ការ​វាយ​ប្រហារ​​ដោយ​កាំបិត​នៅ​សារមន្ទីរ លូវ្រ៍៖ អ្វីដែល​អ្នក​អង្កេត​ដឹង

នៅមុនធ្វើសកម្មភាព ជនដៃដល់ក្នុងការវាយប្រហារ ដោយកាំបិត ទៅលើទាហានល្បាត នៅក្នុង​សារមន្ទី លូវ្រ៍ ៏(Louvre) កណ្ដាល​រដ្ឋធានីប៉ារីស កាលពីព្រឹកថ្ងៃសុក្រម្សិលម៉ិញ ធ្លាប់បានលើកឡើង ពីក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter)។ ជា​ចំណុច​មួយ ដែល​កាន់​តែ​គួរ​ឲ្យ​សង្ស័យ​ឡើង ប្រាប់ទៅក្រុម​អ្នក​ស៊ើប​អង្កេត​បារាំង​ថា ការវាយប្រហារនេះ ជាអំពើ​ភេរវកម្ម។
ការ​វាយ​ប្រហារ​​ដោយ​កាំបិត​នៅ​សារមន្ទីរ លូវ្រ៍៖ អ្វីដែល​អ្នក​អង្កេត​ដឹង
ជនដៃដល់ ដេកដួលនៅលើដី បន្ទាប់ពីត្រូវទាហានម្នាក់ ពីក្នុងចំណោមទាហានល្បាតបួននាក់ បាញ់ចំពោះ ចំនួន៥គ្រាប់។ (រូបថតលើទ្វីសធើរ)
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៤ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 04, 2017
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

នៅប៉ុន្មានម៉ោង ក្រោយការវាយប្រហារ ដោយកាំបិត ទៅលើទាហានល្បាត នៅក្នុងសារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាល​រដ្ឋធានី​ប៉ារីស កាលពីព្រឹកថ្ងៃសុក្រ​ម្សិលម៉ិញ ក្រុមអ្នកស៊ើបអង្កេតបារាំង បានជឿ​ជាក់​ថា ពួក​ខ្លួន​បាន​ដឹង​ពី​អត្តសញ្ញាណ របស់​ជន​ដៃដល់​ម្នាក់​នេះ​ហើយ។ គេ​សង្ស័យថា ជនម្នាក់នេះ ជាជនជាតិ​អេហ្សីព អាយុ​២៩ឆ្នាំ ដែលបានចូល​មក​ក្នុងទឹកដីបារាំង តាំងពី១សប្ដាហ៍មុន ដោយប្រើទិដ្ឋការទេសចរណ៍។

លោក ហ្វ្រង់ស័រ ម៉ូឡាំង (François Molins) រដ្ឋអាជ្ញានៃ​​សាធារណរដ្ឋ​បារាំង ប្រចាំ​រដ្ឋធានី​ប៉ារីស បាន​ថ្លែង​អះអាង នៅ​ក្នុង​សន្និសីទការសែត កាលពីយប់ថ្ងៃសុក្រថា ជនដៃដល់​បាន​រង​របួសត្រង់ពោះ យ៉ាង​ធ្ងន់ធ្ងរ ​បន្ទាប់​ពី​ត្រូវ​បាន​ទាហាន​ម្នាក់ ពីក្នុងចំណោមទាហាន​ល្បាត​ទាំង​បួន​នាក់ បាញ់តម្រង់​ចំនួន​៥គ្រាប់។ ជន​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ក្នុងមន្ទីរ​ពេទ្យ ហ្សក ប៉ុមពីឌូ (Georges Pompidou) ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព «មិនរស់​មិនស្លាប់» នៅឡើយ។ ប្រភព​ផ្សេង​ទៀត​ បានអះអាង​ថា ស្ថានភាព​របួស របស់​ជន​ដៃ​ដល់​ បាន​នឹង​នរ​មក​វិញ​បន្តិច​ហើយ។

