ក្រុមប៉ារីស បរាជ័យ​ជា​ថ្មី​នៅ «Champions League»

បន្ទាប់ពីបានប្រកួតចាញ់ ក្នុងការប្រកួត«ទៅ» នៅឯរាជធានី ម៉ាឌ្រីត (អេស្ប៉ាញ) ក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បានប្រកួតចាញ់ជាថ្មីទៀត នៅក្នុងការប្រកួត«ត្រឡប់» ក្នុងផ្ទះខ្លួនឯង (រដ្ឋធានីប៉ារីស - បារាំង)។ នៅចំពោះក្រុម រៀលម៉ាឌ្រីត (Real Madrid) ដែលកាន់តំណែងជើងឯកអ៊ឺរ៉ុប ពីរជំនាន់ជាប់ៗគ្នានេះ ក្រុមប៉ារីសបានជួបនឹងបរាជ័យជាថ្មី នៅក្នុងបញ្ជីបរាជ័យរហូតមក សម្រាប់ក្របខណ្ឌ «Champions League» មួយនេះ។
ក្រុមប៉ារីស បរាជ័យ​ជា​ថ្មី​នៅ «Champions League»
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ អបអរគ្រាប់បាល់របស់ខ្លួន នៅចំពោះកីឡាករក្រុម ប៉ារីស ក្នុងការប្រកួត​«ត្រឡប់» នៃវគ្គ១/៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ថ្ងៃទី៦ ខែមីនា។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 07, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) មិនមាន​លទ្ធភាព ដើម្បី​ក្លាយ​ជា​«ជើងឯក​អ៊ឺរ៉ុប»​ទេ​ឬ? មាន​ឬគ្មាន​ក៏ដោយ តែមកដល់ថ្ងៃនេះ ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស (ប្រទេសបារាំង) មួយនេះ តែងតែជួបនូវ​បរាជ័យជានិច្ច នៅពេលឡើង​មកដល់ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ (ភាគច្រើន​​នៅត្រឹមតែ ១ភាគ៨ផ្ដាច់ព្រ័ត្រ)  នៃការប្រកួតក្របខណ្ឌជើងឯកអ៊ឺរ៉ុប «Champions League»។

ដូចក្នុងយប់នេះ ក្រុមប៉ារីស ដែលគ្មានកំពូលតារា​បាល់ទាត់​របស់ខ្លួន គឺកីឡាករ ណីម៉ា (Neymar) នោះ បានប្រកួតចាញ់ក្រុម រៀលម៉ាឌ្រីត (Real Madrid) ជាថ្មី​ទៀត នៅក្នុងផ្ទះខ្លួនឯង (កីឡាដ្ឋាន «Parc des Princes» រដ្ឋធានីប៉ារីស - បារាំង) ក្នុងការប្រកួត«ត្រឡប់» ដោយពិន្ទុ១-២ បន្ទាប់ពីបានប្រកួតចាញ់ក្រុម រៀល ក្នុងការប្រកួត​«ទៅ» កាលពី៣សប្ដាហ៍មុន នារាជធានី ម៉ាឌ្រីត (អេស្ប៉ាញ) ដោយពិន្ទុ ១-៣។

ក្រៅពីទេពកោសល្យ​ផ្ទាល់ របស់កីឡាករនីមួយៗ ដែលមានប្រហាក់ប្រហែលគ្នានោះ នៅក្នុងក្រុមទាំងពីរ ក្រុម រៀលម៉ាឌ្រីត បានបង្ហាញពីភាពរឹងប៉ឹងរបស់ខ្លួន នៅចំពោះនៅគ្រប់ការបញ្ជូនបាល់ របស់កីឡាករក្រុម ប៉ារីស ដែលខ្សែប្រយុទ្ធរបស់ខ្លួន ហាក់មិនបានបង្ហាញ ពីគ្រោះថ្នាក់ច្រើនប៉ុន្មាន សម្រាប់ក្រុម រៀល នោះទេ។ ផ្ទុយទៅវិញ រាល់ពេលដែលក្រុមរៀល បើកការប្រយុទ្ធ​ឡើងទៅដល់ទី របស់ក្រុមប៉ារីស ក្រុមរៀលមានឱកាសច្រើនណាស់ ក្នុងការទាត់បញ្ចូលទី (ក្រុមរៀល មានឱកាស២១ដង ទល់នឹងក្រុមប៉ារីស ដែលមានឱកាស តែ៨ដង)។

