វិភាគ៖ នយោបាយ រាជ​វង្សានុវង្ស និង​រាជានិយម

ការលើកព្រះបន្ទូលនេះឡើង ខណៈពេលដែលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ គ្រោងនឹងយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មកដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃ២៨ ខែកក្កដាខាងមុខនេះ។ រដ្ឋធមនុញ្ញរបស់ប្រទេសកម្ពុជា មិនបានហាមឃាត់រាជវង្សានុវង្ស អោយចូលប្រឡូកក្នុងឆាយនយោបាយនោះទេ ដោយទំនងជាទុកសិទិ្ធ ក្នុងនាមជាពលរដ្ឋ អោយសមាជិករាជវង្សានុវង្សទាំងនោះផង។ តែរដ្ឋធមនុញ្ញបានចែងថា ព្រះមហាក្សត្រទ្រង់គង់ នៅលើកំពូលនៃស្ថាប័នទាំងអស់របស់ប្រទេស ជាកំពូលនៃគណបក្ស ជាតំណាងឲ្យនិរន្តរភាពជាតិ និងអំណាចសាធារណៈ ទ្រង់គង់ជាម្លប់ និងមិនកាន់អំណាចទេ។
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីពេលកន្លងមក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់មានបន្ទូល​ជា​អាថ៌ថា ព្រះរាជវង្សានុវង្ស «ពុំគួរ» ធ្វើនយោបាយនោះទេ ហើយត្រូវស្ថិតជាអព្យាក្រឹតភាព និងរួបរួមគ្នានៅជុំវិញ​រាជ​បល្ល័ង្ក ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៉ានី ក្នុងព្រះបរមរាជវាំង។


ព្រះអនុជ នរោត្តម អរុណរស្មី នៅលើគេហទំព័ររបស់គណបក្សហ្វុនស៊ីនប៉ិច។

ការលើកព្រះបន្ទូលនេះឡើង ខណៈពេលដែលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ គ្រោងនឹង​យាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មកដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃ២៨ ខែកក្កដាខាងមុខនេះ។

រដ្ឋធមនុញ្ញរបស់ប្រទេសកម្ពុជា មិនបានហាមឃាត់រាជវង្សានុវង្ស អោយចូលប្រឡូកក្នុងឆាយនយោបាយនោះទេ ដោយ​ទំនងជាទុកសិទិ្ធ ក្នុងនាមជាពលរដ្ឋ អោយសមាជិករាជវង្សានុវង្សទាំងនោះផង។ តែរដ្ឋធមនុញ្ញនេះបានចែងថា ព្រះ-​មហាក្សត្រ​ទ្រង់គង់ នៅលើកំពូលនៃស្ថាប័នទាំងអស់របស់ប្រទេស ជាកំពូលនៃគណបក្ស ជាតំណាងឲ្យនិរន្តរភាពជាតិ និងអំណាចសាធារណៈ ទ្រង់គង់ជាម្លប់ និងមិនកាន់អំណាចទេ។

ទាក់ទិននឹងបញ្ហានៃការចូលប្រឡូក ក្នុងឆាកនយោបាយនៃរាជវង្សានេះ លោកស្រី ជា វណ្ណាត បានធ្វើការកត់សម្គាល់ថា «គួរ»ឬ«ពុំគួរ» នោះពុំមានច្បាប់ណាមួយ ដាក់កំហិតនោះទេ។ ដូច្នេះការយាងរាជបុត្រី នរោត្តម អរុណរស្មី ក្នុងការដឹកនាំ​គណបក្សហ៊្វុនស៊ិនប៉ិចនោះ វាក៏មិនជាបញ្ហាខុសឆ្គងអ្វីដែរ។ តែខុសត្រង់ថា នយោបាយ តែងតែមានការប៉ះទង្គិច​ពាក្យ​សម្តី ការវាយប្រហារពីសំណាក់ គណបក្សដឹកនាំរដ្ឋាភិបាល ឬគណបក្សប្រឆាំង។ ឥទ្ធិពលនៃការវាយប្រហានេះ តិច​ឬ​ច្រើន វានឹងជះទៅដល់«រាជបល្ល័ង្ក» ព្រោះព្រះអង្គម្ចាស់ នរោត្តម អរុណរស្មី ជាខ្សែរ«រាជវង្ស» ។

