អំណាន ឬ ការអាន - Lecture - Reading

  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: March 20, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអ្នកអាចធ្វើការគណនា បានទេថា មនុស្សយើង ចាប់ផ្តើម អំណាន តាំងពីពេលណាមក? តើពេញមួយជីវិតរបស់មនុស្ស ត្រូវការអំណាន ក្នុងកម្រិតណា? តើអំណាន អាចជួយអ្វីខ្លះ ដល់ការរីកចម្រើន របស់ខួរក្បាល? បើតាមសៀវភៅ របស់លោក ម៉ៅ សម្បត្តិ ឈ្មោះ «នយោបាយអប់រំខួរក្បាល» លោកបានពន្យល់ថា៖ មនុស្សអាចធ្វើការអភិវឌ្ឍប្រាជ្ញា ស្មារតីតាមរយៈ វិធីច្រើនយ៉ាង ក្នុងនោះអំណាន ក៏ជាវិធីដ៏សំខាន់ មួយដែរ។ តើហេតុអ្វី បានជាលោកពោលដូចនេះ? ដើម្បីស្រាយ នូវចម្ងល់ ខាងលើនេះបាន សូមអញ្ជើញលោកអ្នកមេត្តា តាមដាននូវចំនុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

១. ដូចម្តេចដែលហៅថា អំណាន?

មានការឲ្យនិយមន័យ ប្លែកគ្នាជាច្រើន ទាក់ទងនឹងពាក្យថា អំណាននេះ។

ក. តាមវចនានុក្រម សម្តេចព្រះសង្ឃរាជជួន ណាត លោកបានពន្យល់ថា៖
«អំណាន ឬការអាន» មានន័យថា ការមើលថាតាមអក្សរ។
ខ. តាមសៀវភៅ ភាសាអង់គ្លេស (Arab Ideal) លោកបានពន្យល់ថា៖
- «អំណាន ឬ ការអាន» គឺសំដៅដល់ការ សម្លឹងមើល និងយល់ដឹងពីន័យសេចក្តី នៃពាក្យពេចន៍ ដែលបានសរសេរ ឬបោះពុម្ព។
- «ការអាន» គឺជា ការនិយាយឮៗនូវពាក្យដែលបានសរសេរឬបោះពុម្ពផ្សាយ។
- «ការអាន ឬ អំណាន» មានន័យថា ការស្វែងយល់ ពីអត្ថន័យពាក្យពេចន៍ ដែលបានបង្កប់ ដែលមិនបានបង្ហាញ ឲ្យឃើញភ្លាមៗ។
- «អំណាន» មានន័យថា ជាសកម្មភាព នៃការស្វែងយល់ ពីអត្ថន័យ នៃពាក្យពេចន៍ ដែលបានសរសេរ ឬបោះពុម្ពផ្សាយ។

២. តើអំណាន បានចាប់កំណើតតាំងពីពេលណាមក និងតាមមធ្យោបាយអ្វីខ្លះ?

អំណានត្រូវបានចាប់កំណើតឡើង តាំងតែពីមានជីវិតមនុស្សមកម្លេះ។ ជាដំបូង មនុស្សអានតាមរយៈកាយវិកា សម្លេង សញ្ញា និង រូបភាពផ្សេងៗ ដូចជា កាយវិកាដេក ដើរ ឈរ អង្គុយ សកម្មភាពប្រចាំថ្ងៃរបស់សត្វ ប្រភេទសញ្ញាបាតុភូតធម្មជាតិ ស្នាមជើងមនុស្ស និងសត្វ លាមកសត្វ គុម្ពោធព្រៃដែលសត្វ ឬមនុស្សកាច់សម្គាល់ សូរសម្លេងមនុស្ស សត្វ និងធម្មជាតិជាដើម។

បន្ទាប់មកទៀត មនុស្សបានអាន តាមរយៈអក្សរ ដែលបានដាប់សម្គាល់នៅលើថ្ម បានចារនៅលើស្លឹករឹត និងស្បែកសត្វ បានសរសេរដោយដៃ នៅលើសន្លឹកសៀវភៅ បានបោះពុម្ព នៅលើសន្លឹកសៀវភៅ ដោយម៉ាស៊ីនអង្គុលីលេខ បានបោះពុម្ព នៅលើសន្លឹកសៀវភៅ ដោយគ្រឿងម៉ាស៊ីនទំនើប បានវាយបញ្ចូល ក្នុងម៉ាស៊ីនកុំព្យូរទ័រ ឬទូរស័ព្ទជាដើម។ អំណានខ្លះ ត្រូវបានគេធ្វើតាមរយៈម៉ាស៊ីនចាប់យករូបភាព វិទ្យុទាក់ទងសម្លេង គំនូរលើក្រដាស ម៉ាស៊ីនថតសម្លេង ឧបករណ៍ទាយ ពីចិត្តសាស្ត្រមនុស្ស ម៉ាស៊ីនឆ្លុះ ....។ល។

