កែវ រ៉េមី៖ សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ដើរ​ទៅ​មុខ តាម​បែប​កម្ពុជា

ប្រធានគណៈ កម្មាធិការសិទ្ធិកម្ពុជា ដែលទើបនឹងមកកាន់តំណែងថ្មី លោក កែវ រ៉េមី បានថ្លែងឡើងថា វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុងតែធ្វើដំណើរ ទៅមុខយ៉ាងរលូន ទៅតាមច្បាប់ និងស្ថានភាពរបស់​ប្រទេស​កម្ពុជា ប៉ុន្តែ​មិន​ត្រូវ​យក​រូបមន្ត​ជា​សកល​ទូទៅ ដើម្បីយកមកអនុវត្តន៍នោះឡើយ។
កែវ រ៉េមី៖ សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ដើរ​ទៅ​មុខ តាម​បែប​កម្ពុជា
លោក កែវ រ៉េមី ប្រធានគណៈ កម្មាធិការសិទ្ធិកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 10, 2016
  • ប្រធានបទ: សិទ្ធិមនុស្ស-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ទើបតែចូលមកកាន់តំណែង ជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា នៅក្នុងថ្ងៃដំបូង តែលោក កែវ រ៉េមី ដែល​ជា​មន្ត្រី​ចុះចូល (ចេញពីគណបក្សប្រឆាំង មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា) បាន​ធ្វើ​ឲ្យ​អ្នក​ផងចាប់​អារម្មណ៍ និង​និយាយ​ពី​លោកភ្លាម។ លោក រ៉េមី ដែលត្រូវបាន​ព្រះមហាក្សត្រកម្ពុជា តែងតាំង​ឲ្យ​ឡើង​មកដឹកនាំ​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែឧសភា​សប្ដាហ៍មុន បានលើកឡើង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុងវិវត្តន៍ទៅមុខ​​យ៉ាង​ល្អ​រលូន តាមរបៀប​និងច្បាប់​កម្ពុជា តែ​មិន​ត្រូវ​យក​រូបមន្ត​ជា​សកល យក​មក​អនុវត្តន៍​នោះឡើយ។

ការលើកឡើងរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅ​តែ​ប៉ុន្មាន​ម៉ោង​ ក្រោយ​ការ​ឃាត់​ខ្លួន មន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមសកម្មជនចំនួន ៨នាក់ ខណៈពួកគេ​ទាំង​នេះ និង​ក្រុមសកម្មជន​ជា​ច្រើន​នាក់​ទៀត បានប៉ុនប៉ងជួបជុំគ្នា ដើម្បីធ្វើយុទ្ធនាការ«ថ្ងៃចន្ទ​ពណ៌ខ្មៅ» ដោយស្លៀកពាក់​ពណ៌​ខ្មៅ និង​ដោយ​សន្តិវិធី ក្នុងគោលបំណងទាមទារ ឲ្យដោះលែងមន្រ្តី របស់សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​៤រូប និង​អគ្គលេខាធិការ​រង របស់គណៈកម្មាធិការជាតិ រៀបចំការ​បោះឆ្នោត (គ.ជ.ប) ដែលកំពុងត្រូវ​ឃុំ​ខ្លួន ជា​បណ្ដោះ​អាសន្ន​​នៅក្នុង​ពន្ធនាគារព្រៃស។

ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ត្រូវបានប្រតិភូមួយក្រុម របស់សភាអ៊ឺរ៉ុប ដែលបានមកបំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​មេសា វាយតម្លៃថា កំពុង​ធ្វើដំណើរ​ថយ​ក្រោយ ជាមួយ​នឹង​ការ​ចាប់​ចង វាយ​បង្ក្រាប​ថ្មីៗ ពី​សំណាក់​អាជ្ញាធរ​ និងអ្នកគាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា ​ទៅ​លើ​ក្រុម​អ្នក​រិះគន់ និង​ក្រុម​សមាជិក​គណបក្ស​ប្រឆាំង។ លោក​អ្នក​អាច​អាន​របាយការណ៍​នេះ​ឡើង​វិញ ដោយចុចនៅលើខ្សែភ្ជាប់ខាងក្រោម៖

