​អូស្ត្រាលី៖ បុរស​​ម្នាក់​ប្រទះ​«តុកកែ»​១,៥ម៉ែត្រ លើ​ជញ្ជាំង​ផ្ទះ​ខ្លួន

បុរសជាតិអូស្ត្រាលីម្នាក់ បានភ័យភិតឥតឧបមា បន្ទាប់ពីប្រទះឃើញ «តុកកែ»មួយក្បាល ដែលមាន​ប្រវែង​បណ្ដោយ ប្រមាណ​ជា១,៥ម៉ែត្រ កំពុងតោងជាប់​យ៉ាងស្ងាត់ស្ងៀម នៅនឹង​ជញ្ជាំង​ផ្ទះ​របស់​ខ្លួន។
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - យកការណ៍៖ សុបិន្ត៖ ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 10, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នរណាមួយមិនភ័យ... នៅពេលដែលផ្ទះ ដែលខ្លួនធ្លាប់រស់នៅរាល់ថ្ងៃ ស្រាប់តែមានភ្ញៀវដ៏ចម្លែកម្នាក់ បាន​ចូលមកសួរសុខទុក្ខ ទាំងមិនបានអញ្ជើញ យ៉ាងដូច្នេះនោះ? បន្ទាប់ពីត្រឡប់ ពីធ្វើការងារកំប៉ិចកំប៉ុក នៅ​ក្នុង​សួនច្បារក្រោយផ្ទះរួច លោក អេរិច ហូឡង់ (Eric Holland) បានត្រឡប់មកលំនៅដ្ឋានវិញ តែលោក​បាន​សម្ដែង​​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅនឹងជញ្ជាំងផ្ទះលោក មានសត្វ«តុកកែ»ដ៏ធំមួយ កំពុងសំងំ​យ៉ាង​ស្ងាត់​ស្ងៀម នៅទីនោះ។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មាន «The Guardian» ដែល​មាន​ស្នាក់ការ​​សាខា​របស់ខ្លួន ក្នុងប្រទេសអូស្ត្រាលី។

«ចុមយក្ស! ស្អីគេអញ្ចេះ?»

បុរសរូបនេះ ដែលកំពុងរស់នៅក្នុងក្រុង «Thurgoona» នៃរដ្ឋ «New South Wales» ប្រទេសអូស្ត្រាលី បាន​ថ្លែងប្រាប់សារព័ត៌មានថា៖ «ខ្ញុំមើលឃើញអ្វីមួយ ដូចជារង្គើៗ នៅពេលដែលខ្ញុំចេញពីរោងជាង ក្នុង​សួន​ច្បារ នៅខាងក្រោយផ្ទះ។ នៅពេលខ្ញុំទៅមើលជិត ខ្ញុំភ្ញាក់ព្រើត៖ ចុមយក្ស ស្អីគេអញ្ចេះ? ខ្ញុំបានប្រមូល​អារម្មណ៍​ឡើង​វិញ ហើយបានចូលទៅក្នុងផ្ទះ ទាញយកម៉ាស៊ីនថតរូបចេញមក។»

ប្រសិនបើសត្វតុកកែដ៏ធំ ឬ«បង្គួយយក្ស»ប្រភេទនេះ សម្បូរនៅក្នុងតំបន់​ក៏ពិតមែន តែជាទូទៅពួកវា តែង​តែ​រស់​នៅ ក្នុងព្រៃស៊ុបទ្រុប និងមិនចូលចិត្តមនុស្ស នៅក្បែរវាទេ។ សត្វនេះត្រូវបានចាត់ទុក ថាមានគ្រោះថ្នាក់ ដោយ​សារ​វា​មាន​ធ្មេញធំៗ និងក្រចកមុតស្រួច ដែលអាចខាំមនុស្ស ឲ្យមានរបួសខ្លាំងក្លាបាន។

លោក អេរិច ហូឡង់ បាននិយាយទៀតថា លោកមិនបានឃើញ សត្វបង្គួយធំរបៀបនេះ ចូលមកក្នុង​បរិវេណ​លំនៅដ្ឋានលោក តាំងពីយូរមកហើយ។ បើតាមការិយាល័យបរិស្ថាន និងបេតិកភ័ណ្ឌ របស់​ប្រទេស​អូស្ត្រាលី បានបញ្ជាក់ថា «តុកកែ ឬបង្គួយយក្ស» ប្រភេទនេះ នៅអូស្ត្រាលីមានឈ្មោះ ជាភាសាអង់គ្លេសថា «Goanna»។ វាអាចមានបណ្ដាោយ ប្រវែងរហូតដល់ទៅ២ម៉ែត្រ និងមានទំងន់ រហូតដល់​ទៅ​២០​គីឡូក្រាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...