៣. អំណានមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តាមការសង្កេត យើងអាចចែកអំណាន ជាបួនប្រភេទគឺ៖

ក. អំណានក្នុងចិត្ត ឬអំណានស្ងាត់៖
គឺជាការអាន ដែលប្រើប្រាស់សកម្មភាពយល់ដឹង ពីពាក្យពេចន៍ ឃ្លាប្រយោគ ល្បះ អត្ថបទ កាយ វិការ រូបភាព សូរសម្លេង ឬរលកគំនិតទាំងឡាយ តែក្នុងចិត្តពោលគឺ មិនប្រើប្រាស់សម្លេងខ្លួនឯង ចេញមកក្រៅអ្វីឡើយ។
ខ. អំណានខ្សឹប ៖
គឺជាការអាន ដែលប្រើប្រាស់សកម្មភាពយល់ដឹង ពីពាក្យពេចន៍ ឃ្លាប្រយោគ ល្បះ អត្ថបទ កាយវិការ រូបភាព សូរសម្លេង ឬរលកគំនិតទាំងឡាយ ដោយប្រើប្រាស់ សម្លេងតិចៗ ឬខ្សឹបៗចេញមកក្រៅ។
គ. អំណានឮ៖
គឺជាការអាន ដែលប្រើប្រាស់សកម្មភាពយល់ដឹង ពីពាក្យពេចន៍ ឃ្លាប្រយោគ ល្បះ អត្ថបទ កាយ វិការ រូបភាព សូរសម្លេង ឬរលកគំនិតទាំងឡាយ ដោយប្រើប្រាស់ សម្លេងខ្លាំងៗ ចេញមកក្រៅ។
ឃ. អំណានស្ទាប៖
គឺជាអំណាន ដែលភាគច្រើន ត្រូវបានប្រើប្រាស់ដោយជនពិកាភ្នែក។ ពួកគេអានសៀវភៅ តាមរយៈសញ្ញា អក្សរស្ទាប។ អំណានប្រភេទនេះ គឺអ្នកអានអាចធ្វើតាម រយៈអំណានស្ងាត់ អំណានខ្សឹប ឬ អំណានឮក៏បាន។

៤. ប្រភេទអ្នកអាន

ក. អ្នកអានលម្អិតឬអ្នកអានវិភាគ៖
ជាប្រភេទអ្នកអាន ដែលចូលចិត្តអាន ដោយយកការយល់ គ្រប់ចំណុចសាច់រឿង ដែលបានសរសេរ នៅក្នុងសៀវភៅ ឬអត្ថបទណាមួយ។ អ្នកអានប្រភេទនេះ ច្រើនតែជាអ្នកឯកទេស ខាងការស្រាវជ្រាវអ្វីមួយ ព្រោះថាដើម្បីបាន អំណះអំណាងមួយច្បាស់លាស់ លុះត្រាតែគេបានពិនិត្យល្អិតល្អន់ លើអ្វីដែលខ្លួនបានអាន។
ខ. អ្នកអានត្រួសៗឬអ្នកអានរំលង៖
ជាប្រភេទអ្នកអានទាំងឡាយណា ដែលចូលចិត្តអានត្រឹមតែត្រួសៗ ដោយគ្រាន់តែចង់ដឹង ចំណែកណាមួយ ដែលគេចង់ដឹង ឬដែលគេមិនទាន់យល់ប៉ុណ្ណោះ។ ពួកគេច្រើនជាអ្នកអានឯកទេស និងជាអ្នកដែលមិនសូវ មានពេលវេលាច្រើន សម្រាប់ការអាន។ គេចង់ប្រើប្រាស់ពេលវេលា របស់ខ្លួន  ឲ្យមានប្រសិទ្ធិភាពបំផុត។
គ. អ្នកអានកំសាន្ត៖
ជាប្រភេទអ្នកអានដែលបានចាត់ទុកថា ការអាន គឺជាផ្នែកមួយដែលជួយឲ្យ អារម្មណ៍របស់គេ បានសប្បាយចិត្ត បានទទួលចំណេះដឹងថ្មីៗ ជាដើម។ គេជាមនុស្ស ដែលប្រកបដោយភាពជឿជាក់ ទៅលើទំនាក់ទំនងសង្គម។ គេមានគំនិតច្រើន ក្នុងការចែករំលែក ក៏ដូចជា ការទទួលយកនូវចំណេះដឹងថ្មីៗ តាមរយៈសកម្មភាពអំណាន។
ឃ. អ្នកអានបន្លប់ពេលវេលា៖
ជាប្រភេទអ្នកអាន ដែលខ្វះគោលបំណងពិតប្រាកដ អានក៏ព្រោះតែកាលៈទេសៈបង្ខំ អានក៏ព្រោះតែគ្មានអ្វីធ្វើល្អជាងនេះ ឬអានដោយរកគោលបំណង នៃការអានមិនឃើញ។ អ្នកអានប្រភេទនេះ គឺតម្រូវឲ្យមានការលើកទឹកចិត្ត ឲ្យបានច្រើនពីអ្នកឯកទេសអំណាន ឬពីគ្រួសារនិងមិត្តភក្តិរបស់ពួកគេ។

