ដូណាល់ ត្រាំ៖ «ខ្ញុំ​នឹង​ក្លាយ​ជា​ប្រធានាធិបតី នៃ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប»

ចប់ហើយ សម្រាប់អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton)។ យុគសម័យថ្មីសម្រាប់​លោក ដូណាល់ ត្រាំ (Donald Trump) កំពុងចាប់ផ្ដើម​បន្តិច​ម្ដងៗ។ លោក ត្រាំ ដែលជា​មហា​សេដ្ឋី​​មួយ​រូប​​ខាង​អចលនវត្ថុ បាន​ជាប់​ឆ្នោត​ជា​​ប្រធានាធិបតី​​ទី​៤៥ នៃសហរដ្ឋអាមេរិក ហើយ​បាន​​ប្រកាស​​ពី​​ជ័យជំនះ​​របស់​ខ្លួនថា លោកនឹងក្លាយជា«ប្រធានាធិបតី នៃ​ពលរដ្ឋ​​អាមេរិកាំង​​គ្រប់​រូប»។
ដូណាល់ ត្រាំ៖ «ខ្ញុំ​នឹង​ក្លាយ​ជា​ប្រធានាធិបតី នៃ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប»
លោក ដូណាល់ ត្រាំ បេក្ខជនឈ្នះឆ្នោត ជាប្រធានាធិបតីជំនាន់ទី៤៥ របស់សហរដ្ឋអាមេរិក។ (រូបថតឯកសារ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ញ៉ូយក ថ្ងៃទី០៩ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 09, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាន​ជាប់​ឆ្នោត ជា​ប្រធានាធិបតីទី៤៥ នៃសហរដ្ឋ​អាមេរិក ហើយលោកនឹងចូល ទៅកាន់​តំណែង​នេះ ក្នុង​សេត​វិមាន នៅថ្ងៃទី២០ ខែមករាខាងមុខ។ នៅក្នុងសុន្ទរកថាមួយ ដែល​ប្រើ​រយៈពេល​​ប្រមាណ​ជា​១៥នាទី ពីសណ្ឋាគារ ហ៊ីតុន (Hilton) ក្នុងសង្កាត់ ម៉ាណាតាន់ (Manhattan) នៃក្រុង​ញ៉ូយក លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​ខ្លួន​លោក នូវរូបភាព​ជាអ្នកបង្រួមបង្រួមជាតិ ដ៏​សំខាន់​មួយ​រូប។

លោក ដូណាល់ ត្រាំ បានសន្យាក្នុងឱកាសនោះថា៖ «ខ្ញុំនឹងក្លាយជាប្រធានាធិបតី នៃ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប។ (...) រដ្ឋាភិបាល (របស់លោក ត្រាំ) នឹងបម្រើពលរដ្ឋ។ ដោយរួមគ្នា​ធ្វើការ​ជា​ធ្លុង​មួយ យើងនឹងកសាង​ជាតិ​យើង​ជា​ថ្មី ហើយបង្កក្ដីសុបិន្ដ​អាមេរិក​ឡើង​វិញ។»។

លោក ដូណាល់ ត្រាំ បានថ្លែងពន្យល់ដែរ ពីបេក្ខនារីគូប្រជែងរបស់លោក មកពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton)។ លោកបានថ្លែងឡើងថា៖ «ខ្ញុំ​ទើប​នឹង​ទទួលទូរស័ព្ទ ពីអ្នកស្រី ហ៊ីឡារី គ្លីនតុន។ គាត់បានអបអរសាទរ នូវជ័យជំនះ​របស់​យើង ហើយ​ខ្ញុំ​ក៏​បាន​សម្ដែង នូវការកោតសរសើរ​ចំពោះ​​គាត់ដែរ ដែលបានតស៊ូ នៅក្នុង​យុទ្ធនាការ​​ឃោសនា​បោះឆ្នោតនេះ រហូត​ដល់​ទី​បញ្ចប់។»។

ផ្ទុយពីភាពតានតឹង ដែលលោកតែងប្រកាសជាញឹកញាប់ នៅក្នុងការឃោសនារកសម្លេងឆ្នោត ប្រជែង​នឹង​អ្នកស្រី គ្លីនតុន លោក ដូណាល់ ត្រាំ បានថ្លែងទទួលស្គាល់ ពីអ្វីដែលអ្នកស្រី គ្លីនតុន បានធ្វើនៅក្នុង​ពេល​អ្នកស្រី ជារដ្ឋមន្ត្រីការបរទេសអាមេរិក។ បេក្ខជន​ឈ្នះ​ឆ្នោត​រូបនេះ បាន​អះអាង​ថា សហរដ្ឋអាមេរិកបាន«ជំពាក់គុណ» ចំពោះអ្នកស្រី ហ៊ីឡារី គ្លីនតុន សម្រាប់​សកម្មភាព​បម្រើ​ជាតិ របស់​អ្នកស្រី។

ព្យាបាលរបួសស្នាម នៃការបែកបាក់...

មិនត្រឹមតែអ្នកស្រី គ្លីនតុន តែម្នាក់ប៉ុណ្ណោះទេ តែលោក ត្រាំ នៅបានថ្លែង​ទៅកាន់​បណ្ដា​អ្នក​គាំទ្រ​អ្នកស្រី គ្លីនតុន ដើម្បីឲ្យ​ប្រជាជន​អាមេរិក​រួបរួមគ្នា។ លោកបានបន្តទៀតថា៖ «ពេល​នេះ ជាពេលដែលត្រូវព្យាបាល នូវ​របួស​ស្នាម នៃ​ការ​បែកបាក់។ ខ្ញុំសូមថ្លែងទៅកាន់​គ្រប់​សមាជិក នៃគណបក្សប្រជាធិបតេយ្យ និងគណបក្ស​សាធារណ​រដ្ឋ ថាវាជាពេល​ដែល​ត្រូវ​រួបរួម​គ្នា ឲ្យ​ក្លាយ​ទៅ​ជា​ប្រជាជន​តែ​មួយ។»។

ក្នុងថានៈជាអនាគតប្រធានាធិបតី សម្រាប់អាណត្តិក្រោយ នៃប្រទេសមហាអំណាច លោក ដូណាល់ ត្រាំ បាន​សន្យាថា នឹង​បង្កើត​ឲ្យ​មាន​ចំណងទាក់ទង ប្រកបដោយតម្លាភាព ជា​មួយ​បណ្ដា​ប្រទេស​ទាំង​ឡាយ នៅ​ក្នុង​ពិភពលោក។ លោកបានថ្លែងឡើងថា៖ «យើង​នឹង​ចង​មិត្ត ដោយ​ស្មើរ​ភាព​គ្នា ជាមួយបណ្ដា​ប្រជាជាតិ​ទាំង​អស់​ក្នុង​លោក ហើយ​យើង​នឹង​មិន​ស្វែង​រក​ជម្លោះ នោះ​ឡើយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...