» សភាអ៊ឺរ៉ុប៖ ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា​មិន​រារែក​ ក្នុង​ការ​ប្រើ​ហិង្សា

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នាទីស្តីការគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​ លោក កែវ រ៉េមី អតីតប្រធាន​អ្នក​នាំ​ពាក្យ ​អង្គភាព​ប្រតិកម្ម​រហ័ស ​នៃ​​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​ឡើង​ថា៖ «ស្ថានភាព​សិទ្ធិ មនុស្សកម្ពុជា អត់មានស្អីធ្វើឲ្យរំជើបរំជួល អីដែលទាក់ទងថា នឹងដើរថយ​ក្រោយ​ខ្មៅ​ងងឹត​អី​នោះ​ទេ ដូច​ធ្វើ​វិភាគ ហើយ​ស្ថានភាព​សិទ្ធិ​មនុស្ស អនុលោម​ទៅ​តាម​ច្បាប់ ទៅតាម​ស្ថានភាព​​ប្រទេស​​នីមួយៗ មិន​​អាច​យក​រូបមន្ត ជា​សកល​ជា​ទូទៅ។ គេហៅរូបមន្តមួយ ដើម្បីអនុវត្តន៍គ្រប់​ប្រទេស ព្រោះ​អាស្រ័យ​ទៅ​លើ​វប្បធម៌ ប្រពៃណី សេដ្ឋកិច្ច នៃបុគ្គលម្នាក់។»

លោកបានរៀបរាប់ថា ការចាប់ខ្លួនមនុស្ស កាលពីពេលកន្លងទៅនេះ គឺជាការអនុវត្ត​​តាម​បទ​ល្មើស​ព្រហ្មទណ្ឌ ប៉ុន្តែ​មិន​មាន​ន័យថា ការចាប់ខ្លួនបុគ្គល​ម្នាក់ ដែលជ្រក«ក្រោមផ្លាក» របស់អង្គការ​សង្គមស៊ីវិល គឺ​ជា​ការ​រំលោភ​​សិទ្ធ​មនុស្ស​នោះទេ។ ផ្ទុយទៅវិញ​ អង្គការ​​«មួយ​ចំនួន» បាន​នឹងកំពុង​​ជំរុញ​​កម្ពុជា ​​ឲ្យ​​ធ្លាក់​​ចូល​​ក្នុង​សង្រ្គាម​​ស៊ីវិល ​ដោយ​ព្យាយាម​​«ផ្តួល​រំលំ​រដ្ឋាភិបាល» ក្រោមឆត្រ​សិទិ្ធ​មនុស្ស។

ប្រធានថ្មីថ្មោង របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការមួយ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ព្រមាន​បិទ​សមាគម អង្គការសង្គមស៊ីវិល​ណា ដែលលោកគិតថា បាន​បន្ត​​សកម្មភាព​ ដោយ​​គ្មាន​​ការ​​អនុញ្ញាត​ ហើយ​​ពួកគេ​បាន​បង្ក​នូវ​អំពើ​ហិង្សា និង​ភាព​ចលាចល​ ដោយអនុលោមតាម​​ច្បាប់ ​ស្តីពី​​អង្គការ​​មិន​មែន​រដ្ឋាភិបាល និង​​សង្គម​ស៊ីវិល។ លោក រ៉េមី បានបញ្ជាក់​​ថា៖ «យើង​ព្រួយបារម្ភ​ អំពី​សកម្មភាព​​របស់​​អង្គការ​​សង្គម​​ស៊ីវិល​​មួយ​​ចំនួន​ ដែល​​ហួស​ដែនកំណត់ ​ក្នុង​​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ ដោយ​មិន​គោរព​​ច្បាប់​​ប្រទេស ​បង្ក​​ភាព​​អនាធិបតេយ្យ​។ (...) មុន​ពេល​វា​ធំ​ វា​ចាប់​ផ្តើម​​ពី​តូច​។ ដូច្នេះ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ ពង្រឹង​​​សន្ដិសុខ និង​​រក្សា​​សណ្ដាប់ធ្នាប់​​សាធារណៈ។ (...) ​ប្រសិន​បើ​ពួកគេ​បង្ក​រឿង​នេះ ​ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​​បិទ​​សមាគម អង្គការ និង​​​សង្គម​​ស៊ីវិល​​នោះ។»