៥. ហេតុអ្វីចាំបាច់អានសៀវភៅ?

ការអាន មានសារប្រយោជន៍គ្រប់វេលា មិនថាសម្រាប់ការសិក្សា ការងារ ឬការកម្សាន្តឡើយ។ មិនតែប៉ុណ្ណោះ ការអាន ថែមទាំងជួយបង្កើន ឲ្យខួរក្បាលលោកអ្នក មានភាពរហ័សរហួន ប្រាជ្ញាស្មារតី កាន់តែភ្លឺស្វាង ថែមទៀតផង។ ការអាន អាចជួយឲ្យលោកអ្នក បានស្គាល់ប្រភេទមនុស្ស ហេតុការណ៍នានា ដែលបាន កំពុង ឬនឹងកើតមានឡើង ព្រមទាំងយល់ដឹង ពីពិភពចម្លែកៗ ជាច្រើនទៀត។ ក្រៅពីនេះ អំណាន ឬការអាន នៅមានសារសំខាន់ មួយចំនួនទៀត ដូចខាងក្រោម៖

ក. ដំណើរកំសាន្ត៖
នៅពេលដែលលោកអ្នក​ ចង់ធ្វើដំណើរទៅកាន់ទីណាមួយ ប្រកបដោយជោគជ័យ លោកអ្នកត្រូវតែឆ្លងកាត់ ការអានជាមុន។ តើមានតំបន់ណា ដែលយើងគួរតែ ទៅលេង? តើមានអ្នកណាខ្លះ ដែលអាចនាំយើង ទៅដល់ទីនោះបាន? តើនៅទីនោះ មានអ្វីខ្លះ ដែលគួរឲ្យចាប់អារម្មណ៍ ក្នុងការទស្សនា? ដើម្បីទៅដល់ទីនោះ តើលោកអ្នក ត្រូវឆ្លងកាត់តំបន់ណាខ្លះ? នៅតាមដងផ្លូវដែលលោកអ្នកកំពុងធ្វើដំណើរ លោកអ្នកក៏អាចអាន សេចក្តីណែនាំផ្សេងៗ ដើម្បីទៅឲ្យដល់កន្លែង ដែលលោកអ្នកចង់ទៅ ផងដែរ។
ខ. ការសិក្សា៖
ដើម្បីរៀនឲ្យបានពូកែ ធ្វើលំហាត់ឲ្យបានពិន្ទុល្អ បញ្ចប់កិច្ចការ ដែលលោកគ្រូអ្នកគ្រូ បានដាក់ឲ្យប្រកបដោយជោគជ័យ សិស្ស និស្សិត ត្រូវតែមានភាពស្ទាត់ជំនាញ ខាងការអានសៀវភៅ ឬឯកសារនានា ដែលមានជាចាំចាច់។
គ. ការងារ៖
ស្ទើរតែនៅគ្រប់ការងារ គឺ សុទ្ធតែត្រូវការអំណាន។ មិនថា ការងាររដ្ឋ ឯកជន ឬអង្គការ សុទ្ធតែត្រូវការអំណាន។ ជំនួយការ លេខាធិការ សុទ្ធតែត្រូវការអំណានយ៉ាងច្រើន ក្នុងការជួយឲ្យការងារ របស់ប្រធានខ្លួន ដំណើរការបានល្អ។ លោកគ្រូអ្នកគ្រូ អ្នកប្រាជ្ញបណ្ឌិត អ្នកស្រាវជ្រាវ មគ្គុទ្ទេសក៍ទេសចរណ៍ សិល្បៈករ អ្នកជំនួញ បណ្ណារក្ខ អ្នកឯកទេសវិទ្យាសាស្ត្រ អ្នកសរសេរកាសែត ឬអ្នកយកពត៌មាន សុទ្ធសឹងត្រូវការ អំណាន ជាចាំបាច់។
