កុបកម្មនៅលីប៊ីៈ ហ៊ីឡារី គ្លីនតុន ​រុញ​បក​ទៅ​ពួក​សាធារណរដ្ឋ

«បើអ្នកទ្រាំមិនបាន នឹងកម្ដៅ សូមកុំនៅក្នុងផ្ទះបាយ» នេះជាពាក្យសម្ដីរបស់លោកស្រី គ្លីនតុន នៅចំពោះមុខគណកម្មាធិការសភាជាតិអាមេរិក ដែលសុំអោយលោកស្រី មកបកស្រាយការចោទប្រកាន់ អំពីការមិនយកចិត្តទុកដាក់ ក្នុងព្រឹត្តិការណ៍កុបកម្មនៅប៊េនហ្គាហ្សី (Benghazi ទីក្រុងរបស់ប្រទេសលីប៊ី) ដែលធ្វើអោយអ្នកការទូតអាមេរិកនៅពេលនោះ ស្លាប់បួននាក់ រួមទាំងអគ្គរដ្ឋទូតម្នាក់ផង។ លោកស្រីបានប្រើយុទ្ធវិធី ក្នុងការឆ្លើយនឹងសំនួរទាំងនេះ ដោយការវាយប្រហារតបតរ ទៅពួកអ្នកចោទប្រកាន់លោកស្រីវិញ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: January 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រងគ្រោះនឹងការចោទប្រកាន់ ពីសំណាក់ពួកសាធារណរដ្ឋ ដែលថាលោកស្រីគ្មានសមត្ថភាព និងមានបំណងបិតបាំង​សំនុំរឿងនោះ លោកស្រីហ៊ីឡារី គ្លីនតុន នៅទីបំផុតបានចេញមកឆ្លើយបំភ្លឺ នៅចំពោះមុខសភាជាតិអាមេរិក កាលពីថ្ងៃ​ពុធកន្លងមក ...


លោកស្រីហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

«បើអ្នកទ្រាំមិនបាននឹងកម្ដៅ សូមកុំនៅក្នុងផ្ទះបាយ» នេះជាពាក្យសម្ដីរបស់លោកស្រីគ្លីនតុន ដែលនិយាយជា​ច្រើន​ដង នៅចំពោះមុខគណកម្មាធិការសភាជាតិអាមេរិក ដែលសុំអោយលោកស្រី មកបកស្រាយការចោទប្រកាន់មួយ ស្ដីពីការ​មិនយកចិត្តទុកដាក់ ក្នុងព្រឹត្តិការណ៍កុបកម្មនៅប៊េនហ្គាហ្សី (Benghazi ទីក្រុងរបស់ប្រទេសលីប៊ី) ដែលធ្វើអោយអ្នក​ការទូតអាមេរិកនៅពេលនោះ ស្លាប់បួននាក់ រួមទាំងអគ្គរដ្ឋទូតម្នាក់ផង។ តែដើម្បីឆ្លើយនឹងសំនួរទាំងនេះ លោកស្រីបាន​ប្រើយុទ្ធវិធី «វាយប្រហារតបតរ» ទៅពួកអ្នកចោទប្រកាន់លោកស្រីវិញ។

«ពលរដ្ឋអាមេរិកាំង ត្រូវបានគេនាំចូលទៅក្នុងព្រឹត្តិការណ៍នេះ ដោយខុសទំនង នៅពេលដែលលោកស្រី និយាយពី​ដំបូងថា ជាកុបកម្មដែលកើតឡើងដោយឯកឯងភ្លាមៗ។ តែបើគ្រាន់តែទូរស័ព្ទទៅសួរបន្តិច ក៏គេអាចដឹងពីមូលហេតុ នៃការវាយលុកនេះ នៅម៉ោងបន្តបន្ទាប់ក្រោយមក។» នេះជាការលើកឡើងរបស់លោក រ៉ុន ចនសុន (Ron Johnson) សមាជិកព្រឹទ្ធសភាម្នាក់ មកពីគណបក្សសាធារណរដ្ឋ។ លោកស្រីគ្លីនតុន ឆ្លើយទៅវិញថា «លោកព្រឹទ្ធសភា ប្រសិន​ជា​លោកស្ថិតនៅក្នុងស្ថានភាពបែបនេះ រឿងចុងក្រោយគេដែលលោកចង់ធ្វើ គឺធ្វើរឿងមួយផ្សេងទៀត មករំខានយន្ដការ ដែលមាននៅនឹងកន្លែងស្រាប់។ ខ្ញុំទទូចអោយលោកអានឡើងវិញ នូវរបាយការណ៍ផ្លូវការរបស់យើង។»

ខណៈពេលលោកចនសុន បានសង្ខើញសំនួរកាន់តែខ្លាំង លោកស្រីគ្លីនតុន បានព្រលះមកវិញថា «ជាមួយការគោរព ដែលខ្ញុំមានចំពោះលោក យើងមានពលរដ្ឋអាមេរិកាំងបួនរូប ត្រូវគេសម្លាប់។ ទោះជារឿងនេះ ជាការវាយលុកដែល បានរៀបគម្រោងទុក ដោយពួកភេវរជន ឬដោយពួកកុបករដោយកើតឡើង ដោយឯកឯងក៏ដោយ តើមានអ្វីខុសគ្នា នៅពេលនោះ? ការងាររបស់យើង គឺត្រូវកំណត់ថា តើវាមានរឿងអ្វី ហើយយើងត្រូវធានាថា មិនអោយរឿងបែបនេះ កើតមានជាថ្មីទៀតបាន។»