ស្ត្រីអ្នកវិភាគបញ្ហាសង្គមរូបនេះ បានរំពឹងថា  «គណបក្សហ្វុនស៊ីនប៉ិច គួរតែគិតពីបញ្ហានេះ ឲ្យបានល្អិតល្អន់ ព្រោះ​"រាជបល្ល័ង្ក" មិនអាចអ្នកណារំលោភបំពានបានឡើយ។ "រាជបល្ល័ង្ក" ជាទីដ៏ខ្ពង់ខ្ពស់ ជាទីគោរពរបស់ប្រជាពលរដ្ឋ។ ដូច្នេះគួរជាសវាងការជះឥទ្ធិពលមិនល្អ ដែលនាំឲ្យប៉ះពាល់ដល់រាជបល្ល័ង្ក។»

សម្រាប់នាយកសកលវិទ្យាល័យខេមរៈ លោកបណ្ឌិត សុខ ទូច ការយាងព្រះញាតិវង្ស មកដឹកនាំគណបក្ស ទំនងជា​ចង់​ស្វែងរកប្រជាប្រិយភាព ឲ្យក្រុមអ្នករាជានិយមនេះ អោយបានកាន់តែច្រើនឡើង។ ចំពោះការ​ឃោសនាបោះឆ្នោតវិញ លោកថា បើគណបក្សនោះមិនខ្លាំងទេ នោះនឹងមិនសូវមានទេ នូវការវាយប្រហារ និងប៉ះទង្គិចពាក្យសម្តីគ្នា ពីសំណាក់​បណ្តាគណបក្ស និងអ្នកចូលរួមផ្សេងទៀត។ ប៉ុន្តែបើថ្ងៃមុខ គណបក្សនោះប្រែក្លាយជាខ្លាំង នោះអាចនាំឲ្យមានការ​ប៉ះពាល់ ដល់ខ្សែររាជវង្ស និងបាត់បង់ការគោរពពីប្រជារាស្រ្ត។

ការប៉ះពាល់ដល់រាជបល្ល័ង្កនេះ  លោក ថៃ នរសត្យា ទីប្រឹក្សានាយករដ្ឋមន្ត្រី ក៏បានសម្ដែងការយល់ស្របដែរ បើទោះ​ជា​លោកគិតថា មានការប៉ះពាល់តិចតួចក៏ដោយ។ ការធ្វើនយោបាយ តែងមានការប្រគួតប្រជែងគ្នា មានសង្រ្គាម​វោហា​សាស្ត្រ  ដែលអាចប៉ះពាល់ដល់ស្ថាប័នព្រះរាជវង្ស។ លោកយល់ថា ជារឿងរបស់«បុគ្គល» ដែលមកធ្វើនយោបាយ នឹង​មិនមានការប៉ះពាល់ ដល់ព្រះរាជបល្ល័ង្គទេ។