ឃ. ការចែករំលែក៖
តាមរយៈអំណាន គេអាចធ្វើការចែករំលែក ភាពសប្បាយរីករាយ និងចំណេះដឹងឲ្យគ្នា ទៅវិញទៅមក មិនថាតែសម្រាប់មិត្តភក្តិ គ្រួសារ សហគមន៍ ប្រទេសជាតិ ឬក៏សកលលោក។ តាមរយៈអំណាន មនុស្សអាចយល់ចិត្តគ្នា នៅគ្រប់កាលៈទេសៈ។ មនុស្សជំនាន់ថ្មី អាចយល់ដឹងពីគំនិត មនុស្សចាស់ ក៏ដោយសារតែតាមរយៈអំណាននេះឯង។ មនុស្សខ្លះ បានចាត់ទុក ការអានថា ជារបៀបនៃការកំសាន្តមួយដ៏ល្អ សម្រាប់ពួកគេ។
ង. ការស្រាវជ្រាវ៖
រឿងរាវក្នុងពិភពលោកនេះ មនុស្សអាចដឹង អាចព្យាករណ៍ទុកមុន ក៏អាស្រ័យដោយអំណាន ពីសិលាចារឹក សាស្ត្រាស្លឹករឹត សាស្ត្រាល្បែង សាស្ត្រាទេស សៀវភៅ គំនូរ គំនិត សម្ភារប្រើប្រាស់ របស់មនុស្ស ក៏ដូចជាបាតុភូតធម្មជាតិ។ មនុស្សសម័យបុរាណ អាចទស្សទាយកម្រិតទឹកភ្លៀង តាមរយៈគំនូស ប្រាប់ឲ្យដឹង តាមរយៈចលនា របស់ពពក ក៏ដូចជាកម្លាំងខ្យល់បក់។

៦. តើអំណានគួរចាប់ផ្តើមនិងបញ្ចប់នៅពេលណា?

អំណាន គឺ មានសារសំខាន់ណាស់ សម្រាប់ទាំងអស់គ្នា មិនថាចាស់ ក្មេង ប្រុសស្រី អ្នកមាន អ្នកក្រ ស្តេច រាស្ត្រ មន្ត្រី សេដ្ឋី ប្រភេទជាតិសាសន៍ ឬសាសនាណាឡើយ។  សង្គមបុរាណ ឬសង្គមសម័យទំនើបទេ គឺសុទ្ធតែត្រូវការអំណាន។ អំណានដែលល្អ គួរចាប់ផ្តើមជាប្រចាំ ចាប់តាំងតែទារកនៅក្នុងផ្ទៃម្តាយ ឡើងទៅ។ ដើម្បីជួយដល់ ការរីកចម្រើននៃខួរក្បាល លោកអ្នក គួរតែបន្តសកម្មភាពអំណាន ឲ្យបានពេញមួយជីវិតរបស់ខ្លួន។ នៅពេលណា ដែលលោកអ្នកត្រូវការ ខ្យល់បរិសុទ្ធដកដង្ហើម ឬអាហារដែលមានសុខភាព ដើម្បីរស់ដរាបនោះ អំណានក៏ជាផ្នែកមួយ នៃជីវិត ដែលមានសារសំខាន់ ស្រដៀងគ្នានេះដែរ។

៧. តើប្រជាជននៅប្រទេសណាខ្លះដែលឲ្យតម្លៃលើការអានសៀវភៅច្រើនជាងគេ?

