រ៉ូណាល់ដូ បង្ហើប​ពី​គម្រោង​ចាកចេញ​ពីក្រុម រៀល ?

បន្ទាប់ពីបញ្ចប់ការប្រកួតផ្ដាច់ព្រ័ត្រ ក្នុងយប់នេះរួច កំពូលខ្សែប្រយុទ្ធដ៏ល្បី​របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ពីគម្រោងរបស់ខ្លួន ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលទំនងអាចជាបំណង នៃការចាកចេញពីក្រុមបាល់ទាត់ ជាម្ចាស់ជើងឯកអ៊ឺរ៉ុបមួយនេះ នៅក្នុងរដូវក្ដៅខាងមុខ។
រ៉ូណាល់ដូ បង្ហើប​ពី​គម្រោង​ចាកចេញ​ពីក្រុម រៀល ?
កីឡាករ រ៉ូណាល់ដូ លើកពានមកបង្ហាញ បើទោះជាខ្លួនរកមិនបានគ្រាប់បាល់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ «Champions League» លើកនេះក៏ដោយ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៦ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 27, 2018
  • ប្រធានបទ: តារាបាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីនៅទាត់ជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) តាំងពីឆ្នាំ២០០៩មកនោះ នៅរដូវក្ដៅឆ្នាំនេះ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មានគម្រោងចាកចេញពីក្រុមឬ? នេះ ជាអ្វីដែលខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមអធិរាជស បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីក្រុម រៀល បានយកជ័យជំនះ (៣-១) លើក្រុម លីវើភូល (Liverpool - អង់គ្លេស) ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាល ឆ្នាំ២០១៧-២០១៨ នាយប់ថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។

កីឡាករជាតិព័រទុយហ្គាល់ បានថ្លែងតាមរយៈទូរទស្សន៍អេស្ប៉ាញ «beIN Sports» ថា៖ «យើងត្រូវរីករាយនឹងជ័យជំនះ ជាមួយក្រុម រៀល (...) ប៉ុន្តែខ្ញុំនឹងចេញមកបកស្រាយ នៅថ្ងៃខាងមុខ ដើម្បីជាចម្លើយទៅកាន់អ្នកគាំទ្រ ដែលតែងតែនៅជាមួយខ្ញុំ។ ជារឿងមួយល្អណាស់ ដែលបានទាត់ នៅក្នុងក្រុម រៀល ហើយវាមិនសំខាន់ទេ បើគេនិយាយពីអនាគត របស់កីឡាករណាម្នាក់នោះ។ តែខ្ញុំមិននិយាយថា ខ្ញុំនឹងត្រូវតែចាកចេញទេ។ អ្នកឯងរង់ចាំមើលទៅ។»។

បើទោះជាយប់នេះ កីឡាករខ្សែប្រយុទ្ធ​រកគ្រាប់បាល់ មិនបានមួយគ្រាប់ក៏ដោយ ក៏កីឡាករ រ៉ូណាល់ដូ នៅតែអួតអាងពីការលើកពាន ជាលើក​ទី៥​របស់ខ្លួន (ក្នុងរយៈពេលដែលកីឡាករ បានមកទាត់ឲ្យក្រុម រៀល) នេះដែរ។ កីឡាករបានថ្លែងបន្តថា៖ «យ៉ាងណាក៏ដោយ តើនរណាដែល​រកគ្រាប់បាល់ បានច្រើនជាងគេ​ នៅក្នុងក្របខណ្ឌ "Champions League" នេះ? ក្របខណ្ឌនេះ គួរត្រូវប្ដូឈ្មោះដាក់ថា "CR7 Champions League" (CR7 ជារហស្សនាមរបស់កីឡាករ រ៉ូណាល់ដូ)។ ខ្ញុំបានឈ្នះពាននេះ ចំនួន៥ ហើយខ្ញុំនៅតែជាអ្នក​រកគ្រាប់បាល់ បានច្រើនជាងគេ។»។

នៅចំពោះជំហរខាងលើ កីឡាកររួមក្រុមដែលទាត់នៅខ្សែការពារ កីឡាករ ស៊ែជោ រ៉ាម៉ូស (Sergio Ramos) បានពន្យល់ថា៖ «វាជារឿងចាំបាច់ណាស់ ដែលកីឡាករ រ៉ូណាស់ ត្រូវបញ្ជាក់ឲ្យច្បាស់ និងឲ្យបានលឿនបំផុត ពីអ្វីដែលខ្លួនចង់បាន។ ប៉ុន្តែ រ៉ូណាល់ដូ ចូលចិត្តចង់ឲ្យគេនិយាយពីខ្លួនណាស់ (...) ហើយខ្ញុំមើលទៅ វាមិនមានក្រុមណាផ្សេង គ្រាន់បើជាក្រុម រៀល សម្រាប់កីឡាករ រ៉ូណាល់ដូ នោះទេ។»។

អ្នកកាសែត បានងាកសំនួរ​ទាក់ទងនឹងអនាគត របស់កីឡាករ រ៉ូណាល់ដូ ខាងលើ ទៅកាន់លោក ហ្សីណាឌីន ហ្សីដាន (Zinedine Zidane) គ្រូបង្វឹករបស់ក្រុម រៀល ក្នុងសន្និសីទសារព័ត៌មាន នៅក្រោយ​ការប្រកួត។ លោក ហ្សីដាន បានអះអាងដំបូងឡើយថា កីឡាករខ្សែប្រយុទ្ធនឹងបន្តនៅ ជាមួយក្រុម​បាល់ទាត់ដ៏ធំ របស់ប្រទេស​អេស្ប៉ាញនេះ តទៅទៀត។ ប៉ុន្តែលោក​បានប្ដូរ​ចម្លើយ​វិញ នៅប៉ុន្មានម៉ាត់ក្រោយ​មក​ថា៖ «យើងនឹង​រង់ចាំ​មើល ពីអ្វី​ដែលអាច​នឹង​កើតឡើង ក្នុងពេល​ខាងមុខ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...