អ្វីដែលក្រុម ប៉ារីស នៅ«អន់»ជាងក្រុម រៀល នោះ គឺ «ភាពនឹងនរ» នៅក្នុងចិត្តរបស់កីឡាករ។ ដូចជាកីឡាករ ម៉ាកូស វេរ៉ាទី (Marco Verratti) របស់ក្រុម ប៉ារីស ជាដើម ដែលពោរពេញ ដោយទេពកោសល្យ តែកីឡាកររុបនេះ មិនចេះអត់ធ្មត់សង្កត់ចិត្ត ទល់នឹងការបង្កហេតុ ឬការដណ្ដើមបាល់ ជាមួយនឹងកីឡាករ របស់ក្រុម រៀល នោះឡើយ។

ជាលទ្ធផល កីឡាករ វេរ៉ាទី ត្រុវបានអាជ្ញាកណ្ដាល ពិន័យកាតលឿងពីរដង ដែលស្មើរនឹងកាតក្រហម បណ្ដេញចេញពីការប្រកួត នៅនាទីទី ៦៦។ ការពិន័យនេះ មិនត្រឹមតែជាការពិន័យ សម្រាប់កីឡាករខ្លួនឯងទេ តែជាការពិន័យ ចំពោះក្រុម ប៉ារីស ទាំងមូល ដែលត្រូវបន្ថយសមាជិក មកត្រឹមតែ១០នាក់ នៅចំពោះក្រុម រៀល (១១នាក់) ដ៏ខ្លាំងក្លា។

ក្រោយការបរាជ័យ នៅក្នុងក្របខណ្ឌអ៊ឺរ៉ុបនេះ ក្រុមប៉ារីស នៅសល់តែការប្រកួតក្របខណ្ឌជាតិប៉ុណ្ណោះ ដែលត្រូវដណ្ដើមយកជ័យជំនះ។ ប៉ុន្តែរាល់ពានជើងឯក​ទាំងឡាយ នៅក្នុងប្រទេសបារាំង សឹងតែក្លាយជារឿងធម្មតាទៅហើយ ដោយសារក្រុមប៉ារីស បានដណ្ដើមយក សឹងជារៀងរាល់ឆ្នាំ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ការបរាជ័យនៅក្របខណ្ឌអ៊ឺរ៉ុប នឹងបង្កការផ្លាស់ប្ដូរ «តិចឬច្រើន» នៅក្នុងក្រុម ប៉ារីស នៅចុងរដូវកាល ជាពិសេសគ្រូបង្វឹករបស់ក្រុម លោក អ៊ូណៃ អែមរី (Unai Emery) ដែលកិច្ចសន្យានឹងត្រូវបញ្ចប់ ក្នុងឆ្នាំ២០១៨នេះ។

ដើម្បីឈ្នះជើងឯកអ៊ឺរ៉ុប ក្រុម ប៉ារីស នៅមានការងារជាច្រើន ដែលត្រូវធ្វើ ហើយត្រូវស្វែងរកទម្រង់បាល់ទាត់មួយ ដែលនឹងនរ ច្បាស់លាស់ មានវិន័យ និងខ្លាំង ដើម្បីបំបាក់ក្រុមបាល់ទាត់ធំៗ នៅអ៊ឺរ៉ុប ដែលតែងប្ដូរគ្នា កាន់កាប់ពានអ៊ឺរ៉ុបមួយនេះ ម្នាក់ម្ដងៗ ជារៀងរាល់ឆ្នាំកន្លងមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...