំ២០១៣។ ប៉ុន្តែសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការកម្ចាត់អំពើពុករលួយ សម្រាប់រយៈពេលកន្លងមក នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។

ខាងក្រោមនេះ ជាបញ្ជីចំណាត់ថ្នាក់ នៃប្រទេសទាំង១០ ក្នុងសមាគមប្រជាជាតិអាស៊ាន៖

១- សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ ៦ (៨៤​ពិន្ទុ​)
២- ព្រុយ​ណេ ជាប់​ចំណាត់ថ្នាក់​លេខ ៣២ (៦២​ពិន្ទុ​)
៣- ម៉ាឡេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ ៦២  (៤៧​ពិន្ទុ​)
៤- ថៃ និង ឥណ្ឌូណេស៊ី ជាប់​ចំណាត់ថ្នាក់ ៩៦ ស្ទួន (៣៧​ពិន្ទុ​)
៥- វៀតណាម ជាប់​ចំណាត់ថ្នាក់ ១០៧ (៣៥​ពិន្ទុ​)
៦- ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់ ១១១ (៣៤​ពិន្ទុ​)
៧- មី​យ៉ាន់​ម៉ា ជាប់​ចំណាត់ថ្នាក់ ១៣០ (៣០​ពិន្ទុ​)
៨- ឡាវ ជាប់​ចំណាត់ថ្នាក់ ១៣៥ (២៩​ពិន្ទុ​)
៩- កម្ពុជា ជាប់​ចំណាត់ថ្នាក់ ១៦១ (២១​ពិន្ទុ​)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...