អង្គការ​មួយ​ប្ដឹង​ប្រធានាធិបតី ត្រាំ ពី​បទ​«រំលោភ​រដ្ឋធម្មនុញ្ញ»

អង្គការ «Citizens for Responsibility and Ethics in Washington (Crew)» បានថ្លែងថា នឹងប្ដឹង​ឡើង​ទៅ​តុលាការ ចោទ​ប្រកាន់​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលទើបនឹងចូល​កាន់​តំណែង បាន​ពីរ​ថ្ងៃ ពីបទ​រំលោភ​រដ្ឋធម្មនុញ្ញ នៃ​សហរដ្ឋ​អាមេរិក ទាក់ទង​នឹង​ប្រាក់​ចំណូល របស់លោក ត្រាំ ដែល​​លោក​នៅ​តែ​ទទួល​បាន រហូត​ដល់​សព្វថ្ងៃ។
អង្គការ​មួយ​ប្ដឹង​ប្រធានាធិបតី ត្រាំ ពី​បទ​«រំលោភ​រដ្ឋធម្មនុញ្ញ»
លោក ដូណាល់ ត្រាំ កំពុងនិយាយទូរស័ព្ទ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ២៣ មករា ២០១៧
  • កែប្រែចុងក្រោយ: January 24, 2017
  • ប្រធានបទ: យុត្តិធម៌-ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​អាមេរិក ដែលទើបនឹង​​ចូល​​​កាន់​តំណែងនេះ បាន​ពីរ​ថ្ងៃ នៅ​​តែ​​ទទួល​បានប្រាក់ចំណូល ប្រកបដោយ​ភាពមន្ទិល​ពីបរទេស ដែលជា​ការរំលោភ​ធ្ងន់ធ្ងរ ទៅលើ​រដ្ឋ​ធម្មនុញ្ញ នៃ​សហរដ្ឋ​អាមេរិក។ នេះ បើ​តាម​អង្គការ «Citizens for Responsibility and Ethics in Washington (Crew)» ជំនាញ​ខាង​ការ​ប្រឆាំង​អំពើ​ពុករលួយ ដែលបានថ្លែងឲ្យដឹង នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ កាល​ពីថ្ងៃអាទិត្យ។

អង្គការ​បានអះអាងថា ខ្លួននឹងដាក់ពាក្យបណ្ដឹង ប្រឆាំងប្រធានាធិបតីអាមេរិកថ្មី ទៅ​កាន់​តុលាការ​សហព័ន្ធ ដែល​មាន​ទីតាំង​ក្នុងសង្កាត់ «Manhattan» នៃទីក្រុងញ៉ូយក ចាប់ពីថ្ងៃចន្ទនេះទៅ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននោះ អង្គការបានលើកឡើង ពីការស៊ើបអង្កេតរបស់ខ្លួន ដែល​អះអាង​ថា ​ប្រធានាធិបតី ត្រាំ បានរក្សាទុក នូវការជាប់ពាក់ព័ន្ធ ផ្នែកហិរញ្ញវត្ថុដ៏ធំសម្បើម ពីសំណាក់សហគ្រាស និង​ក្រុមហ៊ុន​ចំនួន​«រាប់រយ» ដែល​សុទ្ធសឹង ជាផ្នែក (មួយ ឬទាំងអស់) ផ្សារភ្ជាប់ទៅនឹង «Trump Organization»។ អង្គការ​ខាង​លើ បានចាត់ទុកថា ទង្វើនេះរបស់លោក ដូណាល់ ត្រាំ បានរំលោភរដ្ឋធម្មនុញ្ញអាមេរិក។

មាត្រាមួយ នៃជំពូកទី៩ របស់រដ្ឋធម្មនុញ្ញអាមេរិក ត្រង់វាក្យខណ្ឌទី៨ មានចែងជាអាទិ៍ថា បុគ្គល​ដែល​ទទួល​តំណែង​សាធារណៈ (អាមេរិក) មិនត្រូវទទួលយកអំណោយ ប្រាក់ខែក្រៅ តួនាទី ឬមុខតំណែង​បន្ថែម ណា​ក៏​ដោយ ដោយ​គ្មាន​ការ​យល់ព្រម ពីសភាតំណាងរាស្ត្រ (អាមេរិក) ពីសំណាក់ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ឬ​ពី​រដ្ឋ​បរទេស​ណា​មួយ​ឡើយ។

អង្គការ «Crew» ដែល​មាន​ការ​គាំទ្រ ពីមនុស្សសំខាន់ៗ ជំនាញ​ខាង​រដ្ឋធម្មនុញ្ញច្រើន​នាក់ បាន​ឲ្យ​ដឹង​ទៀត​ថា ​ផ្ទុយ​ទៅ​វិញ តាំង​ពី​ពេល​​ចូល​​ប្រឡូក ក្នុងយុទ្ធនាការបោះឆ្នោត រហូតមកដល់ពេលនេះ លោក ដូណាល់ ត្រាំ នៅ​តែ​បន្ត​ទទួល​ប្រាក់ និងផលប្រយោជន៍ ពីសំណាក់រដ្ឋាភិបាលបរទេស ពីអតិថិជន​​​នៃ​​សណ្ឋាគារ​​របស់​​លោក ពី​ម្ចាស់​អចលនវត្ថុ​ធំៗ និង​ពី​ការ​ដោះដូរ​អចលនវត្ថុ នៅ​ឯ​បរទេស។ រដ្ឋបរទេស​ទាំង​នោះ មាន​ដូចជាប្រទេស​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម។

អង្គការបានលើកឡើងថា៖ «នៅពេលដែលប្រធានាធិបតី ធ្វើការចរចា លើរាល់កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​​ទាំង​ឡាយ ជា​មួយ​នឹង​បណ្ដា​ប្រទេសទាំងនេះ ប្រជាជនអាមេរិក មិនមាន​មធ្យោបាយ​ណាមួយឡើយ ដើម្បី​ដឹង​ថា តើ​​លោក​​ប្រធានាធិបតី បាន​គិត​ទៅ​ដល់ ផលប្រយោជន៍ នៃបុគ្គល ត្រាំ ខ្លួនលោក ដែល​ជា​អ្នក​ជំនួញ​ ឬ​យ៉ាង​ណា​នោះ»។

ក្នុងរយៈពេល នៃការរង់ចាំការស្បថ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រគល់​ការ​គ្រប់​គ្រង​សហគ្រាស​របស់​លោក ទៅឲ្យកូនប្រុសច្បង​ទាំងពីរ​របស់លោក និងទៅឲ្យ​អ្នក​រួម​ភាគហ៊ុន​ជាមួយ​លោក តាំងពីយូរមកហើយ គឺលោក «Allen Weisselberg»។ ទង្វើនេះ ត្រូវបាន​មើល​ឃើញ​ថា ដើម្បី​បញ្ជៀស​ជម្លោះ​ផល​ប្រយោជន៍ ដែលអាចកើតមាន សម្រាប់តួនាទី​ជាប្រធានាធិបតី​របស់លោក ជា​មួយ​នឹង​ការ​រក​ទទួល​ទាន​ក្នុងពេលកន្លងមក ដែលបានធ្វើឲ្យលោក ក្លាយជា​មហាសេដ្ឋី​មួយ​រូប នៅសហរដ្ឋ​អាមេរិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...