គេសង្កេតឃើញថា ការបោះឆ្នោតបួនអាណត្តិកន្លងមកនេះ មានគណបក្សជាច្រើន ដែលមានថ្នាក់ដឹកនាំភាគច្រើន​ជា​បុរស និងមានស្រ្តីតិចតួច ដែលបានចូលមកប្រកួតប្រជែង ដណ្តើមសន្លឹកឆ្នោត ស្វែងរកការគាំទ្រពីប្រជា​ពលរដ្ឋ។ ចំណុច នេះលោកស្រី ជា វណ្ណាត បាននិយាយប្រកបដោយ សុទិដ្ឋិនិយមថា វាមិនមែនជាលើកដំបូងទេ ដែលស្រ្តី​មាន​តួនាទី​ជា​អ្នកដឹកនាំបក្ស ក្នុងការឆ្ពោះទៅធ្វើ ជាអ្នកដឹកនាំប្រទេសជាតិនោះ។ «នេះជាការល្អមួយ ដែលយើងលើក​តម្កើងស្ត្រី ឲ្យ​មានតួនាទីក្នុងការដឹកនាំ។ នាយករដ្ឋមន្ត្រីនៅប្រទេសគេ ក៏មានស្រ្តីដែរ។ វាមិនសំខាន់ លើភេទទេ។ សំខាន់លើ​សេចក្តី​ក្លាហាន ភាពមុះមុត អង់អាច ហ៊ានចូលរួមប្រគួតប្រជែង ក្នុងឋានៈជាអ្នកដឹកនាំ ហើយក៏ជាការមួយ​លើកទឹកចិត្ត និងជា​គំរួមួយល្អសម្រាប់ស្រ្តីខ្មែរផងដែរ។»

សូមបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីពេលថ្មីៗនេះ បានយាងព្រះអង្គម្ចាស់ក្សត្រីនរោត្តម អារុណរស្មី ដែលជា​បុត្រីពៅរបស់ព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដើម្បីថ្វាយតួនាទីជាប្រធានគណបក្ស ហើយក៏ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតអាណត្តិទី៥ ខាងមុខនេះដែរ។ ពិធីតែងតាំងព្រះអង្គម្ចាស់ក្សត្រី ជាព្រះប្រធានបក្ស ជាផ្លូវការ នឹងត្រូវរៀបចំធ្វើ ក្នុងសមាជមួយរបស់គណបក្ស នៅថ្ងៃសៅរ៍ទី២៣ មីនា ឆ្នាំ២០១៣ ខាងមុខ។

បណ្ដាអ្នកវិភាគ មិនបានចាប់អារម្មណ៍ខ្លាំង ទៅលើបុគ្គលរូបណា ជារាស្ត្រ ឬជាព្រះញាតិវង្ស ថានឹងមកដឹកនាំ ឬមាន​តួនាទីអ្វីនោះទេ។ ប៉ុន្តែគេត្រូវនិយាយពី ចំណេះចេះដឹងផ្នែកនយោបាយ សមត្ថភាព គោលដៅជាមូលដ្ឋានគ្រឹះ នៃការ​ដឹកនាំរបស់បុគ្គលនោះ។ នៅក្នុងសៀវភៅ «សង្គមវិជ្ជាខ្មែរ» និពន្ធដោយលោកសាស្ត្រាចារ្យ សរ សារុន ដែលបានបោះ​ពុម្ភផ្សាយ នៅមុនឆ្នាំ១៩៧៥ មានសិក្សាវិភាគយ៉ាងច្រើន ពីសមត្ថភាព និងគោលដៅចំបង របស់អ្នកនយោបាយ នៅ​ក្នុងប្រវត្តិសាស្ត្រខ្មែរទំនើប។ អ្នកនិពន្ទ ដែលទំនងជាចង់សរសេររិះគន់ ទៅដល់បណ្ដាអ្នកដឹកនាំ ក្នុងរបបសារធារណរដ្ឋ​នាសម័យនោះ បានសរុបសេចក្ដីមកថា «ក្រៅពីព្រះរាជាប៉ុន្មានអង្គ ក្នុងសម័យអង្គរ (...) ខ្មែរមិនចេះធ្វើនយោបាយទេ ហើយក៏មិនមែនជាពូជ អ្នកចេះធ្វើនយោបាយដែរ។ តែបើជ្រុលជាធ្វើនយោបាយវិញ គឺខ្មែរធ្វើដើម្បីតែអំណាច ស្វែងរក​លាភសង្ការះ ផលប្រយោជន៍អោយខ្លួន និងបក្សពួកខ្លួនតែប៉ុណ្ណោះ៕»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...