តាមបណ្តាញសារពត៌មានខ្មែរ ជាច្រើនក្នុងរយៈពេលកន្លងមក លោកបានបង្ហាញថា ប្រជាជនដែលឲ្យតម្លៃ លើការអានច្រើនជាងគេ មានដូចជា៖ ជប៉ុន បារាំង អាមេរិក ចិន សាំងហ្កាពួ អូស្ត្រាលី អង់គ្លេស ស៊ុយអែត កាណាដា អាឡឺម៉ង់ ប្រទេសស្វីស ប្រទេសញីវសឺលែន។ ប្រជាជនប្រទេសទាំងអស់នេះ ច្រើនតែអនុវត្តការអានសៀវភៅ ជាប្រចាំ ច្រើនជម្រុញឲ្យអ្នកគ្រប់រូប អនុវត្តការអានសៀវភៅ​ និងតែងលើកទឹកចិត្ត ឲ្យមានការតែងនិពន្ធស្នាដៃថ្មីៗជាច្រើន។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបង្កើត ឲ្យមានការតាំងពិពណ៌ ស្នាដៃនិពន្ធចាស់ថ្មី និងបង្កើតឲ្យមានបណ្ណាល័យ​ នៅក្នុងគ្រួសារ សាលា សហគមន៍ រហូតដល់បណ្ណាល័យ ថ្នាក់ជាតិថែមទៀតផង។ មានអ្នកប្រាជ្ ញដែលពិភពលោក បានស្គាល់គ្រប់គ្នា ពីភាពថ្កុំថ្កើងរបស់លោក តាមរយៈការអាន​ ដូចជា៖ អ្នកប្រាជ្ញ អារីយ៉ូស្សា អ្នកប្រាជ្ញ ញូតុន អ្នកប្រាជ្ញ អារ៉ាហ្គោ ប្រធានាធិបតី នែលសុន ម៉ាឌឺឡា ប្រធានាធិបតី អាប្រាហាំ លីងកុន មហាត្មៈគន្ធី អ្នកប្រាជ្ញ សូក្រាត អ្នកប្រាជ្ញ ខុងជឺ ព្រះពុទ្ធបរមគ្រូ ព្រះយេស៊ូគ្រីស្ត និង ព្រះមហា ម៉ាត់ ជាដើម។

៨. តើប្រជាជនខ្មែរចូលចិត្តអានសៀវភៅក្នុងកម្រិតណា?

ក.សម័យបុរាណ៖
កាលពីសម័យបុរាណ ជាពិសេសនៅក្នុងសម័យអង្គរ បុព្វបុរសខ្មែរមានចំណូលចិត្ត អំណានខ្លាំងណាស់។ កាលណោះ គេឃើញខ្មែរ មានប្រភេទឯកសារសំខាន់ៗជាច្រើន រាយនៅពាសពេញផ្ទៃនគរ ជាពិសេសតាមវត្តអារាម តាមបណ្ណាល័យ ជាដើម តាមជញ្ជាំងប្រាសាទ ដែលមានដូចជា សិលាចារឹក សាស្ត្រាស្លឹករឹត សាស្ត្រាល្បែង សាស្ត្រាទេស។ កាលណោះ ​ខ្មែរសំបូរទៅដោយអ្នកប្រាជ្ញជាច្រើន ដែលជាព្រះសង្ឃ ជាមន្ត្រី មេទ័ព....។ល។ ខ្មែរកាលសម័យណោះ មាន ភាពស្ទាត់ជំនាញខាង អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ចម្លាក់ គំនូរ និង ខាងស្ថាបត្យកម្ម។ មានអ្នកប្រាជ្ញជាច្រើនដែលពូកែ ខាង ភាសាខ្មែរ ភាសាបាលី និង សំស្ក្រឹត ក៏ដូចជាភាសាចិន។ ក៏ព្រោះហេតុអ្វី?

