ក្រសួងការពារជាតិ៖ ទណ្ឌកម្ម​អាមេរិក​ប្រឆាំង ហ៊ីង ប៊ុនហៀង រំលោភ​ច្បាប់​កម្ពុជា

ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃនេះ សម្ដែងការសោកស្ដាយ ច្រានចោល និងថ្កោលទោស ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ ទៅមន្ត្រីជាន់ខ្ពស់មួយរូប នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដោយហៅទង្វើនេះ ថាមានលក្ខណៈ​«ដ៏គគ្លើន»។ មន្ត្រីជាន់ខ្ពស់រូបនោះ ត្រូវបានគេស្គាល់ថា គឺលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រសួងការពារជាតិ៖ ទណ្ឌកម្ម​អាមេរិក​ប្រឆាំង ហ៊ីង ប៊ុនហៀង រំលោភ​ច្បាប់​កម្ពុជា
លោកឧត្ដមសេនីយ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 13, 2018
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសម្រេចបង្កកទ្រព្យសម្បត្តិ មិនផ្ដល់ទិដ្ឋការ និងបង្កកផលប្រយោជន៍ផ្សេងទៀត ពីសំណាក់​នាយកដ្ឋាន​​រតនាគារជាតិអាមេរិក ដែលជា​ទណ្ឌកម្ម​​ប្រឆាំងមនុស្សជំនិត​របស់លោក ហ៊ុន សែន គឺជាទង្វើ«ដ៏គគ្លើន»។ នេះ ជាប្រតិកម្មរបស់​ក្រសួងការពារជាតិកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាមុននេះបន្តិច។

ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​នាយកដ្ឋាន​​​រតនាគារ​ជាតិ​អាមេរិក បានចេញសេចក្ដីប្រកាស ​នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ម្សិលម៉ិញ ដាក់បញ្ចូលមនុស្សពីរនាក់ ទៅ​ក្នុង​​បញ្ជី​ខ្មៅ នៃ​បុគ្គលដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ គ្លូប៊ល ម៉ែកនីតស្គី​ (GLOBAL MAGNITSKY)។ ពីក្នុងចំណោមមនុស្សទាំងពីរនោះ មានមន្ត្រីជាន់ខ្ពស់ម្នាក់ របស់រដ្ឋាភិបាលកម្ពុជា គឺលោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​ នៃកងអង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន​។ 

សហរដ្ឋអាមេរិក បានរកឃើញថា លោក ហ៊ីង ប៊ុន​ហៀង បានចូលរួមដោយផ្ទាល់ ក្នុងការរំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ក្នុង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​ចុង​ក្រោយ​នេះ រួមទាំង​អំពើ​ហិង្សា​ នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាង​រាស្ត្រ​ពីររូប មកពីគណបក្ស​ប្រឆាំង នៅ​​មុខ​​រដ្ឋសភា​ នៅ​ឆ្នាំ២០១៥។

សេចក្ដីប្រកាស របស់នាយកដ្ឋានរតនាគារជាតិអាមេរិក បានពន្យល់ថា គឺលោក ប៊ុនហៀង និងកងអង្គរក្ស​របស់លោក ហ៊ុន សែន នេះហើយ ដែលបានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការ​បង្រ្កាប​ លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​ លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ពលរដ្ឋ​​អាមេរិក ​​មួយ​រូប​​ផង។

» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅ​ ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​មុន​​គេ

ក្រៅពីសម្ដែងការសោកស្ដាយ ច្រានចោល និងថ្កោលទោស ទៅលើទង្វើ«ដ៏គគ្លើន»ខាងលើនេះ សេចក្ដីថ្លែងការណ៍ របស់ក្រសួងការពារជាតិកម្ពុជា នៅបានអះអាងទៀតថា ការបង្កកទ្រព្យសម្បត្តិ មកលើមន្ត្រីជាន់ខ្ពស់កម្ពុជាដូចនេះ គឺជា «ការរំលោភដល់ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយ យ៉ាងអយុត្តិធម៌ជាទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់»។

អត្ថបទប្រតិកម្ម របស់ក្រសួងការពារជាតិ បានអំពាវនាវឲ្យនាយកដ្ឋានរតនាគារជាតិអាមេរិក ឲ្យបញ្ឈប់ជាបន្ទាន់ នូវការដាក់ទណ្ឌកម្មខាងលើ ដែលជាការសម្រេចដ៏«ល្ងង់ខ្លៅ»។ សេចក្ដីថ្លែងការណ៍ សរសេរថា៖ «ការដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិនេះ គឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្តសហរដ្ឋអាមេរិក ដែលកម្ពុជា មិនអាចទទួលស្គាល់បានឡើយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...