«ភាពផុយស្រួយ» នៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង

បន្តិចក្រោយមក លោកស្រីគ្លីនតុន ដែលទំនងជាបានទប់អារម្មណ៍ខ្លួនឯងមកវិញ បានពន្យល់ជាមួយនឹងសម្លេង នៅ​ញ័រៗថា «ខ្ញុំបានទទួលដោយអំណរនៅក្នុងរង្វង់ដៃ នូវឪពុក ម្ដាយ បងប្អូន និងប្រពន្ទ ដែលត្រូវចិញ្ចឹមកូនតែម្នាក់ឯង។ សម្រាប់ខ្ញុំ រឿងនេះគ្មាននយោបាយមកលាយឡំទេ គឺជារឿងផ្ទាល់ខ្លួន។»

គណកម្មាធិការឯករាជ្យមួយ បានចេញសេចក្ដីសន្និដ្ឋានថា លោកស្រីគ្លីនតុន មិនជាប់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍​នោះទេ តែថាចំណាត់ការពង្រឹងសន្តិសុខ ជុំវិញស្ថានទូនអាមេរិកប្រចាំនៅទីក្រុង ប៊េនហ្គាហ្សី មិនមានភាពសមស្របឡើយ ជាពិសេនៅពេលមានការវាយលុយពីក្រុមកុបករ។ ហេតុការណ៍ ដែលធ្វើអោយគេមើលឃើញពី «ភាពផុយ​ស្រួយ» នៃ​ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង នៅក្នុងនាយកដ្ឋានពីរ នៃក្រសួងការបរទេសអាមេរិក។

ទាក់ទងនឹងសេចក្ដីសន្និដ្ឋាននេះ លោកស្រីបានការពារខ្លួនថា «រឿងដែលទាក់ទងនឹងសន្តិសុខ នៅប៊េនហ្គាហ្សី វាត្រូវ​បានគ្រប់គ្រងចាត់ចែងដោយ ពួកអ្នកមានអាជីពនៅក្នុងក្រសួង។»

គួររំលឹកថា កាលពីពាក់ខែកញ្ញាឆ្នាំ២០១២ ភាពយន្ដបែបកំប្លែងមួយ ដែលផលិតនៅសហរដ្ឋអាមេរិក បានបញ្ឆេះកំហឹង​ពិភពអ្នកកាន់សាសនាអ៊ីស្លាម អោយដើរធ្វើបាតុកម្ម និងកុបកម្មនៅតាមទីក្រុង ក្នុងប្រទេសប្រកាន់សាសនាអ៊ីស្លាម​នានានៅជុំវិញផែនដី។ ការសម្ដែងការប្រឆាំងតវ៉ានោះ បានប្ដូររូបភាពចេញជាអំពើរហឹង្សា វាយកំទេច និងដុតបំផ្លាញ​និមិត្តរូបជាផលប្រយោជន៍ របស់បស្ចឹមលោក ជាពិសេសសហរដ្ឋអាមេរិក។

រូបភាពសម្រាប់ឆ្នាំ២០១៦

ក្នុងថានះជារដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រីហ៊ីឡារី គ្លីនតុន ត្រូវបានគេចោទប្រកាន់ ពីការមិនទទួលខុសត្រូវរបស់​លោកស្រី ហើយត្រូវគេសុំអោយឡើងមកឆ្លើយបំភ្លឺ នៅមុខសភាតាំងពីខែមុនមក តែត្រូវលើកពេល ដោយមូលហេតុ​សុខភាពរបស់លោកស្រី មិនអំណោយផល។

ជាមួយនឹងហេតុការណ៍ ដែលកើតឡើងជាអកុសលនៅទីក្រុងប៊េនហ្គាហ្សី វាអាចជាការចំណាយដើមទុន យ៉ាងធំ​សម្រាប់លោកស្រីគ្លីនតុន នៅក្នុងពេលលោកស្រី កំពុងកាន់តំណែងនេះ។ លោកស្រីនឹងត្រូវផ្ទេតំណែង ទៅអោយអ្នក​បន្តរវេនរបស់លោកស្រី គឺលោកចន ឃែរី (John Kerry) នៅបន្ទាប់ពីលោកស្រី បានធ្វើការងារនេះចំនួន៤ឆ្នាំ ដោយ​បានដើរជុំវិញពិភពលោក គិតជាចម្ងាយជាងមួយលានគីឡូរមែត្រ និងធ្វើទស្សនកិច្ច ទៅកាន់១១០ប្រទេសកន្លងមក។

ក្រុមអ្នកជំនាញបានរំពឹងថា លោកស្រី នឹងជាអ្នកដែលទទួលបាន ការគាំទ្រច្រើនជាងគេទាំងអស់ នៅក្នុងគណបក្ស​ប្រជាធិបតេយ្យ ប្រសិនជាលោកស្រីឡើងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០១៦ខាងមុខ។ ប៉ុន្តែ​ប្រសិនជាលោកស្រី កំណត់មាគ៌ានយោបាយ ថានឹងត្រូវធ្វើដំណើរទៅកាន់សេតវិមាន ជាថ្មីទៀតមែននោះ ករណីនៃការ​ស្លាប់អ្នកការទូតបួនរូប នៅប៊េនហ្គាហ្សីនេះ នឹងវិលត្រឡប់មកតាមលងលោកស្រីវិញ ដូចស្រមោលអន្ទោលតាម​ប្រាណ​ម្ដងទៀត ជាពុំខាន៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...