លោក ម៉ូឡាំង បានរំលឹក​ពីហេតុការណ៍​នេះ ដោយបញ្ជាក់បន្ថែម ពីការអះអាង​របស់​សាក្សី នៅនឹង​កន្លែង​ជា​ច្រើន​នាក់​ថា ជនដៃដល់ ប្រដាប់ដោយកាំបិត​ប្រវែង​៤០សង់ទីម៉ែត្រ ចំនួន​ពីរ បានហក់​ចូលទៅ​ចាក់​​ទាហាន​​ម្នាក់ ឲ្យ​ដួល​ទៅ​លើ​ដី (តែរបួស​ស្រាល) មុននឹង​ព្យាយាម​ហក់ ទៅវាយ​ប្រហារ លើទាហាន​ម្នាក់​ទៀត។ គឺ​ទាហាទ​ទី​ពីរ​រូប​នេះ​ហើយ ដែលបាន​ផ្ទុះ​អាវុធ​ការពារ​ខ្លួន តែមិន​បាន​បាញ់ សំដៅ​ចំនុច​សំខាន់ ដែល​ធ្វើឲ្យ​ជន​ដៃ​ដល់ ស្លាប់​នោះ​ទេ។

បើទោះជា​អត្តសញ្ញាណ របស់ជន​ម្នាក់នេះ នៅមិនទាន់​ប្រកាស​ឲ្យដឹង​ទាំង​ស្រុងក៏ដោយ តែការ​ស៊ើប​អង្កេត​ បាន​ដើរ​ទៅ​មុខ​យ៉ាង​ស៊ី​ជម្រៅ ជាមួយនឹង​ទូរស័ព្ទដៃ របស់ជននេះ ទិដ្ឋការចូលប្រទេសបារាំង និង​ការ​ចូល​ទៅ​ឆែក​ឆេរ នៅក្នុង​លំនៅដ្ឋាន​ប្រកបដោយ​ផាលសុខភាពមួយ ដែលជនដៃដល់ បានជួលស្នាក់ ក្នុង​សង្កាត់​ទី៨ នៃ​រដ្ឋធានី​ប៉ារីស។ ការរកឃើញខាងលើនេះ បានបញ្ជាក់ថា បុរសជាតិ​អេហ្សីព អាយុ២៩ឆ្នាំ បានចូល​មក​ក្នុង​ទឹកដី​បារាំង ដោយស្រប​ច្បាប់ តាម​ជើង​ហោះហើរ​មួយ ពី​ប្រទេស​ឌុយបៃ។

លោករដ្ឋអាជ្ញា បានបន្តឲ្យដឹងទៀតថា ការស៊ើបអង្កេត ត្រូវស្វែងរក «ឲ្យឃើញ​បន្ថែមទៀត ពី​បុព្វហេតុ​នៃសកម្ម​ភាព ប្រព្រឹត្តិ​ដោយ​ជននេះ និងថាតើជននេះ ធ្វើសកម្មភាពតែម្នាក់ឯង ភ្លាមៗ ឬដោយ​មាន​ ការ​បង្គាប់​បញ្ជា​ពី​ខាង​ក្រោយ»។

សម្រាប់លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) ប្រធានាធិបតី​បារាំង​វិញ បាន​ថ្លែង នៅមុន​សន្និសីទ​កាសែត របស់​លោក ម៉ូឡាំង ថា៖ «វាជាទង្វើមួយ ដែលមិនធ្វើឲ្យ​សង្ស័យឡើយ ថាមាន​ចរិត​ជា ភេរវកម្ម»។

ក្រុមអ្នកស៊ើបអង្កេត ក៏កំពុងស្រាវជ្រាវផងដែរ ពីសារបង្ហោះ នៅលើទំព័រទ្វីសធើរ របស់ជនជាតិ​អេហ្សីព​ម្នាក់ ​​ដាក់​​ឈ្មោះ «Abdallah El Hamahmy» ដែលគេជឿថា ជាគណនេយ្យរបស់ជនដៃដល់។ សារ​សរសេរ​ជា​ភាសា​អារ៉ាប់ ប្រមាណ​ជាង១០សារ ត្រូវ​បាន​បង្ហោះ រវាង​ពីម៉ោង ៨និង​២៧នាទី និង​ម៉ោង ៨និង​៣៤នាទី។ សារ​មួយ​បាន​សរសេរ​ថា៖ «ក្នុងនាម​ព្រះអាឡាហ៍ (...) សម្រាប់​បងប្អូន​របស់យើង នៅក្នុងប្រទេស​ស៊ីរី និង​សម្រាប់យុទ្ធជន​ទាំងអស់។» រីឯសារ​មួយ​ទៀត បង្ហោះ​​នៅ​​ប៉ុន្មាន​នាទី​​ក្រោយ​មក បាន​សរសេរ​លើក​ឡើង ពី​អង្គការ​ភេរវ​និយម ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS)៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់