មាត្រា ៨ នៃ​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ​ដែល​ត្រូវ​បាន​អនុម័ត​កាល ពី​ខែ​​កក្កដា​​ឆ្នាំ​២០១៥​ បានអនុញ្ញាត​​ឱ្យ​ក្រសួង​មហាផ្ទៃ​បិទ​អង្គការ​ណា ដែល«បង្ក​គ្រោះថ្នាក់​ដល់​​សន្តិសុខ និង​​សណ្តាប់​ធ្នាប់​សាធារណៈ ឬ​​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឯកភាព​ជាតិ វប្បធម៌​ប្រពៃណី ​ទំនៀម​ទម្លាប់​​របស់​​សង្គម​​ជាតិ​​កម្ពុជា»។ ប៉ុន្តែសម្រាប់ក្រុមអ្នករិះគន់ បានគិតថា រដ្ឋាភិបាលបាន​ឆ្លៀតឱកាស​ ​យក​​ភាព​​មិន​​ច្បាស់​​លាស់ នៃ​​ច្បាប់​​នេះ មក​ប្រើប្រាស់​ដើម្បី​​​បំបិទ​​មាត់​​អ្នក​រិះគន់ នៅ​ក្នុងសមាគម អង្គការ​សង្គម​ស៊ីវិល។

ស្រង់សំដី ដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ លោកមេធាវី ប៊ីលី តៃ (Billy Tai) របស់គណៈកម្មាធិការ​​ប្រព្រឹត្តិ​កម្ម​ នៃ​​អង្គការ​​សមាគម​​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ បានថ្លែងចាត់ទុក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក កែម រ៉េមី ​ថា​មិន​មាន​​​ភាព​​ស្រប​​ច្បាប់ ​ជា​វិទ្យាស្ថាន​សិទ្ធិមនុស្ស​​ឯករាជ្យនោះ​ទេ។

យ៉ាងណាក៏ដោយ គេមិនបានរកឃើញ នៅក្នុងសេចក្ដីប្រកាសជាសកល​​ស្ដីពីសិទ្ធិមនុស្ស ដែលអនុម័ត្រដោយមហាសន្និបាត របស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៤៨ ថាបានចាប់បង្ខំប្រទេសជាសមាជិក (ក្នុងនោះមានកម្ពុជា) របស់អង្គការពិភពលោកដ៏ធំមួយនេះ ឲ្យអនុវត្តន៍ផ្ទុយពីច្បាប់ទម្លាប់ ឬពីប្រពៃណីទំនៀមទំលាប់ដើម របស់ប្រទេសសាមីនោះឡើយ។ ប៉ុន្តែសេចក្ដីប្រកាសជាសកល​នោះ (ដែលលោកអ្នក អាចរកអានបានទាំងស្រុង ជាភាសាខ្មែរនៅទីនេះ) បានលើកឡើងតែពីសិទ្ធិជាមូលដ្ឋាន ដូចជាសិទ្ធិរស់នៅ សិទ្ធិធ្វើនយោបាយ សិទ្ធិទទួលព័ត៌មាន និងសិទ្ធិការពារខ្លួន នៅចំពោះមុខច្បាប់ជាដើម៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់