នោះក៏មកតែខ្មែរកាលជំនាន់នោះ ចូលចិត្តខាងអំណាន។ ចាស់បុរាណច្រើនយកពេលទំនេរ របស់ខ្លួនអានសាស្ត្រា និងនិទានរឿងឲ្យក្មេងៗអ្នកស្រុក បានស្តាប់កំសាន្ត។ លោកយកចិត្តទុកដាក់ណាស់ ក្នុងការបណ្តុះបណ្តាល ដល់អ្នកជំនាន់ក្រោយ តាមរយៈការអាន។ ព្រះនាងឥន្ទ្រទេវី ព្រះបាទ អង្គឌួង គឺជាអ្នកប្រាជ្ញដ៏កំពូល ខាងផ្នែកអក្សរសាស្ត្រខ្មែរ។ ដោយសារតែមូលហេតុ ខ្មែរសម័យបុរាណ ចូលចិត្តការអានដូច្នេះហើយ បានជាយើងឃើញ មានសល់អក្សរបុរាណ រាប់មិនអស់នៅលើ សាស្ត្រាស្លឹករឹត ឬជញ្ជាំងប្រាសាទរ ហូតមកដល់សព្វថ្ងៃនេះ។
ខ. សម័យទំនើប៖
នៅដើមសម័យកាលទំនើប បើទោះណាជាមាន ចម្បាំងរាំងជល់ខ្លាំងយ៉ាងណាក្តី ក៏ខ្មែរមិនបានភ្លេច ពីរឿងអំណានឡើយ។ នៅសម័យអាណានិគមបារាំង ប្រទេសខ្មែរមានអ្នកប្រាជ្ញ ជាច្រើនដូចជា កវីសន្ធរម៉ុក កវី សុត្តប្រីជាឥន្ទ្រ ព្រះភិរម្យភាសាអ៊ូហៅង៉ុយ។ នៅសម័យសង្គមរាស្ត្រនិយម អ្នកចូលចិត្តអានសៀវភៅជាងគេ យើងឃើញមាន សម្តេចព្រះសង្ឃរាជ ជួន ណាត និងក្រុមរបស់លោក ក្រុមអ្នកស្រាវជ្រាវពុទ្ធសាសនបណ្ឌិត រួមទាំងប្រជារាស្ត្រ អ្នកប្រាជ្ញ កវីនិពន្ធ និងអ្នកសិល្បករជាច្រើនរូបទៀត។ ចាប់តាំងពីសម័យ ខ្មែរក្រហម ហូតដល់សព្វថ្ងៃ គេសង្កេតឃើញប្រជាជនខ្មែរទូទៅ មិនសូវមានចំណូលចិត្ត អានសៀវភៅប៉ុន្មានទេ។ មនុស្សភាគច្រើន គិតខ្វល់តែរឿង សប្បាយឬការកើតទុក្ខ ខ្វល់តែរឿងក្រពះ សម្រាប់តែមួយពេលៗ ។ ឯអ្នកខ្លះទៀត គិតថា អំណានជារឿង ដែលមិនចាំបាច់សម្រាប់ពួកគេ។

តែទោះជាយ៉ាងណាក្តី ឆ្លងកាត់ការសង្កេតមួយ រយៈពេលថ្មីៗនេះ យើងឃើញថា កូនខ្មែរកំពុងតែ មានការចាប់អារម្មណ៍ លើរឿងអំណាន ឡើងវិញខ្លះៗហើយ។ យើងសង្ឃឹមថា មិនយូរប៉ុន្មាន ខ្មែរនឹងមានការរីកចម្រើន ផ្នែកអំណានខ្លាំងវិញមិនខាន។

៩. តើលោកអ្នកគួរជ្រើសរើសសៀវភៅប្រភេទណាដើម្បីអាន?

ការអានសៀវភៅមិនកំណត់ថា ជាសៀវភៅមុខវិជ្ជាណា ភាសាណា ឬអ្នកនិពន្ធណាឡើយ។ ចំនុចសំខាន់ គឺលោកអ្នក គិតតែត្រឹមថា តើសៀវភៅប្រភេទណា ដែលលោកអ្នកចូលចិត្តអាន? ហើយតើសៀវភៅទាំងនោះ គឺជាប្រភេទដែលបានបង្កប់ ទៅដោយការអប់រំ និងគោរពតាមក្រមសីលធម៌ជាតិ និងមិនសូវមានកំហុស លើអក្ខរាវិរុទ្ធដែរឬទេ?

សរុបមកវិញ យើងអាចសន្និដ្ឋានបានថា ការពិតជាមានសារសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា។ ក្នុងនាមយើង ជាកូនខ្មែរ គួរតែខិតខំអាន ស្រាវជ្រាវ និងតែងនិពន្ធឲ្យបានជាប់ជាប្រចាំ ដើម្បីជាការរីកចម្រើន ដល់ខ្លួនយើងផង ក៏ដូចជាការរីកចម្រើន ដល់ប្រទេសជាតិយើងផង។

និពន្ធន៍ដោយ ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
Crédit photo : Lori-Ga!/flickr.com

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...